rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ទស្សនៈព្រឹត្តិការណ៍ពិភពលោក
rss itunes

បារាំង​និង​ម៉ារ៉ុក​ប៉ះទង្គិច​ផ្នែក​ការទូត​នឹងគ្នា​

ដោយ ព្រំ សឿន សូលីណា

នៅថ្ងៃ​ព្រហស្បតិ៍​នេះ ក្រសួង​យុត្តិធម៌​ម៉ារ៉ុក​បានប្រកាស​ព្យួរ​ចោល​នូវ​កិច្ចព្រមព្រៀង​ផ្នែក​ច្បាប់​​នានា​ ជាមួយ​ប្រទេស​បារាំង។ ទំនាក់​ទំនង​ការទូត​រវាង​ម៉ារ៉ុក​និង​បារាំង ​បាន​ចាប់​ធ្លាក់​ដុនដាប តាំង​ពី​សប្តាហ៍​មុន​មក ក្នុង​រឿង​ទាក់ទង​​​​​ប្រធាន​ចារកិច្ច​​ម៉ារ៉ុក​មួយរូប ដែល​​រង​ការ​ចោទ​​ប្រកាន់​ថា បាន​​ឃុបខិត​ក្នុង​ការធ្វើទារុណកម្ម​អ្នកទោស។

រឿងការទូត​កាន់តែ​ដុនដាប​​ខ្លាំង​​ថែមទៀត នៅ​ពេល​​ដែល​អ្នក​ថតឯកសារ​​អេស្ប៉ាញ​មួយរូប​ ប្រាប់ថា​តំណាង​បារាំង​នៅ​អង្គការ​សហ​ប្រជាជាតិ ​បាន​ចាត់ទុក​​ម៉ារ៉ុក​ដូច​ជា​​ស្រី​សាហាយស្មន់។

នៅថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ក្រសួង​យុត្តិធម៌​ម៉ារ៉ុក​បាន​ប្រាប់​ថា មូលហេតុ​ដែល​ក្រសួង​សម្រេច​ព្យួរចោល​នូវ​កិច្ចព្រមព្រៀង​ផ្នែកច្បាប់​​នានា​ ជាមួយបារាំង គឺដោយសារ​​​​មាន​ចំណុច​ខ្វះខាត​​ច្រើន ក្នុង​​អនុសញ្ញា​​រវាង​បារាំង​និង​​ម៉ារ៉ុក​​។ ហើយ​ក៏​មាន​ចំណុច​ច្រើនទៀត​ដែល​មិនជា​ដំណើរ ការ​​បាន​ស្រួល​​ដែរ។ ដោយសារ​​ការព្យួរចោល​នេះ ​​ចាប់ពីពេលនេះ​ទៅ​​ ​ទំនាក់ទំនង​រវាង​ចៅក្រម​និង​មន្ត្រី​ប៉ូលិសផ្នែក​​ច្បាប់ ប្រទេស​ទាំងពីរ នឹង​ត្រូវ​រាំងស្ទះ។ ដំណើរការ​​និតិវិធី​រឿង​​​​​លែងលះ អាពាហ៍ពិពាហ៍​ រឺ​ក៏​ការថែរក្សា​ក្មេងៗ ​សម្រាប់​ប្រជាជន​ដែល​មាន​សញ្ជាតិ​ពីររួមគ្នា​ គឺ​សញ្ជាតិ​បារាំង​និង​ម៉ារ៉ុក​ ក៏​ត្រូវ​រាំងស្ទះ​ផងដែរ។

​​បារាំង​និង​ម៉ារ៉ុក​បានជួបការប៉ះទង្គិច​ផ្នែកការទូត​រវាងគ្នា​ខ្លាំង ​ចាប់​តាំង​ពីថ្ងៃ​ព្រហស្បតិ៍​​​សប្តាហ៍​មុន ​ពេល​ដែល​ប៉ូលិស​បារាំង​៧នាក់​ បានចុះ​ទៅ​ស្ថានទូត​ម៉ារ៉ុក​ ប្រចាំ​នៅ​ក្រុង​ប៉ារីស សុំជួប​ប្រធាន​ផ្នែក​​ចារកិច្ច​​ម៉ារ៉ុក​មួយរូប ឈ្មោះថា​អាប់ដេលឡាទីហ្វ ហាំមូឈី។ លោក​ហាំមូឈី​ ​រង​ការ​ចោទ​​ប្រកាន់​ថា បាន​ឃុបខិត​ធ្វើទារុណកម្ម​អ្នកទោស​នៅ​​​ម៉ារ៉ុក។ ចៅក្រម​បារាំង​បាន​ចេញ​​លិខិត​កោះហៅ​​​ប្រធានចារកិច្ច​ម៉ារ៉ុក​រូបនេះ។
 
សម្រាប់​​​​ម៉ារ៉ុក​ ​​ទង្វើ​របស់​ប៉ូលិស​បារាំង​​​មិនបាន​ឆ្លងកាត់​​​ផ្លូវ​ទូតជាមុន​នោះទេ។ នេះជា​ការ​រំលោភ​​​ផ្នែក​ការទូត​​​ទាំងស្រុង។ រដ្ឋាភិបាល​ម៉ារ៉ុកបរិហារ​បារាំង​​ថា ក្នុង​ប្រទេស​កាន់​លទ្ធិ​ប្រជា​ធិបតេយ្យ​​បែបយ៉ាង​បារាំងនេះ ​ផ្នែកការទូត​គ្មាន​សិទ្ធិ​នឹង​ជ្រៀត​ជ្រែក​​​​គ្នា ក្នុង​​​ដំណើរការ​​នៃ​អំណាច​យុត្តិធម៌​​​ទេ។ គួររំលឹកថា ​មេចារកិច្ច​ម៉ារ៉ុក អាប់ដេលឡាទីហ្វ ហាំមូឈី បាន​រងការចោទប្រកាន់​ចំនួន​៣ ទាក់ទង​​នឹង​ការឃុបខិត​​​ដាក់ទារុណកម្ម​អ្នកទោសអោយសារភាព​ នៅ​មន្ទីរឃុំឃាំង​មួយកន្លែង​ នៅ​ម៉ារ៉ុក។ ​​លោក អាឌីល ឡាំតាស៊ី ជា​ពលរដ្ឋ​បារាំង​ដើមកំណើត​ម៉ារ៉ុក​ម្នាក់ ដែល​​បានដាក់​ពាក្យប្តឹង បាន​ប្រាប់ថា បាន​រងទារុណកម្ម​៣ថ្ងៃ​ក្នុង​មន្ទីរឃុំឃាំង។ លោក​ឡាំតាស៊ី ត្រូវបាន​ម៉ារ៉ុក​កាត់ទោស​​អោយ​ជាប់ពន្ធនាគារ​១០ឆ្នាំ ពីបទ​ជួញដូរ​គ្រឿងញៀន។​
 
ក្នុង​បណ្តឹង​ពីរទៀត ​គេចាប់​អារម្មណ៍​លើបណ្តឹង​​ទាក់ទង​ការធ្វើទារុណកម្ម​លើ​​​​សកម្មជន​​នៅ​តំបន់​សាហារ៉ា​​មួយរូប ដែល​​ត្រូវ​ម៉ារ៉ុក​កាត់ទោស​អោយ​ជាប់ពន្ធនាគារ​​៣០ឆ្នាំ​។ ​​ជាទូទៅ​ ពាក្យ​បណ្តឹង​​នៅ​​បារាំង ធ្វើឡើង​​​ក្រោម​​គោលការណ៍ឈ្មោះថា ​​​ដែន​យុត្តាធិកា​សកល មានន័យ​ថា ប្រសិន​បើ​ជន​ណា​​ម្នាក់​ជាប់ពិរុទ្ធ​ផ្នែកច្បាប់​ តែ​ជននោះ​មាន​វត្តមាន​ក្នុង​ទឹកដី​បារាំង ជន​នោះ​អាច​ដាក់ពាក្យ​ប្តឹង​ទៅ​តុលាការ​បារាំង​​បាន។
 
​​ ​រឿងរ៉ាវ​ប្តឹងផ្តល់​ រហូត​ដល់​មាន​ប៉ូលិស​បារាំង​ចុះទៅ​ដល់​ស្ថានទូត​ម៉ារ៉ុក​ មិនទាន់​រំងាប់កំហឹង​ម៉ារ៉ុក​​បានស្រួល​​ផង។ កំហឹង​ម៉ារ៉ុក​បាន​ឆាប​រោលរាល​សា​ជាថ្មី ​​​​​នៅថ្ងៃ​អាទិត្យ​ចុង​សប្តាហ៍​មុននេះ។ ​​មូលហេតុ​គឺ​ថា លោក ហ្សាវីយេ បាដេម ជា​អ្នកផលិតភាពយន្ត​ឯកសារ​​អេស្ប៉ាញ​ម្នាក់ បាន​លើកឡើង​ថា លោក ហ្សេរ៉ា អារ៉ូ ជា​តំណាង​​បារាំង​នៅ​អង្គការ​​សហប្រជាជាតិ​ ធ្លាប់​បាន​ប្រាប់​លោក កាលពី​ឆ្នាំ​២០១១​​​​ថា ម៉ារ៉ុក​ជា​ស្រីសាហាយ​ស្មន់ ដែល​គេ​ដេក​ជាមួយ​រៀងរាល់​យប់ ជាស្រីដែល​គេ​មិនសូវ​​ជា​ចាប់ចិត្ត​ប្រតិព័ទ្ធ​អ្វីនោះទេ ប៉ុន្តែ​​ជាស្រី​ដែល​គេត្រូវ​តែ​ការពារ។ ​ការប្រៀប​ប្រដូច​​​ម៉ារ៉ុក​​ទៅ​នឹង​ស្រី​សាហាយ​ស្មន់​​បែបនេះ ​ម៉ារ៉ុក​មិនអាច​ទទួល​យក​បាន​ឡើយ។ នៅថ្ងៃ​អង្គារ​ដើមសប្តាហ៍​នេះ បាតុករ​ម៉ារ៉ុក​រាប់រយ​នាក់​បាន​នាំគ្នា​តវ៉ា​នៅ​ពីមុខ​ស្ថានទូត​បារាំង​ប្រចាំ​ក្រុង​រ៉ាបា ស្រែក​​ដាក់​បារាំង​​ថា ឯកអគ្គរដ្ឋទូត​បារាំង​​កំសាក ម៉ារ៉ុក​មិនអាច​បណ្តោយ​ខ្លួន​អោយ​រង​ការប្រមាថ​បាន​ឡើយ។ ដោយសារ​​ម៉ារ៉ុក​ខឹង​ក្តៅ​ក្រហាយ​​បែបនេះ ​បារាំង​បាន​ចេញមុខ​បដិសេធ​​ថា តំណាងទូត​បារាំង​នៅ​អង្គការ​សហប្រជាជាតិ​ ពិតជា​បាន​ជួប​​អ្នកផលិត​ភាពយន្ត​ឯកសារ​អេស្ប៉ាញ​​មែន ប៉ុន្តែ​មិន​បាន​ពោល​ពាក្យ​ដូចដែល​ផលិតករ​​​រូបនោះ​​លើកឡើង​ទេ។
 
ដើម្បី​រំងាប់​កំហឹង​ម៉ារ៉ុក កាលពី​ថ្ងៃ​ចន្ទ ប្រធានាធិបតី​បារាំង​ហ្វ្រង់ស៊័រ ហូឡង់ បាន​ទូរសព្ទ​ទៅ​ព្រះមហាក្សត្រ​ម៉ារ៉ុក ព្រះចៅ​ម៉ូហាមេដ​​ ​​រំលឹក​បញ្ជាក់​ព្រះអង្គ​ថា មិត្តភាព​រវាង​បារាំង​និង​ម៉ារ៉ុក​ គឺ​នៅ​តែ​មាន​ភាព​​ខ្ជាប់ខ្ជួន​ មិនប្រែប្រួល​ឡើយ។ រដ្ឋមន្ត្រី​ការបរទេស​បារាំង​ឡ៉ូរ៉ង់​ហ្វាប៊ីយុស​វិញ​ក៏បាន​ទូរសព្ទ​ទៅ​រដ្ឋមន្ត្រី​ការបរទេស​​ម៉ារ៉ុក​ផងដែរ ដើម្បី​​​​រំសាយ​ការ​យល់ច្រឡំ​​រវាង​បារាំង​និង​ម៉ារ៉ុក។ ប្រមុខការទូត​បារាំង​ទទួលស្គាល់​ថា ទំនាក់ទំនង​រវាង​ប្រទេស​ទាំង២​ពិត​ជា​មាន​ភាព​តានតឹង​​ក្នុង​រយៈពេល​ប៉ុន្មានថ្ងៃ​ចុងក្រោយ​នេះមែន។ លោក​ហ្វាប៊ីយុស​សង្ឃឹម​ថា រឿងរ៉ាវ​នេះ​នឹង​ក្លាយ​ជារឿង​អតីតកាល។ ​ប៉ុន្តែ​ ម៉ារ៉ុក​​​មិន​ងាយនឹង​​​បំបាត់​កំហឹង​ពី​ក្នុង​ចិត្ត​នោះទេ ជាក់ស្តែង នៅថ្ងៃ​ព្រហស្បតិ៍​នេះ ម៉ារ៉ុក​​បាន​ប្រកាស​ព្យួរ​ទំនាក់ទំនង​​ផ្នែក​ច្បាប់​ជាមួយ​បារាំង​តែ​ម្តង។
 
ប្រាកដ​ណាស់ បារាំង​និង​ម៉ារ៉ុក​តែង​មាន​ទំនាក់ទំនងផ្អែលល្ហែម​ជាមួយ​គ្នា ដូចទឹកឃ្មុំ។ ម៉ារ៉ុក​ធ្លាប់​​គាំទ្រ​បារាំងក្នុង​អន្តរាគមន៍​យោធា​នៅ​ម៉ាលី​​ ដោយ​បាន​បើកផ្លូវ​​​អោយ​យន្តហោះ​បារាំង​​ហោះ​ហើរ​ក្នុង​​ទឹកដី​ខ្លួន។ ​បារាំង​ក៏ធ្លាប់​គាំទ្រ​ម៉ារ៉ុក​ក្នុង​រឿង​តំបន់សាហារ៉ា ​ជា​អតីត​​ដែន​អាណា​និគម​​​អេស្ប៉ាញ ​ដែល​ម៉ារ៉ុក​​អះអាង​ថា ជា​កម្មសិទ្ធិ​របស់​ខ្លួន​ ប្រឈម​នឹង​ការចង់​បាន​ឯករាជ្យ​នៅ​ទីនោះ។

តែ​​ក្នុង​ប៉ុន្មាន​ថ្ងៃ​សោះ ភាព​ផ្អែមល្ហែម​រវាង​បារាំង​និង​ម៉ារ៉ុក​​ បាន​​ប្រែ​​​​រសជាតិ​ទៅ​ជា​ជូរចត់ មួយរំពេច។ ដូច្នេះ​ គេ​មិន​អាច​លេងសើច​ស្រួលៗ​ឡើយ​ ក្នុង​ទំនាក់ទំនង​​ការទូត​រវាង​ប្រទេស​​នីមួយៗ ព្រោះថា វា​ផុយស្រួយ​ ​ងាយ​នឹង​រង​ការប៉ះទង្គិច​ណាស់៕ ​

តើ​កង​យោធា​អវកាស​អាមេរិក​អាច​នឹង​លេច​ចេញ​រូបរាង​ដែរ​ឬទេ?

ការ​​ប្រកួត​ World Cup - 2018 ​នៅ​រុស្ស៊ី​បន្ត​ទៅ​៨ថ្ងៃ​ហើយទាំង​ហែរហម​ដោយ​ចំណុច​ខ្លះ​គួរ​អោយ​ភ្ញាក់​ផ្អើល​

​អាមេរិក​របស់​លោក​ដូណាល់ ត្រាំ​កំពុង​បន្ត​អនុវត្តន៍​នយោបាយ​ឯកតោភាគីនិយម និង​ឯកោនិយម?

តួកគី៖​ហេតុអ្វី​បាន​ជា​លោក​អ៊ែរដូហ្កាន​ហាក់​បាន​ធ្លាក់​កូដ​នៅ​ក្នុង​យុទ្ធនាការ​សម្រាប់​ការ​បោះឆ្នោត​ថ្ងៃទី២៤ មិថុនា?

បាល់ទាត់ពិភពលោកឆ្នាំ២០២៦ ៖ កាណាដា ម៉ិចសិក និងសហរដ្ឋអាមេរិកបានទទួលសិទ្ធិរួមគ្នាធ្វើជាម្ចាស់ផ្ទះក្នុងបរិបថជម្លោះពាណិជ្ជកម្ម

បទវិភាគ៖​សម្រាប់​លោកពូទីន World Cup ២០១៨ជា​មុខមាត់​ប្រទេស​រុស្ស៊ី

វិបត្តិ​ជនភៀស​ខ្លួន​តាម​ទូក​កំពុង​ធ្វើឱ្យ​អ៊ីតាលី​និង​បារាំង មើលមុខ​គ្នា​មិន​ចំ

គីម ជុងអ៊ុន ពី​មេដឹកនាំ​ផ្តាច់ការ ក្លាយ​ជា​ប្រមុខរដ្ឋ ស្មើមុខ​​នឹង​ប្រធានាធិបតី​អាមេរិក

ទំនាក់ទំនង​រវាង​អាមេរិក និង​កូរ៉េខាងជើង និង​បុគ្គលិកលក្ខណៈ​របស់​លោកត្រាំ និង​លោកគីម!

អង្គការ​​សហប្រជាជាតិ​​ស្តី​បន្ទោស​​នយោបាយ​​ប្រឆាំង​​អន្តោប្រវេសន៍​​របស់​​សហរដ្ឋ​អាមេរិក​

កំណែ​ទម្រង់​ច្បាប់​អន្តោប្រវេសន៍​អឺរ៉ុប បន្ត​ជាប់​គាំង

ទិវាបរិស្ថាន៖ កាកសំណល់ប្លាស្ទិក ជាហានិភ័យខ្ពស់សម្រាប់មនុស្សជាតិ

ហ្សកដានី៖​អ្វី​ទៅ​ជា​ប្រភព​នៃ​ការ​ផ្ទុះ​កំហឹង​របស់​ប្រជាជន​រហូត​ទម្លាក់​រដ្ឋាភិបាល​លោក​ហានី មុលគី?

កំណើន​អត្រា​មរណភាព​បណ្តាល​មក​ពី​សារជាតិ​អូពីយូអីត​ (opioïde) កំពុង​ក្លាយ​ជា​វិបត្តិ​នៅ​ក្នុង​សង្គម​អាមេរិក​

ប៊ុលហ្ការី​ភ្ញាក់​រលឹក​ចង់​ស្តារ​ឡើងវិញ​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី ពិសេស​ក្នុង​វិស័យ​ថាមពល

បារាំង​បញ្ចូល​ជំនួញ​គ្រឿងញៀន ក្នុង​ការគណនា​ផលិតផល​សរុប​ជាតិ PIB

វត្តមាន និង​ប្រយោជន៍​នៃ​សន្និសីទ​អន្តរជាតិ​ស្តីពី​ការ​រំសាយ​គ្រឿងសពា្វវុធ​កំពុង​ចោទ​ជា​បញ្ហា!

បាល់ទាត់​ពិភពលោក​ឆ្នាំ ២០១៨៖​ស្ថានីយ៍ទូរទស្សន៍​អាមេរិក Fox Sports កំពុង​ប្រមូល ADN មនុស្ស​ដើម្បី​ស្វែង​រក​អ្នកទស្សនា​ការផ្សាយ​បន្តផ្ទាល់

បារាំង ៖ តំបន់ជាយក្រុង ជាតំបន់ក្រីក្រ ស្តារ​មិនរួចឬ ?

ហេតុអ្វី​បាន​ជា​ប្រជាជន​ប៉ាឡេស្ទីន​បារម្ភ​​ខ្លាំង​ពី​ស្ថានភាព​សុខភាព​របស់​លោក​ម៉ាមូដ អាបាស់?