អានតួអត្ថបទ

ជំនួយមនុស្សធម៌ បានបញ្ជូនដល់តំបន់ហ្គូតា ប្រទេសស៊ីរីហើយ

ក្បួន​រថយន្ត ​ដឹក​ជំនួយ​មនុស្ស​ធម៌ ​របស់​អង្គការសហប្រជាជាតិ ​បាន​ចូលទៅដល់​ភាគខាងកើត​តំបន់ហ្គូតា​ហើយ​ នៅ​ថ្ងៃចន្ទ​នេះ​។ នេះ​ជា​លើកទី១​ហើយ​ ដែល​ជនួយ​ទាំងនោះ​អាចដឹក​ចូល​តំបន់ ​ដែល​មាន​ផ្ទុះ​ការវាយប្រហារ ​រវាង​រដ្ឋាភិបាល​ស៊ីរី​ និង ​ក្រុមឧទា្ទម​ ចាប់​តាំងពី​ការ​វាយប្រយុទ្ឋ​កើត​មាន​ឡើង​ កាល​ពី​ខែមុន​មក​។

ក្បួនដង្ហែររបស់កាកបាទក្រហមអន្តរជាតិ (ICRC) កំពុងឆ្លងកាត់ទៅភាគខាងកើតតំបន់ហ្គូតាក្បែរជំរុំ Wafideen នៅទីក្រុងដាម៉ា ប្រទេសស៊ីរី នាថ្ងៃទី ០៥ ខែមីនាឆ្នាំ ២០១៨
ក្បួនដង្ហែររបស់កាកបាទក្រហមអន្តរជាតិ (ICRC) កំពុងឆ្លងកាត់ទៅភាគខាងកើតតំបន់ហ្គូតាក្បែរជំរុំ Wafideen នៅទីក្រុងដាម៉ា ប្រទេសស៊ីរី នាថ្ងៃទី ០៥ ខែមីនាឆ្នាំ ២០១៨ REUTERS/Omar Sanadiki
ផ្សាយពាណិជ្ជកម្ម

អង្គការ​សហប្រជាជាតិ​ បាន​ឲ្យដឹងថា​ ក្បួន​ដឹក​ជំនួយ​មនុស្សធម៌​របស់ខ្លួន​ចំនួន ​៤៦​ គ្រឿងបាន​ចូលដល់​តំបន់ហ្គូតា​ហើយ​ បន្ទាប់ពី​កងទ័ព​របស់​រដ្ឋាភិបាល​ស៊ីរី​ បាន​វាយដណ្តើម ​យកទឹកដី​ភាគខាងកើត​នៃ​តំបន់ហ្គូតា​ចំនួន​ ១ភាគ៣​ ពី​ក្រុម​ឧទ្ទាម​។

តាមពិតទៅ​ ជំនួយនេះ​ អាច​ដឹក​តាម​ច្រក​មនុស្សធម៌​ទៅដល់​ស៊ីរីបាន​ ក៏ព្រោះតែ​ប្រទេស​លោកខាងលិច​ ក៏​ដូចជា​អង្គការ​សហប្រជាជាតិ​ បាន​ដាក់​ការ​គាបសង្កត់​ជាខ្លាំង​ទៅ​លើរដ្ឋាភិបាល​ស៊ីរី ​និង​ រុស្សី​ដែល​ជា​សម្ព័ន្ឋមិត្ត​។ មិនតែប៉ុណ្ណោះ​ កាល​ពី​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ​ អង្គការ​សហប្រជាជាតិ​ ថែម​ទាំង​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ ​រិះគន់​រដ្ឋាភិបាល​ទីក្រុង​ម៉ូស្គូ​ ដែល​មិន​អើពើ​នឹង​ការ​អំពាវនាវ​របស់ខ្លួន​ ឲ្យ​មាន​បទឈប់បាញ់​នៅ​តំបន់​ហ្គូតាទៀតផង​។

គួរបញ្ជាក់ថា​ ប៉ុន្មានឆ្នាំ​ចុងក្រោយនេះ​ ប្រជាជន​ស៊ីរី​រស់នៅ​ក្នុង​តំបន់ហ្គូតា​ប្រមាណជា​ ៤ សែន​នាក់​ ប្រកប​របរ​ចិញ្ចឹមជីវិត​ តាមរយៈ​ការរត់ពន្ឋ​ទំនិញផ្សេងៗ​ ការ​ធ្វើចម្ការ​ និង​ការទទួល​ជំនួយ​មនុស្សធម៌​ដ៏​តិចតួច​។

ការិយាល័យ​ អង្គការ​សហប្រជាជាតិ ​សម្រាប់​ការ​សម្រប​សម្រួល​កិច្ចការមនុស្សធម៌​ បាន​ឲ្យដឹងថា​ ក្រុម​ការងារ​របស់ខ្លួន​ បាន​ប្រគល់​ អាហារូបត្ថម្ភ ​ថ្នាំសង្កូវ​ ព្រមទាំង​ចំណីអាហារ​ដល់ ​ប្រជាជន​រងគ្រោះ​ស៊ីរី​ចំនួន​ ២៧,៥០០ នាក់​។

អង្គការ​សហប្រជាជាតិ​បាន​សម្រេចថា នឹង​បញ្ជូនជំនួយប​ន្ថែមទៀត​ ឲ្យ​ដល់​ដៃ​ជន​ស៊ីវិល​ស៊ីរី​ សរុប​ចំនួន​ ៧ ម៉ឺននាក់ ដែល​កំពុង​តែ​ត្រូវការ​ជំនួយ​យ៉ាងខ្លាំង​ នៅ​ក្នុង​តំបន់​ហ្គូតា​។

គួរ​ជម្រាប​ជូនថា​ មាន​ជនស៊ីវិល​ស៊ីរី​សរុប ​ជាង ៧០០ នាក់​ហើយ​ បាន​ស្លាប់ ​ដោយសារ​តែ​កងទ័ព​រដ្ឋាភិបាល​ស៊ីរី​ បើក​ប្រតិបត្តិការ​វាយប្រហារ​ទាំង​តាមផ្លូវអាកាស ការបាញ់កាំភ្លើងធន់ធ្ងន់ ​នៅ​ហ្គូតា​ ចាប់តាំង​ពី​ពាក់​កណ្តាល​ខែកុម្ភៈ​មក​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ