អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

សង្រ្គាម​វៀតណាម៖ ​អាមេរិក​ដកទ័ព ​កុម្មុយនិស្ត​វាយចូល​កាន់កាប់​វៀតណាម​ខាង​ត្បូង

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅក្នុង​នាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូមបន្ត​​ធ្វើ​រៀបរាប់​អំពី​សង្រ្គាម​វៀតណាម ដោយ​លើកឡើង​អំពី​ស្ថានការណ៍​ក្រោយ​ការ​ចុះ​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស។ កិច្ចព្រមព្រៀង​សន្តិភាព​តែ​មិន​អាច​បញ្ចប់​សង្រ្គាមវៀតណាម​បាន។

សកម្មភាព​ជម្លៀស​បុគ្គលិក CIA ពី​ទីក្រុង​សៃហ្កន នៅថ្ងៃ​ទី២៩ ខែមេសា ឆ្នាំ​១៩៧៥
សកម្មភាព​ជម្លៀស​បុគ្គលិក CIA ពី​ទីក្រុង​សៃហ្កន នៅថ្ងៃ​ទី២៩ ខែមេសា ឆ្នាំ​១៩៧៥
ផ្សាយពាណិជ្ជកម្ម

កិច្ចព្រមព្រៀង ដែល​ភាគីជម្លោះ​ក្នុង​សង្រ្គាម​វៀតណាម​បាន​ចុះហត្ថលេខា នៅ​ថ្ងៃ​ទី២៧ ខែមករា ឆ្នាំ​១៩៧៣ ត្រូវបាន​គេ​ឲ្យឈ្មោះ​ថា “កិច្ចព្រមព្រៀង​ស្តីពី​ការ​បញ្ចប់​សង្រ្គាម​និង​ស្តារឡើងវិញ​នូវ​សុខសន្តិភាព​នៅ​វៀតណាម” ក៏ប៉ុន្តែ កិច្ចព្រមព្រៀង​នេះ​មិនបាន​បិទបញ្ចប់​សង្រ្គាម​វៀតណាម​នោះទេ។ សង្រ្គាម​ត្រូវ​បាន​បញ្ចប់​តែ​រវាង​វៀតណាម​ខាងជើង និង​សហរដ្ឋ​អាមេរិក​តែប៉ុណ្ណោះ។ រីឯ​សង្រ្គាម​​រវាង​វៀតណាម​ទាំងពីរ​នៅតែ​បន្ត​ដោយ​គ្មាន​ដំណោះស្រាយ។

តាមការពិត កិច្ចព្រមព្រៀង​ក្រុងប៉ារីស​ឆ្នាំ​១៩៧៣​នេះ ក៏​​មិនខុស​ពី​កិច្ចព្រមព្រៀង​ក្រុង​ហ្សឺណែវ កាល​ពីឆ្នាំ​១៩៥៤ នៅក្រោយ​សង្រ្គាម​ឥណ្ឌូចិន​លើកទី១​នោះដែរ គឺ​​មិនបាន​ចែងច្បាស់លាស់ អំពី​ដំណោះស្រាយ​ជម្លោះ​ផ្ទៃក្នុង​វៀតណាម​នោះទេ ដោយ​បាន​ត្រឹមតែ​ចែង​ថា វៀតណាម​ទាំងពីរ​នឹង​បន្ត​ចរចាគ្នា ដើម្បី​ស្វែងរក​ដំណោះស្រាយ​បញ្ចប់ជម្លោះ​ដោយ​សន្តិវិធី។ លើសពីនេះ​ទៅទៀត កិច្ចព្រមព្រៀង​នេះ​​បាន​ចែងតម្រូវ​ឲ្យតែ​ខាង​សហរដ្ឋ​អាមេរិក​និង​ប្រទេស​សម្ព័ន្ធមិត្ត​ផ្សេងទៀត​​ប៉ុណ្ណោះ ដែល​ត្រូវ​ដកកងទ័ព​ទាំងអស់​ចេញ​ពី​វៀតណាម ចំណែក​ឯ​កងទ័ព​វៀតណាម​ខាងជើង​វិញ​នៅតែ​អាច​បន្ត​ឈរជើង​នៅ​ក្នុង​ទឹកដី​វៀតណាម​ខាង​ត្បូងបាន​ដូចពីមុន​ដដែល ពោលគឺ ផ្ទុយស្រឡះទាំងស្រុង​ពី​អ្វី​ដែល​អាមេរិក និង​វៀតណាម​ខាង​ត្បូង​ធ្លាប់បាន​ទាមទារ​កាល​ពីដើមដំបូង គឺ​ទាមទារ​ឲ្យ​មាន​ការ​ដកទ័ព​ទាំងសងខាង​ក្នុងពេល​ជាមួយគ្នា។

ចន្លោះប្រហោងដ៏ធំ​ត្រង់ចំណុច​ទាំងពីរ​នេះ គឺ​ជា​លទ្ធផល​នៃ​សម្បទាន​ដ៏ច្រើន​លើសលុប​របស់​រដ្ឋាភិបាល​លោក Richard Nixon ដែល​នៅពេលនោះ​មាន​អាទិភាព​តែមួយគត់ គឺ​ធ្វើ​យ៉ាងណា​ឲ្យ​អាមេរិក​អាច​ដកខ្លួន​ចេញ​ពី​សង្រ្គាម​វៀតណាម​ឲ្យ​បាន​ឆាប់។ នៅក្នុង​ការ​សម្រេច​ធ្វើ​សម្បទាន​ដ៏ច្រើន​លើសលុប​ ហើយ​ដែល​អាច​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ជោគវាសនា​របស់​វៀតណាម​ខាង​ត្បូង​នេះ​ អាមេរិក​ក៏​មិនបាន​សួរយោបល់​រដ្ឋាភិបាល​ក្រុង​សៃហ្កន​នោះដែរ គឺ​ធ្វើ​ឡើង​ដោយ​ស្ងាត់​តែពីរនាក់ នៅ​ក្នុង​ការចរចា​សម្ងាត់ រវាង​លោក​ហិនរី ឃីស៊ីងហ្គ័រ និង​លោក​ឡេ ឌឹកថូ។
 

តាមការពិត ពីដំបូង លោក​ង្វៀន វ៉ាន់ធៀវ (Nguyen Van Thieu) ប្រធានាធិបតី​វៀតណាម​ខាង​ត្បូង​​បាន​បដិសេធ​ដាច់ខាត​ថា លោក​​មិនព្រម​ទទួល​យក​កិច្ចព្រមព្រៀង ដែល​អនុញ្ញាត​ឲ្យ​កងទ័ព​វៀតណាម​ខាងជើង​បន្ត​បោះទីតាំង​ក្នុងទឹកដី​វៀតណាម​ខាង​ត្បូង​បែបនេះទេ។ ក៏ប៉ុន្តែ ដោយសារ​តែ​​ត្រូវ​ទទួល​រងសម្ពាធ​ខ្លាំង​ពី​អាមេរិក វៀតណាម​ខាង​ត្បូង​ក៏​បង្ខំចិត្ត​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ ដោយ​លោក Richard Nixon បាន​សន្យា​ដោយផ្ទាល់​ជាមួយ​លោក​ង្វៀន វ៉ាន់ធៀវ ថា អាមេរិក​នឹង​បញ្ជូន​កងទ័ព​ឲ្យ​វិលត្រឡប់​មក​ជួយវៀតណាម​ខាង​ត្បូងវិញ ប្រសិនបើ​មានការ​វាយប្រហារ​ពី​សំណាក់​វៀតណាម​ខាងជើង។ ពាក្យ​សន្យា ដែល​អាមេរិក​មិន​ដែល​គោរពតាម។

ក្រោយ​ពី​ចុះកិច្ចព្រមព្រៀង​ក្រុងប៉ារីស នៅខែមករា ឆ្នាំ​១៩៧៣ សហរដ្ឋ​អាមេរិក និង​វៀតណាម​ខាងជើង​បាន​ចាប់ផ្តើម​អនុវត្តនូវ​កាតព្វកិច្ចរៀងៗខ្លួន៖ បទឈប់បាញ់​បាន​ចូល​ជាធរមាន វៀតណាមខាងជើង​ដោះលែង​ឈ្លើយសឹក​អាមេរិក​ទាំង​ជិត ៦០០នាក់ ចំណែក​ឯ​សហរដ្ឋ​អាមេរិកវិញ​បាន​ចាប់ផ្តើម​ដក​កងទ័ព​ចេញ​ពីវៀតណាម។ គិតត្រឹមខែ​សីហា​ កងទ័ព​អាមេរិក​ស្ទើរតែ​ទាំងអស់​ត្រូវ​បាន​ដកចេញ​ពី​វៀតណាម ដោយ​ទុកតែ​កងម៉ារីន​មួយក្រុមតូចប៉ុណ្ណោះ ដើម្បី​រក្សា​សន្តិសុខ​ស្ថានទូត​អាមេរិក​ប្រចាំ​ទីក្រុង​សៃហ្កន។

រវាង​វៀតណាម​ខាងជើង និង​វៀតណាម​ខាង​ត្បូង​វិញ មិនមាន​ភាគី​ណាមួយ​មាន​ឆន្ទៈ​អនុវត្ត​កិច្ចព្រមព្រៀង​​ក្រុង​ប៉ារីស​នេះ​ទេ។ នៅពេល​ដែល​អាមេរិក​ដក​កងទ័ព​ទាំងអស់​ចេញ​ពី​វៀតណាម​ខាងត្បូង វៀតណាម​ទាំងពីរ​ចាប់ផ្តើម​ពង្រឹង​កម្លាំង​​រៀងៗខ្លួន ដើម្បី​បន្ត​ធ្វើ​សង្រ្គាម​ ក្នុងគោលដៅ​យកជ័យជម្នះ​លើ​គូសត្រូវ​តាមរយៈកម្លាំង​ទ័ព។

មិនយូរ​ប៉ុន្មាន​ ការវាយប្រយុទ្ធគ្នា​ រវាង​ប្រទេស​ទាំងពីរ​ក៏​បាន​ចាប់ផ្តើម​ឡើងវិញ ដោយ​ភាគី​ម្ខាងៗ​ចោទគ្នា​ទៅវិញ​ទៅមក​ថា​ជា​អ្នក​រំលោភ​បទឈប់បាញ់មុន។ ហើយ​នៅ​ដើមឆ្នាំ​១៩៧៤ ប្រធានាធិបតី​វៀតណាម​ខាង​ត្បូង​បាន​ប្រកាស​ជា​សាធារណៈ​ថា កិច្ចព្រមព្រៀង​ក្រុងប៉ារីស ឆ្នាំ​១៩៧៣ លែង​មាន​សុពលភាព​តទៅទៀត​ហើយៗ សង្រ្គាម​​ជាមួយ​វៀតណាម​ខាងជើង​ត្រូវ​ចាប់ផ្តើម​ឡើងវិញ​ជាផ្លូវការ។

នៅ​ទីក្រុង​ហាណូយ មេដឹកនាំ​កុម្មុយនិស្ត​បាន​ប្រជុំគ្នា​រៀបចំ​គម្រោងការណ៍ វាយ​លុក​ចូល​កាន់កាប់​ក្រុង​សៃហ្កន ដើម្បី​ផ្តួលរំលំ​របបសាធារណរដ្ឋ​វៀតណាម។ នៅ​ក្នុង​អំឡុង​ពេលនោះ ដោយ​អាមេរិក​ដកទ័ព​ទាំងអស់​ចេញ​ពីវៀតណាម ហើយ​ប្រតិបត្តិការ​ទម្លាក់គ្រាប់បែក​របស់​អាមេរិក​ក៏​លែង​មាន ពួកកុម្មុយនិស្ត​ក៏​ចាប់ផ្តើម​ជួសជុល​និង​កែលម្អ​ឡើងវិញ នូវ​ផ្លូវ​ដឹកជញ្ជូន ជាពិសេស ផ្លូវលំ​ហូជីមិញ ព្រមទាំង​​ពង្រឹង​ឡើងវិញ​មូលដ្ឋាន​ទ័ព​របស់​ខ្លួន​ទាំងនៅ​ក្នុង​ទឹកដី​វៀតណាម​ខាង​ត្បូង និង​ទាំង​នៅ​ក្នុង​តំបន់​ព្រំដែន​ក្នុង​ទឹកដីកម្ពុជា និង​ឡាវ។ ក៏ប៉ុន្តែ នៅពេលនោះ មេដឹកនាំ​កុម្មុយនិស្ត​វៀតណាម​នៅមាន​ការ​ញញើតញញើម​មិនទាន់​ហ៊ាន​បើក​ការវាយលុក​ទៅលើ​រដ្ឋធានី​របស់​វៀតណាម​ខាង​ត្បូង​នៅឡើយ ដោយ​សារ​តែ​លោក​ប្រធានាធិបតី​និចសុន​ បាន​ប្រកាស​ជាសាធារណៈ​ថា អាមេរិក​នឹង​បញ្ជូន​ទ័ព​ឲ្យ​មក​វៀតណាមវិញ ប្រសិនបើ​ពួក​កុម្មុយនិស្ត​ហ៊ាន​វាយលុក​ចូល​ឈ្លានពាន​វៀតណាម​ខាង​ត្បូង។

ក៏ប៉ុន្តែ នៅ​ខែ​សីហា ឆ្នាំ​១៩៧៤ លោក​និចសុន​ដែល​ជាប់រឿង​អាស្រូវ Watergate បាន​ចុះចេញ​ពី​តំណែង ហើយ​លោក​ជេរ៉ាល ហ្វ័រដ (Gerald Ford) ដែល​ជា​អនុប្រធានាធិបតី​បាន​ឡើង​មក​កាន់តំណែង​ជំនួស​លោក​និចសុន។ ប្រមាណ​ជា ៤ខែ​ក្រោយមក នៅ​ខែធ្នូ ឆ្នាំ​១៩៧៤ ដោយ​ចង់​ធ្វើ​តេស្តមើល​ពី​ប្រតិកម្ម​​របស់​ប្រធានាធិបតី​ថ្មី​របស់​អាមេរិក កងទ័ព​វៀតណាម​ខាងជើង​បាន​បើក​ប្រតិបត្តិការ​ធំបង្គួរមួយ ដោយ​ចាប់ផ្តើម​ចេញ​ពី​ទឹកដី​កម្ពុជា ហើយ​កាន់កាប់​ខេត្ត​មួយ​របស់​​វៀតណាម​ខាង​ត្បូង។

នៅ​រដ្ឋធានីវ៉ាស៊ីងតោន លោកជេរ៉ាល ហ្វ័រដ មិនត្រឹមតែ​មិន​បញ្ជូន​ទ័ព​ឲ្យ​ចូល​មក​ជួយ​វៀតណាម​ខាង​ត្បូង​តាម​ការសន្យា​របស់​លោក​និចសុន​នោះទេ ក៏ប៉ុន្តែ សូម្បីតែ​ជំនួយ​ហិរញ្ញវត្ថុ និង​បរិក្ខា​យោធា​ក៏​​រដ្ឋាភិបាល​អាមេរិក​មិន​អាច​បញ្ជូន​ទៅ​ឲ្យ​វៀតណាម​ខាង​ត្បូង​បានដែរ ដោយសារ​តែ​មាន​ការ​ជំទាស់​ពី​សំណាក់​សភា​ទាំងពីរ។ ចាប់ពីពេលនោះ​មក គេ​អាច​និយាយ​បាន​ថា អាមេរិក​បាន​បោះបង់​ចោល​វៀតណាម​ខាង​ត្បូង​ដែល​ជា​សម្ព័ន្ធមិត្ត​ឲ្យ​ប្រឈមមុខ​នឹង​វៀតណាម​ខាងជើង​តែ​ម្នាក់ឯង។

នៅ​ទីក្រុង​ហាណូយ ឡេ ហ្ស័ន លេខា​បក្ស​កុម្មុយនិស្ត​បាន​ប្រាប់​ទៅ​មេបញ្ជាការ​កងទ័ព​វៀតណាម​ខាងជើង​ថា ចាប់តាំង​ពី​ផ្ទុះសង្រ្គាម​​មក នេះគឺ​ជា​លើកដំបូងបង្អស់​ដែល​មាន​លក្ខខណ្ឌ​អំណោយ​ផល​បំផុត ទាំង​ខាង​នយោបាយ យោធា និង​យុទ្ធសាស្រ្ត សម្រាប់​ឲ្យ​វៀតណាម​ខាងជើង​វាយកាន់កាប់​វៀតណាម​ខាង​ត្បូង។ នៅ​ខែ​មីនា ឆ្នាំ​១៩៧៥ កងទ័ព​វៀតណាម​ខាង​ជើង​ក៏​បាន​បើក​ប្រតិបត្តិការ​ផ្តាច់ព្រ័ត វាយលុក​សម្តៅ​កាន់កាប់​រដ្ឋធានី​សៃហ្កន។
 

ជនភៀសខ្លួន​វៀតណាម ដែល​អាមេរិក​ជម្លៀស​ចេញ​ពី​វៀតណាម​ខាង​ត្បូង ចុះចត​នៅលើ​នាវាចម្បាំង​អាមេរិក
ជនភៀសខ្លួន​វៀតណាម ដែល​អាមេរិក​ជម្លៀស​ចេញ​ពី​វៀតណាម​ខាង​ត្បូង ចុះចត​នៅលើ​នាវាចម្បាំង​អាមេរិក

នៅថ្ងៃ​ទី២១ ខែមេសា ឆ្នាំ​១៩៧៥ នៅពេលដែល​កងទ័ព​វៀតណាម​ខាងជើង​វាយលុក​ចូល​ទៅដល់​ជាយក្រុង​សៃហ្កន លោក​ប្រធានាធិបតី​ង្វៀន វ៉ាន់ធៀវ បាន​ប្រកាស​លាឈប់​ពីមុខ​តំណែង​ទាំង​ទឹកភ្នែក​ ហើយ​មុននឹង​លោក​រត់គេចខ្លួន​ទៅ​កោះតៃវ៉ាន់ លោក​បាន​ប្រកាស​ថ្កោលទោស​សហរដ្ឋ​អាមេរិក​ថា បាន​​ក្បត់​វៀតណាម​ខាង​ត្បូង បាន​បោកប្រាស់​លោក​ឲ្យ​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ក្រុង​ប៉ារិស ដោយសន្យា​បន្ត​ផ្តល់​ជំនួយ​យោធា តែ​មិនគោរព​តាម។

នៅថ្ងៃ​ទី២៩​មេសា អាមេរិក​បាន​ជម្លៀស​មន្រ្តី និង​បុគ្គលិក​ស្ថានទូត​ទាំងអស់​របស់​ខ្លួន​ចេញ​ពីវៀតណាម​ខាង​ត្បូង ហើយ​មួយថ្ងៃ​ក្រោយមក នៅថ្ងៃ​ទី៣០​មេសា ក្រុង​សៃហ្កន​ក៏​ត្រូវ​ធ្លាក់​ក្រោម​ការកាន់កាប់​របស់​​កងទ័ព​វៀតណាម​ខាងជើង ហើយ​​របបសាធារណរដ្ឋ​វៀតណាម​ខាង​ត្បូង​ក៏​ត្រូវ​ដួលរលំ​ជា​ស្ថាពរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ