rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

សុខភាព អង្គការ​សហប្រជាជាតិ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

អង្គការ​ពលកម្ម​អន្តរជាតិ ផ្តាច់​ទំនាក់ទំនង​ជាមួយ​ក្រុមហ៊ុន​ផលិត​ថ្នាំជក់

media
អង្គការពលកម្មអន្តរជាតិ ផ្តាច់ទំនាក់ទំនងជាមួយក្រុមហ៊ុនផលិតថ្នាំជក់។ ILO

អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) បញ្ជាក់​ក្នុង​សប្តាហ៍​នេះថា​ បញ្ចប់​ទំនាក់ទំនង​ជាមួយ​បណ្តា​ក្រុមហ៊ុន​ផលិត​ថ្នាំជក់ ដោយ​មិន​បន្ត​អាណត្តិ​ការងារ​ក្នុង​គម្រោង​ចាស់​ជាថ្មី​ទៀត​ឡើយ​។ កន្លងមក​ ក្រុម​ហ៊ុន​ថ្នាំជក់​បាន​ផ្តល់​ជំនួយ​ជា​ច្រើន​លាន​ដុល្លារ​ទៅដល់​អង្គការ​អន្តរជាតិ​ខាង​ការងារ​។ សេចក្តី​សម្រេចខាងលើ​​នេះ បានត្រូវ​​ទទួល​ការ​សាទរ​ជាខ្លាំង តែ​ក៏​មាន​ការ​មន្ទិល​មិន​ច្បាស់​លាស់​ផងដែរ​។ 


ការ​តម្រូវ​ឱ្យ​អង្គការពលកម្មអន្តរជាតិ ឬអង្គការ​ ILO បដិសេធ​ឈប់​យក​ជំនួយ​ពី​ក្រុមហ៊ុន​ថ្នាំជក់និង​បារី គឺជា​ប្រធាន​បទក្តៅ​និងចម្រូង​ចម្រាស ​ដែលគេ​ជជែក​ពិភាក្សា​និង​តស៊ូមតិ​ដេញដោល​គ្នា អស់​ជា​ច្រើន​ឆ្នាំមកហើយ។ ទើប​តែនៅ​ព្រហស្បតិ៍​សប្តាហ៍​នេះ ក្រុម​ប្រឹក្សា​រដ្ឋាបាល​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ បានសម្រេច​ចិត្តជា​ប្រវត្តិ​សាស្ត្រ បញ្ចប់​អាណត្តិ​ការងារ​ជាមួយ​បណ្តា​ក្រុម​ហ៊ុន​ថ្នាំជក់ មិន​បន្តរយៈ​ពេល​សម្រាប់​គម្រោង​កិច្ចការ​បន្តទៀត​ ទៅឆ្នាំថ្មីឡើយ។

ក្រុម​ហ៊ុន​ដែល​គេ​ដឹង​ថារងប៉ះពាល់​មុន​គេ គឺ​ក្រុមហ៊ុន​អន្តរផលិតថ្នាំជក់​និងបារី​របស់​ជប៉ុន (Japan Tobacco International)។ ក្រុមហ៊ុន​ជប៉ុន​នេះ​ធ្លាប់​បាន​ជួយ​ទឹក​ប្រាក់​ ច្រើន​ជាង​១៥លាន​ដុល្លារ ក្នុង​មួយ​ឆ្នាំ​ៗទៅ​ដល់​អង្គការ​អន្តរជាតិ​ខាង​ការងារ​ ចាប់​តាំងពី​ឆ្នាំ​២០១១មក។ ក្រៅ​ពីនោះ ក៏​មាន​ក្រុម​ហ៊ុន​ផ្សេងទៀត​ដែល​មាន​មូលដ្ឋាន​នៅ​ទ្វីបអាហ្វ្រិក ដូ​ចជា​នៅប្រទេស​ តង់​ហ្សានី ហ្ស៉ាំប៊ី អូហ្គង់​ដា និង ​ម៉ាឡាវី ​ជាដើម។ ​ក្រុម​ហ៊ុន​ផលិត​បារីនិងថ្នាំជក់ក្នុង​បណ្តា​ប្រទេស​ទាំង​នេះ​ បានផ្តល់​លុយ​ជំនួយ​ឱ្យ​អង្គការ ILO  សម្រាប់​ធ្វើ​សកម្មភាព ក្នុង​គម្រោង​​លុប​បំបាត់​និងកាត់​បន្ថយ ​ចំនួន​កុមារ​ធ្វើការ​នៅ​ក្នុង​ក្រុម​ហ៊ុន​ផលិត​បារី​ ព្រោះថា​ជាការ​រំលោភ​លើ​ពលកម្ម​កុមារ និង​ប៉ះពាល់​សុខភាព​ក្មេងៗផង​​។ នៅតាម​ប្រទេស​ទាំងអស់​ខាងលើ​នេះ ​គម្រោងកម្មវិធីនីមួយៗ គឺត្រូវ​ចំណាយ​ទឹក​ប្រាក់​ប្រមាណជា ១លាន​៧សែន​ដុល្លារអាមេរិក។

ទោះយ៉ាងណាក្តី អង្គការILO​មិន​បន្ត​អាណត្តិ​ការងារ​ជាមួយ​ក្រុម​ហ៊ុន​ថ្នាំជក់ ក៏ពិតមែន​នៅពេល​នេះ ក៏ប៉ុន្តែ​ មិនមែន​មាន​ន័យ​ថា​ អង្គការ​ ILO បិទគ្រប់​ច្រកទ្វារ ដាច់​ណាត់​ថា​​ លែង​​សហការ​គ្នា​សោះ​ជាមួយ​ក្រុម​ហ៊ុន​ថ្នាំជក់​នោះ ក៏​ទេ​ដែរ។ ដែល​ចំណុច​នេះហើយ  ជាក្តី​បារម្ភ​របស់​ក្រុមអង្គការ​​សង្គម​ស៊ីវិល​ ដែល​ធ្វើការ​ខាង​ប្រឆាំង​នឹង​ថ្នាំជក់​។  ចំពោះ​ពួក​គេ​ គឺ​ទឹក​​លុយដែល​បាន​ជំនួយ​ពី​ក្រុម​ហ៊ុន​ថ្នាំជក់ បើ​ទោះបី​ជា​ក្នុង​ផ្នែក​មនុស្សធម៌​ក៏ដោយ ក៏​វា​មិន​អាច​ទូទាត់​គ្នា​វិញបា​នដែរ។ ពីព្រោះថា ក្រុម​ហ៊ុន​ទាំង​នោះ ​បានចំណេញ​លុយ​កាក់ ​មកពី​ការ​ផលិត​ថ្នាំជក់​និងបារី ដែល​ធ្វើ​ឱ្យ​ខូច​សុខភាពប្រជាពលរដ្ឋ​៕​