អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើ​ហេតុអ្វី​បានជា​គេ​ពិបាក​ស្វែងរក​កិច្ចព្រមព្រៀង​ទប់ស្កាត់​ការ​ប្រែប្រួល​អាកាសធាតុ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

អស់រយៈពេល​ជាងពីរ​ទសវត្សរ៍​មក​ហើយ ដែល​អ.ស.ប បាន​ព្យាយាម​ទាក់ទាញ​ប្រទេស​សមាជិក​ឲ្យ​រួមដៃគ្នា ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ។ ក៏ប៉ុន្តែ ជាទូទៅ គេ​សង្កេតឃើញ​ថា ការចរចា​ស្តីពី​អាកាសធាតុ​តែងតែ​ត្រូវ​ជាប់គាំង ពិបាក​នឹង​ស្វែងរក​កិច្ចព្រមព្រៀង​​​មួយ ដែល​មាន​គោលដៅ​យូរអង្វែង និង​មហិច្ឆតា​ខ្ពស់​។ តើ​ហេតុអ្វី​បាន​ជា​បណ្តា​ប្រទេស​នៅលើ​ពិភពលោក​ពិបាក​នឹង​សហការគ្នា​​ខ្លាំងម៉្លេះ នៅ​ក្នុង​បញ្ហា​អាកាសធាតុ​នេះ?

រៀងរាល់​ពេល​មាន​កិច្ចចរចា​អាកាសធាតុ​ម្តងៗ សកម្មជន​បរិស្ថាន​តែងតែនាំគ្នា​តវ៉ា​ឲ្យមាន​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​ទប់ទល់​នឹង​ការប្រែប្រួល​អាកាសធាតុ
រៀងរាល់​ពេល​មាន​កិច្ចចរចា​អាកាសធាតុ​ម្តងៗ សកម្មជន​បរិស្ថាន​តែងតែនាំគ្នា​តវ៉ា​ឲ្យមាន​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​ទប់ទល់​នឹង​ការប្រែប្រួល​អាកាសធាតុ ®REUTERS/Piroschka van de Wouw
ផ្សាយពាណិជ្ជកម្ម

ភាពស្មុគស្មាញ​នៅ​ក្នុង​ដំណើរការ​ចរចា​លើ​កិច្ចព្រមព្រៀង​ស្តីពី​អាកាសធាតុ​បណ្តាល​មក​ពី​កត្តា​ច្រើន​យ៉ាង។ ក្នុងនោះ គេសង្កេតឃើញ​មាន​បញ្ហា​ធំៗ​ចំនួនពីរ។

បញ្ហា​ទីមួយ គឺ​មក​ពី​ប្រទេស​ភាគច្រើន​គិតតែ​ពី​ប្រយោជន៍​សេដ្ឋកិច្ច​នៅ​ក្នុង​រយៈពេល​ខ្លី។​ ការទប់ស្កាត់​ការប្រែប្រួលអាកាសធាតុ​ទាមទារ​​ចាំបាច់​​ឲ្យ​មាន​ការ​កាត់​បន្ថយ​ការ​បញ្ចេញឧស្ម័ន​ផ្ទះកញ្ចក់ ប៉ុន្តែ ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់​នេះ គឺ​ជា​ចំណង​ដែល​ពិបាក​នឹង​អាច​កាត់ផ្តាច់​បាន​ពី​សកម្មភាព​សេដ្ឋកិច្ច។ ដើម្បី​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់ ដោយ​មិន​ប៉ះពាល់​ទៅដល់​កំណើន​សេដ្ឋកិច្ច ប្រទេស​នីមួយៗ​​ចាំបាច់​ត្រូវ​តែ​អភិវឌ្ឍ​បច្ចេកវិទ្យា​ថ្មី ដើម្បី​ផលិតថាមពល​ជំនួស​ឲ្យ​ការ​ប្រើ​ប្រេង និង​ធ្យូងថ្ម ព្រមទាំង​បង្កើត​យន្តការ​ផលិត​ជាច្រើន​ផ្សេងទៀត ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន។ ទាំង​អស់​នេះ​​សុទ្ធតែ​ទាមទារ​ចាំបាច់​ឲ្យ​មាន​ការ​ចំណាយ​ថវិកា​ច្រើន ដើម្បី​វិនិយោគ ហើយ​ពេលខ្លះ​វា​អាច​ធ្វើ​ឲ្យ​ប៉ះពាល់ទៅដល់​សមត្ថភាព​ប្រកួតប្រជែង​ខាង​សេដ្ឋកិច្ច នៅលើ​ទីផ្សារ​អន្តរជាតិ។ ហេតុដូច្នេះហើយ​បាន​ជា​ប្រទេស​នីមួយៗ​ចេះតែ​អល់អែក​មិន​ចង់​ជាប់​កាតព្វកិច្ច​ក្នុងការ​កាត់បន្ថយ​ឧស្ម័ន​ផ្ទះកញ្ចក់។

នៅ​ក្នុង​រយៈកាល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ មាន​អ្នក​វិទ្យាសាស្រ្ត​និង​អ្នក​សេដ្ឋកិច្ច​ជាច្រើន​បាន​ធ្វើការ​សិក្សា និង​ចេញផ្សាយ​របាយការណ៍​បង្ហាញ​ថា ការប្រយទ្ធប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​មិនធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំងទៅលើ​កំណើន​សេដ្ឋកិច្ច​នោះទេ។ ផ្ទុយទៅវិញ ផលវិបាក​ដែល​បង្ក​ឡើង​ដោយ​ការប្រែប្រួល​អាកាសធាតុ​ទៅវិញ​ទេ ដែល​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​ពិភពលោក។ ក៏ប៉ុន្តែ បើទោះបី​ជា​យ៉ាងនេះ​ក៏ដោយ បណ្តា​ប្រទេស​ជាច្រើន​នៅតែ​នាំគ្នា​​រារែក ដោយ​ពួកគេ​សំឡឹងឃើញ​ថា ផលវិបាក​បង្កឡើង​ដោយ​ការ​ប្រែប្រួល​អាកាសធាតុ​​អាចអាច​កើតឡើង​ទាល់តែ​ដល់​រយៈពេល​វែង​ទៅថ្ងៃ​អនាគត ចំណែក​ឯ​វិធានការ​ទប់ស្កាត់​ការ​ប្រែប្រួល​អាកាសធាតុ​​វិញ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅដល់​ផលប្រយោជន៍​សេដ្ឋកិច្ច​របស់​ពួកគេ ​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​។ នេះ​នៅមិនទាន់​និយាយ​ដល់​ប្រទេស​ខ្លះ​ដែលនៅតែ​មាន​អ្នក​មិនជឿ​ថា​ផែនដី​កំពុងតែ​ឡើងកម្តៅ ឬ​ក៏​ជឿដែរ តែ​មិនជឿ​ថា ការឡើងកម្តៅផែនដី​នេះ​បង្កឡើង​ដោយ​សកម្មភាព​របស់​មនុស្ស។

បញ្ហា​ធំទីពីរ ដែល​ធ្វើ​ឲ្យ​ការចរចា​ស្តីពី​អាកាសធាតុ​តែងតែ​ជួប​នឹង​បញ្ហា​ស្មុគស្មាញ​ខ្លាំង គឺ​ដោយសារ​តែ​ប្រទេស​នីមួយៗ​ចេះតែ​មើល​បំណាំគ្នា។

ការប្រែប្រួល​អាកាសធាតុ​ កើតឡើង​ពី​សកម្មភាព​របស់​ប្រទេស​នីមួយៗ​ដាច់ពីគ្នា ក៏ប៉ុន្តែ បង្ក​នូវ​ផលប៉ះពាល់​រួម នៅ​គ្រប់​ទីក​ន្លែង​នៅ​ទូទាំង​ពិភពលោក។ ឧស្ម័ន​ផ្ទះកញ្ចក់ បើទោះបីជា​វា​មាន​ប្រភព​ចេញ​មក​ពី​ប្រទេស​ណា​ក៏ដោយ សុទ្ធតែ​បង្ក​នូវ​ផលប៉ះពាល់​អវិជ្ជមាន​​ដូចគ្នា ចំពោះ​អាកាសធាតុ​នៅ​គ្រប់​ទីកន្លែង​នៅ​ទូទាំង​ពិភពលោក។ បើ​ប្រទេស​មួយ​ព្យាយាម​កាត់បន្ថយ​ការ​បញ្ចេញ​ផ្ទះកញ្ចក់ តែ​ប្រទេស​ផ្សេងទៀត​មិន​ធ្វើ​ដូចគ្នា ការប្រែប្រួល​អាកាសធាតុ​នឹង​នៅតែ​កើតមាន ដល់​ពេលនោះ ផលវិបាក​នឹង​កើតមាន​ឡើង​ទៅលើ​គ្រប់​ប្រទេស​ទាំងអស់ រាប់ទាំង​ប្រទេស​ដែល​ខំ​កាត់បន្ថយ​ការ​បញ្ចេញ​ឧស្ម័​នផ្ទះ​កញ្ចក់​ផងដែរ។

ហេតុដូច្នេះ​ហើយ​បាន​ជា​ប្រទេស​មួយចំនួន ជាពិសេស បណ្តា​ប្រទេស​មហាអំណាច​ឧស្សាហកម្ម​ខ្លះ បដិសេធ​មិន​ព្រម​កាត់បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់ ដោយ​លើកហេតុផល​ថា ប្រទេស​ផ្សេងទៀត ជាពិសេស ប្រទេស​ដែល​ជា​គូប្រជែង​ផ្នែក​សេដ្ឋកិច្ច​របស់​ពួកគេ​មិនព្រម​ធ្វើ​ដូចគ្នា។ ចំណែក​ឯ​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍ​វិញ​ នាំគ្នា​លើកឡើង​ថា ប្រទេស​មហាអំណាច​ឧស្សាហកម្ម គឺ​ជា​អ្នក​ដែល​បាន​បំពុល​បរិយាកាស​ច្រើន​ជាងគេ និង​យូរ​ជាងគេ ពោលគឺ តាំង​ពី​សម័យ​បដិវត្តន៍​ឧស្សាហកម្ម​រហូត​មកទល់​នឹងពេល​បច្ចុប្បន្ន។ ដូច្នេះ ពួកគេ​ត្រូវតែ​មាន​ចំណែក​ទទួល​ខុសត្រូវ​ច្រើន​ជាងគេ​ ក្នុង​ការ​ទប់ស្កាត់​ការ​ឡើង​កម្តៅផែនដី។ ម្យ៉ាងទៀត បណ្តា​ប្រទេស​អស់ទាំងនេះ​សុទ្ធតែ​ជា​ប្រទេស​មាន​លទ្ធភាព​ទាំង​ខាង​ថវិកា និង​ខាង​បច្ចេកវិទ្យា ក្នុង​ការ​កាត់បន្ថយ​ការ​បញ្ចេញឧស្ម័ន​ផ្ទះកញ្ចក់។

តាមពិត គោលការណ៍​នេះ ដែល​គេ​ឲ្យឈ្មោះ​ថា “ការទទួលខុសត្រូវ​ជា​ប្រវត្តិសាស្រ្ត” ត្រូវ​បាន​ប្រទេស​ស្ទើរតែ​ទាំងអស់​ទទួល​យក ក្នុងនោះ​ក៏រួមមាន​ប្រទេស​មហាអំណាច​ឧស្សាហកម្ម​ផងដែរ។ ក៏ប៉ុន្តែ បញ្ហា​ដែល​កំពុងចោទ​ គឺ​ការ​កំណត់​ប្រភេទ​ប្រទេស​នីមួយៗ​​​ថាតើ​ប្រទេសណាខ្លះ​ត្រូវ​ចាត់ចូល​ក្នុង​ក្រុមប្រទេសអភិវឌ្ឍ​ដែល​ត្រូវ​ជាប់កាតព្វកិច្ច​កាត់បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់ ហើយ​ប្រទេសណាខ្លះ​ដែល​ត្រូវ​ស្ថិត​ក្នុង​ក្រុម​ប្រទេស​កំពុងអភិវឌ្ឍ។

បញ្ហា​ចម្រូងចម្រាស​ខ្លាំងជាងគេ គឺ​ទាក់ទង​នឹង​ប្រទេស​ដែល​ស្ថិតនៅ​ចន្លោះកណ្តាល​ រវាង​ប្រទេស​កំពុងអភិវឌ្ឍ និង​ប្រទេស​អភិវឌ្ឍ ដូចជា ចិន ឥណ្ឌា ប្រេស៊ីល ជាដើម ដែល​កំពុងតែ​ក្លាយខ្លួន​ជា​មហាអំណាច​សេដ្ឋកិច្ច​ ហើយ​សុទ្ធតែ​ជា​ប្រទេស​បញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់​ច្រើន​ជាងគេ​នៅលើ​ពិភពលោក (ចិន​ស្ថិត​នៅលំដាប់ទី១ ចំណែក​ឥណ្ឌា​ស្ថិត​នៅ​លំដាប់ទី៣ បន្ទាប់​ពី​សហរដ្ឋ​អាមេរិក) ក៏ប៉ុន្តែ ពួកគេ​ទាមទារ​ស្ថិត​ក្នុង​ចំណោម​ប្រទេស​កំពុងអភិវឌ្ឍ ដោយ​មិន​ចង់​ជាប់កាតព្វកិច្ច​កាត់បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន ដែល​ជាហេតុធ្វើ​ឲ្យ​ប្រទេស​មួយចំនួន​ទៀត ជាពិសេស អាមេរិក កាណាដា និង​ជប៉ុន​ មាន​ការ​ច្រណែន​ ហើយ​មិន​ចង់​ជាប់កាតព្វកិច្ច​​នេះដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ