rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ហ្កាបុង បោះឆ្នោត នយោបាយ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

អ.ស.ប.បារម្ភ​​​​​ស្ថានការណ៍​ហិង្សា​នៅ​ហ្កាបុង ក្រោយ​អាលី បុងហ្កូ ជាប់ឆ្នោត​​ប្រធានាធិបតី​អាណត្តិទី៣

media
ទីក្រុង​លីប្រឺវីល ថ្ងៃ១សីហា២០១៦៖ប្រជាជន​ហ្កាបុង​បាតុកម្ម​ប្រឆាំង​លទ្ធផល​បោះឆ្នោត​ MARCO LONGARI / AFP

ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បាន​សំដែង​ការ​បារម្ភ​ ខ្លាំង ចំពោះ​​ហិង្សា​​ពុះ​កញ្ជ្រោល​​​នៅ​ហ្កាបុង ក្រោយ​ការ​​​ប្រកាស​លទ្ធផល​ឆ្នោត ថា​លោក​​ ​អាលី បុងហ្កូ ជាប់ឆ្នោត​​ជាប្រធានាធិបតី​អាណត្តិ​ទី៣ ​កាលពី​ថ្ងៃពុធ​មក។ មនុស្ស​២នាក់​បានស្លាប់​ក្នុង​ការ​ប៉ះទង្គិច​ពេញមួយយប់​ជាមួយ​ប៉ូលិស។ លោក​បាន់ គីមូន​បានសុំអោយ​រដ្ឋាភិបាល​ហ្កាបុង​រៀបចំ​ការ​​ទំនាក់​ទំនង​គ្នា​ឡើងវិញ និង​សុំអោយ​កងរក្សា​​សន្តិសុខ​គោរព​សិទ្ធិមនុស្ស។


បេសកជន​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ នៅ​អាហ្វ្រិក​កណ្តាល ​លោក​ អាប់ឌូឡាយយេ​ បាធីលី បាន​បង្ហាញ​របាយការណ៍​​​​ស្ថានការណ៍​ហ្កាបុង ​ទៅក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ។ តាម​សំណូមពរ​របស់​បារាំង សមាជិក​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ បាន​ប្រជុំគ្នា​ ពី​វិបត្តិ​នយោបាយ​និង​ហិង្សា នៅ​ហា្កបុង។

ហិង្សា​នៅ​ប្រទេស​​​ហ្កាបុង ផ្ទុះឡើងភ្លាមៗ​ ​កាលពី​ថ្ងៃពុធ ក្រោយការ​​​ប្រកាស​ថា លោក​អាលី បុងហ្កូ ជាប់ឆ្នោត​ជា​ប្រធានាធិបតី​សម្រាប់​អាណត្តិទី៣​ទៀត។ ការប៉ះទង្គិច​បាន​កើតឡើង​រវាង​ប៉ូលិស​និង​​​ក្រុមបាតុករ​ប្រឆាំង​លោក​អាលី បុងហ្កូ។ សភាជាតិ​ត្រូវបាន​ដុត​បំផ្លាញ។

នៅទីក្រុង​លីប្រឺវីល វិញ ​មនុស្ស​ម្នា​បាន​ចូលទៅ​លួចទំនិញ តាម​ហាង​ផ្សេងៗ រួមទាំង​នៅ​ក្រុមហ៊ុន​ផលិត​សម្ភារសិក្សា​មួយកន្លែង​របស់គ្រួសារ​​​ប្រធានាធិបតី​បុងហ្កូ​ផងដែរ។ អាជ្ញាធរ​បាន​ចាប់ខ្លួន​មនុស្ស​ជាង​១០០០នាក់ ​នៅទូទាំង​ប្រទេស។​

កងកម្លាំង​ហ្កាបុង បាន​វាយលុក​ទីស្នាក់ការ​ឃោសនា​ឆ្នោត​​របស់​លោក​ហ្សង់ពីង ​ដែល​ជាគូប្រជែង​ឆ្នោតប្រធានាធិបតី របស់​លោក​បុងហ្កូ។ ការវាយលុក​បាន​សម្លាប់​មនុស្ស​២នាក់។ ​​ មនុស្ស​​​២៦នាក់ ​កំពុងជាប់ខ្លួន​​ក្នុង​​ទីស្នាក់ការ​​ ដោយ​សារ​​កងកម្លាំង​សន្តិសុខ​ហាមមិនអោយ​​​ចេញ​ក្រៅ។ ​​ក្នុងចំណោម​មនុស្សទាំង២៦នាក់ មានលោក​ឌីតចប ឌីនឌិង្គ ​ជា​អតីត​អនុប្រធានាធិបតី រួមទាំង​អតិតរដ្ឋមន្ត្រី​​មួយរូប និង​ប្រធាន​​ចលនា​សង្គមស៊ីវិល​មួយរូប​ដែរ។
ហ្កាបុង​បាន​បោះឆ្នោត​ប្រធានាធិបតី​ថ្ងៃ២៧សីហា​កន្លងទៅ។ ​ប្រធានាធិបតី​ផុតអាណត្តិ ​លោកអាលី​​បុងហ្កូ អនឌីមបា ត្រូវបាន​ប្រកាស​ថា ជាប់ឆ្នោត​បន្តសម្រាប់​អាណត្តិទី៣ ជាមួយ​សម្លេង​៤៩,៨០​ភាគរយ​ ឈ្នះ​លោក​ហ្សង់ពីង ជា​គូប្រជែង​តែ​៥០០០សម្លេង​ប៉ុណ្ណោះ។ ក្រុមប្រឆាំង​បាន​តវ៉ា​លទ្ធផល​នេះ។

ម្សិលមិញ​​ ប្រធានអង្គការ​សហប្រជាជាតិ​បាន់ គីមូន បាន​សុំអោយ​មាន​ការផ្ទៀងផ្ទាត់​លទ្ធផល​​ឆ្នោត​ឡើងវិញ។ ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បាន​សុំអោយ​គ្រប់​បេក្ខជន​​បោះឆ្នោត សកម្មជន​នយោបាយ​ផ្សេងៗ រួមទាំង​គ្រប់ភាគី​ រក្សា​ការស្ងប់ស្ងាត់ ធ្វើ​យ៉ាងណា​​ចៀស​កុំអោយ​ធ្លាក់​ក្នុង​ហិង្សា ​ហើយ​ត្រូវនាំគ្នា​ដោះស្រាយ​ការមិនចុះ​សម្រុងគ្នា ដោយ​ផ្អែក​តាម​មូលដ្ឋានច្បាប់៕