rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ឥណ្ឌូណេស៊ី

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ឥណ្ឌូណេស៊ី មាន​ភ្លើង​ឆេះព្រៃ​រឹតតែ​ច្រើន​កន្លែង និង​បង្កជា​ក្តីបារម្ភ​កាន់​តែខ្លាំង

media
ភ្នាក់ងារ​ពន្លត់ភ្លើង​កំពុង​ជួប​ការ​លំបាក​នៅ​លើកោះ​ស៊ូមាត្រា ដោយសារ​ភ្លើង​ឆេះច្រើន និង​ខ្វះ​ទឹកប្រើ​ផង។​ @Reuters

​ឥណ្ឌូណេស៊ី ដែល​ជួប​គ្រោះ​រាំង​ស្ងួត​ខ្លាំងនិងយូរ​​នារដូវ​ក្តៅ គឺ​បា​នបណ្តាល​ឱ្យប្រទេស​នេះ ប្រឈម​មុខ​​នឹង​ភ្លើងឆេះ​ព្រៃ​យ៉ាង​ដំណំ​ ហើយ​បើ​តាមការ​ពិនិត្យមើល​​ពីផ្កាយរណប គឺគេ​ឃើញ​មាន​​ ភ្លើង​ឆេះព្រៃ​កាន់តែ​ឆេះ​ច្រើន​កន្លែង គឺ​ដល់ទៅ​ជា​ង ១ ៦០០កន្លែង​ នៅ​ថ្ងៃ​ព្រហស្បតិ៍​​ ទី​១២កញ្ញា​។ ហេតុ​ការណ៍​គ្រោះ​ធម្មជាតិ​នេះ ​បណ្តាល​ឱ្យ​មាន​ក្តី​បារម្ភ​កាន់តែ​ខ្លាំង​ពី​សំណាក់​រដ្ឋាភិបាល និងអ្នក​ការពារបរិស្ថាន ជាពិសេស​ ឥណ្ឌូណេស៊ី ក៏​ត្រូវ​រង​ការ​ស្តីបន្ទោស​ពី ​ម៉ាឡេស៊ី​​ ថែមទៀត​។​


នៅ​​ឥណ្ឌូណេស៊ី​ ភ្នាក់​ងារ​ពន្លត់​អគ្គិភ័យ​ ជាង​៩ពាន់​នាក់ និង​ឧទ្ធម្ភាគចក្រជាច្រើន​គ្រឿង បាន​ត្រូវ​បញ្ជូន​ឱ្យ​ធ្វើ​អន្តរាគមន៍​ពន្លត់​​ភ្លើង នៅលើកោះ​ស៊ូមាត្រា​ និងនៅលើ​កោះ Bornéo (កោះនេះ គ្រប់​គ្រង​ដោយ​ម៉ាឡេស៊ី ព្រុយណេ និង​ឥណ្ឌូណេស៊ី)។ ពី​លើកោះ​ស៊ូត្រា ក្រុម​​អ្នក​ពន្លត់​ភ្លើង បាន​ផ្តល់​ដំណឹង​ប្រាប់ទី​ភ្នាក់ងារ​ព័ត៌មាន​បារាំង AFP ថា​ ផ្សែង​បាន​គ្រប​ដណ្តប់​ពាស​ពេញ​ព្រៃសព្រោង​ព្រាត​ ហើយ​ពួក​គេ​លំបាក​នឹង​រាវ​រក​ប្រភព​ទឹក ​សម្រាប់​បាញ់​បង្ក្រាប​ភ្លើង​ណាស់។​

ប្រជាពលរដ្ឋ​នៅទីនោះ ព្រួយ​​បារម្ភ​ស្ទើរប្រេះទ្រូង​ ពី​សុខភាព​ផ្លូវ​ដង្ហើម​របស់ខ្លួន​ ​ដោយសារតែ​ផ្សែង​ភ្លើង ដែល​វា​រាល​ដាល​បង្ក​ជា​ផ្សែងពុល ហើយ​ដែល​ពួក​គេ​មាន​ត្រឹម​តែម៉ាស​សម្រាប់​បិទមុខ ការពារ​ប៉ុណ្ណោះ នៅ​ពេល​ដក​ដង្ហើម។ លើសពីនេះ ​សិស្សានុសិស្ស​ជាកូន​ចៅ​អ្ន​កភូមិ ខកខាន​ការ​រៀន​សូត្រ ដោយតែ​សាលា​រៀនរាប់រយ​​បា​នបិទទ្វា​រ តាំង​ពីសប្តាហ៍​មុន ហើយ​នឹង​បន្ត​បិទទ្វារ​រហូត​ដល់​ចុង​សប្តាហ៍​នេះទៀត។

អង្គការ​ការពារ​បរិស្ថាន​ Greenpeace ប្រចាំនៅ​ឥណ្ឌូណេស៊ី​ បាន​ឱ្យដឹង​ថា ភ្លើង​ឆេះព្រៃនេះ មួយ​ផ្នែក​ធំ គឺបណ្តាល​មកពី​ការ​ប្រែប្រួល​អាកាសធាតុ​ ដែល​កាន់តែ​ក្តៅខ្លាំង បូកផ្សំ​នឹង​រដូវ​ប្រាំង​ផង ទើប​វា​បង្ក​ឱ្យ​មាន​ភ្លើង​ឆេះ​ព្រៃ​កាន់តែ​ច្រើន។ ម្យ៉ាងទៀត ហេតុមួយ​ទៀត គឺបណ្តាល​មកពី​ការ​ដុតព្រៃ​​ដោយ​ចេតនា​ របស់​កសិករ​ ដើម្បី​សម្អាត​ដី មុន​ធ្វើ​កសិកម្ម​។​ បើ​តាម​អង្គការ​ដដែល ​ឥណ្ឌូណេស៊ី​​កំពុង​ប្រឈម​នឹង​វិបត្តិ​អាកាស​ធាតុ​ធ្ងន់ធ្ងរ ហើយ​ភ្លើង​ឆេះ​ព្រៃ​បង្ក​ជា​ក្តីព្រួយ​បារម្ភ​ធំ គឺធំ​ខ្លាំង​ដូច​ភ្លើង​ឆេះព្រៃ​នៅ​តំបន់​អាម៉ាហ្ស៊ូន ​ដូច្នោះ​ដែរ។​

នៅ​ឥណ្ឌូណេស៊ី ភ្លើងឆេះព្រៃខ្លាំង​ ក៏​​បាន​រាលដាល​ដល់​ប្រទេស​ជិត​ខាងដែរ​​ ពិសេស​ម៉ាឡេស៊ី។ នៅពេល​នេះ វិមាន​រដ្ឋាភិបាល​ម៉ាឡេស៊ី បញ្ជាក់ថា ប្រធានាធិបតី លោក Mahathir Mohamad នឹង​សរសេរ​លិខិត​មួយ​ទៅកាន់ប្រមុខ​រដ្ឋឥណ្ឌូណេស៊ី ​​លោក Joko Widodo ដើម្បី​ពន្យល់​ប្រាប់​ពី​ផ្សែង​ភ្លើង​ដែលកំពុង​តែ​​ហ៊ុំព័ទ្ធ​មួយ​ផ្នែក​ទៅហើយនៃផ្ទៃប្រទេស និង​ថា ម៉ាឡេស៊ី កំពុងតែ​ព្រួយ​​ខ្លាំង​៕​