អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អង្គការ​សហប្រជាជាតិ​ រួមគ្នា​ផ្តួចផ្តើម​ កតិកា​​សញ្ញា​សកល ស្តីពី​ជន​អន្តោប្រវេសន៍

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រទេស១៩២ សមាជិកនៃអង្គការសហប្រជាជាតិ បានរួមគ្នា កាលពីថ្ងៃសុក្រ ទី​១៣​កក្កដា បាន​ផ្តួចផ្តើមឲ្យមានការតាក់តែង កតិកាសញ្ញាសកលមួយ ស្តីអំពីជនអន្តោប្រវេសន៍។ នេះគឺជាលើកទីមួយហើយ ដែលអង្គការសហប្រជាជាតិ បានសម្រេចចរចាបានជោគជ័យ​ ដើម្បីតាក់តែងអត្ថបទកតិកាសញ្ញានេះ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈម នៃការធ្វើចំណាកស្រុក របស់ជនអន្តោប្រវេសន៍ ក៏ដូចជាជនភៀសខ្លួន ដែលកាន់តែ​ធ្ងន់ធ្ងរទៅៗ ទូទាំងពិភពលោក។ បញ្ហាជនអន្តោប្រវេសន៍ គឺជាបញ្ហារួមរបស់​សកលលោក ដោយត្រូវតែដោះស្រាយតាមរយៈគោលនយោបាយរួម របស់សកលលោក​ដែរ។

ជនអន្តោប្រវេសន៍ ជិះទូក​ពោង ​ផ្សងជីវិត​​ ឆ្លង​សមុទ្រ​មេឌីទែរ៉ាណា ពីអាហ្វ្រិក មកអឺរ៉ុប។ រូបភាព​ថតនៅ​ថ្ងៃទី ​១៥​មករា ២០១៨។
ជនអន្តោប្រវេសន៍ ជិះទូក​ពោង ​ផ្សងជីវិត​​ ឆ្លង​សមុទ្រ​មេឌីទែរ៉ាណា ពីអាហ្វ្រិក មកអឺរ៉ុប។ រូបភាព​ថតនៅ​ថ្ងៃទី ​១៥​មករា ២០១៨។ REUTERS/Hani Amara/File Photo
ផ្សាយពាណិជ្ជកម្ម

១៩២ប្រទេស ដោយគ្មានសហរដ្ឋអាមេរិក

មុននឹងឈានមកដល់ដំណាក់កាលនេះ វាមិនមែនជារឿងងាយស្រួលទេ ដែលអង្គការសហប្រជាជាតិ អាចអូសទាញប្រទេសទាំង១៩២ ឲ្យរួមគ្នាទទួលយកអត្ថបទរួម នៃកតិកាសញ្ញាសកល ស្តីពីជនអន្តោប្រវេសន៍នេះ។ ការចរចាគ្នា ក្នុងក្របខណ្ឌអង្គការ​សហប្រជាជាតិ ​ស្តីពីបញ្ហាជនអន្តោប្រវេសន៍​​នេះ វាគឺជារឿងដ៏​សែនលំបាក ដូច​អូស​ឬស្សី​បញ្ច្រាចចុង ដូច្នេះឯង។ ប្រទេសទាំងអស់ តែងតែចាត់ទុកបញ្ហាជនភៀសខ្លួន បញ្ហា​ជនអន្តោប្រវេសន៍ គឺជាបញ្ហារបស់គេដាច់ដោយឡែករៀងៗខ្លួន ហើយដែលវាស្ថិតនៅក្នុងដែនអធិបតេយ្យរបស់គេម្នាក់។

ជាងនេះទៅទៀត ប៉ុន្មានឆ្នាំចុងក្រោយនេះ ជាមួយវិបត្តិជនអន្តោប្រវេសន៍ និង​ជន​ភៀសខ្លួន​ជាដើម នៅតាមប្រទេសជាច្រើន បានជួបប្រទះនឹងបញ្ហានយោបាយ ដែលអ្នកនយោបាយឆក់ឱកាសខ្លះ បានលើកឡើងនូវការឃោសនាប្រជាភិថុត បំភ័យប្រជាជន ថាជនអន្តោប្រវេសន៍មកពីស្រុកផ្សេង កំពុងសំរុកចូលមកក្នុងប្រទេសពួកគេ។ ម្លោះហើយ បញ្ហាទាំងអស់នេះ បានបង្កឲ្យមានឧបសគ្គ ដល់ការព្រមធ្វើសម្បទាន​រួម ដើម្បីស្វែងរកដំណោះស្រាយរួមគ្នា ក្នុងក្របខណ្ឌអន្តរជាតិ ស្តីពីបញ្ហាជនអន្តោប្រវេសន៍នេះ។

ប្រមាណ១ឆ្នាំកន្លះមកហើយ ដែលអង្គការសហប្រជាជាតិ ក្រោមការសម្របសម្រួល របស់តំណាងទូតស្វីស និងតំណាងទូតមិចស៊ិក ប្រចាំអង្គការសហប្រជាជាតិ ដែលបានដឹកនាំការចរចា ដើម្បីតាក់តែងកតិកាសញ្ញាអន្តរជាតិ មួយនេះឡើង។ ប្រទេស​១៩២​បាន​យល់ព្រម​ ទទួលយកខ្លឹមសាររួម នៃកតិកាសញ្ញាសកលនេះ។ លើកលែងតែសហរដ្ឋ​អាមេរិក មួយទេ ដែលបានដកខ្លួនចេញពីការចរចា តាំងតែពីខែ១២ចុងឆ្នាំ​២០១៧​ម្លេះ។ សម្រាប់ពេលនេះ អ្វីៗនៅមិនទាន់ស្ថាពរនៅឡើយទេ  អត្ថបទចុងក្រោយនៃកតិកា​​សញ្ញា​​សកលនេះ នឹង​ត្រូវអនុម័ត នៅក្នុងមហាសន្និបាទប្រចាំឆ្នាំ របស់អង្គការសហប្រជាជាតិ នៅខែធ្នូ​ចុងឆ្នាំ២០១៨ខាងមុខនេះ។

កម្មវត្ថុ២៣ចំណុ​ច

បើតាមការលើកឡើង របស់លោកស្រី Louise Arbour អ្នកតំណាងពិសេសនៃអគ្គលេខាធិការដ្ឋាន ទទួលបន្ទុកកិច្ចការអន្តោប្រវេសន៍ បានឲ្យដឹងថា កតិកាសញ្ញាសកលនេះ មានដាក់ចុះនូវកម្មវត្ថុចំនួន២៣ចំណុច។ ជារួម គឺកតិកាសញ្ញានេះ ប្រៀបបានដូចជាសៀវភៅណែនាំ ការអនុវត្តន៍មួយដ៏ត្រឹមត្រូវ ដើម្បីគាំព៌ា ការពារ និងដោះស្រាយ បញ្ហាអន្តោប្រវេសន៍របស់សកលលោក។

កតិកាសញ្ញានេះ មានចែងរំលឹកឡើងវិញ​ដល់ប្រទេសហត្ថលេខីទាំងអស់ អំពីគោលការណ៍​គ្រិះ​ធំ នៃការគោរពសិទ្ធិមនុស្ស និងសិទ្ធិកុមារ។ បន្ថែមពីនេះ អត្ថបទនេះ កំណត់យ៉ាងទូលំទូលាយ អំពីវិស័យ ឬបញ្ហានានា ដែលជាប់ពាក់ព័​ន្ធ នៅជុំវិញ និងបញ្ហាអន្តោប្រវេសន៍ តួយ៉ាង  ដូចជាការគ្រប់គ្រងទិនន្ន័យរួមស្តីពីជនអន្តោប្រវេសន៍  ដើម្បីអាចងាយ​យល់អំពីប្រភពនៃបញ្ហា អំពីគោលដៅនៃការធ្វើដំណើរ កំរិតនៃចំនួនលំហូរជាដើម។

បន្ទាប់មកទៀត កតិកាសញ្ញានេះ​ក៏មានកំណត់អំពីកម្មវត្ថុធំៗ ទាក់ទិននឹងការរៀបចំទទួលជនអន្តោប្រវេសន៍ មិនថានៅតាមប្រទេសជាគោលដៅចុងក្រោយ ឬនៅតាមប្រទេស​ឆ្លងកាត់ រហូតដល់កម្មវត្ថុ នូវការផ្តល់ជូននូវសេវាសង្គម ដូចជាផ្នែកសុខភាព​ ជួយ​ផ្តល់​ប្រឹក្សាច្បាប់ជាដើម ឲ្យដល់ជនអន្តោប្រវេសន៍ម្នាក់ៗ។

មិនមានតំលៃចាប់បង្ខំ

ចំណុច ឬកម្មវត្ថុទាំងអស់នេះ ពីមុនមក មិនមានអ្វីកំណត់ ឲ្យមានជាលក្ខណៈបទដ្ឋានរួម ទូទាំងសកលលោកទេ។ ក៏ប៉ុន្តែ គួរបញ្ជាក់ដែរថា អត្ថបទកតិកាសញ្ញាសកលនេះ មិនមានតំលៃចាប់បង្ខំទេ។ ពោលគឺប្រទេសហត្ថលេខីទាំងអស់ គ្មានកាតព្វកិច្ចគោរពទេ។ ក៏ប៉ុន្តែ វាជាការគូសវាសផ្លូវដើររួមមួយ​ ដែលប្រទេស​ទាំងអស់ បានព្រមព្រៀងគ្នា ដាក់ចុះ និងសរសេរវាឡើង នៅក្នុងកតិកាសញ្ញានេះ។

តែយ៉ាងណាក៏ដោយ ក៏មិនមែនមានន័យថា អត្ថបទកតិកាសញ្ញានេះ ល្អឥតខ្ចោះដែរ។ យ៉ាងណាមិញ អង្គការសិទ្ធិមនុស្សមួយចំនួន បានសំដែងការខកបំណងខ្លះដែរ ចំពោះកតិកាសញ្ញានេះ ដែលបានកំណត់ថា អាជ្ញាធរប្រទេសនីមួយៗ អាចសម្រេចឃុំខ្លួនបណ្តោះអាសន្ន កុមារដែលជាជនអន្តោប្រវេសន៍បាន បើសិនជាគ្មានជំរើសណាផ្សេងទៀត។ អង្គការសង្គមស៊ីវីល បានអំពាវនាវ ឲ្យមានការកែប្រែ ដើម្បីហាមឃាត់ទាំងស្រុង​តែម្តង នូវការឃុំខ្លួនជនអន្តោប្រវេសន៍ជាកុមារ។ តែយ៉ាងណាក៏ដោយ ក្រុមការងារចរចា បានលើកឡើងថា គោលការណ៍នៃការចរចា គឺស្ថិតលើការព្រមព្រៀង ស្រុះស្រួលគ្នាទាំងអស់គ្នា។ ចំណែកបញ្ហាឃុំឃាំងជនអន្តោប្រវេសន៍ជាអនីតិជននេះ គឺប្រទេសគ្រប់ភាគី ភាគច្រើន មិនព្រមឲ្យហាមឃាត់ទាំងស្រុងនោះទេ។

ផ្លូវដើររួម ប្រកបដោយសាមគ្គីភាព

លោកស្រី តំណាងអគ្គលេខាធិការទទួលបន្ទុកអន្តោប្រវេសន៍ របស់អង្គការសហប្រជាជាតិ​ បានសម្តែងសុទិដ្ឋិនិយមថា ទោះបីអត្ថបទកតិកាសញ្ញាសកលនេះ មិនមានតំលៃចាប់បង្ខំ ហើយវាមិនល្អឥតខ្ចោះ ដូចដែលភាគីមួយចំនួនចង់បានក៏ដោយ តែយ៉ាងណា វាជា​ការបង្ហាញនូវការសាមគ្គី ការតម្រង់ទិសដៅរួមគ្នា ដែលសកលលោក ត្រូវដោះស្រាយ យកចិត្តទុកដាក់។

ជាមួយនឹងកតិកាសញ្ញាសកលនេះ ប្រទេសទាំងអស់ នឹងមានចំណងទទួលខុសត្រូវរួមគ្នា​ សន្យានឹងគ្នាទៅវិញទៅមក ដើម្បីសហការគ្នា កាត់បន្ថយរឿងរ៉ាងសោកនាដកម្ម ដែលកើតឡើងទៅលើជនអន្តោប្រវេសន៍ ជាក់ស្តែង ដូចជាការប្រយុទ្ធប្រឆាំង និងការជួញដូរជនភៀសខ្លួននៅប្រទេសលីប៊ី ក៏ដូចជាគ្រោះថ្នាក់លិចទូក កណ្តាលសមុទ្រ ដែលបានផ្តាច់សង្ខារជនអន្តោប្រវេសន៍ប្រមាណ៦០ម៉ឺននាក់ តាំងពីឆ្នាំ២០០០មក ជាដើម។

វិបត្តិជនអន្តោប្រវេសន៍នេះ បានបង្កជាបញ្ហា ជាការឈ្លោះគ្នា យករួចខ្លួន រៀងៗខ្លួន ដូចយើងឃើញហើយ ជាមួយនឹងគោលនយោបាយបិទទ្វារ ចង់សង់ជញ្ជាំង របស់លោក​ដូណាល់ ត្រាំ ឬក៏ការបែកបាក់ នៅអឺរ៉ុបជាដើម។ ប្រទេសមួយចំនួន ដែលប្រឈមមុខខ្លាំងនឹងបញ្ហានេះ បានកើតទៅជាទឹកចិត្តខឹងសំបារ ឬមានស្មារតីភ័យខ្លាច មិនចង់ដោះស្រាយ។

ក៏ប៉ុន្តែជាមួយនឹងការចរចារួមគ្នា ដើម្បីតាក់តែងកតិកាសញ្ញានេះ វាបានបង្ហាញថា ពិភពលោក​ទាំងមូល លើកលែងតែអាមេរិកមួយចេញ គឺគេបានរួមគ្នាចង់ដោះស្រាយទាំង​អស់គ្នា ព្រោះគេយល់ថា បញ្ហាអន្តោប្រវេសន៍នេះ ជាបញ្ហាសកល ដែលត្រូវតែឆ្លងកាត់ដំណោះស្រាយសកលដែរ។ គ្មានប្រទេសណាមួយអាចគេចផុតទេ។

អន្តោប្រវេសន៍ មិនអាក្រក់រហូតនោះទេ!

កតិកាសញ្ញានេះ នឹងក្លាយជាអត្ថបទគោល ប្រាប់ទៅប្រទេសទាំងអស់ឲ្យយល់ដឹង ថា អន្តោប្រវេសន៍ពេលខ្លះ មិនជះផលអាក្រក់ទេ តែគឺជាចំណុចល្អទៅវិញទេ បើសិនជាយើងចេះគ្រប់គ្រង ចេះរៀបចំឲ្យបានត្រឹមត្រូវ។ យ៉ាងណាមិញ លោក Antonio Guterres អគ្គលេខធិការអង្គការសហប្រជាជាតិ បានលើកឡើងថា អន្តោប្រវេសន៍ គឺជាកំលាំងចលករដ៏សំខាន់​ ក្នុងការជំរុញសេដ្ឋកិច្ចសកល។ ក្នុងចំណោមប្រជាជនសកលលោក ជនអន្តោប្រវេសន៍មានចំនួនប្រមាណ៣,៤%​ ពោលគឺប្រមាណ២៥៨លាននាក់ ដែលបានចូលរូម ប្រមូលប្រាក់ចំណូលដុលសរុប ប្រហែល១០% របស់សកលលោកយើង។

លោកស្រី Louise Arbour បានលើកឡើងថា ការបំលាស់ទី ការធ្វើចំណាកស្រុក ការធ្វើអន្តោប្រវេសន៍របស់ប្រជាជនសកលលោកយើង គឺជារឿងដែលត្រូវតែកើតមាន មិនអាចចៀសបានទេ។ បើសិនជាយើងចេះរៀបចំ ចេះសហការ សម្របសម្រួល នឹងផ្តល់ឱកាស ឲ្យគ្នាទៅវិញទៅមក អន្តោប្រវេសន៍ នឹងក្លាយជាប្រភពនៃការរីកចំរើន ដ៏មានប្រសិទ្ធិភាព ដែលយើងមិនអាចប្រកែកបាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ