អានតួអត្ថបទ
ម៉ារ៉ុក

មហាក្សត្រ​ម៉ារ៉ុក​ប្រកាស​គម្រោង​កំណែទម្រង់​ច្បាប់​រដ្ឋធម្មនុញ្ញ​របស់​រាជាណាចក្រ

នៅ​ក្នុង​ព្រះរាជ​សុន្ទរកថា​ថ្លែង​ទៅ​កាន់​ប្រជារាស្រ្ត​នៅ​យប់​ថ្ងៃទី ១៧ មិថុនា​ម្សិលមិញ ព្រះមហាក្សត្រ​នៃ​ប្រទេស​ម៉ារ៉ុក Mohammed ទី៦​បាន​ប្រកាស​ចេញ​នូវ​វិធានការ​មួយ​ចំនួន​ក្នុង​គោលដៅ​ធ្វើ​កំណែទម្រង់​ច្បាប់​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស។ គម្រោង​ច្បាប់​រដ្ឋធម្មនុញ្ញ​ថ្មី​ដែល​បាន​ផ្តល់​អំណាច​បន្ថែម​ឲ្យ​នាយករដ្ឋមន្ត្រី និង​រដ្ឋសភា។ ទន្ទឹម​គ្នា​នេះ ព្រះមហាក្សត្រ​នឹង​បន្ត​រក្សា​តួនាទី​ជា​ប្រមុខរដ្ឋ អគ្គមេបញ្ជាការ​កងទ័ព និង​ជា​ប្រមុខ​ការទូត។ គម្រោង​ច្បាប់​រដ្ឋធម្មនុញ្ញ​ថ្មី​ដែល​នឹង​ត្រូវ​ដាក់​ឲ្យ​បោះឆ្នោត​ប្រជាមតិ​នៅ​ថ្ងៃទី ១ កក្កដា​ខាង​មុខ។

ព្រះមហាក្សត្រម៉ារ៉ុក Mohammed ទី៦
ព្រះមហាក្សត្រម៉ារ៉ុក Mohammed ទី៦ ©AFP/ABDELHAK SENNA
ផ្សាយពាណិជ្ជកម្ម

តំាង​ពី​បាន​ឡើង​គ្រងរាជ្យ​​ក្នុង​រយៈពេល ១២ឆ្នំា​ចុង​ក្រោយ​នេះ​មក រាជបល្ល័ង្ក​របស់​ព្រះមហាក្សត្រ​ម៉ារ៉ុក Mohammed ទី៦ មិន​ដែល​ទទួល​រង​ការ​គំរាមកំហែង​ផ្តួលរំលំ​ម្តង​ណា​ទេ។ ក៏​ប៉ុន្តែ កម្លំាង​ខ្យល់​នៃ​បដិវត្តន៍​នៅ​ក្នុង​ប្រទេស​អារ៉ាប់​មួយ​ចំនួន​បាន​បក់​ចូល​ដល់​ក្នុង​ប្រទេស​ម៉ារ៉ុក​ហើយ។ ពិត​ណាស់​ថា គេ​នៅ​មិន​ទាន់​អាច​ប្រៀបប្រដូច​ព្រឹត្តិការណ៍​នៅ​ម៉ារ៉ុក​ពេល​នេះ ទៅ​នឹង​ព្រឹត្តិការណ៍​នៅ​ក្នុង​ប្រទេស​ទុយនីស៊ី ឬ​មួយ​ក៏​ប្រទេស​អេហ្ស៊ីប​បាន​ទេ។ ក៏​ប៉ុន្តែ ការ​ងើប​បះបោរ​របស់​ប្រជារាស្រ្ត​ម៉ារ៉ុក​ក្នុង​រយៈពេល ៤ខែ​កន្លង​មក បាន​បង្ខំ​ឲ្យ​ព្រះមហាក្សត្រ​បោះបង់​អំណាច​មួយ​ចំនួន​របស់​ព្រះអង្គ ដោយ​ប្រគល់​ទៅ​ឲ្យ​នាយករដ្ឋមន្រ្តី និង​រដ្ឋសភា។

ប្រសិន​បើ​គម្រោង​កំណែទម្រង់​ច្បាប់រដ្ឋធម្មនុញ្ញ​នេះ​នឹង​ត្រូវ​អនុម័ត​ដោយ​ការ​បោះឆ្នោតប្រជាមតិ​នៅ​ថ្ងៃទី ១ កក្កដា​ខាង​មុខ​នោះ នាយករដ្ឋមន្រ្តី​នឹង​មាន​សិទ្ធិអំណាច​ទូលំទូលាយ​ជាង​មុន រួម​មាន៖ សិទ្ធិ​តែងតំាង​ឥស្សរជន​នៅ​ក្រោម​បង្គាប់ សិទ្ធិ​រំលាយ​រដ្ឋសភា និង​សិទ្ធិ​កោះប្រជុំ​គណៈរដ្ឋមន្រ្តី ដោយ​មិន​ចំា​បាច់​មាន​វត្តមាន​ព្រះមហាក្សត្រ​ទេ។ រហូត​មក​ទល់​ពេល​នេះ បេក្ខជន​នាយករដ្ឋមន្រ្តី​ត្រូវ​បាន​ជ្រើស​យក និង​តែងតំាង​ដោយ​ព្រះមហាក្សត្រ មាន​ន័យ​ថា ព្រះអង្គ​ចង់​ជ្រើស​យក​ឥស្សរជន​រូប​ណា​ក៏​បាន ដោយ​មិន​ចំា​បាច់​គិត​ថា តើ​ឥស្សរជន​នោះ​ចេញ​មក​ពី​គណបក្ស​ឈ្នះ​ឆ្នោត ឬ​ក៏​អត់​ទេ។ តែ​ជា​មួយ​នឹង​ច្បាប់រដ្ឋធម្មនុញ្ញ​ថ្មី ព្រះមហាក្សត្រ​នៅ​តែ​ជា​អ្នក​តែងតំាង​នាយករដ្ឋមន្រ្តី​ដដែល តែ​ចំា​បាច់​ជា​ឥស្សរជន​ម្នាក់​ចេញ​មក​ពី​គណបក្ស​ដែល​ឈ្នះ​ឆ្នោត។

នៅ​ក្នុង​គម្រោង​កំណែទម្រង់​ច្បាប់រដ្ឋធម្មនុញ្ញ មហាក្សត្រ Mohammed ទី៦ បាន​សន្យា​ដាក់​បញ្ចូល​ភាសា amazighe ឬ​ហៅ​ថា berbère ជា​ភាសា​ផ្លូវការ​ទី២ បន្ទាប់​ពី​ភាសា​អារ៉ាប់ ព្រោះ​ថា នៅ​ក្នុង​​ចំណោម​ប្រជារាស្រ្ត​ម៉ារ៉ុក​ទំាង ៣២លាននាក់ មាន​ភាគច្រើន​និយាយ​ភាសា berbère។ ។ សាសនា​អ៊ីស្លាម​ត្រូវ​បាន​ចាត់​ទុក​ជា​សាសនា​របស់​រដ្ឋ ហើយ​អំណាច​តុលាការ​នឹង​ត្រូវ​ឯករាជ្យ​ដោយ​ផ្តាច់​ចេញ​ពី​អំណាច​នីតិប្រតិបត្តិ និង​នីតិបញ្ញត្តិ។ អភ័យ​ឯកសិទ្ធិ​របស់​តំណាងរាស្រ្ត​នឹង​ត្រូវ​កាត់បន្ថយ ចំណែក​យុទ្ធនាការ​ប្រយុទ្ធប្រឆំាង​អំពើ​ពុករលួយ​នឹង​ត្រូវ​ពង្រឹងបន្ថែម។

គម្រោង​កំណែទម្រង់​ច្បាប់រដ្ឋធម្មនុញ្ញ​គ្រោង​នឹង​លុបចោល​នូវ​លក្ខណៈ​ពិសិដ្ឋជន​របស់​អង្គព្រះមហាក្សត្រ​នៅ​ត្រង់​មាត្រា​ទី ៤៦ ដោយ​ជំនួស​ពាក្យ​មួយ​ឃ្លា​ថា « អង្គព្រះមហាក្សត្រ មិន​អាច​នរណា​រំលោភ​បំពាន​បាន​ឡើយ »។ ទន្ទឹម​គ្នា​នេះ ព្រះមហាក្សត្រ​នៅ​តែ​បន្ត​រក្សា​តំណែង​ជា​ប្រមុខរដ្ឋ ប្រមុខ​ការទូត និង​អគ្គមេបញ្ជាការ​កងទ័ព៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ