អានតួអត្ថបទ
អាល្លឺម៉ង់-ភេរវកម្ម

ជនសង្ស័យ​ក្នុង​ភេរវកម្ម​នៅ​ប៊ែរឡាំង​ត្រូវ​ប៉ូលិស​បាញ់ស្លាប់​នៅ​អ៊ីតាលី

ជនសង្ស័យ​ក្នុង​ការ​វាយប្រហារ​ភេរវកម្ម​នៅ​ប៊ែរឡាំង​កាលពីថ្ងៃ​ចន្ទ ហើយ​ដែល​ប៉ូលិស​អាល្លឺម៉ង់ និង​អឺរ៉ុប​កំពុង​តាម​ប្រមាញ់​យ៉ាង​ស្វិតស្វាញ​បំផុត​នោះ​ ត្រូវ​បាន​ប៉ូលិស​បាញ់​ស្លាប់ នៅ​ក្នុង​ប្រទេស​អ៊ីតាលី កាល​ពី​ព្រឹកព្រលឹម​ថ្ងៃ​សុក្រ។ ការបាញ់​សម្លាប់​ជនសង្ស័យ​ភេរវជន​នេះ​ត្រូវ​បាន​បញ្ជាក់​ជាផ្លូវការ ដោយ​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​អ៊ីតាលី។

ប៉ូលិស​បច្ចេកទេស​អ៊ីតាលី​កំពុង​ពិនិត្យ​ទីតាំង​ដែល​ជនសង្ស័យ​ អានីស អាមរី ត្រូវ​ស្លាប់​ក្នុង​ការ​បាញ់​ប្រហារគ្នា​ជាមួយ​ប៉ូលិស នៅ​ព្រឹកព្រលឹម​ថ្ងៃ​សុក្រ ទី២៣ ខែ​ធ្នូ ឆ្នាំ​២០១៦
ប៉ូលិស​បច្ចេកទេស​អ៊ីតាលី​កំពុង​ពិនិត្យ​ទីតាំង​ដែល​ជនសង្ស័យ​ អានីស អាមរី ត្រូវ​ស្លាប់​ក្នុង​ការ​បាញ់​ប្រហារគ្នា​ជាមួយ​ប៉ូលិស នៅ​ព្រឹកព្រលឹម​ថ្ងៃ​សុក្រ ទី២៣ ខែ​ធ្នូ ឆ្នាំ​២០១៦ REUTERS
ផ្សាយពាណិជ្ជកម្ម

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្នុង​ទីក្រុង​រ៉ូម នៅ​ព្រឹកថ្ងៃ​សុក្រ​នេះ រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​អ៊ីតាលី​បាន​ឲ្យដឹង​ថា អានីស អាមរី បាន​ស្លាប់​នៅ​ក្នុង​ការ​បាញ់​តដៃគ្នា​ជាមួយ​ប៉ូលិស នៅ​ម៉ោង​ប្រមាណ​ជា ៣ព្រឹក ម៉ោង​ក្នុង​ស្រុក​អ៊ីតាលី (ត្រូវ​ជា​ម៉ោង ៩ព្រឹកនៅ​ក្នុង​ប្រទេស​កម្ពុជា)។ នៅមុនពេល​មាន​ការ​បាញ់​ប្រហារ​គ្នា​នេះ ប៉ូលិស​អ៊ីតាលី​បាន​ឃាត់ឡាន​របស់ជនសង្ស័យ​​នៅ​ក្បែរ​ទីក្រុង​មីឡង់ ដើម្បី​ត្រួតពិនិត្យ។ ​នៅ​ពេល​ដែល​ប៉ូលិស​ទារ​រក​ក្រដាសស្នាម​បញ្ជាក់​ពី​អត្តសញ្ញាណ ជនសង្ស័យ​ក៏​បាន​ដក​កាំភ្លើង​ខ្លី​បាញ់​ប្រហារ​ម​កលើ​ប៉ូលិស ទើប​ធ្វើ​ឲ្យ​​ប៉ូលិស​​ក៏​បាញ់​តបតវិញ។

រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​អ៊ីតាលី​បាន​បញ្ជាក់​បន្ថែម​ថា ក្រោយ​ពី​មាន​ការ​ត្រួតពិនិត្យ​អត្តសញ្ញាណ​យ៉ាងម៉ត់ចត់ ប៉ូលិស​អ៊ីតាលី​អាច​ធ្វើ​ការ​សន្និដ្ឋាន​​បាន​យ៉ាងច្បាស់​ ដោយ​គ្មាន​មន្ទិល​សង្ស័យ​ថា ជនសង្ស័យ​ដែល​ស្លាប់​ក្នុង​ការ​បាញ់​ប្រហារ​ជាមួយ​ប៉ូលិស​អ៊ីតាលី​នៅ​ព្រឹកមិញ​​នេះ គឺ​ពិតជា​ អានីស អាមរី ជនសង្ស័យ​ក្នុង​ការ​វាយប្រហារ​ភេរវកម្ម​នៅ​ប៊ែរឡាំង កាល​ពីថ្ងៃ​ចន្ទ។

ពី​អាល្លឺម៉ង់​វិញ មន្រ្តី​អ្នក​នាំពាក្យ​របស់​លោកស្រី​អង់ហ្គេឡា មែរកិល បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ណាមួយ​​នោះទេ ជុំវិញ​ព័ត៌មាន​ស្តីពី​ការ​ស្លាប់​របស់​ អានីស អាមរី ដោយ​នៅ​រង់ចាំ​ការ​បញ្ជាក់​ជា​លាយលក្ខណ៍​អក្សរ​ដោយ​ផ្ទាល់​ពី​សំណាក់​រដ្ឋាភិបាល​អ៊ីតាលី។ ក៏ប៉ុន្តែ ទោះជាយ៉ាងណា អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​អាល្លឺម៉ង់​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា មានតម្រ៉ុយ​ជាច្រើន​ដែល​ចង្អុល​បង្ហាញ​ថា ជនសង្ស័យ​ដែល​ត្រូវ​ប៉ូលិស​អ៊ីតាលី​បាញ់​សម្លាប គឺ​ពិតជា អានីស អាមរី ហើយ​ថា បើសិន​ជា​ពិត​ជា​យ៉ាងដូច្នោះមែន វា​គឺ​ជា​រឿង​ដ៏​គួរឲ្យ​ធូរ​ចិត្ត​មួយ ដែល​ជននេះ​លែង​ជា​គ្រោះថ្នាក់​ដល់​សុវត្ថិភាព​របស់​ប្រជាជន។

គួរបញ្ជាក់​ឡើងវិញ​ថា អានីស អាមរី គឺ​ជា​ជនភៀសខ្លួន​មក​ពី​ទុយនីស៊ី ហើយ​ចូល​មក​ក្នុង​ទឹកដី​អឺរ៉ុប កាល​ពី​ឆ្នាំ​២០១១ ដោយ​ចាប់ផ្តើម​ពី​អ៊ីតាលី។ មិនយូរ​ប៉ុន្មាន​ក្រោយ​ពី​មក​ដល់​អ៊ីតាលី អានីស អាមរី ត្រូវ​បាន​តុលាការ​អ៊ីតាលី​កាត់ទោស​ដាក់​ពន្ធនាគារ​រយៈពេល ៤ឆ្នាំ ដោយ​ជាប់ចោទ​​ក្នុង​ការ​ដុតបំផ្លាញ​ជំរំជនភៀសខ្លួន​។ ក្រោយ​ពី​ត្រូវ​ដោះលែង​ពី​ពន្ធនាគារ​នៅ​ឆ្នាំ​២០១៥ ទើប អានីស អាមរី ចាក​ចេញ​ពី​អ៊ីតាលី ហើយ​​ទៅ​សុំ​សិទ្ធិជ្រកកោន​ក្នុង​ប្រទេស​អាល្លឺម៉ង់ ក៏ប៉ុន្តែ ត្រូវ​​អាជ្ញាធរ​អាល្លឺម៉ង់​បដិសេធ។

រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​អាល្លឺម៉ង់​បាន​ឲ្យដឹង កាល​ពីថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ថា ក្រៅ​ពី​អត្តសញ្ញាណបណ្ណ ប៉ូលិស​បាន​រកឃើញ​ស្នាម​ម្រាមដៃ​របស់​ អានីស អាមរី នៅ​ក្នុង​រថយន្ត​ ដែល​បើក​បុកមនុស្ស​នៅ​ក្នុង​ផ្សារ​នៅ​ប៊ែរឡាំង កាល​ពី​ថ្ងៃ​ចន្ទ ដែល​ជា​តម្រ៉ុយ​បញ្ជាក់​កាន់តែ​ច្បាស់​ថា អានីស អាមរី គឺ​ជា​ជនដៃដល់​ក្នុងការ​វាយប្រហារ​ភេរវកម្ម​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ