អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

មហាសន្និបាត​អង្គការ​សហប្រជាជាតិ ​បើក​សម្ភោធ​ជាមួយ​នឹង​រឿង​ឈឺក្បាល​ច្រើន​សំណុំ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃចន្ទ ​ទី១៨ ​កញ្ញា​នេះ ​អង្គការ​សហប្រជាជាតិ​ នឹង​ចាប់​ផ្តើម​បើក​មហា​សន្និបាត​ប្រចាំ​ឆ្នាំ​របស់​ខ្លួន។ សម្រាប់​លោក ​អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិ​ថ្មី ​អង់តូនីញ៉ូ​ ហ្គុតទែហ្ស ​ក៏​ដូចជា​លោក ​ប្រធានាធិបតី​អាមេរិក ​ដូណាល់ ត្រាំ ​និង​លោក​ប្រធានាធិបតី​បារាំង​ ​អេម៉ានុយអែល ​ម៉ាក្រា ​មហា​សន្និបាត​នៃ​អង្គការ​កំពូល​នេះ​ គឺ​ជា​លើក​ទីមួយ​ហើយ ​សម្រាប់​ថ្នាក់ដឹក​នាំ​ទាំង​៣។ មាន​សំណុំ​រឿង​ស្មុគស្មាញ​ជា​ច្រើន ​ដែល​កំពុង​រងចាំ​ការ​ពិភាក្សា​គ្នា ​និង​បង្ហាញ​​គោលជំហរ​ មាន​ដូច​ជា​វិបត្តិនៅ​ដើម​បូព៌ា ​វិបត្តិ​នុយក្លេអ៊ែរ​កូរ៉េ​ខាងត្បូង ​និង​ចុងក្រោយ​បំផុត​ គឺ​គំរោង​ធ្វើ​កំណែទម្រង់​នៃ​អង្គការ​សហប្រជាជាតិ​ ផ្ទាល់​តែ​ម្តង។

មហាសន្និបាទអង្គការសហប្រជាជាតិ
មហាសន្និបាទអង្គការសហប្រជាជាតិ REUTERS/Joe Penney
ផ្សាយពាណិជ្ជកម្ម

លើកទីមួយសម្រាប់លោកហ្គុតទែហ្ស លោកម៉ាក្រុង និងលោកត្រាំ

មហាសន្និបាត​នៃ​អង្គការ​សហប្រជាជាតិ​លើក​នេះ ​គឺ​ជា​បទ​ពិសោធន៍​លើក​ទីមួយ​ហើយ ​សម្រាប់​មេដឹកនាំ​ធំៗ​បីរូប​ គឺ​លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ផ្ទាល់ ​លោក​ដូណាល់ ​ត្រាំ ​និង​លោក​អេម៉ានុយអែល​ ម៉ាក្រុង។ ថ្នាក់​ដឹកនាំ​ថ្មី​ទាំង​បី​រូប​នេះ​ ត្រូវ​តែ​ធ្វើ​យ៉ាងណា ​យក​ឱកាស​នេះ ​ដើម្បី​បង្ហាញ​ពី​គោល​ជំហរ​ ព្រម​ទាំង​អូស​ទាញ​ប្រទេស​សមាជិក​ អង្គការ​សហ​ប្រជាជាតិ​ទាំងអស់ ​ឲ្យ​គាំទ្រ​នូវ​គោល​គំនិត​ទស្សន​វិស័យ​រួម​របស់​ខ្លួន​ ដើម្បី​ស្ថិរភាព​ពិភពលោក​ទាំងមូល។

លោក​អេម៉ានុយអែល ​ម៉ាក្រុង​ ក្នុងនាម​ប្រធានាធិបតី​បារាំង​ មិនមែន​តំណាង​តែ​បារាំង​មួយ​ទេ​ចាប់​ពី​ពេល​នេះ​ទៅ ​គឺ​តំណាង​ឲ្យ​សហភាព​អឺរ៉ុប​ទាំង​មូល​តែ​ម្តង។ ព្រោះថា​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​ បន្ទាប់​ពី​អង់គ្លេស​ចេញ​ពី​សហភាព​អឺរ៉ុប​ជា​ស្ថាពរ ​នោះគឺ​នៅសល់​តែ​បារាំង​មួយ​គត់​ ដែល​ជា​សមាជិក​អឺរ៉ុប​ ហើយ​មាន​កៅអី​ ​និង​សិទ្ធិ​វេតូ​ ក្នុង​ក្រុម​ប្រឹក្សា​សន្តិសុខ។ នេះ​គឺ​ជា​ការ​ទទួល​ខុសត្រូវ​ខ្ពស់​ណាស់ ​សម្រាប់​បារាំង។ ជាង​នេះ​ទៅទៀត ​លោក​ម៉ាក្រុង ​ក៏មាន​បំណង ​ធ្វើឲ្យ​បារាំង ​មាន​ទួនាទី​ធំ​ដុំ​ឡើង​វិញ​ នៅក្នុង​សំណុំរឿង​អន្តរជាតិ​ទាំង​ឡាយ ​ មិន​ត្រូវ​ស្ងាត់​ស្ងៀម ​ចាំ​ស្តាប់​តែ​​គេ​អូស​ទាញ ​ដូច​ប៉ុន្មាន​ឆ្នាំ​មុន​ទេ។

សម្រាប់​លោក​អង់តូនីញ៉ូ ​ ហ្គុតទែហ្ស​វិញ​ គឺ​​ថា​ឱកាស​នេះ ​វា​ហួស​ពី​សំខាន់​ទៅទៀត ​ក្នុង​នាម​លោក​ជា​អគ្គលេខាធិការ​អង្គការ​កំពូល​នេះ។ លោក​ត្រូវ​តែ​យក​ឱកាស​នេះ ​ដើម្បី​បង្ហាញ​ពី​ភាព​ជា​អ្នក​ដឹក​នាំ​របស់​លោក ​ព្រមទាំង​ត្រី​វិស័យ​ក្នុង​ការ​ដឹកនាំ​អង្គការ​នេះ ​ឲ្យកាន់​តែ​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់។ លោក​ ហ្គុតទែហ្ស ​ហួស​ពី​ដឹង​ទៅទៀត ​ថា​ អង្គការ​សហ​ប្រជាជាតិ ​ត្រូវ​គេ​រិះគន់​ច្រើន​ណាស់ ​ហើយ​អ្នក​ដែល​ចេញ​​មុខស្រែក​រិះគន់​ខ្លាំងៗ​ជាង​គេ​នោះ គឺ​លោក​ដូណាល់ ត្រាំ​ តែ​ម្តង។

លោក​ដូណាល់ ត្រាំ​រិះគន់​មក​លើ​អង្គការ​សហប្រជាជាតិ ​មិន​ដែល​តម​មាត់​ទេ ​ ​ តាំងតែ​ពី​ក្នុង​កំឡុង​ពេល​ឃោសនា​បោះឆ្នោត​ម្លេះ។ គាត់​ធ្លាប់​បាន​និយាយ​ថា ​នៅ​អង្គការ​សហ​ប្រជាជាតិ​ជា​កន្លែង​ស្រណុក ​ដេក​ស្រួល ​ស៊ី​ស្រួល​ណាស់ ​គ្មាន​ធ្វើអ្វី​ឲ្យ​បាន​ជា​កើត​ការ​ទេ។ ឥឡូវ​ពេល​ ពេល​នេះ ​លោក​ដូណាល់ ​ត្រាំ​ ត្រូវ​ប្រឈម​មុខ​ និង​មហាសន្និបាទតនៃ​អង្គការ ​ដែល​ខ្លួន​ធ្លាប់​បាន​និយាយ​រិះគន់។

ចំពោះ​ដំណើរការ​ទូទៅ ​នៃ​មហាសន្និបាទ​នេះ​វិញ ​គឺ​ថា ​ចាប់​ពី​ថ្ងៃ​អង្គការ​ស្អែកទៅ ​ទើប​ប្រទេស​សមាជិក​​ទាំង​១៩៤​ប្រទេស ​នឹង​ធ្វើ​សេចក្តី​ថ្លែង​ការ​ម្តង​ម្នាក់ៗ ​ក្នុង​រយៈពេល​១​សប្តាហ៍។ ហើយ​ចុង​ក្រោយ ​នឹង​មាន​ការ​ធ្វើ​សេចក្តី​ថ្លែង​ការ​រួម ​នៃ​អង្គ​មហាសន្និបាត​ទាំង​មូល​តែ​ម្តង។ ក្រៅ​ពី​នេះ ​គឺ​មាន​ជំនួប​ទ្វេរ​ភាគី ​រវាង​ថ្នាក់​ដឹកនាំ​នានា ​ដើម្បី​និយាយ​គ្នា​ពី​សំណុំ​រឿង​ផ្សេងៗ។ តែ​នៅ​ថ្ងៃ​ចាប់​ផ្តើម ​គឺ​ថ្ងៃ​ចន្ទ​នេះ​តែ​ម្តង ​វេលា​ម៉ោង​២​រសៀល ​នឹង​មាន​ពិធី​មួយ ​ដែល​លោក​ដូណាល់ត្រាំ ​ប្រធានាធិបតី​អាមេរិក​ ធ្វើ​ជា​អធិបតី។ លោក​ដូណាល់ ត្រាំ ​និង​ត្រូវ​ថ្លែងសារ​បើក​កម្មវិធី​ បន្ទាប់​មក​លោកស្រី​ទូត​អាមេរិក ​ប្រចាំ​អង្គការ​សហ​ប្រជាជាតិ ​មុន​នឹង​បិទ​បញ្ចប់​ដោយ​សន្ទរកថា​របស់​លោក ​អង់តូនីញ៉ូ ហ្គុតទែហ្ស។

កាត់​បន្ថយ​ថវិកា​ចំណាយ ​របស់​អង្គការ​សហប្រជាជាតិ

លោក​ដូណាល់ ត្រាំ ​ដែលធ្លាប់​តែ​រិះគន់​អង្គការ​សហប្រជាជាតិ​នោះ ​មាន​គំរោង​ថា​នឹង​ស្នើ​ផែនការ​កំណែទម្រង់​មួយ ​ទៅ​អង្គការ​នេះ ​នៅ​ក្នុង​ឱកាស​មហាសន្និបាតនេះ។ រដ្ឋាភិបាល​លោក​ដូណាល់​ ត្រាំ ​អះអាង​ថា ​គម្រោង​គេ ​គឺ​ការ​កាត់​បន្ថយ​ថវិកា​ចំណាយ ​ឲ្យ​បាន​ច្រើន។ លោក​ត្រាំ ​ចង់ឲ្យ​អង្គការ​សហប្រជាជាតិ​ ធ្វើ​ការ​ឲ្យ​រហ័ស ​មាន​ប្រសិទ្ធិ​ភាព ​តែ​ត្រូវ​តែ​ចំណាយ​ប្រាក់​តិច​បំផុត។ ផែនការ​លោក​ដូណាល់ ត្រាំ ​គឺ​នឹង​កាត់​បន្ថយ​ថវិកា​ចំណាយ ​នៅក្នុង​បេសកម្ម​រក្សា​សន្តិភាព​ របស់​អង្គការ​សហប្រជាជាតិ ​ព្រម​ទាំង​កាត់​បន្ថយ​ថវិកា​ចំណាយ​ក្នុង​ដំណើរការ​ទូទៅ​នៃ​អង្គការ​នេះ។

ផែនការ​កំណែ​ទម្រង់​ដែល​សំដៅ​តែ​ក្នុង​បញ្ហា​ថវិកា​នេះ ​ត្រូវ​បាន​គេ​រិះគន់​ច្រើន​ណាស់ ​ជា​ពិសេស​ពី​សំណាក់​បារាំង។ ទីមួយ​បើ​គ្មាន​ប្រាក់ ​គឺ​គេនឹង​បង្ខំ​ចិត្ត ​កាត់​បន្ថយ​ចំនួន​បេសកកម្ម ។ ទីពីរ ​បេសកកម្ម​នឹង ​លែង​មាន​ប្រសិទ្ធិភាព​ ឆ្លើយតប​ទៅ​នឹង​ស្ថានភាព​ជាក់ស្តែង ​ដោយសារ​តែ​គ្មាន​ប្រាក់​ចំណាយ​គ្រប់គ្រាន់។ ជាក់ស្តែង ​បេសកកម្ម​របស់​ឧត្តម​ស្នងការ​ ទទួល​បន្ទុក​ជន​ភៀសខ្លួ​ន ​នឹង​លែង​អាច​ដំណើរ​បាន​ទៀត​ហើយ​ បើសិន​ជា​គេ​កាត់​ថវិកា​រួម​ ដល់​ទៅ​ពាក់​កណ្តាល។ ជារួម ​គឺ​លោកត្រាំ ​គិត​ធ្វើ​យ៉ាងណា ​ចំណាយ​ប្រាក់​ឲ្យ​តិច ​ដោយ​មិន​ខ្វល់​ថា​ចាំ​បាច់​ឬ​មិន​ចាំបាច់​ទេ។ ចំណុច​នេះគឺ​វា​ផ្ទុយ​ពី​គោលការណ៍​គ្រិះ​នៃ​អង្គការ​កំពូល​នេះ ​ដែល​ផ្តោត​ចំបង​ លើ​ការ​រក្សា​សន្តិភាព ​មិនមិន​លើ​ចំនួន​ទឹកប្រាក់​ដែល​ត្រូវ​ចំណាយ​ទេ។

ចំណែក​លោក ​អង់តូនីញ៉ូ ​ហ្គុតទែហ្ស​វិញ ​ មាន​គំរោង​ធ្វើ​កំណែ​ទម្រង់​ដែរ​ តែ​ផ្តោត​សំខាន់ ​ទៅ​លើ​ការ​ចំណាយ ​ក្នុង​ដំណើរការ​ទូទៅ ​នៃ​អង្គការ​នេះ ​មិនមែន ​ទៅលើ​ការ​ចំណាយ ​ក្នុង​បេសកកម្ម​រក្សា​សន្តិភាព​ទេ។ និយាយ​រួម​ គឺ​សន្សំ​សំចៃ ​ចាយ​លុយ​ឲ្យ​ត្រូវ ​តែមិន​ត្រូវ​ធ្វើ​ឲ្យ​ខូច​ដល់​ប្រសិទ្ធិភាព​​ នៃ​បេសកកម្ម​រក្សា​សន្តិភាព​ឡើយ។​ ហើយ​បើ​តាម​ការ​ឲ្យដឹង​ លោក​ហ្គុតទែហ្ស ​ក៏​មាន​បំណង​ចង់​ឲ្យ​ ថវិកា​ចំណាយ​ក្នុង​ដំណើរ​ការ​ទូទៅ ​​ត្រូវ​សម្រេច​អនុម័ត​១ឆ្នាំម្តង​ មិនមែន​២ឆ្នាំ​ម្តង​ដូច​បច្ចុប្បន្ន​នេះ​ទេ។ ហើយ​គំរោង​ចំណាយ ​ត្រូវតែ​ចុះ​ក្នុង​ឯកសារ​តែមួយ ​មិនមែន​រាយប៉ាយ ​ច្រើន​ឯកសារ​ដូច​រាល់​ថ្ងៃ​នេះ ​ដែល​បង្ក​ជា​ការ​ស្មុញស្មាញ​ដល់​ការ​គ្រប់គ្រង​ខ្ទង់​ចំណាយ។

តែយ៉ាងណា ​មន្ត្រី​មួយ​ចំនួ​ន បាន​លើក​ឡើង​ថា​ គំរោង​កំណែ​ទម្រង់​ របស់​លោក ​ហ្គុតទែហ្ស ​មិន​ខុស​គ្នាណា​ប៉ុន្មាន​ ពី​គំរោង​របស់​លោក​ដូណាល់ ត្រាំ​ទេ។​ យ៉ាង​ណា​មិញ​ លោកស្រី​ នីគី ហាកឡី ​អគ្គ​រដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការ​សហ​ប្រជាជាតិ​បាន​និយាយ​ថា ​មាន​ប្រទេស​ច្រើន​ណាស់ ​ដែល​បាន​ចុះ​ហត្ថលេខា ​គាំទ្រ​គំរោង​របស់​រដ្ឋាភិបាល​អាមេរិក។ គេ​កំពុង​តែ​រងចាំ ​តាមដាន​អំពី​គោល​ជំហរ​របស់​រុស្ស៊ី ​និង​គោល​ជំហរ​របស់​ចិន ​ទាក់ទិន​ទៅនឹង​ផែនការ​កំណែ​ទម្រង់​ទាំងពីរ​នេះ។

ស៊ីរី ​កូរ៉េ​ខាង​ជើង ​អ៊ីរ៉ង់ ​អាកាសធាតុ​…សុទ្ធតែ​បញ្ហា!

ផ្តើម​ដំបូង​និយាយ​ពី​គោល​ជំហរ​រួម​របស់​បារាំង ​គឺ​លោក​ម៉ាក្រុង​ មាន​ចេតនា​យក​ឱកាស​នេះ ​ដើម្បី​ផ្សព្វផ្សាយ​ពី​ទស្សនវិស័យ​របស់​បារាំង ​ដែល​ចង់​ឃើញ​ពិភពលោក​យើង​ រួមគ្នា​ការពារ​លើក​ស្ទួយ ​“ទ្រព្យ​សម្បត្តិរួម​របស់​មនុស្សជាតិ”។ ទ្រព្យ​សម្បតិ្ត​រួម​របស់​មនុស្សជាតិ ​ដែល​បារាំង​ចង់​សំដៅ​នោះ ​គឺ​លទ្ធិ​ប្រជាធិបតេយ្យ ​សិទ្ធិ​សេរីភាព​ ព្រមទាំង​ការ​ថែ​រក្សា​ការពារ​ភពផែន​ដី​​ ធនធាន​បរិស្ថាន​ធម្មជាតិ​នេះ​តែម្តង។ មាន​ប្រទេស​ជាជ្រើន ​ដែល​គាំទ្រ ​ការ​ផ្តួចផ្តើម​របស់​បារាំង ​ហើយ​គេ​សង្ឃឹម​ថា ​លោក​ប្រធានាធិបតី​វ័យ​ក្មេង​របស់​បារាំង​ អាចនឹង​បញ្ចុះបញ្ជូល​លោក​ដូណាល់ ត្រាំ​បាន​ទៅ​ចុះ។

ទាក់ទិន​នឹង​សំណុំរឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ លោក​ដូណាល់ត្រាំ ​និង​លោក​ម៉ាក្រុង ​នឹងជួប​មួយទល់​នឹង​មួយ ​ជាមួយ​លោក​ហាសាន់ រ៉ូហានី ​ប្រធានាធិបតី​អ៊ីរ៉ង់។ បារាំង ​និង​អាមេរិក​ មាន​ជំហរ​ខុសគ្នា ​ជុំវិញ​សំណុំ​រឿង​អ៊ីរ៉ង់​នេះ។ លោកត្រាំ ​នៅតែ​រឹង​ទទឹង​ មិន​ចង់​ដក​ទណ្ឌកម្ម​ចេញពី​អ៊ីរ៉ង់ទេ​ ដោយ​ចោទ​អ៊ីរ៉ង់​ថា ​មិន​បាន​គោរព​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ។ តែ​ចំណែក​បារាំង​ ក៏ដូច​ជា​ប្រទេស​៤ផ្សេង​ទៀត ​ដែល​ជា​ភាគី​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​នេះ ​គឺ​បន្ត​ជំរុញ​លើក​ទឹកចិត្ត​អ៊ីរ៉ង់​ ខុសពី​លោក​ត្រាំ ​ដែល​បន្ត​គំរាម។

ដោយឡែក​សំរាប់​សំណុំ​រឿង​នុយក្លេអ៊ែរ​កូរ៉េ​ខាង​ជើង ​គឺ​គេនឹង​ឈរ​លើ​ការ​ដាក់​ទណ្ឌកម្ម​ដដែល។ កាលពី​​សប្តាហ៍​មុន​ អាមេរិក​ បាន​ស្នើ​ឲ្យ​​​បិទ​ មិនឲ្យ​នាំចូល​ទាំង​ស្រុង ​នូវ​ប្រេង​ឥទ្ធនៈ​ និង​ឧស្ម័ន​ធម្មជាតិ ​ទៅឲ្យ​កូរ៉េ​ខាង​ជើង។ តែ​ចុងក្រោយ​ ក្រុម​ប្រឹក្សា​សន្តិសុខ ​បាន​សម្រេច ​កាត់​បន្ថយ​ការនាំចូល ​ដោយ​មិន​បិទ​ទាំង​ស្រុង​ទេ។ ហើយ​បើ​តាម​ការ​គ្រោងទុក​ ក្រុម​ប្រឹក្សា​សន្តិសុខ ​នឹង​ជួប​ប្រជុំ​គ្នា​ម្តងទៀត ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ខាង​មុខនេះ។

ចុងក្រោយ​បង្អស់​ ​គឺ​សំណុំ​រឿង​ស៊ីរី ​ដែល​សំខាន់ ​នឹង​បន្ទាន់​បំផុត។ ៦ឆ្នាំ​ហើយ​ដែល​សង្រ្គាម​បាន​ផ្ទុះ​ឡើង ​ហើយ​ដែល​អង្គការ​សហប្រជាជាតិ ​មិន​អាច​ធ្វើ​អ្វី​បាន​ទាំង​អស់ ​ក្រៅពី​ឱបដៃ​មើល​ទាំង​អស់​សង្ឃឹម។ តាម​ការ​ឲ្យដឹង ​ផែនការ​ថ្មី​ គឺ​គេ​នឹង​បង្កើត​ក្រុម​ការងារ​ពិសេស​មួយ ​ដោយ​មាន​ការ​ចូលរួម​ ​ពីប្រទេស​មហា​អំណាច​ទាំង​៥។ រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​នៃ​ប្រទេស​ទាំង​៥នេះ ​នឹង​បើក​ការ​ប្រជុំ​នៅ​ថ្ងៃ​ពុធ។

មន្ត្រី​ទូត​បារាំង​មួយ​ចំនួន​ បាន​លើកឡើង​ថា ​ក្រុម​ការងារ​ពិសេស​នេះ ​នឹង​អនុញ្ញាត​ឲ្យ​គេ​អាច​ដោះដូរ​យោបល់ ​ហើយ​ឈាន​ទៅ​និយាយ​គ្នានៅ​ហ្សឺណែវ​ អំពី​គម្រោង​ផែនការ​សន្តិសភាព​ ដំណោះ​ស្រាយ​នយោបាយ ​សម្រាប់​ស៊ីរី។ តាម​ពិត​ទៅ ​គំនិត​ដំបូង​នោះ​ គឺ​គេ​បាន ​សំណូម​ពរ ​ឲ្យរាប់​បញ្ជូល​ទាំង​ប្រទេស​មួយ​ចំនួន​នៅ​ជាប់​ស៊ីរី ​ទៅក្នុង​ក្រុម​ការងារ​នេះ​ផង​ ដូចជា​តួកគី​ ហ្សកដានី ​អារ៉ាប៊ីសាអូឌីត ​និង​អ៊ីរ៉ង់​ជា​ដើម។ ក៏​ប៉ុន្តែ​អាមេរិក​ បាន​ប្រឆាំង​ដាច់​ខាត​នឹង​ គម្រោង​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ