អានតួអត្ថបទ
អាកាសធាតុ

អ្នកជំនាញអ.ស.ប ចេញផ្សាយរបាយការណ៍ថ្មី​ពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុទៅលើមហាសមុទ្រ និងទឹកកកនៅតំបន់ប៉ូល

នៅថ្ងៃពុធ​ទី​២៥កញ្ញា  ក្រុមអ្នក​ជំនាញ​ផ្នែក​បរិស្ថាន​អាកាសធាតុ​របស់​អង្គការ​សហការ​ប្រជាជាតិ (Giec) បាន​ចេញ​របាយការណ៍​ថ្មី​មួយ​ទៀត​ ស្តីពី​ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុទៅលើមហាសមុទ្រ និងទឹកកកនៅតំបន់ប៉ូល។ ការ​សិក្សា​នេះ បាន​ព្រមាន​ជាថ្មី ពី​ផល​លំបាក​នៃ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​ ហើយ​វា​នឹង​បង្កគ្រោះ​ថ្នាក់​កាន់​តែ​ខ្លាំង​ចំពោះ​មនុស្ស​ជាតិ​និង​ជីវិត​លើ​ផែន​ដី ប្រសិន​បើ​ថ្នាក់​ដឹកនាំ​ប្រទេស​នីមួយ​ៗ នៅតែ​ធ្វេសប្រហែស​ជា​បន្តទៅទៀត។ 

ក្រុមអ្នកជំនាញរបស់ អ.ស.ប ចេញផ្សាយរបាយការណ៍ថ្មីស្តីពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុទៅលើមហាសមុទ្រ និងទឹកកកនៅតំបន់ប៉ូល។
ក្រុមអ្នកជំនាញរបស់ អ.ស.ប ចេញផ្សាយរបាយការណ៍ថ្មីស្តីពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុទៅលើមហាសមុទ្រ និងទឹកកកនៅតំបន់ប៉ូល។ MATHILDE BELLENGER / AFP
ផ្សាយពាណិជ្ជកម្ម

របាយការណ៍​ថ្មីនេះ មាន​កម្រាស​ជាង​៨០០ទំព័រ សរសេរ​រៀបចំដោយ​​ក្រុម​អ្នក​ជំនាញ​ អ្នក​វិទ្យាសាស្ត្រ​បរិស្ថាន ជាង​​១០០នាក់ មកពី​៣៦ប្រទេស។ ការសិក្សា​នេះ គូស​បង្ហាញ​ជាថ្មីទៀតថា ផែន​ដី​កំពុងតែមាន​រោគ​សញ្ញារងគ្រោះ​កាន់តែ​ខ្លាំង​ឡើង​ ពី​ការ​ប្រែប្រួល​អាកាសធាតុ។ ខុស​ពីរ​របាយការណ៍​មុនៗ ការសិក្សា​ថ្មីនេះ បាន​ផ្តោត​មួយ​ផ្នែក​ធំ ដោយ​និយាយ​ពី​ការប្រែប្រួលអាកាសធាតុទៅលើមហាសមុទ្រ អាក់ទិក​ និងទឹកកកនៅតំបន់ប៉ូលត្បូង​។ ផ្ទាំង​ទឹកកក​រលាយនៅតំបន់​ទាំង​ពីរនោះ​រលាយ​ច្រើន​ឡើងៗ​​ ពីព្រោះតែ​កម្តៅ​នៅលើ​ភព​ផែន​ដែន​ដីកើន​ក្តៅឡើង ដោយសារការ​បញ្ចេញ​ឧស្ម័ន​កាបូនិក​។

សាស្ត្រាចារ្យ​​ Anders Levermann បាន​បញ្ជាក់​ប្រាប់​AFPថា ក្នុង​រយៈពេល​បួន​ឆ្នាំ​ចុងក្រោយ​នេះ ផ្ទាំង​ដុំ​ទឹក​កក​នៅ​តំបន់​អាក់ទិក ចំនួន​១៥០លាន​តោន បាន​រលាយជាទឹក​ ជា​​រៀង​រាល់​ឆ្នាំ (ចាប់ពី​ឆ្នាំ​២០១៥មក)។ ហើយ​វា​បង្ក​ជា​កំណើនកម្ពស់​នីវូ​ទឹក​សមុទ្រ ចន្លោះ​ពី​ជាង​១ម៉ែត្រ​ទៅ​៣ម៉ែត្រឯណោះ​។ ការ​កើនឡើង​កម្ពស់​នីវូទឹក​សមុទ្រ​នេះ គឺធ្វើ​ឱ្យ​ប្រទេស​ ឬរដ្ឋ​តូចៗ ដែល​សណ្ឋាន​ជា​កោះ អាច​ប្រឈម​មុខ​នឹង​ទឹក​ជំនន់ ឬ​ក៏ធ្ងន់ធ្ងរ​ជាងនេះ អាច​នឹង​ត្រូវ​លិច​តែម្តង​ នៅ​ចុង​សតវត្សរ៍​ខាងមុខនេះ​។​

ក្រុម​អ្នក​ជំនាញ​ អ្នក​វិទ្យាសាស្ត្រ​បរិស្ថាន ក៏​បាន​សន្និដ្ឋាន​ជាទូទៅ​ដែរថា កម្ពស់​ទឹក​សមុទ្រ​ នឹង​កើន​ឡើង​ ២,៥ ដង ច្រើន​ជាង​សតវត្សរ៍​ទី​២០។ ទន្ទឹម​នេះ ខ្យល់ព្រុះ នឹង​រឹងតែ​មាន​កម្លាំង​ខ្លាំង​ជាងមុន ហើយ​ទីក្រុង​ធំៗ​ ក៏​នឹង​ត្រូវរងការ​​​វាយ​ប្រហារខ្លាំង​ឡើងៗ ​​ដោយ​គ្រោះ​ធម្មជាតិ​ រៀង​រាល់​ឆ្នាំ ចាប់​នៅឆ្នាំ​២០៥០ខាងមុខ​។ នេះ​ប្រសិន​បើគេ​ពុំ​រក​ដំណោះស្រាយ​កាត់​បន្ថយ​ការប្រែប្រួល​អាកាស​ឱ្យ​ទាន់​ពេល​វេលា​នោះទេ។​

ដោយ​ឡែក ចំពោះ​តំបន់​អាស៊ី ក្រៅពី​ប្រទេស​ដែល​ជួប​ហានិភ័យ​ធម្មជាតិ​ញឹកញាប់​ស្រាប់ អ្នក​ជំនាញ​បាន​បញ្ជាក់​ឈ្មោះ​ប្រទេស​និង​ក្រុង​តូចៗ​ខ្លះទៀត ដូច​ជា​ សិង្ហបុរី សៀងហៃ ហុងកុង ក៏​នឹង​ត្រូវ​ប្រឈម​គ្រោះធម្មជាតិ​​ និង​ទឹក​ជំនន់​នៅពេល​ខាងមុខ ហើយ​កម្ព​ស់ទឹក​នៅក្នុង​ទន្លេ​មេគង្គ​ ក៏​នឹង​កើន​ឡើង​ខ្ពស់​ជាង​មុន​ដែរ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ