អានតួអត្ថបទ

ខ្យល់ព្យុះ​ Mangkhut បោកបក់ដល់​ហុងកុង​ ខណៈ​ចំនួនអ្នកស្លាប់​នៅហ្វីលីពីន​កើនឡើង​

ព្យុះទីហ្វុង​ដ៏កំណាច​ Mangkhut​ បានបោកបក់​ទៅដល់​ក្រុងហុងកុងហើយ​ នៅថ្ងៃអាទិត្យ​ទី១៦​ កញ្ញា​ នេះ​ បន្ទាប់ពី​បានវាយប្រហារ​ និងសម្លាប់មនុស្ស​យ៉ាងហោចណាស់​ចំនួន​៣០នាក់​ នៅក្នុង​ប្រទេសហ្វីលីពីន​។ ដោយឡែក​ ដើម្បី​បង្កាគ្រោះថ្នាក់​ដល់អាយុជីវិត​ប្រជាជនរបស់ខ្លួន​ រដ្ឋាភិបាលហុងកុង​ បានក្រើនរំឮក​ឲ្យប្រជាជន​សំងំ​នៅក្នុងផ្ទះ​ ប្រសិនបើ​គ្មានការចាំបាច់អ្វីនោះទេ​។

ព្យុះទីហ្វុងដ៏កំណាច Mangkhut កំពុងបោកបក់ក្នុងទីក្រុងហុងកុងនាថ្ងៃទី១៦​​​ កញ្ញា ឆ្នាំ ២០១៨
ព្យុះទីហ្វុងដ៏កំណាច Mangkhut កំពុងបោកបក់ក្នុងទីក្រុងហុងកុងនាថ្ងៃទី១៦​​​ កញ្ញា ឆ្នាំ ២០១៨ REUTERS/Bobby Yip
ផ្សាយពាណិជ្ជកម្ម

ពាក់ព័ន្ឋនឹង​ករណីនេះ​ ភ្នាក់ងារ​ផ្នែកអាកាសធាតុ​ហុងកុង​ បានចេញ​សេចក្តីប្រកាសអាសន្ន​ដល់​ប្រជាជន​របស់ខ្លួន​ ឲ្យមាន​ការប្រុងប្រយ័ត្នខ្ពស់​ ពីព្រោះថា​ព្យុះកំណាច​ Mangkhut ​អាចបោកបក់​ទីក្រុង​ក្នុងល្បឿន​ ២៣០​ គីឡូម៉ែត្រ​ក្នុងមួយម៉ោង​។ ហើយ​ម្យ៉ាងវិញទៀត​ វា​បានធ្វើឱ្យ​មនុស្សជាង​ ១០០ នាក់ហើយ​រងរបួស​។

ព្យុះដ៏ធំ​និងសាហាវ​គឺព្យុះ​ Mangkhu​t បានបក់បោក​ទីក្រុងហុងកុង​ឆ្លងកាត់តាម​ភាគខាងត្បូង​។ កម្លាំងខ្យល់ព្យុះ​ ធ្វើឲ្យដើមឈើ​ដួលរលំ​ និងផ្លូវថ្នល់​ជាច្រើន​ត្រូវបានកាត់ផ្តាច់​។ ក្រៅពីនេះ​ ខ្យល់ព្យុះ​ Mangkhut​ ក៏បានវាយប្រហារ​អគារខ្ពស់ៗ​ឲ្យមានការខូចខាត​ផ្នែកមួយចំនួនផងដែរ​។

មួយវិញទៀត​ ជើងហោះហើរ​ស្ទើរតែទាំងអស់​នៅក្នុង​និងក្រៅទីក្រុងហុងកុង​ត្រូវបានលុបចោល​ ដោយសារ​កម្លាំងបក់បោក​ដ៏ខ្លាំងខ្លា​របស់ព្យុះ Mangkhut​។ ដោយឡែក​ ដោយខ្លាចរង​ឥទ្ធិពលខ្យល់ព្យុះ​ Mangkhut ​កាស៊ីណូ​នៅម៉ាកាវ​ចំនួន​ ៤២​ កន្លែង​ ក៏ត្រូវបានបិទទ្វារ​ផងដែរ​។

គួរជ្រាបថា​ ព្យុះ Mangkhut ​បានបង្កជាហានិភ័យ​ជាច្រើន​នៅក្នុង​ប្រទេសហ្វីលីពីន​ និងទីក្រុងហុងកុង​។ ហើយនាពេលនេះ​រដ្ឋាភិបាលចិន​ ក៏កំពុងត្រៀមខ្លួ​នយ៉ាងខ្លាំងផងដែរ​ ដើម្បីបង្កាគ្រោះភ័យ​បង្កដោយខ្យល់ព្យុះដ៏កំណាច​ដូចជា​ ព្យុះ​ Mangkhut​ នេះ​ ពីព្រោះ​មាន​ព័ត៌មាន​ចេញផ្សាយថា​ ព្យុះដ៏កាចសាហាវនេះ​អាចនឹងបកបោក​ទៅដល់​ប្រទេស​ចិន​ និង​វៀតណាម​នាពេលឆាប់ៗ​ខាងមុខនេះ​។

ទោះបីជា​អាជ្ញាធរចិន​ បានត្រៀមខ្លួន​បង្កាគ្រោះមន្តរាយ​យ៉ាងណាក៏ដោយ ​ក៏ព័ត៌មាន​ពីឥទ្ធិពលខ្យល់ព្យុះ​ Mangkhut​ បានបង្ក​ជាការភ័យខ្លាចជាខ្លាំងដល់ពលរដ្ឋចិន។ ហើយក្នុងចំណោមនោះ មានពលរដ្ឋចិនម្នាក់ បានអះអាងថាគាត់គេងមិនដក់លក់ឡើយ បន្ទាប់ពីបានឃើញកម្លាំងដ៏ខ្លាំងរបស់ព្យុះទីហ្វុង Mangkhut នៅលើកញ្ចក់ទូរទស្សន៍រួចមក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ