អតីតនាយករដ្ឋមន្ត្រីឥណ្ឌា លោក Vajpayee ទទួលមរណភាព
អតីតនាយករដ្ឋមន្ត្រីឥណ្ឌា លោក វ៉ាប៉ៃយ៉េ (Vajpayee) បានទទួលមរណភាព ក្នុងជន្មនាយុ៩៣ឆ្នាំ។ លោក វ៉ាប៉ៃយ៉េ គឺជាអតីតប្រមុខដឹកនាំឥណ្ឌា ដែលបានកាន់អំណាចដល់ទៅបីដង បានស្លាប់ នៅថ្ងៃព្រហស្បតិ៍ទី១៦សីហា ក្រោយពីគាត់បានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ជាង២ខែមកហើយ។ នាយករដ្ឋមន្ត្រីឥណ្ឌាបច្ចុប្បន្ន លោក នរនិន្ត្រា ម៉ូឌី បានចាត់ទុកលោក វ៉ាប៉ៃយ៉េ ថាជារដ្ឋបុរសដែលបានរស់នៅដើម្បីបម្រើប្រជាជាតិនិងប្រជាជនឥណ្ឌា ហើយនិងថា ការស្លាប់របស់លោក វ៉ាប៉ៃយ៉េ គឺជាការបាត់បង់ឧត្តមជនមួយរូប ដែលគ្មាននរណាអាចជំនួសបាន។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:១៩
លោក វ៉ាប៉ៃយ៉េ (Atal Bihari Vajpayee) បានប្រលូកក្នុងជីវិតនយោបាយប្រទេសឥណ្ឌា អស់ជាង៥០ឆ្នាំ។ លោកបានធ្វើនយោបាយយ៉ាងជោគជំាំ រហូតក្លាយជាអ្នកតំណាងរាស្ត្រ មុនសម្រេចចិត្តចូលរួមបង្កើតបក្សនយោបាយដោយខ្លួន នៅដើមឆ្នាំ១៩៨០ ដោយឲ្យឈ្មោះថា បក្សប្រជាជនឥណ្ឌា ដែលជាបក្សកាន់អំណាច សព្វថ្ងៃ នៅឥណ្ឌា។
លោក វ៉ាប៉ៃយ៉េ បានចូលកាន់តំណែងជានាយករដ្ឋមន្ត្រី ចំនួនបីដង។ លើកទី១ ក្នុងឆ្នាំ១៩៩៦ លោកកាន់តំណែងបានតែ១៣ថ្ងៃប៉ុណ្ណោះ។ លើកទី២ក្នុងឆ្នាំ១៩៩៨ កាន់អំណាចបាន១៣ខែគត់ ហើយនៅឆ្នាំ១៩៩៩ ទើបលោកអាចក្តាប់អំណាចបាន មួយអាណត្តិពេញដៃស្រួលបួល រហូតដល់ចប់នៅឆ្នាំ ២០០៤។
លោក វ៉ាប៉ៃយ៉េ ជានិមិត្តរូបនៃក្រុមអ្នកជាតិនិយមហិណ្ឌូ ហើយក៏ជានិមិត្តរូបដ៏សំខាន់នៃការកសាងសេដ្ឋកិច្ចឥណ្ឌា ព្រមទាំងជាកម្លាំងចលករដែលរុញឲ្យប្រទេសអាស៊ីដ៏ធំមួយនេះ ឲ្យក្លាយជាមហាអំណាចនុយក្លែអ៊ែរផងដែរ។ អ្នកនយោបាយរូបនេះ មានកេរ្តិ៍ឈ្មោះក្នុងការកសាងសន្តិភាព។ លោកធ្លាប់មានប្រសាសន៍ថា៖ "យើងអាចផ្លាស់ប្តូរមិត្តភក្តិ តែយើងមិនអាចប្តូរមិត្តជិតខាងបានឡើយ"។ ក្នុងន័យនេះហើយ ទើបកាលពីឆ្នាំ១៩៩៩ លោកបានឡើងជិះឡានក្រុងយ៉ាងសាមញ្ញ ពីឥណ្ឌា ទៅប៉ាគីស្ថាន ដើម្បីទៅជួបថ្នាក់ដឹកនាំប៉ាគីស្ថាន ដែលជាគូសត្រូវ គឺលោក Nawaz Sharif ។ ក៏ប៉ុន្តែ កិត្តិនាមនេះ បានត្រូវរំលត់រលាយទៅវិញនាប៉ុន្មានខែក្រោយមក ពីព្រោះតែមានការប្រយុទ្ធគ្នារវាងទាហានឥណ្ឌានិងអ្នកគាំទ្រប៉ាគីស្ថាន។ ការប៉ះទង្វិះគ្នានេះ បានផ្តាច់ជីវិតមនុស្សរាប់ពាន់នាក់ នៅតំបន់កាស្មៀរ។
លោក វ៉ាប៉ៃយ៉េ គឺជាអ្នកនយោបាយមានគំនិតប្រាកដនិយម ជាអ្នកមានក្តីសុបិនមើលឃើញវែងឆ្ងាយ។ តែជីវិតនយោបាយរបស់លោកត្រូវចប់ ដោយសារជំងឺដាច់សរសៃឈាមខួរក្បាល ហើយតាំងពីឆ្នាំ២០០៩មក លោកត្រូវសម្រាកនៅក្នុងផ្ទះរបស់លោកនារដ្ឋធានី ញូវដេលី រហូតដល់ពេលមរណភាព។
ឥស្សរជននយោបាយរូបនេះ ផ្តើមអាជីពពីដំបូងឡើយ គឺធ្វើជាអ្នកកាសែត និងជាកវីនិពន្ធ។ នៅក្នុងសុន្ទរកថានយោបាយរបស់លោក ពេលខ្លះ លោក វ៉ាប៉ៃយ៉េ បាននិពន្ធឃ្លាជាកំណាព្យកាព្យឃ្លោងទៀតផង ដើម្បីរិះគន់គូប្រជែង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ