អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សន្និសីទ​អន្តរជាតិ​ស្តីពី​ជំងឺ​ស៊ីដា ក្រោម​បរិបទ​ព្រួយ​បារម្ភ ពី​បញ្ហា​កង្វះ​ថវិកា

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃទី២៣​ កក្កដា​នេះ ​សន្និសីទ​អន្តរជាតិ​ប្រចាំឆ្នាំ​ ស្តីពី​ជំងឺ​ស៊ីដា ​ឬ​ជំងឺ​អេដស៍ ​បាន​ចាប់​ផ្តើម​បើក​ទ្វារ​នៅ​ទីក្រុង​ប៉ារីស ​ប្រទេស​បារាំង។ សន្និសីទ​ប្រចាំ​ឆ្នាំ​នេះ ​មាន​ការ​ចូលរួម​ពី​អ្នក​ជំនាញ​ស្រាវជ្រាវ​វិជ្ជសាស្ត្រ ​ក៏ដូច​ជា​ជា​មន្ត្រី​អង្គការ​អន្តរជាតិ​នានា ​ប្រមាណ​ជា​៦ពាន់​នាក់ ​ដើម្បី​ប្រជុំ​ពិភាក្សា ​ដោះដូរ​យោបល់​គ្នា​ អំពី​ការ​វិវឌ្ឍន៍​នៃ​ការ​ស្រាវជ្រាវ ​ឈាន​ទៅ​លប់​បំបាត់​មេ​រោគ​អេដស៍ ​ដ៏​កាច​សាហាវ​នេះ។ ប៉ុន្តែ ​នៅ​ថ្ងៃ​ចាប់​ផ្តើម​​ដំបូង​នេះ ​អង្គ​សន្និសីទ​ទាំងមូល​ បាន​បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ​​ដ៏ធំ​មួយ​ស្រេច​ទៅ​ហើយ​ គឺ​ទាក់ទិន​ទៅនឹង​បញ្ហា​កង្វះ​ថវិកា ​ដើម្បី​បំរើ​ឲ្យ​ដំណើរ​ការ​ស្រាវជ្រាវ​ ក៏ដូច​ជា​ការ​ផ្តល់ថ្នាំ​គ្រាប់​ ទប់​មេរោគ​អេដស៍ ​ឲ្យ​ដល់​អ្នក​ជំងឺ។

ស្រោមអនាម័យជាវិធីការពារ​ រីឯ​ថ្នាំគ្រាប់​ពន្យាជីវិត​ ​អាច​ទប់​មេរោគ មិន​ឲ្យ​ធ្វើ​សកម្មភាព
ស្រោមអនាម័យជាវិធីការពារ​ រីឯ​ថ្នាំគ្រាប់​ពន្យាជីវិត​ ​អាច​ទប់​មេរោគ មិន​ឲ្យ​ធ្វើ​សកម្មភាព AFP
ផ្សាយពាណិជ្ជកម្ម

អង្គសន្និសីទ​ បាន​ចេញ​នូវ​សេចក្តី​ប្រកាស​រួម​មួយ ​នៅ​ថ្ងៃនេះ ​ដោយបាន​​លើក​ឡើង​ពី​ការ​ព្រួយបារម្ភ​របស់​អ្នក​ជំនាញ​ មាន​អ្នក​ស្រាវជ្រាវ ​និង​អង្គការ​អន្តរជាតិ​នានា ​ស្តីពី​បញ្ហា​ថវិកា។ គេ​មិនអាច​ប្រយុទ្ធ​នឹង​មេរោគ​អេដស៍ ​ឲ្យ​វិនាស​សាបសូន្យ​បានទេ ​បើសិន​ជា​គ្មាន​ការ​ស្រាវជ្រាវ​វិជ្ជសាស្ត្រ ​ហើយ​គេ​មិន​អាច​ធ្វើការ​ស្រាវជ្រាវ​វិជ្ជសាស្ត្រ​បានទេ ​បើ​សិន​ជា​គ្មាន​ថវិកា​ចំណាយ ​ឲ្យ​បាន​ថិតថេរ។ នេះ​គឺ​ជា​ឃ្លា​ដ៏​សំខាន់ ​ចារ​ក្នុង​សេចក្តី​ប្រកាស​រួម​នៃ​អង្គសន្និ​សីទ។

លោក​ដូណាល់ ត្រាំ ​សម្រេច​កាត់បន្ថយ​វិភាគទាន​ជាង​១ពាន់​លាន​ដុល្លារ

បញ្ហា​កង្វះ​ថវិកា​នេះ​ គឺ​ដោយសារ​តែ​ប្រទេស ​ឬ​ស្ថាប័ន​ផ្តល់​ជំនួយ ​បាន​កាត់​បន្ថយ​ប្រាក់​វិភាគទាន​របស់​ខ្លួន។ បើទោះ​បី​ជា​អង្គ​សន្និសីទ​ មិន​បាន​លើកឡើង​ឲ្យ​ចំ​ឈ្មោះ ​តែ​គ្រប់គ្នា​ដឹង​យ៉ាង​ច្បាស់​ថា​ គេ​ចង់​សំដៅ​ទៅ​លើ​រដ្ឋាភិបាល​របស់​សហរដ្ឋ​អាមេរិក។

តាំងតែ​ពី​ដើម​រៀង​មក ​សហរដ្ឋ​អាមេរិក ​គឺ​ជា​ប្រទេស​ធំ​បំផុត ​ដែល​បាន​ផ្តល់​កញ្ចប់​ថវិកា​​ក្នុង​កំរិត​ខ្ពស់​ជាង​គេ​ ទាក់ទិន​ទៅនឹង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​អេដស៍​នេះ។ ថវិកា​សរុប​ ប្រមាណ​២ភាគ៣ ​គឺ​បាន​មក​ពី​​វិភាគ​ទាន​របស់​រដ្ឋាភិបាល​អាមេរិក។ ឆ្នាំ​២០១៦​កន្លង​ទៅ ​ សហរដ្ឋ​អាមេរិក​ បាន​ផ្តល់​ប្រាក់​ប្រមាណ​៤៩០០​លាន​ដុល្លារ ​ខណៈ​ដែល​អង់គ្លេស​បានផ្តល់​ជាង​៦០០​លាន​ដុល្លារ ​និង​បារាំង​ប្រមាណ​២៥០​លានដុល្លារ។

បន្តែ​សម្រាប់​ឆ្នាំ​ថ្មី ​២០១៨​ ខាង​មុខ​នេះ ​ រដ្ឋាភិបាល​ថ្មី​របស់​អាមេរិក​ ដឹកនាំ​ដោយ​លោក​ដូណាល់ ត្រាំ ​បាន​សម្រេច​កាត់​បន្ថយ​ថវិកា​ចំណាយ ​ក្នុង​យុទ្ធនាការ​កំចាត់​មេរោគ​អេដស៍​នេះ។ ជារួម​ អាមេរិក​នឹង​កាត់​បន្ថយ​ វិភាគទាន ​សរុប​ប្រមាណ​ជា​ជាង​១ពាន់​លាន​ដុល្លារ។ នេះ​បើ​តាម​តួលេខ​ផ្តល់​ឲ្យ​ដោយ​អង្គការ ​ Health Gap ​របស់​អាមេរិក។ បច្ចុប្បន្ន​ច្បាប់​ថវិកា​ឆ្នាំ​២០១៨​នេះ ​កំពុង​ស្ថិត​ក្នុង​ដៃ​សភា​ អាមេរិក​ដើម្បី​អនុម័ត​យល់​ព្រម។

ឆ្នាំ​២០១៦​កន្លង​ទៅ​ គេ​ប្រមូល​ថវិកា​បាន​១៩១០០​លាន​ដុល្លារ ​ដែល​ថវិកា​នេះ​មិន​ទាំង​គ្រប់​ទៅតាម​អ្វី​ដែល​​ចង់​បាន​ផង​ទេ។ តាម​ការ​ប៉ាន់​ប្រមាណ ​គេ​ត្រូវការ​យ៉ាង​ហោច​ណាស់ ​២៦០០០​លាន​ដុល្លារ​ ដើម្បី​សម្រេច​ឲ្យបាន​គោល​ដៅឆ្នាំ​២០២០​ ដែល​អង្គការ​សហ​ប្រជាជាតិ​ ចង់ឲ្យ​អ្នក​ផ្ទុក​មេរោគ​អេដស៍​៩០% ​បាន​ទទួល​ថ្នាំគ្រាប់​ទប់​មេរោគ។ ប៉ុន្តែ​ពេល​នេះ ​រដ្ឋាភិបាល​លោក​ដូណាល់ ត្រាំ ​បាន​សម្រេច​កាត់​បន្ថយ​ជាង​១ពាន់​លាន​ដុល្លារ​ថែមទៀត ​ដូច្នេះ​ថវិកា​ចំណាយ ​នឹង​កាន់​តែ​ថយ​ទៅៗ។

អ្នក​ផ្ទុក​មេរោគ​៨សែន​៣​ម៉ឺន​នាក់​ នឹងលែង​ទទួល​បាន​ថ្នាំ​គ្រាប់​ពន្យា​ជីវិត

សហរដ្ឋ​អាមេរិក​ និង​កាត់​បន្ថយ​ប្រាក់​វិភាគទាន​ ដែល​ចំណាយ​ទៅ​ឲ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ និង​ស្ថាប័ន​ស្រាវជ្រាវ​នានា ​ដែល​ធ្វើការ ​ក្នុង​យុទ្ធនាការ​កំចាត់​មេរោគ​អេដស៍។ ឧទាហរណ៍ ​ជាមួយ​នឹង​ច្បាប់​ថវិការ​ថ្មីរបស់​អាមេរិក​នេះ ​អង្គការ​ដ៏​ធំ​មួយ​ឈ្មោះ ​មូលនិធិ​ពិភពលោក​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ស៊ីដា ​ជំងឺ​របេង​និងជំងឺ​គ្រុន​ចាញ់ ​នឹង​ត្រូវ​អាមេរិក​កាត់​បន្ថយ​វិភាគ​ទាន​ចំនួន​១៧%។ មាន​ន័យ​ថា​ មូលនិធិ​នេះ ​នឹង​បាត់បង់​ថវិកា​ដល់ទៅ​ ២២២​លាន​ដុល្លារ​សម្រាប់​ឆ្នាំ​២០១៨។ ជា​រៀងរាល់​ឆ្នាំ​ មូលនិធិ​នេះ ​ទទួល​បាន​ថវិកា​ បាន​​មក​ពី​រដ្ឋាភិបាល​អាមេរិក​ ដល់ទៅ​១ភាគ​៣ ​នៃ​វិភាគ​ទាន​សរុប។ ដូច្នេះ ​បាត់បង់​១៧%​នៃ​ ១ភាគ៣​នេះ​ គឺ​ធ្ងន់ធ្ងរ​ខ្លាំង​ណាស់ ​ហើយ​អាច​ប៉ះពាល់ ​ទៅដល់​ការងារ​របស់​មូល​និធិ​ទាំង​មូល។

ឧទាហរណ៍​មួយទៀត ​គឺ​គម្រោង​កម្មវិធី​ Pepfar​ ដែល​ត្រូវ​បាន​ផ្តួចផ្តើម​គំនិត​ឡើង ​ក្នុង​អាណត្តិ​លោក​ ប៊ូស នៅ​ឆ្នាំ​២០០៣។ គម្រោងនេះ ​អនុញ្ញាត​ឲ្យ​អ្នក​ផ្ទុក​មេរោគ​អេដស៍ ​ចំនួន​១២​លាន​នាក់​ នៅ​ទូទាំង​ពិភពលោក ​​អាច​ទទួល​បាន​ថ្នាំគ្រាប់​ទប់​មេរោគ។ ក៏​ប៉ុន្តែ​បើ​សិន ​ជា​សហរដ្ឋ​អាមេរិក​ កាត់​បន្ថយ​ថវិកា​ក្នុង​គម្រោង​នេះ ​គឺមាន​ន័យ​ថា ​ ផល​ប៉ះពាល់ ​នឹង​មាន​ដោយ​ផ្ទាល់​ទៅ​លើអ្នក​ផ្ទុក​មេរោគ​អេដស៍​តែ​ម្តង។

លោកស្រី ​Linda-Gail Bekker​ ប្រធាន​សហគម​អន្តរជាតិ​ ប្រយុទ្ធ​នឹង​មេរោគ​អេដស៍ ​បាន​លើក​ឡើង​ថា ​កាត់​បន្ថយ​ថវិកា​របស់​អាមេរិក​នេះ ​គឺ​មិនមែន​ត្រឹមតែ​បន្ថយ​ល្បឿន ​នៃ​ការ​កាត់​បន្ថយ​អ្នក​ផ្ទុក​មេរោគ​អេដស៍​នោះទេ​ តែ​វា​អាច​នឹងធ្វើ​ឲ្យ​ស្ថានភាព​កាន់តែ​ធ្ងន់ធ្ងរ​ ដោយសារ​ចំនួន​អ្នក​ឆ្លង​មេរោគ ​អាច​កើន​ឡើង​ បើ​សិន​ជា​គ្មាន​យុទ្ធនាការ​ទប់​ស្កាត់ ​ឲ្យ​បាន​គ្រប់គ្រាន់។

ក្នុងន័យ​នេះ​ គឺមាន​ន័យ​ថា ​បើ​អាមេរិក​កាត់​បន្ថយ​ថវិកា​ជាង​១ពាន់​លាន​ដុល្លារ​ នោះ​អ្នក​ផ្ទុក​មេរោគអេដស៍​ប្រមាណ​ជា ​៨សែន​៣ម៉ឺន​នាក់​ នឹង​លែង​បាន​ទទួល​ថ្នាំ​គ្រាប់​ដើម្បី​ទប់​មេរោគ​នេះ។ នេះ​បើ​តាម​ការ​ប៉ាន់ប្រមាណ​របស់​អង្គការ ​ មូលនិធិ ​Kaiser ​Family។ បើតាម​តួលេខ​របស់​មូល​និធិ​ខាង​លើ ​ករណី​ឆ្លង​មេរោគ​ថ្មីបន្ថែម​ អាច​នឹង​កើនឡើង​ប្រមាណ​២សែន​ករណី។ យោង​តាម​តួលេខ​អង្គការ​សហប្រជាជាតិ ​ក្នុង​ចំនោម​អ្នក​ផ្ទុក​មេរោគ​អេដស៍​ប្រមាណ ​៣៦,៧​លាន​នាក់​ គឺមាន​ប្រមាណ​ជា​ជាង​១៩​លាន​នាក់ ​ដែល​បាន​ទទួល​ថ្នាំគ្រាប់​ពន្យា​ជីវិត។ ការ​ដែល​អ្នក​ផ្ទុក​មេរោគ ​មិនអាច​ទទួល​បាន​ថ្នាំគ្រាប់ ​ដើម្បី​ទប់​កុំ​ឲ្យ​មេរោគ​រីករាល​ដាលទៅ​ជា​ជំងឺ​ស៊ីដា ​ មានន័យ​ថា​អ្នក​ផ្ទុក​មេរោគ​នោះ ​នឹង​ក្លាយ​ជា​មុខ​សញ្ញា ​ចម្លង​មេរោគ​ទៅ​កាន់​អ្នក​ផ្សេង។

តើសង្ឃឹមទេ​ ថា​ថ្ងៃណា​មួយ ​មេរោគ​អេដស៍​ នឹង​វិនាស​ទាំង​ស្រុង?

អ្នក​ស្រាវជ្រាវ​នៅតែ​មាន​សង្ឃឹម ​បើទោះ​បី​ជា​ក្តី​សង្ឃឹម​នោះ​ នៅឆ្ងាយ​បន្តិច​មែន។ មេរោគ​អេដស៍ ​ជា​មេរោគ​ដ៏​កាច​សាហាវ ​និង​ក្លាំងក្លា​បំផុត។ ការ​កំចាត់​ចោល​ទាំងស្រុង ​មិនមែន​ជា​ការ​ងាយ​ទេ។ ដូច្នេះ​ហើយ ​បាន​ជា​គេ​ត្រូវការ​ឲ្យ​មាន​ការ​គាំទ្រ ​ក្នុង​ការ​ចំណាយ​ដើមទុន​ក្នុង​ការ​បណ្តុះបណ្តាល ​និង​ស្រាវជ្រាវ ​ឲ្យ​បានជា​ប្រចាំ​ជា​ដរាប។

មាន​ការ​ស្រាវជ្រាវ​ជាច្រើន ​ដើម្បី​សាកល្បង​ប្រើ​ថ្នាំ​វ៉ាក់សាំង ​តែ​មិន​បាន​ផល​ ដូចអ្វី​ដែល​គេ​សង្ឃឹម​ទេ។ បច្ចុប្បន្ន​នេះ ​វិធី​ព្យាបាល ​ដែល​ហុច​ផល​ល្អ​ជាងគេ​ គឺ​ ថ្នាំ​គ្រាប់​ បីមុខ ​លេប​ព្រម​គ្នា ​ដែល​ភាសា​បារាំង​ ហៅថា ​Les traitements antirétroviraux ។ ថ្នាំគ្រាប់​ ដែល​គេ​តែង​និយម​ហៅថា​ ថ្នាំ​ពន្យា​ជីវិត​នេះ ​មាន​ប្រសិទ្ធិភាព​ អាច​ទប់​មេរោគ​អេដស៍​ដែល​មាន​ក្នុង​កោសិកា ​ឲ្យស្ថិត​នៅ​ក្នុង​កម្រិត​ទាប​បំផុត។ អ្នក​ដែល​លេប​ថ្នាំគ្រាប់​នេះ ទៀងទាត់​ត្រឹមត្រូវ ​នឹង​ពុំមាន​មេរោគ​អេដស៍​ក្នុង​ឈាម​ទេ ​ហើយ​ក៏​មិន​ចំលង​ទៅ​អ្នក​ផ្សេង​ដែរ ​ភាសា​បច្ចេកទេស​គេ​ហៅថា​ Charge Viral Indétectable ។ មេរោគ​អេដស៍​មិន​ងាប់​ទេ ​តែ​វា​នៅ​សំងំ​ មិន​ធ្វើ​សកម្មភាព។ មេរោគ​នេះ ​វា​សំងំ​នៅក្នុង​កោសិកា​មួយ​ប្រភេទ​ហៅថា​កោសិកា​បំរុង​ (Cellules réservoires) ​T CD4+។

ចង់​កម្ចាត់​មេរោគ​អេដស៍​នេះ​ឲ្យវិនាស ​ពីក្នុង​ខ្លួន​មនុស្ស ​គឺ​ទាល់តែ​កម្ចាត់​កោសិកា​បំរុង​នេះ។ ត្រង់​នេះហើយ​ដែល​ជា​ការ​លំបាក​ ព្រោះថា​ក្នុង​ចំណោម​កោសិកា​បំរុង​ប្រភេទ​នេះ​មួយ​លាន ​គឺមាន​តែ​មួយ​ប៉ុណ្ណោះ ​ដែល​មាន​ផ្ទុក​មេរោគ​អេដស៍។ បច្ចុប្បន្ន ​អ្នក​ស្រាវជ្រាវ​នៃ​មណ្ឌល​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​បារាំង​ (CNRS) ​ កំពុង​ខិតខំ​រកវិធី​ ធ្វើ​យ៉ាងណា ​អាច​រាវរក​កោសិកា​បំរុង​ ប្រភេទ ​T CD4+​ដែល​មាន​ផ្ទុក​មេរោគ​អេដស៍ ​ដើម្បី​ឈាន​ទៅ​ចាប់​វា ​យក​មក​ម្ទេច​ចោល។

លទ្ធផល​នៃ​ការស្រាវជ្រាវ​ បាន​ផ្តល់​ក្តី​សង្ឃឹម​ខ្លះ​ហើយ។ ដូច្នេះ​ក្តី​សង្ឃឹម ​គឺមាន​មិន​អត់​ទេ!​ ថ្ងៃ​ណាមួយ ​មេរោគ​អេដស៍ ​និង​សាប​វិនាស​ផុតពូជ។ តែ​ទន្ទឹម​គ្នា​នេះ ​យើង​មិន​ត្រូវ​ធ្វេស​ប្រហែស​ឡើយ ​ជាមួយ​មេរោគ​ដ៏កាច​សាហាវ​មួយ​នេះ។ យើង​គ្រប់​គ្នា ​មិន​ត្រូវ​អៀនខ្មាស ​និង​ការ​ទៅ​ធ្វើ​តេសន៍​ឈាម​រក​មេរោគ​នេះ​ទេ ព្រោះ​នេះ​ជា​វិធី​តែមួយ​គត់ ​ដើម្បី​ដឹង​ថា​យើង​មាន​ផ្ទុក​មេរោគ​នេះ​ឬ​ក៏​អត់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ