អានតួអត្ថបទ
សហរដ្ឋអាមេរិក​

​របួស​ច្រើននាក់​ ក្នុង​​ការ​​បាញ់ប្រហារ​​​សមាជិក​​សភា​បក្ស​​កាន់អំណាច​​​​អាមេរិក​​ ​​ជិត​​ក្រុង​វ៉ាស៊ីនតោន​

ព្រឹកព្រលឹម​ថ្ងៃពុធ​១៤មិថុនា​នេះ ​​បុរស​ម្នាក់​បានប្រើ​កាំភ្លើង​​​​​​បាញ់ប្រហារ​ទៅលើ​ក្រុម​សមាជិក​សភា​អាមេរិក ​បក្ស​សាធារណរដ្ឋ ជា​ច្រើននាក់ដែល​កំពុងហ្វឹកហាត់​​កីឡា​Baseball នៅទីលាន​​កីឡា​មួយកន្លែង ​​ជិត​​​ក្រុង​​វ៉ាស៊ីនតោន។ ការបាញ់​ប្រហារ​ធ្វើអោយ​មាន​​មនុស្ស​របួសច្រើននាក់ ក្នុង​នោះ​មាន​សមាជិក​​សភា​អាមេរិកដ៏​​សំខាន់​ម្នាក់ដែរ។ ជនរងគ្រោះ​៥នាក់​ត្រូវបាន​បញ្ជូន​ទៅមន្ទីរពេទ្យ។ ​ប៉ូលិស​បាន​ចាប់ខ្លួន​ជនសង្ស័យ។ 

ផ្លូវជុំវិញ​ទីលាន​​កីឡា Alexandria ​ជិត​ក្រុងវ៉ាស៊ីនតោន ត្រូវបាន​ដាក់បារ៉ាស​សុវត្ថិភាព ក្រោយ​មាន​ការបាញ់ប្រហារ​​លើ​​សមាជិក​សភាអាមេរិក
ផ្លូវជុំវិញ​ទីលាន​​កីឡា Alexandria ​ជិត​ក្រុងវ៉ាស៊ីនតោន ត្រូវបាន​ដាក់បារ៉ាស​សុវត្ថិភាព ក្រោយ​មាន​ការបាញ់ប្រហារ​​លើ​​សមាជិក​សភាអាមេរិក REUTERS/Joshua Roberts
ផ្សាយពាណិជ្ជកម្ម

ហេតុការណ៍​បាញ់ប្រហារ​សមាជិក​សភាបក្ស​សាធារណរដ្ឋ​​អាមេរិក​ ​​បាន​កើតឡើង​ ម៉ោង​៦និង​៣០នាទី ព្រឹក​ថ្ងៃពុធ​១៤មិថុនា នៅ​ទីលាន​កីឡា​អាឡិចសង់ឌ្រីយ៉ា Alexandria ជិត​ក្រុង​វ៉ាស៊ីនតោន ធ្វើអោយ​មាន​មនុស្ស​របួស​ច្រើននាក់ ក្នុងនោះ​មាន​លោក​ស្ទីវ ​ស្កេលីស Steve Scalise ជា​តំណាងរាស្ត្រសំខាន់​របស់​បក្ស​សាធារណរដ្ឋ នៃ​​​រដ្ឋ​Louisiane។ លោក​ស្កេលីស ត្រូវរបួស​ចំចង្កេះ។ លោក​ត្រូវបាន​គេស្គាល់ថា ​​ជាអ្នកការពារ​សិទ្ធិកាន់អាវុធ​ទៀតផង។

ការបាញ់ប្រហារ​កើតឡើង​ ចំពេល​សមាជិក​សភា​បក្ស​សាធារណរដ្ឋ​កំពុង​ហាត់​វាយកីឡា Baseball ដើម្បី​ចូលរួមប្រកួត​ក្នុង​ទិវា​មនុស្សធម៌​ប្រចាំឆ្នាំ នៅ​ថ្ងៃ​ព្រហស្បតិ៍​១៥មិថុនា​នេះ។ ទិវា​មនុស្សធម៌​នេះ ធ្វើឡើង​តាំងពី​​ឆ្នាំ១៩០៩ម្ល៉េះ។ ​​​​សមាជិក​សភា​បក្ស​សាធារណរដ្ឋ​មួយរូប ដែល​មានវត្តមាន​ ក្នុង​ហេតុការណ៍​បាញ់ប្រហារ​ថ្ងៃពុធ​នេះដែរ​ ​បាន​ប្រាប់ថា ជនល្មើស​​បាន​បាញ់​លោក​ស្ទីវ ស្កេលីស រួចហើយ​បន្តបាញ់​មនុស្ស​​ច្រើននាក់​​ផ្សេងទៀត នៅកន្លែង​​​កីឡា​នោះ។ ប៉ូលិសនិង​អង្គរក្ស​​​​​ការពារ​សន្តិសុខ​សមាជិក​សភា ដែល​មាន​វត្តមាន​នៅ​ទីនោះ ​បាន​​​តបតទៅ​ជនល្មើស​វិញ។ ​ជនល្មើស​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន។ ​សូមបញ្ជាក់​ដែរថា សមាជិក​សភា​​អាមេរិក​ទទួលបាន​ការការពារ​ពី​ប៉ូលិសវិមាន​កាពីតូល។

ប្រធានាធិបតី​ដូណាល់ ត្រាំ បាន​ប្រតិកម្ម​ចូលរួម​រំលែក​ទុក្ខសោក​ ដល់​សមាជិកសភា ក្រុមការងារ និង​ប៉ូលិស ដែល​រងរបួស​ក្នុង​ការ​បាញ់​ប្រហារ​នេះ។ លោកត្រាំ​លើកឡើង​ថា សមាជិ​កសភា​ស្ទីវ ស្កេលីស របួស​​ធ្ងន់ តែគាត់​​នឹង​ជាសះស្បើយ៕  ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ