អានតួអត្ថបទ
កម្ពុជា

ក្រសួង​សុខាភិបាល​ផ្តើម​យុទ្ធការ​ទប់​ស្កាត់​ហ្ស៊ីកា​ទូទាំង​ប្រទេស​

ក្រសួង​សុខាភិបាល​បាន​ផ្តើម​យុទ្ធនាការ​ទប់​ស្កាត់​ជំងឺ​ហ្ស៊ីកា​នៅ​ថ្ងៃនេះ ​តាម​រយៈ​ការ​អប់​រំសុខភាព​ទូទាំងប្រទេស ​និង​បំពាក់​ម៉ាស៊ិន​ស្ទង់​សីតុណ្ហ​ភាព​មនុស្ស​គ្រប់​ច្រក​អន្តរ​ជាតិ​។ នេះ​បើ​តាម​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​សុខាភិ​បាល។ យុទ្ធនាការ​នេះ​ធ្វើ​ឡើង ​ក្រោយ​ពេល​ហ្ស៊ីកា​កំពុង​តែ​វាយ​លុក​ប្រទេស​ក្នុង​តំបន់​ ដូច​ជា​សិង្ហ​បុរី​ ថៃ និង​ម៉ាឡេស៊ី​ជាដើម​។

យុទ្ធនាការ​ទប់​ស្កាត់​ហ្ស៊ីកា​របស់​ក្រសួង​សុខាភិបាល​កម្ពុជា
យុទ្ធនាការ​ទប់​ស្កាត់​ហ្ស៊ីកា​របស់​ក្រសួង​សុខាភិបាល​កម្ពុជា នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC
ផ្សាយពាណិជ្ជកម្ម

លោកលី សូវ៉ាន់អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិ​បាល​បាន​​បញ្ជាក់​​ថា​ ​យុទ្ធនាការ​ទប់​ស្កាត់​ទាំង​នោះ​រួម​មាន​ការ​ដាក់មន្ត្រី​ប្រចាំការ​នៅ​តាម​ច្រក​ព្រំដែន​ទាំង​អស់ ​និង​ដាក់​ម៉ាស៊ិន​ស្ទង់​កម្តៅ​អ្នក​ដំណើរ ​ចែក​ប័ណ្ឌ​អប់​រំសុខា​ភាពដល់​អ្នក​ដំណើរ​។

ចំពោះ​យុទ្ធនាការ​ក្នុងស្រុ​កវិ​ញ​​ លោក​លី ​សូវ៉ាន់​ បញ្ជាក់​ថា​ក្រសួង​សុខាភិបាល​បាន​ផ្តល់​ព័ត៌មាន​ទៅ​ឲ្យ​មន្ទីរសុខាភិ​បាល​គ្រប់​ខេត្ត​ក្រុង​ទាំង​អស់ ​ធ្វើ​យុទ្ធនាការ​ទ្រង់​ទ្រាយ​ធំ ​ដើម្បី​បោះ​ពុម្ព​ប័ណ្ណ​ព័ត៌មាន​ពី​ជំងឺ​ហ្ស៊ី​កាបិទលើ​រថយន្ត​របស់​រដ្ឋ ​ហើយ​ផ្សព្វ​ផ្សាយ​ដល់​ប្រជា​ពលរដ្ឋ​គ្រប់​ភូមិ​ឃុំ​ដាច់​ស្រយា​ល​ទូទាំង​ប្រទេស។

សូម​បញ្ជាក់​ថា​ជំងឺហ្ស៊ីកាត្រូ​វបាន​រក​ឃើញ​ក្នុង​ប្រទេស​កម្ពុជា​ចំនួន​៧ករណី ​កាល​ពីឆ្នាំ២០០៧ ​និង​ឆ្នាំ២០១០ ហើយ​ករណី​ទាំង​អស់​នោះ​ត្រូវ​បាន​ព្យាបាល​ជា​សះស្បើយ ​ហើយ​ចាប់​ពី​ពេល​នោះ​មក​រហូត​មក​ដល់​បច្ចុប្បន្ន ពុំ​មាន​ករណី​ហ្ស៊ីកា​កើត​មាន​ក្នុង​ប្រទេស​កម្ពុជា​ទេ។​

កាល​ពី​ថ្ងៃទី១៣ ​កញ្ញា ក្រ​សួង​សុខាភិបាល​កម្ពុជា​បាន​ចេញ​សេច​ក្តី​ប្រកាស​ព័ត៌មាន​មួយ​ពី​ការ​បង្ការ​ជំងឺ​ហ្ស៊ីកាសម្រាប់​ស្រ្តី​មាន​ផ្ទៃពោះ​ និង​ប្រជា​ពលរដ្ឋ​ទូ​ទៅ​ក្នុង​ប្រទេស។​ ក្នុង​សេច​ក្តី​ប្រកាស​នោះ​បាន​ឲ្យ​ដឹង​ថា ​វិធីការពារ​ ដែល​ល្អ​បំផុត​ពី​ជំងឺ​ហ្ស៊ីកា ​គឺ​ត្រូវ​ធ្វើ​កិច្ច​ការ​ពារដូច​គ្នានឹ​ង​ករណី​ជំងឺ​គ្រុន​ឈាម​ដែរ​ ដូច​ជា​ការ​ការ​ពារខ្លួន​កុំ​ឲ្យ​មូស​ខ្លា​ខាំ។​

បច្ចុប្បន្ន​ជំងឺ​ហ្ស៊ីកា​កំពុង​តែ​វាយ​លុក​ប្រទេសក្នុ​ង​តំបន់​។ ក្នុង​នោះ​ប្រទេស​សិង្ហ​បុរី​បាន​រក​ឃើញ​ករណី​ជំងឺ​ហ្ស៊ីកាថ្មី​ កើន​ឡើង​ដល់​៣៣៣​ករណី ​ហើយបាន​កើត​លើ​ស្ត្រី​មាន​ផ្ទៃ​ពោះ៨​នាក់​។ ចំណែក​ប្រទេស​ថៃ​រហូត​មកដល់​ពេល​នេះគឺ​​មាន​ករណី​ហ្ស៊ី​កា២០០​ករណី។

នៅ​ថ្ងៃទី​១៤ ​កញ្ញា​នេះ ​កាសែត​​​ ​Th​e Nation របស់ថៃ​ ​បាន​រាយការណ៍​ថា​រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​ថៃ​នឹង​ធ្វើការ​ជា​មួយនឹ​ងរដ្ឋ​មន្ត្រី​នៃប្រ​ទេស​ជា​សមាជិក​អាស៊ាន​ដទៃ​ទៀត ​ដើម្បី​ទប់​ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​ហ្ស៊ីកាក្នុ​ងតំបន់​អាស៊ាន។​ ប្រភព​ព័ត៌មាន​ដដែល​បាន​ឲ្យ​ដឹ​ងថា​រដ្ឋ​មន្ត្រី​សុខាភិបាល​ថៃ​នឹង​បើ​កិច្ច​ប្រជុំ​ នៅ​សប្តាហ៍ក្រោយ​នេះ​ ដើម្បី​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​ទប់​ស្កាត់​ហ្សីកាតាម​ព្រំដែ​ន​ជា​មួយ​ប្រទេស​ក្នុង​តំបន់​៕  
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ