rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ហុងកុង អាកាសចរណ៍

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ក្រុមហ៊ុន​អាកាចរណ៍​ហុងកុង​ Cathay Pacific រងការ​រិះគន់​ក្រោយ​ធ្វើឲ្យធ្លាយ​ទិន្នន័យ​អតិថិជន​

media
អ្នកដំណើរ នៅអាកាសយានដ្ឋានហុងកុង កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨ REUTERS/Bobby Yip

ក្រុមហ៊ុន​អាកាសចរណ៍​ហុងកុង​ កាតៃប៉ាស៊ីហ្វិក​ (Cathay Pacific) នៅថ្ងៃទី២៥​ តុលា​ បាន​ស្ថិតក្រោម​សម្ពាធ​ជាខ្លាំង​ពីសំណាក់​អតិថិជន​។ ការ​ប្រឈមនេះ​ គឺ​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ ធ្វើការ​ពន្យល់​ពី​មូលហេតុ​នៃ​ការយឺតយ៉ាវ​របស់ខ្លួន​ ក្នុងការ​ប្រកាសប្រាប់​ព័ត៌មានស្តី​អំពី ​ទិន្នន័យ​របស់​អ្នក​ធ្វើដំណើរ​ចំនួន​ ៩លាន​ ៤សែន​នាក់​ ដែលត្រូវ​ក្រុមចោរ​បច្ចេកវិទ្យា​លួចបាន​។


កាលពីថ្ងៃពុធទី២៤ តុលា ​តំណាង​ក្រុមហ៊ុន​អាកាសចរណ៍​ហុងកុង​ កាតៃ​ប៉ាស៊ីហ្វិក​ បានលាតត្រលាងថា កាលពីខែមីនា ក្រុមហ៊ុនបានរកឃើញសកម្មភាពគួរឱ្យសង្ស័យមួយចំនួន នៅលើបណ្តាញផ្ទុកទិន្នន័យរបស់អតិថិជន។ ហើយក្រោយមក នៅដើមខែឧសភា ក្រុមហ៊ុនក៏បានដឹងថា មានទិន្នន័យរបស់អ្នកដំណើរជាច្រើននាក់ គឺមានរហូតដល់ជិត ១០ លាននាក់ ​ ដែលរួមមានទាំង​លេខ​លិខិត​ឆ្លងដែន​ ​ព័ត៌មាន​ពាក់ព័ន្ឋ​នឹង​កាតឥណទាន នឹងព័ត៌មានសំខាន់ៗផ្សេងៗទៀតជាច្រើន ត្រូវបានគេចូលលួចយក​។

បន្ទាប់ពីបានឮការប្រកាសនេះ ក៏មានការផ្ទុះប្រតិកម្មជាច្រើន​ ​ពីសណាក់​អតិថិជន​ និង​អាជ្ញាធរហុងកុង​ ការណ៍ក្រុមហ៊ុនមិនព្រមប្រាប់ពីដំណឹងតាំងពីបានរកឃើញដំបូង។​ បន្ទាប់ពី មានផ្ទុះការរិះគន់នេះ ប្រធានផ្នែក​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន​ កាតៃប៉ាស៊ីហ្វិក​ ការណ៍ដែលក្រុមហ៊ុនទុករយៈពេល​ដល់ជិត​កន្លះឆ្នាំ​ ទើបប្រកាស​ប្រាប់ពី​ការបែកធ្លាយ​ព័ត៌មាន​ឯកជន​របស់អតិថិជន​នេះថា​ គឺ​មកពី​ក្រុមហ៊ុន​ ចង់ដឹងច្បាស់​អំពី​ស្ថានភាព​ និង​ថាតើ​ចោរ​ អ៊ីនធឺណែត​ អាច​ចូលលួច​ទិន្នន័យទាំងនោះ​បានតាម​របៀបណា​។ បន្ថែមលើនេះ​ អ្នកតំណាង​ក្រុមហ៊ុន​និយាយថា​ មិនចង់​បង្កើត​ភាពវឹកវរ​ណាមួយ​ដែលមិនចាំបាច់​។

ឆ្លើយតប​នឹងលើកឡើង​ខាងលើ​ ក្រុមអ្នក​នយោបាយហុងកុង​ បានចេញមុខ​រិះគន់​ដោយថា​ ការពន្យល់​របស់​ភាគីក្រុមហ៊ុន​ គឺ​មិន​សមហេតុសមផល​ឡើយ​។ ក្នុងចំណោម​នោះដែរ​ អ្នក​តស៊ូមតិ​ផ្នែក​វិស័យព័ត៌មានវិទ្យា​ម្នាក់​បានថ្លែងថា​ តើ​ការភ័យស្លន់ស្លោរ​វាចាំបាច់​ ឬក៏មិនមែន​ ក្នុងការ​បណ្តោយ​ឲ្យក្រុមហ៊ុន​ ពន្យា​ពេល​យ៉ាងយូរ​ ដើម្បី​ប្រកាស​ប្រាប់ពី​ការបាត់​ទិន្នន័យ​របស់​អតិថិជន​ដែល​មានចំនួន​ស៊ឹងតែ​ជិត១០ លាន​នាក់នោះ​?។

ទោះជាយ៉ាងក្តី​ ក្រុមហ៊ុន​អាកាសចរណ៍​ហុងកុង​ កាតៃប៉ាស៊ីហ្វិក​ បាន​ឱ្យដឹងថា​ ខ្លួន​បាន​បើកការស៊ើបអង្កេត​ និង​បានរាយការណ៍​ប្រាប់ប៉ូលីស​ហើយ​ពីរឿងនេះ​។ មួយវិញទៀត​ ក្រុមហ៊ុន​ក៏​កំពុង​ធ្វើការ​ទាក់ទង​រាល់​អ្នកដំណើរ​ទាំងឡាយណា​ ដែល​រងផលប៉ះពាល់​ និង​ផ្តល់​ឱ្យពួកគេ​នូវ​ដំណោះស្រាយ​ដើម្បីការពារខ្លួន​ផងដែរ​។

សូមជ្រាបថា​ ការលេចធ្លាយ​ទិន្នន័យ​របស់​អ្នកប្រើប្រាស់​ នាពេល​បច្ចុប្បន្ន​នេះ​ គឺជា​ការ​រីករាលដាល​ចុងក្រោយបង្អស់​ ដែល​ប៉ះពាល់​ដល់ក្រុមហ៊ុន​នៅទូទាំង​សាកលលោក​ក្នុងរយៈពេល​ប៉ុន្មានឆ្នាំថ្មីៗនេះ​។ ជាក់ស្តែង​ ហ្វេសប៊ុក​ ដែលជា​ក្រុមហ៊ុន​បណ្តាញសង្គម​ដ៏ល្បីលើលោក​ ក៏បាន​បង្ហើបឱ្យដឹង​កាលពី​ខែកញ្ញា​ កន្លងទៅដែរថា​ មានគណនី​ចំនួន​ ៥០លាន​ ត្រូវ​បាន​ក្រុមចោរបច្ចេកវិទ្យ​លួចយក​ទៅ​៕