អានតួអត្ថបទ
ហុងកុង

​ហុងកុង៖ ហិង្សាកើតមាន​ជាថ្មី​​រវាង​​ក្រុម​បាតុករ​និង​ប៉ូលីស

ចលនាបាតុកម្មនៅហុងកុង អស់​ជាថ្ងៃមកហើយ ដែល​បាតុកម្ម​គ្មាន​អំពើហិង្សា​ធំដុំ ក៏​ប៉ុន្តែ ​សញ្ញាណ​ហិង្សាកើត​មា​នឡើងវិញ នៅ​ថ្ងៃសៅរ៍ ទី​២៤សីហានេះ​ ដែល​ជំរុញ​ឱ្យ​អាជ្ញាធរ​បញ្ជូនក្រុម​​នគរបាលបង្រ្កាបកុបកម្ម ដើម្បីទប់ទល់​។

នគរបាល​បង្ក្រាបកុបកម្ម កំពុង​ឃាត់​ខ្លួន​បាតុករ
នគរបាល​បង្ក្រាបកុបកម្ម កំពុង​ឃាត់​ខ្លួន​បាតុករ REUTERS/Tyrone Siu
ផ្សាយពាណិជ្ជកម្ម

នៅ​ភាគ​ខាង​កើត​កោះ​ហុងកុង ​ក្រុម​បាតុករ​គាំទ្រ​ប្រជា​ធិបតេយ្យហុងកុង កំពុង​ជួប​ជុំ​គ្នា​រាប់ពាន់នាក់ ដែល​អ្នក​មួយ​ចំនួន មាន​ពាក់​អាវខ្មៅ បិត​មុខ​ មាន​មួកការពារ​សុវត្ថិភាព ហើយ​ដៃអ្នក​ខ្លះ​​ប្រដាប់​​ដោយ​ដំបង​ផងដែរ។ ក្រុម​បាតុករខ្លះ ដែល​មាន​កំហឹង​ បាន​គប់​ដុំថ្ម និង​ដប​ទៅលើក្រុម​សមត្ថកិច្ច​ ហើយ​ជាការ​ឆ្លើយ​តប នគរបាល​បាន​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែកទៅលើ​ហ្វូង​បាតុករ​វិញ ដែល​សកម្មភាពប៉ះទង្គិច​គ្នា​​នេះ គេ​ខាន​ឃើញ​ជាច្រើន​ថ្ងៃមកហើយ។​ បាតុករ​ម្នាក់ ឈ្មោះ​ Ryan ពន្យល់​ប្រាប់​កាសែត​បារាំង​ ដែល​ឈរ​ជើង​នៅ​ហុងកុង ថា«អហិង្សា​ គ្មានដោះស្រាយ​អ្វីសោះ។ រដ្ឋាភិបាល​គ្មាន​ឆ្លើយ​អ្វីទាល់តែ​សោះ​ចំពោះ​បាតុករ​អហិង្សា»។

គួរ​រម្លឹកថា ​ក្រុមបាតុករគាំទ្រ​ប្រជាធិបតេយ្យ​ ទាមទារ​​យ៉ាង​ហោច​៥ចំណុច ក្នុង​នោះ​គឺ​លុប​ចោល​ច្បាប់​បត្យាប័នបញ្ចូន​ជន​សង្ស័យ​ទៅកាត់​ក្តី​នៅ​ចិន។ ត្រង់​នេះ អាជ្ញាធរ​ហុងកុង​យល់ព្រម​ហើយ។ ប៉ុន្តែពួកគេនៅតែមិន​អស់​ចិត្ត ហើយ​ចង់​ឱ្យថ្នាក់ដឹកនាំហុងកុងលោកស្រី ការី ឡាំ ចុះចេញពីតំណែង និង​រៀបចំការបោះឆ្នោតជាថ្មី។ ពួក​គេថែម​​ទាមទារ​ឲ្យ​បើក​ការស៊ើប​អង្គេតឯករាជ្យ​ចំពោះការ​ប្រើ​ហិង្សា​របស់​ប៉ូលីស និង​ស្នើ​ឲ្យ​ដោះលែង​បាតុករ​ដែលត្រូ​វ​ចាប់​ខ្លួន កន្លងមក​។​ ផ្ទុយទៅវិញ ការ​សម្បទាន​របស់​អាជ្ញាធរ​មានតិចតួច មិនអាច​រំងាប់​កំហឹង​របស់ហ្វូង​បាតុករ​ហុងកុងរាប់ពាន់​នាក់​នោះទេ​។

កាលពីថ្ងៃអាទិត្យ​ សប្តាហ៍មុន មាន​មនុស្ស​ជាង​១លាន​៧សែន​នាក់​ដែល​ចូលរួម​បាតុកម្ម។ នៅថ្ងៃសៅរ៍ ទី​២៤សីហា​នេះ​ បាតុករឈ្មោះ​ ដេ ជើង (Dee Cheung) ​បាន​ប្រាប់​កាសែត​បារាំង AFP ថា គាត់​មិន​ដែល​ឃើញ​ហុងកុង​ធ្លាក់​ក្នុង​សភាព​បែប​នេះទេ។ បុរស​វ័យ​៦៥ឆ្នាំម្នាក់នេះ បន្តថា​ យុវជន​ក្មេងៗ​ បាន​ចុះផ្លូវបាតុកម្ម គឺហាក់​ដូច​ជា​​យក​អនាគត​របស់​ពួក​គេ​មក​ប្តូរ​អ៊ីចឹង។ យើង​មិន​យល់​ស្រប​នឹង​អំពើ​ហិង្សាដែល​ក្មេងៗ​បង្ក​ទេ ហើយ​រឹតតែ​មិនអាច​ទទួល​យកបាន​ទៅទៀតចំពោះការ​ដែល​ប៉ូលីស​ប្រើហិង្សា​ ក៏ប៉ុន្តែ គេត្រូវតែ​ជជីក​សាក​សួរ​​រក​ហេតុផលទៅមើល តើ​ហេតុអ្វី​បាន​ជា​យុវជន​ហុងកុង​ចុះផ្លូវ​បាតុកម្ម ​យ៉ាងសម្បើម​បែប​នេះ​? ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ