អានតួអត្ថបទ
ហុងកុង

ថ្នាក់ដឹកនាំ​ហុងកុង នឹង​មិន​ធ្វើ​សម្បទាន​អ្វីឡើយសម្រាប់​ក្រុម​បាតុករ​

ថ្នាក់ដឹកនាំ​ហុងកុងលោកស្រី ការី ឡាំ ប្រកាស​នៅ​ថ្ងៃ​សុក្រ ទី​៩សីហា ថា​រដ្ឋបាល​ហុងកុង​នឹង​មិន​ធ្វើ​សម្បទាន​អ្វីឡើយសម្រាប់​ក្រុម​បាតុករ​។ ហ្វូង​បាតុករ​ដែល​លោកស្រី​ចាត់ទុកថាជា​ក្រុមអ្នក​​ប្រើ​ហិង្សា ​បង្កភាព​វឹកវរ​នៅហុងកុង។ ចំណែក​ក្រុម​បាតុករ​គាំទ្រ​ប្រជា​ធិបតេយ្យហុងកុង​វិញ​ ទាម​ទារ​​ឱ្យ​លោកស្រី ការី ឡាំ ចុះ​ចេញ​ពី​តំណែង ហើយ​រៀបចំ​ការ​បោះឆ្នោត​ជ្រើស​ថ្នាក់​ដឹកនាំថ្មី​។ ក្រុម​បាតុករ​បាន​ប្រកាស​បន្ត​ធ្វើបាតុកម្ម​ បីថ្ងៃ​ជាប់គ្នា​ នៅ​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ហុង​កុង​តែម្ត​ង​​។

ថ្នាក់ដឹកនាំហុងកុង  លោកស្រី ការី ឡាំ ៖«ចំពោះដំណោះស្រាយផ្លូវនយោបាយ ខ្ញុំយល់ថា យើងមិនអាចនឹងត្រូវធ្វើសម្បទានអ្វីសោះឡើយ ដើម្បីឱ្យក្រុមបាតុករបិទមាត់ នៅស្ងៀម។ ពីព្រោះ ពួកគេនេះ ជាអ្នកបាតុកម្មហិង្សា។»
ថ្នាក់ដឹកនាំហុងកុង លោកស្រី ការី ឡាំ ៖«ចំពោះដំណោះស្រាយផ្លូវនយោបាយ ខ្ញុំយល់ថា យើងមិនអាចនឹងត្រូវធ្វើសម្បទានអ្វីសោះឡើយ ដើម្បីឱ្យក្រុមបាតុករបិទមាត់ នៅស្ងៀម។ ពីព្រោះ ពួកគេនេះ ជាអ្នកបាតុកម្មហិង្សា។» @Reuters
ផ្សាយពាណិជ្ជកម្ម

«ចំពោះ​ដំណោះស្រាយ​ផ្លូវ​នយោបាយ​ ខ្ញុំ​យល់ថា​ យើងមិនអាចនឹង​​ត្រូវ​ធ្វើ​សម្បទាន​អ្វី​សោះឡើយ ដើម្បី​ឱ្យ​ក្រុម​បាតុករ​បិទ​មាត់ នៅ​ស្ងៀម​។ ពីព្រោះ​ ពួក​គេ​នេះ ជា​អ្នក​បាតុកម្ម​ហិង្សា។» នេះ​ជា​ប្រសាសន៍​របស់​ថ្នាក់ដឹកនាំហុងកុង ថ្លែង​ទៅកាន់​ក្រុម​អ្នក​សារព័ត៌មាន​។ លោកស្រី ការី ឡាំ បន្ថែមទៀតថា «យើង​ត្រូវ​ធ្វើកិច្ចការ​ត្រឹមត្រូវ​អ្វី​​ម្យ៉ាង​ដើម្បី​ហុងកុង។ ហើយ​អ្វី​ដែល​ជាកិច្ចការ​ត្រឹមត្រូវនោះ គឺត្រូវ​បញ្ចប់​ហិង្សា ហើយ​ត្រូវ​ឈប់​បង្កភាព​វឹកវរ​ ដូចដែល​បាតុករ​ធ្វើ​ជា​ច្រើន​សប្តាហ៍​មកនេះ។ យើងត្រូវតែ​បើកទំព័រ​ហុង​កុង​ថ្មី​។ »​

ក្រៅពីគំរាម​មិន​ធ្វើ​សម្បទាន​អ្វី​ទាំងអស់​តាម​ការ​ទាមទារ​របស់​ក្រុម​អ្នក​តវ៉ា ថ្នាក់ដឹកនាំ​ហុងកុងលោកស្រី ការី ឡាំ ថែម​ទាំង​​ព្រមានពី​ផល​លំបាក​ខាង​សេដ្ឋកិច្ច​ហុងកុង។ ពីព្រោះថា បើ​ចង់​ស្តារ​សេដ្ឋកិច្ច​ជាតិ​មកវិញ ឱ្យ​មាន​សភាព​ល្អ​ដូចដើម គឺ​ត្រូវ​ស៊ីពេល​យូរ​សម្បើម​ណាស់។ នេះបើតាម​លោកស្រី ការី ឡាំ។ ចំពោះ​​អាជ្ញាធរ​ហុងកុង ​ សេដ្ឋកិច្ច​របស់ទីក្រុង​មួយ​នេះ បានធ្លាក់​ដាំក្បាល​ចុះ​ជាខ្លាំង​ ដែល​មិនធ្លាប់​មាន​ទេ នៅ​ក្នុងប្រវិត្តិ​​វិបត្តិ​សេដ្ឋកិច្ច​របស់ខ្លួន នាពេល​កន្លងមក។ វិស័យ​ឯកជន​ជួប​ប្រទះ​ការលំបាក​ជាខ្លាំង​ដោយ​សារតែ​រងផល​ប៉ះពាល់​នៃ​បាតុកម្ម។​ ភ្នាក់​ងារ​ទេសចរណ៍​ហុងកុង​វិញ ក៏បញ្ជាក់ដែរថា ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​ ដែល​​មកលេង​ក្រុង​ហុងកុង បាន​ធ្លាក់​ចុះ​ ជាង​ពាក់​កណ្តាល​ឯណោះ​។  អ្នក​ខ្លះ​ថែមទាំង​ប្រមើលមើល​ពីវិបត្តិ​នេះ អាច​ខូច​ខាត​សេដ្ឋកិច្ច​ ដែល​វា​មាន​ទំហំ​ធ្ងន់ធ្ងរ ​ស្មើ​នឹង​គ្រោះ​មហន្តរាយ​នៃ​ព្យុះ​ស៊ូណាមិ​។  

ទោះយ៉ាងណាក្តី បាតុករ​រាប់ពាន់​នាក់​នៅ​ហុង​កុង នៅតែ​បន្ត​ការ​តវ៉ា​របស់ខ្លួន​ជា​បន្តទៀត។ ពួក​គេ​ប្រកាស​ធ្វើ​បាតុកម្ម​ជាប់ៗគ្នា​នៅ​ថ្ងៃ​សៅរ៍​អាទិត្យ​ចុង​សប្តាហ៍​នេះ នៅ​ព្រលាន​យន្ត​ហោះ​អន្តរជាតិហុង​កុង​ តែម្តង​។​ អ្នក​បាតុកម្ម​ខ្លះកាន់​បង្ហាញ​​ផ្ទាំង​បដា សរសេរ​​ជាភាសា​បរទេស​ជាច្រើន ដូចជា ​បារាំង​ អង់គ្លេស អេស្ប៉ាញ់ ជប៉ុន ជាដើម ដើម្បី​ឱ្យអ្នក​ដំណើរ​​ភ្ញៀវ​ទេសចរ​បរទេស​ បានយល់​​ជ្រួត​ជ្រាប​កាន់​តែ​ច្បាស់​ពី​ស្ថានការណ៍​ហុង​កុង។

គួរ​បញ្ជាក់ថា ចំណុច​មួយ​ចម្បង​ក្នុង​ចំណោម​ខ​សំខាន់​ៗ នៃការ​ទាមទារ​​របស់​ក្រុមបាតុករគាំទ្រ​ប្រជាធិបតេយ្យ​ គឺពួកគេចង់​ឱ្យលោកស្រី ការី ឡាំ ចុះចេញពីតំណែង ហើយរៀបចំការបោះឆ្នោតជ្រើសថ្នាក់ដឹកនាំថ្មី ដោយ​គ្មាន​ជួយជ្រោម​ជ្រែង ឬ​ការ​លើក​បន្តុប​​ ពី​រដ្ឋអំណាច​ចិន​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ