rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

អង់គ្លេស

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

អង្គការ​Opep៖​ផលិតកម្ម​​ប្រេង​​​ថយចុះ​​ក្នុង​ខែ​សីហា​ តុល្យភាពទីផ្សារ​​អាច​មាន​ឡើងវិញ​ ឆ្នាំ២០១៨​ ​

media
ទង់តំណាង​​​អង្គការក្រុមប្រទេស​នាំប្រេងចេញ ​Opep ​​ AFP PHOTO / ALEXANDER KLEIN

អង្គការ​ប្រទេស​នាំប្រេងចេញ​ហៅកាត់ថា ​​Opepបាន​ចេញផ្សាយរបាយការណ៍​ប្រចាំខែ នៅថ្ងៃអង្គារ​នេះ ប្រាប់ថា ​ផលិតកម្ម​ប្រេង​របស់​សមាជិក​ប្រទេស​ខ្លួន បានថយចុះ។ ​អង្គការ​Opep​សង្ឃឹមថា អាច​​រកបាន​​តុល្យភាព​​តម្លៃប្រេងឡើងវិញ នៅឆ្នាំ​២០១៨ខាងមុខ ស្របតាម​​ទិសដៅ​ដែល​អង្គការ​និង​ប្រទេស​ដៃគូ​ផ្សេងទៀតចង់បាន។ ​


យោងតាម​របាយការណ៍​របស់​អង្គការ​ប្រទេស​នាំប្រេងចេញ ​Opep ចុះផ្សាយ​ថ្ងៃអង្គារ​នេះ ផលិតកម្ម​ប្រេង​ក្រុម​​ប្រទេស​សមាជិក១៤ប្រទេសរបស់​Opep បានថយចុះ ក្នុង​ខែសីហា​កន្លងទៅ។ ខែសីហា ផលិតកម្ម​ប្រេង​ក្រុម​ប្រទេស​សមាជិក​​Opep បានធ្លាក់​មកនៅ​ជាង​៣២លាន​៧សែន​បារីល ក្នុង​មួយថ្ងៃ ទាបជាង​ផលិតកម្ម​ប្រេង ក្នុងខែកក្កដា ដែល​មា​នដល់​ជាង​៣២លាន៨សែន​បារីល ក្នុង​មួយថ្ងៃ។ ​អង្គការ​នាំប្រេងចេញ​ប្រាប់ទៀតថា​ បរិមាណប្រេង​ផលិត​​ក្នុង​ខែសីហា គឺទាបជាង​បរិមាណ​តំរូវការ​។

កាលពីចុងឆ្នាំ​២០១៦​កន្លងទៅ អង្គការ​Opepនិង​ប្រទេស​ផលិតប្រេង​ជាដៃគូ​ ក្នុង​នោះ​មា​នរុស្ស៊ី​ បាន​សម្រេច​កាត់បន្ថយ​ការផលិតប្រេង រហូត​ដល់ខែមិនា ​ឆ្នាំ​២០១៨ ដើម្បី​កាត់បន្ថយ​តំរូវការ​ទីផ្សារ​ពិភពលោក ជំរុញ​អោយថ្លៃប្រេងឆៅ​បាន​ឡើងខ្ពស់ឡើងវិញ។ ផលិតកម្ម​ប្រេងសមាជិក​​Opep ថយចុះ​ខែសីហា ​បញ្ជាក់​ពីផលវិជ្ជមាន ព្រោះ​ថា នីហ្សេរីយ៉ាមិនបាន​កាត់បន្ថយ​ផលិតកម្ម​ប្រេង​ទេ ដោយសារ​ នីហ្សេរីយ៉ានៅក្រៅ​​​កិច្ចព្រមព្រៀង​​មិនកាត់​បន្ថយ​ការផលិត។ តែ​លីប៊ីដែល​នៅក្រៅ​កិច្ចបព្រមព្រៀង​នេះដែរ បែរជា​បន្ថយ​ការផលិតប្រេង​បានទៅវិញ។

របាយការណ៍​​Opep ថ្ងៃអង្គារ​នេះ លើកឡើង​ដែរថា ពេលនេះ ​ប្រេង​ក្នុង​ស្តុកបាន​ថយចុះ។ ​ហើយ​​​ប្រេងដែល​នាំចេញ​ទៅលក់​ភ្លាមៗ​បានកើនតម្លៃ ដោយសារ​មា​ន​តំរូវការខ្ពស់​។ ​កត្តា​ទាំងនេះ ធ្វើអោយ​​Opepសង្ឃឹមថា រកបាន​តុល្យភាព​ក្នុងទីផ្សារ​ឡើងវិញ ​នៅឆ្នាំ​២០១៨​ខាងមុខនេះ។ ​​Opep លើកឡើង​ទៀតថា សម្រាប់​ឆ្នាំ២០១៧​ទាំងមូល តំរូវការ​ប្រេង​ក្នុង​ពិភពលោក​អាច​នឹងកើនឡើង ​ដល់​ជាង​៩៦លាន​បារីល​ក្នុង​មួយថ្ងៃ ​ជាតួលេខ​កើនឡើង​ប្រៀបនឹង​ឆ្នាំ២០១៦៕ ​​​​