អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ហៃទី៖ នាយករដ្ឋមន្ត្រី​លាលែង​ពី​តំណែង ក្រោយ​ពី​បាន​ដំឡើង​ថ្លៃសាំង​ ហើយ​ពលរដ្ឋ​ផ្ទុះ​កំហឹង​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ប្រទេសហៃទី ថ្ងៃទី​១៤កក្កដានេះ នាយករដ្ឋមន្ត្រី បានសុំលាឈប់ពីតំណែង ក្រោយពីមានការតវ៉ាយ៉ាងហិង្សាពីសំណាក់ប្រជាជនហៃទី។ ជាងមួយសប្តាហ៍មកហើយដែលពលរដ្ឋហៃទី ខឹងសម្បារនឹងរដ្ឋាភិបាល ដែលបានដំឡើងថ្លៃសាំង ក៏ដូចជាការដឹកនាំប្រទេស នាំឲ្យប្រជាជនរងទុក្ខវេទនា គ្មានការងារធ្វើ និងគ្មានសន្តិសុខសុវត្តិភាព។ ក្នុងភាពតានតឹងមួយសប្តាហ៍មកនេះ ប្រជាជនហៃទីរាប់ពាន់នាក់ ពិសេសយុវជនក្មេងៗ បានចុះផ្លូវតវ៉ា ទាមទារឲ្យនាយករដ្ឋមន្ត្រីនិងប្រធានាធិបតីចុះចេញពីតំណែង។ ក៏ប៉ុន្តែ ពីដំបូងនាយករដ្ឋមន្ត្រីហៃទី បានប្រកាសថាមិនព្រមចុះចេញទេ តែទីបំផុត លោកបាននិយាយដោយខ្លួនឯងនៅក្នុងសភា ថាលោកបានដាក់ពាក្យលាឈប់រួចហើយ។ តែយ៉ាងណា ការតវ៉ានៅមិនទាន់ស្ងប់ទេ ដោយប្រជាជនទាមទារ ថាប្រធានាធិបតី ក៏ត្រូវចុះចេញពីតំណែងដែរ។

នាយករដ្ឋមន្ត្រី Jack Guy Lafontant ដែល​សុំ​លា​ឈប់​ពី​តំណែង
នាយករដ្ឋមន្ត្រី Jack Guy Lafontant ដែល​សុំ​លា​ឈប់​ពី​តំណែង REUTERS/Andres Martinez Casares
ផ្សាយពាណិជ្ជកម្ម

ការ​សុំឈប់​ពី​តំណែង​របស់​នាយករដ្ឋ​មន្ត្រី​ហៃ​ទី គឺ​បន្ទាប់ពី​​ពលរដ្ឋ ផ្ទុះ​កំហឹង​តវ៉ា​ទាមទារ​អស់​រយៈ​ពេល​ជាង​មួយ​សប្តាហ៍​មកហើយ។ តើ​ដោយសារតែ​សម្ពាធ​ខ្លាំង​ពី​ពលរដ្ឋ​ ឬមួយ​​មាន​រឿង​អ្វី​ផ្សេងទៀត?​

ការ​ចុះ​ចេង​ពី​តំណែងនាយករដ្ឋ​មន្ត្រីហៃទី​​នេះ គឺក្រោយ​ពី​រដ្ឋាភិបាល​របស់​លោក​ បាន​សម្រេច​ដំឡើង​ថ្លៃ​ប្រេង​សាំង​ ប្រមាណ​ជាជិត​៤០ ទៅ​៥០ភាគរយ ដែល​បង្ក​ការ​មិន​ពេញ​ចិត្ត​ជា​ខ្លាំង​ពី​សំណាក់​ពលរដ្ឋ​។

ក៏ប៉ុន្តែ​ ជាក់​ស្តែង​ វិបត្តិ​សង្គម​នៅ​ហៃទី បាន​ញាំញី​ស៊ី​រូង​សង្គមជា​​យូរ​មកហើយ។ រឿង​ដំឡើង​ថ្លៃ​ប្រេង​សាំង​នេះ គឺ​គ្រាន់តែ​ជា​ដើម​ចមមួយ​​នៃការ​ផ្ទុះ​កំហឹង​របស់​ប្រជាជនតែប៉ុណ្ណោះ។ តាម​ពិត​ ពលរដ្ឋ​ហៃ​ទី ដែល​មាន​ប្រមាណ​ជាង​​១០លាន​នាក់ គឺ​មាន​៥៨ភាគរយ កំពុង​​រស់​ក្នុង​ភាព​ក្រីក្រ​​យ៉ាងរ៉ាំរៃ។ ពលរដ្ឋ​ភាគ​ច្រើន​រក​ចំណូល​មិន​បាន​២ដុល្លារ​ផងទេ ​ក្នុង​មួយ​ថ្ងៃ​។ ពួក​គេ​ត្រូវ​រស់​នៅ​ក្នុង​ភាព​អត់​ឃ្លាន និង​អត់​មាន​ការ​ងារ​ធ្វើ​គ្រប់​គ្រាន់ ហើយ​តែងតែ​ព្រួយបារម្ភជានិច្ច​​ពី​សុខ​សុវត្ថិភាព។

នៅ​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ស្រាប់​រដ្ឋាភិបាលរបស់​លោក​ Jack Guy Lafontant ​បាន​សម្រេច​ប្រកាស​ដំឡើង​ថ្លៃ​ប្រេង​សាំង ប្រេង​ម៉ាស៊ូត និង​ប្រេង​កាត។ ហេតុ​នេះ គឺរឹតតែ​ធ្វើ​ឲ្យ​ពលរដ្ឋ​មិន​សប្បាយ​ចិត្ត​ ក៏​កើត​ជា​ការ​ផ្ទុះ​កំហឹង​ បង្ក​ជា​ការ​បាតុកម្ម​ហិង្សា បិទផ្លូវ ដុត​ឡាន គប់​ដុំ​ថ្ម​ពាស​ពេញ​តែ​ផ្លូវ​សាធារណៈ​ ក្នុង​រដ្ឋធានី Port au Prince តែម្តង។ តុល្យ​ការ​បឋម ​មាន​មនុស្ស​យ៉ាង​ហោច​៤នាក់​ស្លាប់ ប្រភព​ពី​ទីភ្នាក់​ងារ ​AFP តែ​បើ​តាម​អ្នក​កាសែត​ Al Jazeera វិញ គឺថា​ មាន​អ្នក​ស្លាប់​ដល់ទៅ​៧នាក់ទៅហើយ។​

ការ​ដំឡើង​ថ្លៃ​ប្រេង​​នេះ គឺតម្លៃ​​សាំង​ត្រូវឡើង​៣៨ភាគរយ ប្រេង​ម៉ាស៊ូត​ឡើង​៤៧ភាគរយ ហើយ​ប្រេង​កាតឡើង​រហូត​ដល់​៥១ភាគរយ​។ ការ​ឡើង​ថ្លៃ​យ៉ាង​គំហក់​របស់​ប្រេង​ឥន្ធនៈ​នេះ គឺ​ដោយសារតែ​រដ្ឋាភិបា​លហៃ​ទី បាន​សម្រេច​បញ្ឈប់​ការ​ឧបត្ថម្ភធនចំពោះ​តម្លៃ​ប្រេង។ មាន​ន័យថា រដ្ឋាភិបាល​​ឈប់​ជួយ​ចេញ​លុយសម្រាប់​ការ​ទិញ​​ប្រេងឥន្ធនៈ ហើយ​យក​​កញ្ចប់​ទឹក​ប្រាក់​នោះ គឺ​ប្រមាណ​ជា​៣០០លាន​ដុល្លារ​ យកទៅ​អភិវឌ្ឍ​និង​វិនិយោគ​ក្នុង​វិស័យ​អប់រំ​ សេវា​សង្គម​ និង​សុខាភិបាល​វិញ។

ការ​ផ្ទុះ​ឆេះ​កំហឹង​របស់​ប្រជាពលរដ្ឋ​ហៃទី រហូត​មក​ដល់​ពេល​នេះ បាន​ធូរ​ស្រាល​វិញ​ឬនៅ ពី​ព្រោះថា​ នាយករដ្ឋ​រដ្ឋមន្ត្រី​ ក៏បាន​ឈប់​ពី​តំណែង និង​សម្រេច​ចុះ​ចេញ​ពី​កៅអី ទៅហើយ​?​

មិន​ទាន់​ស្ងប់​ស្ងាត់​ទេ ពីព្រោះ ប្រជាជនហៃទី នៅ​ចង់​ទាមទារ ថាប្រធានាធិបតី ក៏ត្រូវចុះចេញពីតំណែងដែរ។ ត្រឹម​តែ​នាយករដ្ឋមន្ត្រី​មួយ​ គឺ​មិន​គ្រាន់ឡើយ។

គួរ​បញ្ជាក់​ត្រង់​នេះថា ដោយសារតែ​​វិបត្តិ​សង្គម​និង​សេដ្ឋកិច្ច ទើប​ពលរដ្ឋ​ហៃទី នឹក​ខឹងសម្បារ​ខ្លាំង​​នឹង​រដ្ឋាភិបាល ព្រោះ​ក្រុម​អ្នក​នយោបាយ​ក្នុង​ជួរ​រដ្ឋាភិបា​លនេះហើយ ដែល​កាច់​ចង្កូត​វាសនា​ប្រទេស​ជាតិ។ ពលរដ្ឋ​ហៃទី យល់ថា ប្រទេស​របស់​ខ្លួន​ធ្លាក់​ក្រីក្រ​វេទនា​យ៉ាងនេះ គឺ​ដោយសារ​តែ​ថ្នាក់​ដឹក​នាំ​រដ្ឋាភិបា​នេះឯង។

ពលរដ្ឋ​ហាក់​មិន​ពេញ​ចិត្តប៉ុន្មាន​ទេ​​នឹងរបៀប​ដឹកនៃ​របស់​​រដ្ឋាភិបាលហៃទីសព្វ​ថ្ងៃ​ទេ  ហើយ​ពួ​ក​គេ​រឹត​មិន​ចូល​ចិត្ត​ថែមទៀត ដែល​ថ្នាក់​ដឹក​នាំប្រទេស​ជ្រើស​រើស​យក​តែ​បក្ស​ពួក​គ្នា​ឯង​មក​កាន់តំណែក​កិច្ច​ការងារ​រដ្ឋ​ ឬ​តំណែង​ធំៗរបស់​ប្រទេស​។ តំណែង​រដ្ឋមន្ត្រី​សំខាន់​ៗ និង​​តំណែង​នាយករដ្ឋមន្ត្រី​ផង គឺសុទ្ធ​តែ​ជាមនុស្ស​ជិត​ស្និទ​នឹង​ប្រធានាធិបតី Jouvenel Moïse។ តួ​យ៉ាង​លោក លោកនាយករដ្ឋមន្ត្រី​ Jack Guy Lafontant ដែល​ទើប​តែ​សុំ​លាឈប់​នេះ គឺលោក​ជា​អ្នក​រូប​វិទ្យា​និង​ដែល​គេ​មិន​ដែល​ស្គាល់​សោះ​នៅ​ក្នុង​ឆាក​នយោបាយ​ពីមុនមក ប៉ុន្តែលោក​ជាមិត្ត​ភក្តិជិត​ដិត​​របស់​​ប្រធានា​ធិបតី ក៏ត្រូវ​លោក​​ប្រធានាធិបតី តែងតាំង​ឲ្យ​ធ្វើ​ជា​នាយករដ្ឋមន្ត្រីតែ​ម្តង​​ទៅ កាលពី​ខែ​កុម្ភៈ​ឆ្នាំ​២០១៧​។ នៅពេល​នេះ ពលរដ្ឋ​ហៃទី ពិសេស​យុវជន​ ត្រូវ​ការ​និង​ចង់​ឃើញ​ថ្នាក់​ដឹកនាំប្រទេស ជាមនុស្ស​ដែល​មាន​សមត្ថភាព និងចេះ​យល់​ដឹង​ពី​ទុក្ខ​លំបាក​វេទនា​របស់​ប្រជាពលរដ្ឋ​។ ពួក​យុវជន​បាតុករ​ថា បើ​រដ្ឋាភិបាល​មិ​នបានដោះស្រាយ ​រំងាប់​ក្តី​ខឹង​ក្រោធ​របស់ពួក​គេ​ទេ នោះ​បាតុកម្មហិង្សា​នឹង​នៅតែ​មាន​ជា​បន្ត​បន្ទាប់ទៀត។​

តើ​​​នរណា​អាច​នឹង​ក្លាយ​ជា​នាយរដ្ឋមន្ត្រី​ថ្មី​របស់​ហៃទី? ហើយតើ​គេ​នឹង​ត្រូវ​រៀបចំរដ្ឋាភិបាល​ថ្មី ​នៅពេល​ណា?

ជា​សំណួរ​ដែល​​ចម្លើយ​ គឺ​ស្ថិត​ក្នុង​ភាព​ស្រពេច​ស្រពិល​នៅឡើយ។ ព្រោះថា នៅ​ពេល​នេះ ប្រធានាធិបតី​ហៃ Jouvenel Moïse កំពុង​តែ​ប្រុង​ប្រយ័ត្ន​បំផុត។ ដើម្បី​ទប់​ទល់​សភាព​ការ​ណ៍​ដែល​កំពុង​តែ​តាន់​តឹង​ក្តៅ​ខ្លាំង លោក​ប្រមុខ​រដ្ឋ​​ បាន​ថ្លែង​ថា រដ្ឋាភិបាល​ថ្មី គឺ​ត្រូវ​តែ​ជា​កម្លាំង​គ្នា​រួប​រួម​ ដើម្បី​បន្ធូរបន្ថយ​ទុក្ខ​វេទនា​របស់​ប្រជា​ពលរដ្ឋ។ លោក​មិន​បាន​បង្ហើប​ពី​បេក្ខភាព​នាយករដ្ឋមន្ត្រី​ ថា​ជា​នរណា​ឲ្យ​​ប្រាកដ​នៅឡើយទេ។ ប៉ុន្តែ​លោកប្រធានាធិបតី បា​នបញ្ជាក់​ច្បាស់ៗថា លោកដឹងឮ​និង​យល់ហើយ​ពី​ស្ថានភាពលំបាក​ ពី​ការ​អត់​ការងារធ្វើ ពី​ក្តី​ស្រេកឃ្លាន និង​ទុក្ខវេទនា​​របស់​ប្រជាជាតិ។ លោក​ក៏​បាន​គូស​បង្ហាញ ក្នុង​ន័យ​ដាក់​ផ្លែផ្កា​ឲ្យ​បាតុករ​វិញ​ដែរថា អំពើ​ហិង្សា​នឹង​មិន​អាច​នាំមកនូវ​ការ​អភិវឌ្ឍ​និង​លិទ្ធិប្រជាធិបតេយ្យ​នោះទេ។

តែ​យ៉ាង​ណា​ក៏ដោយ លោក​ប្រធានសភា​ហៃ​ទី បាន​បញ្ចេញ​យោបល់​ប្រាប់ទៅ​ប្រមុខ​រដ្ឋ​ថា បើ​ជ្រើស​នាយករដ្ឋមន្ត្រី​ថ្មី គឺត្រូវ​តែ​ជ្រើសរើ​អ្នក​ណា​ដែល​អាច​ទទួល​យក​បាន​ទាំង​អស់​គ្នា​ ដោយ​មាន​ការ​សម្រេច​ជា​ឯកច្ឆ័ន​។

​នាយករដ្ឋមន្ត្រី​​ចាស់​ ឬ​​​ថ្មី​មក​កាន់​តំណែង​ក៏ដោយ ក៏​ហៃទី​នៅតែ​ប្រឈម​មុខ​នឹង​វិបត្តិ​សេដ្ឋកិច្ច​និង​សង្គមជា​ដ​ដែល​។ តើ​គេត្រូវ​ដោះស្រាយ​វិបត្តិ​ទាំង​នោះ​យ៉ាងម៉េច​?

ជា​រឿងលំបាក​​មួយ​ជាន់​ទៀត។ ដ្បិត​ថា ការ​ដោះស្រាយ​វិបត្តិ​សង្គម​កិច្ច​និង​សេដ្ឋកិច្ច​នេះ ត្រូវការ​លុយ​ច្រើន​ ហើយ​លុយ​នោះ ​ជា​លុយ​ត្រូវ​មាន​ជា​បន្ទាន់​ថែមទៀតផង​។​ ចំពោះ​​រឿង​​​ចាត់​ចែង​កញ្ចប់​ថវិកាជាតិនេះ​ គឺ​ជា​បញ្ហា​​ស្មុកស្មាញ​មួយ​របស់​ប្រទេស​ក្រីក្រ​ដូច​ហៃទី។

ក្នុង​កិច្ច​ការ​នេះ នាពេល​កន្លងមក ស្ថាប័ន​រូបិយវត្ថុអន្តរជាតិ​ FMI ក៏​បាន​ជួយ​ឲ្យ​យោបល់​ដែរ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ប្រទេស​ងើបមាន​កំណើន​សេដ្ឋកិច្ច និង​លុប​បំបាត់កាត់​បន្ថយ​អត្រា​អតិផរណា​ទំនិញ​ឡើង​ថ្លៃ​ ឲ្យ​នៅ​ក្រោម​​១០ភាគ។ ព្រោះថា ពេល​​នេះ អត្រាអតិផរណា​បាន​ឡើង​ខ្លាំង​ដល់​ជាង​១១ភាគ​រយទៅហើយ។ ហើយ​ចំពោះ​ការ​ឧបត្ថម្ភធន ស្ថាប័ន​រូបិយវត្ថុអន្តរជាតិ ថា​ត្រូវ​តែ​មាន​វិធី​សាស្ត្រ​ច្បាស់​លាស់​និង​បត់​បែន​ជាង​នេះ។ ក្រោយ​សម្រេច​ឈប់​ឧបត្ថម្ភធន​ភ្លាមៗ​ពេក របស់​រដ្ឋាភិបា​ល​ហៃទី​ គឺធ្វើ​ឲ្យ​តម្លៃ​ទំនិញ​ ចំណី​អាហារ និង​ការធ្វើ​ដំណើរ​ផ្សេងៗ​ ក៏​ត្រូវ​​ឡើង​ថ្លៃ​ភ្លាម​យ៉ាង​គំហកដែរ។ ដែល​នេះ បាន​បញ្ឆេះ​កំហឹង​ពលរដ្ឋ​ហៃទី​ ហើយ​ដែល​ឈាន​ដល់​ដំណាក់​កាល​មួយ ដែល​អាច​លំបាក​នឹង​ទប់​ទល់​ស្ថានភាព​ ផង​ក៏មិន​ដឹង​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ