rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ទស្សនៈព្រឹត្តិការណ៍ពិភពលោក
rss itunes

Greta Thunberg និមិត្តរូប​នៃ​កុមារលើពិភពលោក ក្នុង​ការ​​ប្រយុទ្ធប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​

ដោយ ហេង ឧត្តម

កុមារី​ Greta Thunberg គឺ​ជា​និមិត្តរូប​របស់​ក្មេងៗ​នៅលើ​ពិភពលោក ដែល​នាំ​គ្នា​ក្រោក​ឈរ​តស៊ូ​ប្រយុទ្ធប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​។ នាង​​ចាប់​ផ្តើម​តស៊ូ​មតិ​តែម្នាក់​ឯង​គត់​នៅមុខ​រដ្ឋ​សភា របស់​​ប្រទេស​ស៊ុយអេត​ ប៉ុន្តែ​​ជាង​មួយ​ឆ្នាំក្រោយ​មក គឺ​មាន​កុមារ​ សិស្ស​និស្សិត ឋ្និង​មនុស្ស​ធំ​ ជាង​៤លាននាក់ បា​នចូលរួម​សកម្មភាព​ជាមួយ​នាង។​ នៅ​ថ្ងៃច័ន្ទ​ដើម​សប្តាហ៍​នេះ នាង ​ហ្គ្រេតតា ធុនប៊ែក បានធ្វើ​សេចក្តី​​ថ្លែង​ការណ៍យ៉ាង​កក្រើក​​នៅ​អង្គការ​សហប្រជាជាតិ ចំពោះ​មុខ​ថ្នាក់​ដឹកនាំ​ប្រទេស​ជាច្រើន​រយកនាក់​។ មិនតែប៉ុណ្ណោះ នាង​បាន​ដាក់​ពាក្យ​ប្តឹង​ប្រទេស​ធំៗ​មួយ​ចំនួន ទៅកាន់​​អង្គការ​សហប្រជាជាតិ ដោយ​ចោទថា ប្រទេស​ទាំង​នោះ មិន​បា​ន​យក​ចិត្តទុកដាក់​ចំពោះ​អាកាសធាតុ និង​មិន​បាន​ប្រឹងប្រែង​ឱ្យ​អស់​សមត្ថភាព​​ក្នុង​ការ​ជួយ​សង្គ្រោះ​ភពផែន​ដី។ ដូច្នេះ តើ​កុមារី​ ហ្គ្រេតតា ធុនប៊ែក មាន​បុគ្គលិកលក្ខណៈពិសេស​យ៉ាងណា?​ 

ត្រឹម​វ័យ​១៦ឆ្នាំ យុវតី ហ្គ្រេតតា ធុនប៊ែក  ​មាន​ចំណុច​ពិសេសៗ​ប្លែង​ៗ​ជាច្រើន ដែល​នាំឱ្យ​សារព័ត៌មាន​បស្ចិមលោកតាម​ដាន​និង​ផ្តិត​យក​រូបនាង​មកចុះផ្សាយ។ នៅក្នុង​រដូវក្តៅ​ឆ្នាំ២០១៩​នេះ កាសែត​នៅ​បរទេស​​ សរសេរ​រៀបរាប់ពី​​សកម្មភាព​របស់រូប​នាង​ច្រើន​ជាង រហូត​ដល់​ទស្សនវដ្តី Times ចាត់ទុកថា ជា​ក្មេង​ស្រី​ម្នាក់​ នៅក្នុង​ចំណម​កុមារ​២៥នាក់ ដែល​ល្បី​ជាងគេ​ នៅលើ​ពិភពលោក។

មិន​ជិះ​យន្តហោះ ហើយ​ធ្វើ​ដំណើរ​ដោយ​មធ្យោយបា​យ​ដែល​បំពុលបរិយាកាស​ទាប​បំផុត

ចំណុច​ពិសេស​របស់សកម្មជន​បរិស្ថាន​ដ៏​វ័យក្មេង​នេះ គឺនាង​​បដិសេធ​មិន​ព្រម​ជិះ​យន្តហោះ នៅ​ក្នុង​ការ​ធ្វើ​ដំណើរ។​​ ពីព្រោះថា ការ​ធ្វើ​ដំណើរ​តាម​យន្តហោះ ធ្វើឱ្យ​បំពុល​បរិយាកាស​ធ្ងន់ធ្ងរ តាមរយៈ​ការ​បញ្ចេញ​ឧស្ម័ន​ពុលដ៏​ច្រើន​សន្ធឹក​សន្ធាប់​​។ នៅក្នុង​ទ្វីបអឺរ៉ុប នៅ​ពេល​ផ្លាស់ទី​ដើម្បី​ចូលរួម​​តស៊ូមតិនីមួយៗ ​ នាង ហ្គ្រេតតា ធុនប៊ែក ​ព្យាយាម​រក​មធ្យោបាយ​ដែល​បំពុល​បរិស្ថាន​​តិច​តួច​បំផុត ដូច​ជាត្រូវដើរ ​ជិះកង់ ហើយ​ជិះ​រថភ្លើងដែល​បំពុល​បរិស្ថាន​ជាង​ជិះ​យន្តហោះ។ ឧទាហរណ៍​​ជាក់ស្តែង​មួយទៀត នៅក្នុង​ការ​ធ្វើ​ដំណើរពីអឺរ៉ុប​​ទៅសហរដ្ឋអាមេរិក ដើម្បីចូលរួម​កិច្ច​ប្រជុំ​របស់​អង្គការ​សហប្រជាជាតិ​នៅកញ្ញា​នេះ គឺ​នាង​មិន​ជិះ​យន្ត​ហោះទេ តែនាងជិះ​ទូកត្តោង​អស់​ជា​ច្រើន​ថ្ងៃ​ ​​ឆ្លង​កាត់​មហា​សមុទ្រ​អាត្លង់ទិក ដើម្បីទៅ​ដល់​ទីក្រុង​ញូវយ៉ក។

មិនទទួលទានសាច់

លក្ខណៈ​ពិសេស​មួយ​ទៀត គឺ​ហ្គ្រេតតា ធុនប៊ែក ​ទទួលទាន​អាហារម្ហូប​​បួស ដោយ​នាង​បដិសេធ​មិនបរិភោគ​សាច់។ កុមារីរូបនេះ​​រស់​នៅ​ក្នុង​គ្រួសារ​ដែល​ភ្ញាក់​ស្មារតី​យក​ចិត្តទុកដាក់​ចំពោះ​បរិស្ថាន​។ ម្តាយ​របស់​នាង​ ជា​តារា​ចម្រៀង​អូប៉េរា ​​ដែល​តម្រូវ​ឱ្យផ្លាស់ទី​ច្រើន តែគាត់​ត្រូវ​សម្រេច​​ចិត្ត​ឈប់​ពីការ​ងារដែល​ត្រូវ​ជិះ​យន្ត​ច្រើន នាំឱ្យ​បំពុល​​បរិយាកាសខ្លាំង​។​ ហើយឪពុក​របស់​នាង ក៏​ឈប់​ប្រើ​រថយន្ត​ដែល​​ចាក់​សាំងឬម៉ាស៊ូត​ ហើយ​ងាយមក​ប្រើ​ឡាន​ដើរ​ដោយ​ចរន្ត​អគ្គិសនី​វិញ។

មា​នជំងឺ​អូទីសឹម ធ្លាក់ទឹកចិត្ត និង​គិតខុសគេ

ពេល​អាយុបាន​​១១ឆ្នាំ កុមារី ហ្គ្រេតតា ធុនប៊ែក បាន​ទស្សនា​​ភាពយន្តឯកសារ​ពីការ​រលាយ​ទឹក​កក និងការ​ប្រែប្រួល​អាកាសធាតុ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ផ្លូវ​ចិត្ត​យ៉ាង​ខ្លាំង ហើយ​នាង​មាន​ការ​ប្រែប្រួល​អាកប្បកិរិយា​ រហូត​ដល់​លិច​ចេញជា​​រោគសញ្ញា​នៃ​ជំងឺ​​អូទីស។ នាងធ្លាប់​​មាន​បញ្ហា​ប៉ះទង្គិច​ផ្លូវ​ចិត្ត ឬ​ជំងឺ​ Depression ប្រមាណ​ជា​ជាង​៨ខែ​ សូម្បី​តែ​ឪពុក​បង្កើត​របស់​នាង​ក៏​ធ្លាប់​ប្រាប់សារព័ត៌មាន​ដែរថា កូន​ស្រី​របស់ខ្លួន​​​ស្ងប់ស្ងាត់ ស្រងូត​ស្រងាត់​ មិន​សូវចេះ​​និយាយ​ស្តី ហើយ​ ច្រើន​នៅ​ម្នាក់​ឯង​ និងមាន​ភាពអឹម​អៀន​ច្រើន​ ខុសប្លែក​ពី​​ក្មេងៗ​ធម្មតា។ ហ្គ្រេតតា ធុនប៊ែក ធ្លាប់​លាត​ត្រដាងត្រង់ចំណុចនេះថា «ប្រសិន​បើ​រូប​នាង​មិន​ខុស​ប្លែក​ពីក្មេង​ដទៃ​នោះទេ ម្ល៉េះ​សម​នាង​នឹង​ជាប់​ក្នុង​អន្ទាក់ក្រឹត្យក្រម​​សង្គម​ ហើយ​មនុស្ស​គ្រប់​គ្នា​​គិត​តែ​ពី​សើច​ចម្អក​ឱ្យ​នាងបាត់ទៅហើយ។ នាង​អាច​តស៊ូជម្នះ​ក្នុង​ជីវិត​នេះ ក៏​ដោយសារតែ​ភាព​ខុស​ប្លែក​គេ​របស់​នាង​នេះហើយ»។

ផ្តើម​ពីម្នាក់ឯង រហូត​មាន​គេ​ធ្វើ​តាម​ជាច្រើន​លាន​នាក់

ក្នុង​ដំណើរ​តស៊ូក្នុង​រឿប​បរិស្ថាន​អាកាសធាតុ​នេះ ហ្គ្រេតតា ធុនប៊ែក បាន​ចាប់​ផ្តើម​តែម្នាក់​ឯង​គត់​ ដោយ​តវ៉ា​លើក​បដា នៅ​មុខ​សភា​ក្រុង​ស្តុកខុម ប្រទេស​ស៊ុយអែត នៅក្នុង​សីហា​ ឆ្នាំ​២០១៨​។ នាង​ឈប់​រៀន​មួយ​ថ្ងៃក្នុង​សប្តាហ៍ គឺរៀងរាល់​ថ្ងៃសុក្រ ដោយ​យក​ពេលវេលា​នោះ ទៅ​នាំគេ​ធ្វើ​បាតុកម្ម​។​ នៅក្នុង​បទសម្ភាស​មួយ ជាមួយ​វិទ្យុ​បារាំង RFI កុមារី​ ហ្គ្រេតតា ធុនប៊ែក ​បាន​ឱ្យដឹង​ថា នាង​ក្រោក​ឈរ​តស៊ូ​ដើម្បី​អាកាធាតុ​នេះ និងធ្វើ​ពហិការ​មិន​ចូលរៀន​ គឺ​ដោយតែ​ឃើញ​ក្មេងៗ​នៅ​អាមេរិក គេ​ក្រោកឈរ​ធ្វើ​ពហិកា​មិន​ចូល​សាលា ដើម្បី​សម្តែង​មតិ​ប្រឆាំង​នឹង​នយោបាយ​លក់​អាវុធ​។ ចំណែក​នាងមិន​ចូលរៀន​ ដោយ​ប្រឆាំង​នឹង​ការ​មិន​យកចិត្តទុកដាក់​ចំពោះ​បរិស្ថាន​អាកាសធាតុ ពីសំណាក់​ថ្នាក់​ដឹកនាំប្រទេស​។ ​សម្រាប់​ឆ្នាំសិក្សា​ឆ្នាំ​២០១៩នេះ គឺ​នាង​សម្រេចចិត្ត​មិន​ចុះ​ឈ្មោះ​ចូល​​រៀន​ទេ ដោយ​ទុក​ពេល​ដើរ​ធ្វើ​បាតុកម្ម​ដើម្បីបរិស្ថាន​។

ជាច្រើន​ខែ​កន្លង​មកនេះ ហ្គ្រេតតា ធុនប៊ែក បាន​ចូលរួម​តស៊ូ​សម្តែង​មតិ​នៅក្នុង​ប្រទេស​ជាច្រើន​ក្នុង​ទ្វីប​អឺរ៉ុប មាន​ស៊ុយអែត ស្វីស ប៉ូឡូញ ប៊ែលស្ស៊ិក បារាំង អ៊ីតាលី អាល្លឺម៉ង់ អង់គ្លេស បន្តរហូត​ដល់​ កាណាដា អូស្ត្រាលី និង​អាមេរិកជាដើម។ នាង​បាន​ជួប​តទល់​ជាមួយអ្នក​តំណាង​រាស្ត្រ​អឺរ៉ុប និង​ជួបថ្នាក់ដឹកនាំពិភពលោក រួម​ទាំង​អគ្គលេខាធិការអង្គការសហប្រជាជាតិ, ប្រមុខ​រដ្ឋ​បារាំង​, អតីតប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា រួម​ទាំង​​សម្តេច ប៉ាប់ ហ្វ្រង់ស័រ ប្រមុខសាសនាគ្រិស្ត ជាដើម​ផង។

សាររបស់​នាង ហ្គ្រេតតា ធុនប៊ែក ដែល​ធ្លាប់​និយាយ​ដាស់​ស្មារតី​ថ្នាក់​ដឹកនាំ​៖

«អ្នក​និយាយ​ពេញៗមាត់ថា​ អ្នក​ស្រឡាញ់​កូនៗ​របស់​អ្នក!

ប៉ុន្តែ​អ្នក​កម្ទេច​អនាគត​របស់​ពួក​គេ!

អ្នក​បំផ្លាញ​អនាគត​របស់​កូន​ចៅនិងអ្នក​ជំនាន់ក្រោយ

ដោយ​ពុំ​បាន​គិតគូរ និងគ្មាន​ធ្វើ​សកម្មភាព​វិជ្ជមាន​អ្វីសោះ​

ដើម្បីសង្គ្រោះ​បរិស្ថាន​និង​ភព​ផែន​ដី»។​

 

ឥទ្ធិពល​នៃការ​ក្រោកឈរ​របស់​យុវតី​វ័យ​១៦ឆ្នាំរូបនេះ បាន​ផ្តល់​ជា​និមិត្ត​រូប​គំរូ​ដល់​ក្មេងៗ​ជាច្រើ​នផ្សេងទៀត​លើលោក ចាប់តាំងពី​ទ្វីបអឺរ៉ុប ដល់​អាស៊ី​និងអាហ្វ្រិក។ នៅ​ប្រទេស​ថៃ ជាប់​ក្បែរ​ខាង​កម្ពុជា​ ក៏មាន​ក្មេងស្រី យក​គំរូ​តាម​នាង ហើយ​នៅ​អាហ្វ្រិក ដូច​ជាប្រទេស​អូហ្គាន់ដា ជាដើម ក៏​ដើរ​តាម​គន្លង​របស់​នាង ហ្គ្រេតតា ធុនប៊ែក ​ដែរ។

ក៏ប៉ុន្តែ មនុស្ស​មួយ​ចំនួន ដែលមិនសូវ​ពេញចិត្ត​នឹង​ការ​ចេញមុខចេញ​មាត់​ខ្លាំង​ពេក​របស់​នាង ក៏​បានរិះគន់​ថា ​រូប​នាងកំពុងតែ​ត្រូវ​ដើរតាម​ខ្សែ​ញាក់​របស់​ឪពុកម្តាយ ឬដើរ​តាម​ការ​បង្គាប់​បញ្ជា​របស់អង្គការ​សង្គមស៊ីវិលខាង​បរិស្ថាន​ ឬក៏​កំពុងតែ​ដើរតាម​បន្ទាត់​មនោគមវិជ្ជា​របស់​បក្ស​នយោបាយ​ផ្សេង​ៗ​ ដែល​នៅ​ពីក្រោយ​រូបនាង​។

«កុំជឿខ្ញុំ តែត្រូវស្តាប់និងជឿអ្នកវិទ្យាសាស្ត្រ»

ទោះបីយ៉ាងណាក៏ដោយ នៅក្នុង​សន្ទរកថា​ជាច្រើន​របស់​ ហ្គ្រេតតា ធុនប៊ែក នាពេល​កន្លងមក នាង​តែងតែ​ប្រាប់​និង​ពន្យល់​ថា កុំ​ជឿនាង​អី តែ​ត្រូវ​ស្តាប់​និង​ជឿ​ទៅលើ​របាយការណ៍​ស្រាវជ្រាវ​របស់​អ្នក​វិទ្យាសាស្ត្រ ដែល​ចង្អុរ​បង្ហាញ ​ថាពិភព​លោក​កំពុងតែ​ជួប​គ្រោះថ្នាក់​ដោយសារ​ការ​ប្រែប្រួល​អាកាសធាតុ​ និងដែលត្រូវការ​សង្គ្រោះ​ជា​បន្ទាន់៕

ហេតុអ្វីបានជាប៉ាគីស្ថានបានសុំធ្វើជាអ្នកសម្របសម្រួលឲ្យមានកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត?

តើប្រទេសណាមានសេដ្ឋកិច្ចប្រកួតប្រជែងបំផុតសម្រាប់ឆ្នាំ២០១៩?

តើ រុស្ស៊ី ផ្អែកឬទេ លើ “ ការទូតវាតឥទ្ធិពល”?

បារាំង រៀប​ចំ​ការតស៊ូមតិ ស្តីពីអន្តោប្រវេសន៍ នៅ​សភា និង​ព្រឹទ្ធសភា

ឥណ្ឌា​ ដាក់​ការ​ប្រយុទ្ធប្រឆាំង​នឹង​ការរីក​រាលដាល​ជំងឺ​របេង​ជា​អាទិភាព​

ហេតុអ្វីបានជាប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំសម្រេចដកទ័ពអាមេរិកចេញពីតំបន់ប៉ែកខាងជើងស៊ីរី?

រុស្ស៊ីក្រាលព្រំក្រហម ស្វាគម Huawei ដើម្បីទទួលបណ្តាញ 5G

កំណើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន បណ្តុះ​អត្តសញ្ញាណ​តៃវ៉ាន់

សាធារណរដ្ឋប្រជាមានិតចិន៖ ម៉ៅសេទុងអ្នកបង្កើតតែតេងស៊ាវភីងជាអ្នកបណ្តុះឲ្យរីកលូតលាស់

១ឆ្នាំក្រោយឃាតកម្មសម្លាប់លោកយ៉ាម៉ាល់ ខាស្ហូហ្ស៊ី អារ៉ាប៊ីសាអូឌីតពិបាកស្រោចស្រង់កេរ្តិ៍ឈ្មោះនៅលើឆាកអន្តរជាតិ

ហេតុអ្វី​ចំនួន​មនុស្ស​ចាស់​កើនឡើង​ជំរុញឱ្យ​ថៃ​ត្រូវការ​កម្លាំង​ពលកម្ម​បរទេស​?

អ៊ុយក្រែន​បារម្ភ​បាត់បង្អែក​អាមេរិក ដ្បិតជាប់​ក្នុង​ដង្កាប់​វិវាទ រវាង​លោកត្រាំ និង ពួកប្រឆាំង គាត់

UN ​ជំរុញ​ឱ្យ​ដាំដើមឈើ​នៅ​ទីក្រុង​ ​ដើម្បី​ជួយ​កាត់​បន្ថយការ​កើន​កម្តៅ

ក្នុងរយៈពេល ៥០ឆ្នាំ អាមេរិកខាងជើងបានបាត់បង់សត្វស្លាបជិត ៣ ០០០លានក្បាល

តើ​ព័ត៌មាន​អាក្រក់ ​(Bad News) ជះឥទ្ធិពលដល់សេដ្ឋកិច្ចយ៉ាងដូចម្ដេច?

រុស្ស៊ី-ចិន៖ ចំណងទូត៧០ឆ្នាំ បានបើកយុគសម័យថ្មី

ក្រោយ​បោះឆ្នោតជាតិ​, ​អ៊ីស្រាអែល​ នៅតែ​លំបាកក្នុង​ការ​រៀបចំ​រដ្ឋាភិបាល​ចម្រុះ​

ហេតុអ្វី​បានជា​ឥណ្ឌូណេស៊ី​តែងតែ​ប្រឈម​នឹង​បញ្ហា​ភ្លើង​ឆេះព្រៃ?