អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ការ​ស្រាវជ្រាវ​ថ្មី​បង្ហាញថា ទឹក​សមុទ្រ​បាន​ស្រូប​កំដៅ ច្រើន​លើស​ពីអ្វី​ដែលគេ​ធ្លាប់​ប៉ាន់​ស្មាន

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រុមអ្នកវិទ្យសាស្ត្រមួយក្រុម ទើបបានចេញចេញរបាយការណ៍ស្រាវជ្រាវមួយ ស្តីពីតួនាទីស្រូបកំដៅផែនដី របស់ទឹកសមុទ្រ។ យោងតាមការសន្និដ្ឋានថ្មីនេះ គឺទឹកសមុទ្រ ដែលគ្រប់ដណ្តប់ផ្ទៃផែនដីទាំងអស់ បានស្រូបកំដៅ ច្រើនលើសពីអ្វីដែលគេធ្លាប់ប៉ាន់ស្មានពីមុនមក។ ការស្រាវជ្រាលើកមុនៗ​ បង្ហាញថា កំដៅផែនដីប្រមាណ៩០% ត្រូវបានបានស្រូបស្តុកទុក ដោយទឹកសមុទ្រ។ ប៉ុន្តែការស្រាវជ្រាវថ្មីនាពេលនេះ បានបង្ហាញថា ការពិតទឹកសមុទ្របានស្រូបកំដៅលើសពី​នេះ ដល់​ទៅ​​៦០%​ឯនោះ។ នេះ​មានន័យ​ថា កំដៅ​ផែនដី​យើង គឺមាន​កំរិត​ខ្ពស់ លើសពីអ្វី​ដែលគេ​ធ្លាប់​បាន​ប៉ាន់ស្មាន។ ដូច្នេះ កម្មវត្ថុនៃ​ការកាត់បន្ថយ​កំដៅផែនដី​ ថា​មិនឲ្យឡើង លើសពី២អង្សារសេនោះ គឺវានឹងមិនគ្រប់គ្រាន់នោះឡើយ។

ឧបករណ៍ Argo Float​ ដាក់ឲ្យសាកល្បង ដោយក្រុមអ្នកស្រាវជ្រាវ CNRS នៅ​ Villefranche-sur-Mer​ ឆ្នាំ​២០១៦
ឧបករណ៍ Argo Float​ ដាក់ឲ្យសាកល្បង ដោយក្រុមអ្នកស្រាវជ្រាវ CNRS នៅ​ Villefranche-sur-Mer​ ឆ្នាំ​២០១៦ CNRS
ផ្សាយពាណិជ្ជកម្ម

សមុទ្រស្រូបកំដៅ លើស៦០%នៃអ្វីដែលធ្លាប់គិតពីមុន

យោងតាមបាយការណ៍ ចុះផ្សាយដោយគេហទំព័រ Nature បានសន្និដ្ឋានជារួមថា ទឹកសមុទ្រ បានស្រូបកំដៅ លើសដល់ទៅ៦០% នៃអ្វីដែលគេធ្លាប់បានប៉ាន់ស្មាន ពីមុនមក។ យោងតាមសន្និដ្ឋាន​របស់ក្រុមអ្នកស្រាវជ្រាវ អន្តរជាតិ Intergovernmental Panel on Climate Change កាលពីឆ្នាំ២០១៣ បានបង្ហាញថា ទឹកសមុទ្របានជួយស្រូបកំដៅ ដែល​មាន​នៅជុំវិញផែនដីយើងនេះ បានចំនួន៩០%។

ក៏ប៉ុន្តែយោងតាមរបាយការណ៍ថ្មី នាពេលនេះ គឺការពិត ទឹកសមុទ្របានស្រូបកំដៅ បានលើសនេះ ដល់ទៅ៦០%ឯណោះ ក្នុងរវាង២៥ឆ្នាំចុងក្រោយនេះ។ ដូច្នេះមានន័យថា តួលេខថ្មីនេះ ​នឹងធ្វើឲ្យប្រែប្រួល ដល់តួលេខប៉ាន់ស្មានទាំងឡាយ ស្តីពីបរិមាណកំដៅ និងកំរិតរបស់ឧស្ម័នពុល ដែលកើតចេញពីសកម្មភាពរបស់មនុស្សនៅលើផែនដី។

និយាយឲ្យងាយស្តាប់ គឺថា ពីមុនគេធ្លាប់គិតថា កំដៅដែលនៅជុំវិញផែនដីមាន ១០ ត្រូវបានទឹកសមុទ្រជួយស្រូបអស់៩ ពោលគឺសល់តែមួយទេ ដែលធ្វើឲ្យសីតុណ្ហភាពចេះតែឡើង។ ក៏ប៉ុន្តែពេលនេះ គឺទឹកសមុត្របានស្រូបយក លើសនេះដល់ទៅ៦០%។ អញ្ចឹងមានន័យថា បរិមាណកំដៅដែលទឹកសមុទ្រស្រូបទុក មានច្រើនលើសនេះណាស់ ហើយជាងនេះទៀត គឺមានន័យថា កំដៅផែនដី ដែលកើតចេញពីឧស្ម័នពុល ដែលមនុស្សយើង​បង្កើតនេះ គឺមានបរិមានច្រើនណាស់ ច្រើនលើសពីអ្វីដែលគេធ្លាប់បានស្មានពីមុនមក។

កម្មវត្ថុទប់សីតុណ្ហភាព មិនឲ្យឡើងលើស២អង្សាសេ នឹងមិនគ្រប់គ្រាន់ទេ

បើផ្អែកលើរបាយការសន្និដ្ឋានថ្មីនេះ មានន័យថា កម្មវត្ថុនៃការកាត់បន្ថយកំដៅផែនដីយើង  ថាមិនឲ្យឡើងលើសពី២អង្សារសេ ដែលបានសម្រេច កាលពីសន្និសីទទីក្រុង​ប៉ារីស ស្តីពីអាកាសធាតុនោះ គឺវាមិនគ្រប់គ្រាន់តែមែនទេ។ ហេតុអ្វីមិនគ្រប់គ្រាន់? ព្រោះថា កំដៅដែលកើតចេញពីឧស្ម័នពុល ជុំវិញផែនដី គឺអាចមានច្រើន លើសពីតួលេខសន្និដ្ឋានកាលពីមុន។ និយាយម្យ៉ាងទៀត គឺថា យើងដឹងថា បរិមាណនៃឧស្ម័ន​ពុល ដែលកើតចេញពីសកម្មភាពរោងចក្រ យានយន្តធ្វើដំនើរ ឬចំហេះធ្យូងថ្ម និងចំហេះប្រេង​ឥទ្ធនៈ​ជាដើមនេះ គឺវាមិនប្រែប្រួលទេ។ ក៏ប៉ុន្តែអ្វីដែលប្រែប្រួល គឺបរិមាណកំដៅ ដែលកើតចេញពីផ្សែងពុលទាំងនេះ។

ពោលគឺផែនដីយើង ពីមួយថ្ងៃទីមួយថ្ងៃ​ កាន់តែមិនអាចទ្រាំទ្របាន នឹងឧស្ម័នពុលដែល​ហ៊ំព័ទ្រជុំវិញ។ ហើយការមិនអាចទ្រាំទ្របាននេះ គឺវាញ៉ាំងឲ្យកំដៅមានបរិមាណកាន់តែ​កើន​ខ្ពស់ បើទោះបីជាបិរមាណឧស្ម័នពុលនៅដដែលក៏ដោយ។ ហើយគឺបរិមាណកំដៅដែល​ច្រើនលើសនេះហើយ ដែលត្រូវបានទឹកសមុទ្រ ស្រូបទុកកានតែច្រើនដែរ។

ដូច្នេះហើយ បានជាក្រុមអ្នកវិទ្យាសាស្ត្រ ដែលធ្វើរបាយការណ៍ខាងលើនេះ បានផ្តល់អនុសាសន៍ថា ដោយផ្អែកលើតួលេខថ្មីនេះ បើសិនជាយើងចង់ កុំឲ្យសីតុណ្ហភាពផែនដី ឡើង​លើស​ពី២អង្សារសេ គឺត្រូវតែយើងកាត់បន្ថយការបញ្ចេញឧស្ម័នពុល ឲ្យបាន​លើស​ពីអ្វី​ ដែលគេធ្លាប់គិតទុក ដល់ទៅ២៥%។

នេះហើយ ដែលជាការលំបាក ព្រោះថា ក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស​ស្តីពីអាកាសធាតុ ដោយផ្អែកលើតួលេខចាស់ ការបែកចែងភាគរយនៃការកាត់បន្ថយ តាមប្រទេសនីមួយៗ គឺវាលំបាកណាស់ទៅហើយ។ ប្រទេសខ្លះ ធ្វើមិនបាន ឬមិនព្រមធ្វើ ដោយឈរលើមូលហេតុផ្សេងៗគ្នា។ ដូច្នេះចង់បន្ថែម២៥%លើនេះទៀត គឺជារឿងលំបាកបំផុត។ ក៏ប៉ុន្តែបើយើងមិនបន្ថែមកម្រិតនៃការកាត់បន្ថយឧស្ម័នពុល ឲ្យបាន២៥%ទេនោះ មានន័យថា កុំសង្ឃឹមថា សីតុណ្ហភាពផែនដី នឹងមិនឡើងលើសពី២អង្សារសេ ឲ្យសោះ។

ទឹកសមុទ្រកាន់តែក្តៅ កាន់តែខ្សត់អុកស៊ីសែន ហើយកាន់តែឡើងកំពស់

បញ្ហាចោទដំបូងបង្អស់គឺ កាលណាទឹកសមុទ្រស្រូបកំដៅកាន់តែច្រើន មានន័យថាទឹក​សមុទ្​រកាន់តែក្តៅដែរ។​ ទឹកសមុទ្រកាន់តែក្តៅ បានន័យថា នឹងមានការប្រែប្រួលខ្លាំង​នៅក្នុង​ទឹក និងប្រព័ន្ធជីវចំរុះបាតសមុទ្រ។ លោកស្រី Laure Resplandy សាស្ត្រាចារ្យ នៅ​សកលវិទ្យាល័យ Princeton University និងជាអ្នកដឹកនាំកិច្ចការស្រាវជ្រាវនេះ បានលើក​ឡើង​ថា កាលណាទឹកសមុទ្រកាន់តែក្តៅ គឺទឹកសមុទ្រកាន់តែខ្សត់អុកស៊ីសែន។ ដូច្នេះ​ វានឹងប៉ះពាល់ ដល់ជីវិតសត្វ ព្រមទាំងប្រព័ន្ធជីវចំរុះ ក្នុងសមុទ្រទាំងអស់។ បញ្ហាចោទមួយទៀត គឺថា សមុទ្រកាន់តែក្តៅ គឺវានឹងធ្វើឲ្យប្រែប្រួលចរន្តទឹកសមុទ្រ។

ជាចុងក្រោយ គឺថា ទឹកសមុទ្រឡើងកំដៅ គឺវានឹងបង្ក ជាប្រតិកម្មម្យ៉ាង ដែលភាសាបច្ចេកទេសគេហៅថា​ Dilatation thermique ដែលយើងអាចសង្កេតឃើញ ក្នុងពេលយើងដាំទឹក ដែលទឹកកាន់តែក្តៅជិតពុះ វាឡើងកំពស់ពុះកញ្ជ្រោលឡើង។ ទឹកសមុទ្រក៏អញ្ចឹងដែរ កាណណាកាន់តែក្តៅ គឺវាកាន់តែឡើងកំពស់ដែរ។

បញ្ហាចោទមួយទៀត គឺថា ទឹកសមុទ្រមិនអាចស្រូបយកដំដៅបានរហូតនោះទេ ពោលគឺដល់ពេលមួយ គឺវានឹងបញ្ចេញកំដៅនោះមកវិញ។ កំដៅផែនដី និងកំដៅសមុទ្រ គឺវារុញចុះរុញឡើងទៅវិញទៅមក។ ដូច្នេះ បើសិនជាកំដៅផែនដីធ្លាក់ចុះ នោះទឹកសមុទ្រអាចនឹងជះកំដៅ ត្រលប់មកក្នុងបរិយាកាសវិញ។ ត្រង់នេះហើយ គឺវាកាន់តែលំបាកទៅទៀត ក្នុងការកាត់បន្ថយសីតុណ្ហភាពផែនដី ព្រោះថា ដល់ដំណាក់កាលមួយ កំដៅដែលជះចេញពីសមុទ្រមកវិញ អាចនឹងកើនឡើងកាន់តែខ្លាំង។

ត្រូវតាមដានបន្ថែមទៀត

ការស្រាវជ្រាវនេះ គឺអ្នកវិទ្យាសាស្ត្រ បានផ្អែកលើទិន្ន័យដែលប្រមូលបាន ដោយប្រព័ន្ធ Argo Floats ប្រមាណជា៤០០០គ្រឿង ដែលគេដាក់ពង្រាយ នៅក្នុងសមុទ្រ។ ទិន្នន័យនេះ គឺជាទិន្នន័យនៃសីតុណ្ហភាពសមុទ្រ។ កាលពីមុន បច្ចេកវិទ្យានៅមិនទាន់រីកចំរើនខ្លាំងទេ ដែលការសន្និដ្ឋាន មិនអាចច្បាស់ប្រត្យក្សទាំងស្រុងទេ។ ក៏ប៉ុន្តែ បច្ចេកទេសថ្មី ដែលក្រុមអ្នកស្រាវជ្រាវបានប្រើ ក្នុងកិច្ចនេះ គឺគេបានស្រង់សីតុណ្ហភាពសមុទ្រ តាម​រយៈ​ការពិនិត្យលើបរិមាណរបស់អុកស៊ីសែន និងឧស្ម័នកាបូនិក ដែលមាននៅក្នុងខ្យល់ពីលើលំហរសមុទ្រ។ វិធីសាស្ត្រនេះ បានឲ្យគេដឹងពីទិន្នន័យ នៃកម្រិតកំដៅទឹកសមុទ្រ រាប់ចាប់ពីឆ្នាំ១៩៩១មក។

លោកស្រី Laure Resplandy ដដែលពន្យល់ថា ទឹកសមុទ្រកាន់តែក្តៅ គឺវាបញ្ចេញអុកស៊ីសែន និងឧស្ម័នកាបូនិកទៅក្នុងបរិយាកាស កាន់តែច្រើនដែរ ។ និយាយត្រលប់ទៅវិញ គឺថា ទឹកសមុទ្រកាន់តែក្តៅ ឧស្ម័ន​ទាំង២មុខនេះ កាន់តែខ្សត់ ចុះថយនៅក្នុងសមុទ្រ។ ដោយគុណគូរ ប្រៀបធៀបតួលេខទាំងអស់នេះទៅ ទើបគេអាចទាញចេញជាការសន្និដ្ឋានថា ក្នុងរយៈពេល២៥ឆ្នាំចុងក្រោយនេះ សមុទ្របានស្រូបយកកំដៅចំនួនប៉ុន្មាន បានឈានទៅធ្វើឲ្យបាត់បង់ឧស្ម័នកាបូនិក និងអុកស៊ីសែន ចំនួនប៉ុន្មានដែរ។

ទាក់ទិនទៅនឹងភាពគួរឲ្យទុកចិត្តនៃការស្រាវជ្រាវថ្មីនេះ គឺថា គ្មានអ្វីមួយដែលប្រត្យក្ស​១០០%​ទេ។ យ៉ាងណាក៏ដោយ វាមិនមែនជាការស្រាវជ្រាវសន្និដ្ឋាន របស់មនុស្សម្នាក់​ ២នាក់ទេ។ តែនេះគឺជាការងារស្រាវជ្រាវ ដែលមានការចូលរួម ពីសកលវិទ្យាល័យ មន្ទីរពិសោធន៍អន្តរជាតិជាច្រើន តួយ៉ាង សកលវិទ្យាល័យ Princeton Univercity នៅរដ្ឋNew Jersey របស់អាមេរិក សាលាពហុបច្ចេកវិទ្យារបស់បារាំង សកលវិទ្យាល័យ Sorbonne នៅបារីស ជម្ឈមណ្ឌលស្រា​វជ្រាវវិទ្យាសាស្ត្រ CNRS របស់បារាំង ព្រមទាំងមន្ទីរពិសោធន៍​ធនធានសមុទ្រ ជាច្រើនទៀត។ គ្រប់ភាគីដែលចូលរួម គឺម្នាក់ៗបានចូលរួម ផ្តល់ចំណេះដឹង ការយល់ឃើញ ការបកស្រាយ និងបទពិសោធន៍គេរៀងៗខ្លួន នៅក្នុងរបាយការណ៍នេះ។

យ៉ាងណាមិញ លោក សាស្ត្រាចារ្យ Sybren Drijfhout នៅ​មជ្ឈមណ្ឌលជាតិស្រាវជ្រាវសមុទ្ររបស់អង់គ្លេស បានទទួលស្គាល់ថា ក្រុមការងារស្រាវជ្រាវនេះ ត្រូវគេទទួលស្គាល់ជាមានសមត្ថភាព មានបច្ចេកទេសគួរឲ្យទុកចិត្ត ហើយវាក៏មិនមែនជាលើកទីមួយដែរ ដែលក្រុមការងារនេះ ធ្វើរបាយការណ៍ធំៗរបៀបនេះ។ យ៉ាងណាក៏ដោយ លោកសាស្ត្រាចារ្យ Thomas Froelicher មកពីសកលវិទ្យាល័យក្រុងBern របស់ស្វីស បានលើកឡើងថា ត្រូវតែមានការតាមដាន ស្រាវជ្រាវ បន្ថែមទៀត ដើម្បីផ្ទៀងផ្ទាត់លទ្ធផល ជាមួយនឹងការសន្និដ្ឋាននេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ