rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ទស្សនៈព្រឹត្តិការណ៍ពិភពលោក
rss itunes

ស៊្វីស៖ តើ​ជនអន្តោប្រវេសន៍ដណ្តើមការងារ ឬ​បង្កើតការងារឱ្យ​ម្ចាស់ស្រុក?

ដោយ ឆន ឌីណា

យោងតាម​ភ័ស្តុតាងពី ការសិក្សាស្រាវជ្រាវថ្មីមួយ​ ពាក់ព័ន្ធ​នឹង​លំហូរកម្លាំងពលកម្មដោយសេរី ក្នុង​ប្រទេស​ស៊្វីស បង្ហាញថា លំហូរចូល​នៃ​កម្លាំងពលកម្មបរទេស ដែល​គេស្គាល់ថា ជនអន្តោប្រវេសន៍ ឬពលរដ្ឋចំណាកស្រុក បាន​រួម​ចំណែក​កាត់​បន្ថយ​ អត្រាអ្នក​អត់ការងារ របស់​ម្ចាស់ស្រុក។ តើ​មកពីមូលហេតុអ្វី?

ប្រទេស ស៊្វី​ស ឬ​គេហៅជាផ្លូវការថា សហព័ន្ធស៊្វីស (Confédération Suisse) គឺជារដ្ឋអធិបតេយ្យ​មួយ ដែល​មាន​ទីតាំងនៅកណ្តាលទ្វីប​អឺរ៉ុប និង​មាន​ព្រំប្រទល់ជាប់ប្រទេស​អឺរ៉ុប​ធំៗ ក្នុងនោះ ខាង​លិច​ជាប់បារាំង ខាង​ជើង​ជាប់​អាល្លឺម៉ង់ ខាង​ត្បូង​ជាប់​អ៊ីតាលី និង​ខាង​កើតជាប់​​អូទ្រីស និងលិចតិនស្តាញ។

គិតត្រឹម​ឆ្នាំ​២០១៩ ស៊្វី​ស មាន​ប្រជាជន​សរុប​ប្រមាណ ៨លាន​៥សែន​នាក់​។ ​​ប្រជាជន​ភាគច្រើន​មាន​ដើមកំណើត​ និង​និយាយភាសា អាល្លឺម៉ង់ បារាំង អ៊ីតាលី និង​ ភាសា Romansh។ ទោះជាយ៉ាងណា យោងតាម​អ្នក​ប្រវត្តិសាស្រ្ដ អត្តសញ្ញាណជាតិរបស់ប្រទេសស៊្វីស មានឫសគល់ ក្នុងពង្សាវតារប្រវត្តិសាស្រ្ត និង​គុណតម្លៃរួម តួយ៉ាង គោលការណ៍សហព័ន្ធ និង ប្រជាធិបតេយ្យដោយផ្ទាល់។

នៅឆ្នាំ១៩៩៩ ស៊្វី​ស បាន​ដាក់​ចេញ​ឱ្យ​អនុវត្ត​ គោលការណ៍នៃលំហូរ​កម្លាំងពលកម្មដោយ​សេរី ក្រោយ​ពី​បាន​សម្រេច​កិច្ចព្រមព្រៀងជាមួយ បណ្តាប្រទេស​នៃ​សហភាពអឺរ៉ុប និងសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប។ ជាជំហានៗ កិច្ច​ព្រមព្រៀង​នេះ បានលុបបំបាត់ រាល់ច្បាប់​រឹតត្បិត លើការជួល និងជ្រើសរើស ជនអន្តោប្រវេសន៍ និងពលករឆ្លងដែន មកធ្វើការ​ក្នុង​ប្រទេសស៊្វី​ស។

ក្រោយមក ប្រទេសស៊្វីសបានលុបចោលនូវ នីតិវិធីបែបការិយាធិបតេយ្យនានា ដើម្បីបង្កើន​រយៈពេលស្នាក់នៅ និងការលុប​បំបាត់​ចំនួនកូតា សម្រាប់ការទទួលយកជនអន្តោប្រវេសន៍។

នៅក្នុងរយៈពេលនៃកំណែទម្រង់ ជនអន្តោប្រវេសន៍ក្នុង​ប្រទេសនេះមាន​ការកើនឡើង។ ជាង​មួយទសវត្សរ៍ ចំនួនប្រជាជនដែល​បាន​កើតនៅបរទេស ហើយបានចូលមករស់នៅ និង​ធ្វើការ​ក្នុង​ប្រទេស​ស៊្វីស បាន​កើនឡើងពី ២៣,១ភាគរយ ដល់ ២៨,៣ភាគរយ អំឡុង​ពីឆ្នាំ២០០៣ ដល់​ឆ្នាំ​២០១៣។ ក្នុង​នោះ ពួកគេ​ភាគច្រើនមាន​ដើម​កំណើត​ពី​បណ្តាប្រទេសអឺរ៉ុបជិតខាង។

ជាក់ស្ដែង ក្នុងតំបន់​ធំមួយ នៅ​ទីក្រុង Lausanne ក្នុង​ចំណោម​តំបន់​ធំៗទាំងប្រាំបី​ នៃ​ប្រទេសស៊្វីស ដែល​គេឱ្យ​ឈ្មោះតាមភាសាបារាំងថា Le Canton de Vaud, ស្ថិតិនៃ​ជន​បរទេស តំណាង​ប្រមាណជាង ៣០,៥ភាគរយ នៃ​ប្រជាជន​សរុប។ ប្រជាជន​ទាំងនោះ មានដើមកំណើត​ពី ១៧៥ពូជសាសន៍ខុសៗគ្នា។ ក្នុង​មួយឆ្នាំ​ៗ តំបន់​នេះ​ស្វាគមន៍ជនបរទេស ​ប្រហែល​ ពីរម៉ឺននាក់។

ទោះជាយ៉ាងណា នៅអំឡុង​ប៉ុន្មានឆ្នាំចុងក្រោយ គេអង្កេតឃើញថា ចលនាប្រឆាំង​នឹង​គោលការណ៍នៃ លំហូរ​កម្លាំងពលកម្មដោយ​សេរី បា​ននិងកំពុង​បន្តកើន​ឡើង នៅក្នុង​ប្រទេសអឺរ៉ុបភាគច្រើន។ ចលនានយោបាយ​ស្ដាំនិយម និងប្រជានិយម ដែល​បាន​ទាមទារឱ្យ​មាន​ការរឹតត្បិតលើ​ជនបរទេស បាន​ទទួលសំឡេងគាំទ្រ​កាន់តែច្រើន ​ក្នុង​បណ្តាប្រទេស​អឺរ៉ុប។

ជាឧទាហរណ៍ជាក់ស្ដែង គេអាចអង្កេតឃើញ ពី​ការ​បោះឆ្នោតប្រជាមតិ​ចាកចេញពីសភាពអឺរ៉ុប របស់​ពលរដ្ឋ​នៃ​ចក្រភាពអង់គ្លេស ឬ​ Brexit។

​ក្នុងស្ថានភាព​ប្រទេសស៊្វីសបច្ចុប្បន្ន ការពិភាក្សា និង​ការខ្វែងគំនិតគ្នា នៅតែមានបន្ត ទាំងក្នុងសង្គម​មនុស្សទូទៅ និង​ក្នុង​រដ្ឋាភិបាល។ ឧទាហរណ៍ ពាក់ព័ន្ធទៅនឹង​ការចង់​ឱ្យ​មាន​ការដាក់ចេញ​នូវ ការធ្វើប្រជាមតិ​ដើម្បីទាមទារ​ឱ្យអនុវត្ត​ចំនួនកូតា ក្នុង​ការទទួលជន​បរទេស​ ក្នុងមួយ​ឆ្នាំៗ។

តើជនអន្តោប្រវេសន៍ដណ្តើមការងារ ឬបង្កើតការងារឱ្យ​ម្ចាស់ស្រុក?

ផ្អែកលើលទ្ធផល​នៃ​ការសិក្សាមួយ របស់​សេដ្ឋវិទូស៊្វីសពីររូប ពីសាកលវិទ្យាល័យ Zurich និង​ពីវិទ្យាស្ថាន​សេដ្ឋកិច្ចស៊្វីស KOF ដោយ​ប្រើប្រាស់​ ទិន្នន័យរដ្ឋបាលស៊្វីស អំឡុង​​ពីឆ្នាំ​២០០២ ដល់​ឆ្នាំ​២០១១ បង្ហាញថា ប្រជាជនមាន​ដើមកំណើតស៊្វីស មិន​បាន​បាត់បង់ការងាររបស់​ពួកគេ​ នោះទេ ប៉ុន្តែ ពួកគេថែមទាំងបានទទួលអត្ថប្រយោជន៍ពី លំហូរចូលនៃជនអន្តោប្រវេសន៍ទាំងនោះទៀតផង តាំងពី​ឆ្នាំ​២០០២។

មូលហេតុ​ចម្បង ដើម្បី​ពន្យល់រឿងនេះ គឺថា ជនអន្តោប្រវេសន៍ បានរួមចំណែក​បង្កើតការងារបន្ថែម ខណៈ​ម្ចាស់ស្រុក​ក្នុងជំនាន់ក្រោយៗ តែងតែផ្លាស់ប្ដូរ និងអភិវឌ្ឍខ្លួន ទៅរកការងារ​ដែល​មាន​ជំនាញកាន់តែខ្ពស់ជាងមុន ដើម្បីឆ្លើយតប​ទៅនឹងលំហូរនៃពលរដ្ឋ​ចំណូលថ្មី៕

តើកោះគ្រីមេ អាចរបូតពីដៃរុស្ស៊ី ទៅក្នុងដៃអ៊ុយក្រែនវិញឬទេ ?

ក្រិកបង្កើនល្បឿនផ្តល់ "ទិដ្ឋាការមាស" ដល់អ្នកវិនិយោគចិន

ហេតុអ្វីអាមេរិកព្យួរប្រព័ន្ធអនុគ្រោះពន្ធលើការនាំចូលទំនិញថៃ?

អ៊ីស្រាអែល និង ហ្សកដានី អាច​នឹង​ត្រូវ​ប្រឈម​មុខដាក់​​គ្នា​ជាថ្មី​ ?

ហេតុ​អ្វីអ្នករស់នៅទីក្រុងមានកម្រិតទាប​ក្នុងប្រទេសកម្ពុជា?

សន្និសីទពីសេរីភាពប្រព័ន្ធផ្សព្វផ្សាយ ប្រព្រឹត្តជាលើកទី១នៅម៉ូស្គូ

អាល្លឺម៉ង់​ប្រារព្វ​ខួប​៣០ឆ្នាំ​នៃ​ការរលំ​ជញ្ជាំង​ប៊ែរឡាំង ក្នុង​បរិបទ​អាប់អួរ​នយោបាយ

អាស៊ាន៖ តើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនឹងទៅជាយ៉ាងណាក្រោយការដកខ្លួនរបស់ឥណ្ឌា?

៤០ឆ្នាំក្រោយ វិបត្តិ​ចំណាប់ខ្មាំង នៅ​បន្ត​បំពុល​ទំនាក់ទំនង​អ៊ីរ៉ង់​-​សហរដ្ឋអាមេរិក

លោក ពូទីន សម្ពោធ រូបសំណាកឧទ្ទិសដល់ វរជនដែលជា គំរូ របស់គាត់

ការប្រែប្រួលអាកាសធាតុ ៖ ជនរងគ្រោះ មាន​ច្រើនជាងការគិតពីមុន ​​ដល់ទៅបីដង

​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​និង​កិច្ច​ព្រម​ព្រៀង​ RCEP ជា​សំណុំ​​រឿង​ស្នូលនៅ​កិច្ច​ប្រជុំ​អាស៊ាន

ការសម្លាប់​​មេក្រុម​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម ជា​ជោគជ័យ​របស់​លោក​ដូណាល់ ត្រាំ?

Brexit៖ តើ​អ្វី​ជា​យុទ្ធសាស្ត្រ​បន្ទាប់​របស់​លោកបូរីស​ ចនសុន​ ក្នុង​ករណី​អង់គ្លេស​មិនអាច​ចេញពី​អឺរ៉ុប​តាម​កាលកំណត់​?

ហេតុអ្វី​វិស័យ​ទេសចរណ៍​អាស៊ីអាគ្នេយ៍​ត្រូវក្លាយជា​អ្នករងគ្រោះ​ដោយ​សង្រ្គាមពាណិជ្ជកម្ម​ចិន-អាមេរិក?

ហេតុអ្វី មានផ្ទុះបាតុកម្មខ្លាំងនៅលីបង់ ?

ណូបែលសេដ្ឋកិច្ច​២០១៩៖ តើការលុបបំបាត់ភាពក្រីក្រជារឿងសាមញ្ញ?

ហេតុអ្វីបានជាប៉ាគីស្ថានបានសុំធ្វើជាអ្នកសម្របសម្រួលឲ្យមានកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត?