អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

សង្រ្គាមកូរ៉េ៖ ​បទឈប់បាញ់​និង​ផលវិបាក​ក្រោយ​សង្រ្គាម

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​នាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូមបន្ត​និយាយ​អំពី​សង្រ្គាម​កូរ៉េ ដោយ​លើកឡើង​អំពី​ដំណើរការ​ដែល​ឈានទៅដល់​ការ​ចុះ​បទឈប់បាញ់​បញ្ចប់​សង្រ្គាម នៅ​ឆ្នាំ​១៩៥៣ និង​ផលវិបាក​នៅ​ក្រោយ​សង្រ្គាម។

ឧត្តមសេនីយ៍ Douglas MacArthur (ទី២រាប់​ពី​ស្តាំ​ទៅឆ្វេង) នៅ​ក្នុង​អំឡុង​ប្រតិបត្តិការ​វាយលុក​ដណ្តើម​ក្រុង Incheon ពី​កងទ័ព​កូរ៉េ​ខាងជើង
ឧត្តមសេនីយ៍ Douglas MacArthur (ទី២រាប់​ពី​ស្តាំ​ទៅឆ្វេង) នៅ​ក្នុង​អំឡុង​ប្រតិបត្តិការ​វាយលុក​ដណ្តើម​ក្រុង Incheon ពី​កងទ័ព​កូរ៉េ​ខាងជើង
ផ្សាយពាណិជ្ជកម្ម

នៅ​ចុងឆ្នាំ​១៩៥០ និង​ដើម​ឆ្នាំ​១៩៥១ នៅ​ពេល​ដែល​​កងទ័ព​ចិន​កំពុងមាន​ប្រៀប​ខ្លាំង​លើ​សមរភូមិ ដោយ​វាយ​រុញច្រាន​​កងទ័ព​អាមេរិក និង​សម្ព័ន្ធមិត្ត​ឲ្យ​​​ដក​ខ្លួន​ថយ​ចេញ​ពី​ទឹកដី​កូរ៉េ​ខាង​ជើង រហូតត្រូវ​បាត់បង់​ទីក្រុង​សេអ៊ូល​ជាលើកទី២ មេដឹកនាំ​អាមេរិក​ចាប់ផ្តើម​​ពិចារណា​ចង់ធ្វើសង្រ្គាម​ទៅលើ​ប្រទេស​ចិន​ដោយ​ផ្ទាល់។ ដឹង​ពី​ដំណឹង​នេះ នាយករដ្ឋមន្រ្តីអង់គ្លេស​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​រដ្ឋធានី​វ៉ាស៊ីងតោន ដើម្បី​ជួប​ជាមួយ​លោក​ប្រធានាធិបតី Harry Truman ប្រាប់​អំពី​ក្តីបារម្ភ​របស់​អង់គ្លេស ក៏ដូចជា ប្រទេស​ផ្សេងទៀត ដែល​ចូលរួម​ជាមួយ​អាមេរិក​ក្នុង​សង្រ្គាម​កូរ៉េ គឺ​បារម្ភ​ខ្លាច​ការ​វាយប្រហារ​ទៅលើ​ចិន​នឹង​បង្ក​ឲ្យ​មាន​សង្រ្គាម​លោក​លើកទី៣។​ នៅ​ពេលនោះ លោក​ប្រធានាធិបតី Harry Truman បាន​ត្រឹមតែ​ស្តាប់ និង​ទទួលដឹងឮ​ពី​ក្តីបារម្ភ​របស់​សម្ព័ន្ធមិត្ត ក៏ប៉ុន្តែ មិនបាន​ធ្វើការ​សន្យា​ណាមួយ អំពី​រឿង​ធ្វើ​សង្រ្គាម​លើ​ចិន​នេះទេ។

នៅ​ក្នុង​ចន្លោះ​ពី​ខែ​មករា ដល់​ខែ​កុម្ភៈ ឆ្នាំ​១៩៥១ នៅ​ក្នុង​ពេល​ដែល​អាមេរិក​កំពុងតែ​ពិចារណា​អំពី​លទ្ធភាព​បើកធ្វើ​សង្រ្គាម​ដោយ​ផ្ទាល់​ទៅលើ​ប្រទេស​ចិន នៅ​ឯ​សមរភូមិ​ឯណោះវិញ ស្ថានភាព​ចាប់ផ្តើម​មាន​ការ​ប្រែប្រួល ដោយ​កងទ័ព​អាមេរិក​បាន​វាយ​ដណ្តើម​កាន់កាប់​ក្រុង​សេអ៊ូល​ពី​ចិន​មកវិញ ព្រមទាំង​បាន​វាយ​រុញច្រាន​កងទ័ព​ចិន​ឲ្យ​ដកថយ​​ចូល​ទៅ​ទឹកដី​កូរ៉េ​ខាងជើងវិញ។ លោក Harry Truman ក៏​បាន​សម្រេច​​កំណត់​សមរភូមិ​នៅ​ត្រឹម​ឧបទ្វីបកូរ៉េ ដោយ​មិន​បើក​ការ​វាយប្រហារ​ដោយ​ផ្ទាល់​ទៅលើ​ប្រទេស​ចិន។ សម្រាប់​លោក Harry Truman គោលដៅ​សំខាន់ គឺ​ធ្វើយ៉ាងណា​បង្ខំ​ឲ្យ​ចិន និង​កូរ៉េ​ខាងជើង​ចុះ​កិច្ចព្រមព្រៀង​បញ្ចប់​សង្រ្គាម ហើយ​វិលត្រឡប់​ទៅរក​ស្ថានភាព​ដើម​វិញ គឺ​ស្ថានភាព​មុនពេល​ដែល​កូរ៉េ​ខាងជើង​ចូល​ឈ្លានពាន​កូរ៉េ​ខាង​ត្បូង។

ក៏ប៉ុន្តែ ឧត្តមសេនីយ៍ Douglas MacArthur មេទ័ព​អាមេរិក​នៅ​កូរ៉េ បាន​​ចេញមុខ​ជំទាស់​នឹង​សេចក្តីសម្រេច​របស់​លោក​ Harry Truman ដោយ​ទាមទារ​​ចង់​បើក​ការ​វាយលុក​ទៅលើ​ទឹកដី​កូរ៉េ​ខាងជើង​សាជាថ្មី ហើយ​ក្នុង​ពេល​ជាមួយគ្នា ​ទាមទារ​ឲ្យ​លោក​ប្រធានាធិបតី Harry Truman ដាក់បញ្ជា​ឲ្យ​បើក​ការ​វាយប្រហារ​តាម​ផ្លូវ​អាកាស​ទៅលើ​ប្រទេស​ចិន ដោយ​ត្រូវ​​​ប្រើ​អាវុធ​នុយក្លេអ៊ែរ​ទៅលើ​ចិន​ប្រសិនបើ​ចាំបាច់។ ការជំទាស់នេះ ​ឧត្តមសេនីយ៍ Douglas MacArthur មិនត្រឹមតែ​បាន​លើកឡើង នៅ​ក្នុង​លក្ខណៈ​ជា​ឯកជន​ជាមួយ​លោក Harry Truman ដោយ​ផ្ទាល់​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​​បាន​​ផ្ញើ​លិខិត​ទៅប្រាប់​​សភាអាមេរិក ព្រមទាំង​ថ្លែង​ជាសាធារណៈ​​​តាម​ប្រព័ន្ធផ្សព្វផ្សាយ​ព័ត៌មាន។ នៅ​ខែ​មេសា ឆ្នាំ​១៩៥១ លោក​ប្រធានាធិបតី Harry Truman ក៏​បាន​ដកតំណែង​ឧត្តមសេនីយ៍ MacArthur ពីបទ​មិនស្តាប់​បញ្ជា​ប្រធានាធិបតី ដែល​ជា​អគ្គបញ្ជាការ​កងទ័ព។
 

នៅ​ចន្លោះ​ខែ​កក្កដា និង​ខែ​សីហា ឆ្នាំ​១៩៥១ នៅ​ក្នុង​ពេល​ដែល​​ស្ថានភាព​សង្រ្គាម​​នៅ​ទ្រឹង​ត្រឹម​ខ្សែស្រប​ទី៣៨ ដោយគ្មាន​ខាងណា​អាច​យក​ប្រៀប​លើ​ខាងណា​បាន ចិន និង​​អ.ស.ប​​ក៏​បាន​ចាប់ផ្តើម​បើក​ការចរចា​លើ​បទឈប់បាញ់។ ក៏ប៉ុន្តែ ការចរចា​នេះ​ត្រូវ​ទទួល​បរាជ័យ​ជាច្រើន​លើក​ច្រើនសា ចំណែក​ឯ​ការ​វាយប្រយុទ្ធគ្នា​នៅ​ក្នុង​សមរភូមិ​ក៏​ចេះតែ​បន្ត​ធ្វើ​។

នៅ​ខែ​មករា ឆ្នាំ​១៩៥៣ ការផ្លាស់ប្តូរ​នយោបាយ​ដ៏សំខាន់​មួយ​បាន​កើតមាន​ឡើង​ នៅ​សហរដ្ឋ​អាមេរិក។ លោក Dwight Eisenhower ដែល​កន្លងមក​ធ្លាប់​ចេញមុខ​ប្រឆាំង​នឹង​ការ​ធ្វើ​សង្រ្គាម​នៅ​កូរ៉េ បាន​ជាប់ឆ្នោត​ឡើង​មក​ធ្វើ​​ជា​ប្រធានាធិបតី​អាមេរិក ជំនួស​លោក Harry Truman ដែល​ផុត​អាណត្តិ។ គ្រាន់តែ​បាន​ឡើង​មក​កាន់​តំណែង​ភ្លាម លោក Eisenhower បាន​កំណត់​អាទិភាព​ជាចម្បងមួយ សម្រាប់​នយោបាយ​របស់​លោក គឺ​ធ្វើយ៉ាងណា​បញ្ចប់​សង្រ្គាម​កូរ៉េ​ឲ្យ​បាន​ឆាប់។ លោក​បាន​ចាត់​រដ្ឋមន្រ្តី​ការបរទេស​ឲ្យ​បើក​ការចរចា​សាជាថ្មី​ជាមួយ​ចិន ហើយ​ក្នុងពេល​ជាមួយគ្នា លោក​ប្រធានាធិបតី​អាមេរិក​បាន​គំរាម​មេដឹកនាំ​ចិន​ត្រង់ៗ​ថា ប្រសិនបើ​សង្រ្គាម​កូរ៉េ​មិន​បញ្ចប់​ភ្លាមៗ​តាម​រយៈ​ការចរចា​ទេ លោក​នឹង​ប្រើ​អាវុធ​នុយក្លេអ៊ែរ​ ដើម្បី​បញ្ចប់​សង្រ្គាម​នេះ។

នៅ​ក្នុង​អំឡុង​ពេលនោះ​ ​ប្លុក​កុម្មុយនិស្ត​​ក៏​ឆ្លងកាត់​នូវ​ការ​ផ្លាស់ប្តូរ​ដ៏សំខាន់​មួយ​​​ដែរ គឺ​ស្តាលីន​​មេដឹកនាំ​សហភាព​សូវៀត ដែល​គេ​ស្គាល់​ថា​ជា​បុរសខ្លាំង​នៃ​ប្លុក​កុម្មុយនិស្ត​បាន​ទទួល​មរណភាព នៅ​ខែ​មីនា​ឆ្នាំ​១៩៥៣។

នៅ​ថ្ងៃ​ទី២៧ ខែ​កក្កដា ឆ្នាំ​១៩៥៣ ៤ខែ​ក្រោយ​មរណភាព​របស់​ស្តាលីន និង​២ខែ​ក្រោយ​ការ​គំរាម​ប្រើ​អាវុធ​នុយក្លេអ៊ែរ​របស់​លោក​ Eisenhower ចិន និង​អ.ស.ប ​ក៏​បាន​​​​ព្រមព្រៀង​គ្នា​ចុះ​ហត្ថលេខាលើ​បទឈប់បាញ់។ ការ​វាយប្រយុទ្ធគ្នា​ត្រូវ​បញ្ចប់ ​ទីតាំង​នៃ​ខ្សែត្រៀម​ចុងក្រោយ​ ដែល​នៅ​ក្បែរ​ខ្សែស្រប​ទី៣៨ ត្រូវ​បាន​គេ​​កំណត់​យក​ជា​ខ្សែបន្ទាត់​ព្រំដែន​ រវាង​កូរ៉េ​ខាង​ជើង និង​កូរ៉េ​ខាង​ត្បូង ហើយ​តំបន់​គ្មាន​យោធា​ត្រូវបាន​គេ​បង្កើតឡើង នៅ​អមសងខាង​ខ្សែបន្ទាត់​ព្រំដែន​នេះ។
 

កងទ័ព​អាមេរិក និង​កូរ៉េ​ខាង​ត្បូង នៅក្បែរ​តំបន់​គ្មាន​កងទ័ព នៅ​តាម​បណ្តោយ​ព្រំដែន​កូរ៉េ​ ដែល​បង្កើតឡើង​ដោយ​បទឈប់បាញ់ ឆ្នាំ​១៩៥៣
កងទ័ព​អាមេរិក និង​កូរ៉េ​ខាង​ត្បូង នៅក្បែរ​តំបន់​គ្មាន​កងទ័ព នៅ​តាម​បណ្តោយ​ព្រំដែន​កូរ៉េ​ ដែល​បង្កើតឡើង​ដោយ​បទឈប់បាញ់ ឆ្នាំ​១៩៥៣

កាល​ពី​ដំបូង បទឈប់បាញ់​​ដែល​ភាគី​ជម្លោះ​ចុះហត្ថលេខា នៅថ្ងៃ​ទី២៧ កក្កដា​នេះ ត្រូវ​បាន​គេ​កំណត់​ថា​ជា​ឯកសារ​បណ្តោះ​អាសន្ន​តែ​ប៉ុណ្ណោះ ដើម្បី​រង់ចាំ​ការ​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​សន្តិភាព​បញ្ចប់​សង្រ្គាម​ជា​ស្ថាពរ ដែល​គេ​នឹង​រៀបចំ​ធ្វើ​នៅ​ពេលក្រោយ។ ក៏ប៉ុន្តែ ជាង ៦០ឆ្នាំក្រោយមក សន្ធិសញ្ញា​សន្តិភាព​នេះ​នៅតែ​មិន​ទាន់ត្រូវ​បាន​​ភាគីជម្លោះ​ចុះហត្ថលេខា ហើយ​បើ​និយាយ​តាមផ្លូវច្បាប់ ឧបទ្វីបកូរ៉េ​នៅតែ​ស្ថិត​ក្នុង​ស្ថានភាព​សង្រ្គាម រហូត​មកទល់​នឹង​ពេល​បច្ចុប្បន្ន។

សង្រ្គាម​កូរ៉េ ថ្វីដ្បិត​តែ​មាន​រយៈពេល​ខ្លី ក៏ប៉ុន្តែ​ គឺ​ជា​សង្រ្គាម​មួយ ដែល​មាន​ការ​បង្ហូរឈាម​ខ្លាំង​បំផុត ដោយ​បាន​សម្លាប់​អាយុជីវិត​មនុស្ស​រហូតដល់​ទៅ​ជិត ៥លាននាក់ ក្នុងនោះ មាន​ជាង​ពាក់កណ្តាល គឺ​ជា​ជនស៊ីវិល។ បើ​គិត​ជា​សមាមាត្រ ​ការ​ស្លាប់​ជនស៊ីវិល នៅ​ក្នុង​សង្រ្គាម​កូរ៉េ មាន​អត្រា​ខ្ពស់​ជាង​ក្នុង​សង្រ្គាម​លោកលើកទី២​ទៅទៀត។

ចាប់តាំង​ពី​ក្រោយ​សង្រ្គាម​កូរ៉េ ឧបទ្វីបកូរ៉េ​នៅតែ​បន្ត​ពុះចែក​ជាពីរ ហើយ​កូរ៉េ​ខាងជើង និង​កូរ៉េ​ខាង​ត្បូង​បាន​ដើរ​តាម​គន្លងផ្លូវ​ពីរ​ផ្ទុយពីគ្នា​ស្រឡះ។ កូរ៉េ​ខាងជើង​ស្ថិត​ក្រោម​របបផ្តាច់ការ​កុម្មុយនិស្ត​​បន្តត្រកូល តាំងពី​ជីតា គឺ​លោក​គីម អ៊ីលស៊ុង រហូត​ទៅដល់​ចៅ គឺ​លោក​គីម ជុងអ៊ុន នៅ​ពេល​បច្ចុប្បន្ន។ របបកុម្មុយនិស្ត​ក្រុងព្យុងយ៉ាងគិតតែ​ពី​ការ​ពង្រឹង​កម្លាំង​ទ័ព ដោយ​ទុក​ឲ្យ​ប្រជាជន​ត្រូវ​រស់​ក្នុង​ភាពក្រីក្រ​រហូត​ត្រូវ​ប្រឈមមុខ​នឹង​គ្រោះអត់ឃ្លាន បណ្តាល​ឲ្យ​មាន​អ្នក​ស្លាប់​រាប់លាននាក់។

កូរ៉េ​ខាង​ត្បូង​វិញ ក៏​បាន​ឆ្លងកាត់​របបផ្តាច់ការប្រមាណ​ជាង ៣០ឆ្នាំ​ដែរ ក្រោម​ការ​ដឹកនាំ​របស់​លោក​ស៊ីងម៉ាន់ រី និង​មេដឹនាំ​យោធា​បន្តបន្ទាប់មកទៀត។ ក៏ប៉ុន្តែ ដោយសារតែ​មាន​ចលនា​តវ៉ា​ប្រឆាំង​ពី​សំណាក់​ប្រជាជន កូរ៉េ​ខាង​ត្បូង​ក៏​បាន​ធ្វើ​កំណែទម្រង់ ហើយ​ចាប់យក​របៀបដឹកនាំ​តាមបែបប្រជាធិបតេយ្យ​ ចាប់ពី​ឆ្នាំ​១៩៨៧។ នៅ​ក្នុង​អំឡុង​ពេល​ជាមួយគ្នា​នោះ កូរ៉េ​ខាង​ត្បូង​បាន​ធ្វើ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ខ្លួន​ រហូត​បាន​ក្លាយ​ទៅជា​មហាអំណាច​សេដ្ឋកិច្ច​មួយ នៅ​ក្នុង​តំបន់​អាស៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ