អានតួអត្ថបទ
បារាំង-ផ្តាសាយបក្សី

ផ្តាសាយបក្សី៖ ​រដ្ឋាភិបាល​បារាំង​ចេញបញ្ជា​ឲ្យ​សម្លាប់​ទារ​រាប់សិបម៉ឺន​ក្បាល

ក្រសួង​កសិកម្ម​បារាំង​បាន​ប្រកាស​ឲ្យដឹង​ថា ចាប់ពីថ្ងៃ​ព្រហស្បតិ៍​នេះ​ទៅ ទារ​ចំនួន​រាប់សិបម៉ឺនក្បាល​នឹង​ត្រូវ​គេ​សម្លាប់​ចោល ដើម្បី​ទប់ស្កាត់​ការ​រីករាល​ដាល​នៃ​មេរោគ​ផ្តាសាយ​បក្សី។ ទារ​ដែល​ត្រូវ​សម្លាប់​គឺ​ស្ថិត​នៅ​ក្នុង​តំបន់ប៉ែក​និរតី​នៃ​ប្រទេស ដែល​គេ​បាន​រកឃើញ​ករណី​ផ្តាសាយ​បក្សី​ជា​បន្តបន្ទាប់ នៅ​ក្នុងរយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ។

សត្វទារ​នៅ​តាម​កសិដ្ឋាន​ក្នុង​រង្វង់​១០គីឡូម៉ែត្រ​ពី​កន្លែង​ដែល​មាន​ករណី​ផ្តាសាយ​បក្សី នឹង​ត្រូវ​គេ​យក​ទៅ​សម្លាប់ ដើម្បី​បង្ការ​កុំ​ឲ្យ​មេរោគ​រីករាលដាល
សត្វទារ​នៅ​តាម​កសិដ្ឋាន​ក្នុង​រង្វង់​១០គីឡូម៉ែត្រ​ពី​កន្លែង​ដែល​មាន​ករណី​ផ្តាសាយ​បក្សី នឹង​ត្រូវ​គេ​យក​ទៅ​សម្លាប់ ដើម្បី​បង្ការ​កុំ​ឲ្យ​មេរោគ​រីករាលដាល AFP
ផ្សាយពាណិជ្ជកម្ម

មន្រ្តី​ជាន់ខ្ពស់​នៃ​ក្រសួង​កសិកម្ម​បារាំង​បាន​ឲ្យដឹង​ថា មេរោគ​ផ្តាសាយ​បក្សី​ដែល​កំពុង​រាតត្បាត​នៅ​ផ្នែក​ខ្លះ​នៃ​ប្រទេស​បារាំង​នៅពេលនេះ គឺ​ជា​ប្រភេទ​មេរោគ​ដ៏​កាចសាហាវ និង​ដែល​ឆ្លង​រាលដាល​ក្នុង​ល្បឿន​ដ៏​លឿន​បំផុត។ ហេតុដូច្នេះ​ហើយ​បាន​ជា​គេ​ចាំបាច់​ត្រូវ​តែ​សម្លាប់​សត្វទារ​នៅ​ក្នុង​តំបន់​ដែល​មាន​ករណី​ផ្តាសាយ​បក្សី ទោះបីជា​គេ​មិនទាន់​រកឃើញ​ករណី​ផ្តាសាយ​បក្សី​នៅ​ក្នុង​កសិដ្ឋាន​ចិញ្ចឹម​សត្វ​ទារ​ទាំងនោះ​ក៏ដោយ។

គួររំឭកឡើងវិញ​ថា គិតមកទល់​នឹង​ពេលនេះ គេ​បាន​រកឃើញ​ករណី​ផ្តាសាយ​បក្សី ចំនួន ៨៩កន្លែង​ផ្សេងគ្នា ដោយ​ភាគច្រើន​នៅ​តាម​ខេត្ត​នៅ​ប៉ែកនិរតី ហើយ​ចាប់តាំង​ពី​ផ្ទុះ​ករណី​ផ្តាសាយ​បក្សី​មក មាន​សត្វស្លាប​ជាង ៣០ម៉ឺនក្បាល​រួចមកហើយដែល​ត្រូវ​បាន​គេ​សម្លាប់ ក៏ប៉ុន្តែ គេ​សម្លាប់​តែ​បក្សី​នៅ​ក្នុង​កសិដ្ឋាន​ដែល​គេ​រកឃើញ​ករណី​ផ្តាសាយ​បក្សី​តែ​ប៉ុណ្ណោះ។

យោងតាម​សេចក្តីសម្រេច​របស់​ក្រសួង​កសិកម្ម ចាប់ពីថ្ងៃ​ព្រហស្បតិ៍​នេះ​ទៅ អាជ្ញាធរ​នឹង​ចាប់ផ្តើម​ប្រតិបត្តិការ​សម្លាប់​សត្វទារ នៅ​តាម​បណ្តា​កសិដ្ឋាន​ណា ដែល​ស្ថិត​នៅ​ក្នុង​រង្វង់ ១០គីឡូម៉ែត្រ ជុំវិញ​ទីតាំង​ដែល​គេ​រកឃើញ​ករណី​ផ្តាសាយ​បក្សី។ គិតជាសរុប ប្រតិបត្តិការ​សម្លាប់​សត្វទារ​នេះ​នឹង​ត្រូវ​បើក​ធ្វើ​នៅ​តាម​​កសិដ្ឋាន​ ក្នុង​ឃុំ​ចំនួន ៤២ នៅ​ប៉ែក​និរតី​នៃ​ប្រទេស​បារាំង។

ក្រសួង​កសិកម្ម​បារាំង​ក៏​បាន​ឲ្យដឹង​ផងដែរ​ថា រដ្ឋាភិបាល​ជា​អ្នក​ទទួលរ៉ាប់រង​រាល់​ការចំណាយ ក្នុង​ប្រតិបត្តិការ​សម្លាប់​សត្វទារ​នេះ ហើយ​ម្ចាស់​កសិដ្ឋាន​​ដែល​រងផល​ប៉ះពាល់​ក្នុង​ប្រតិបត្តិការ​នេះ​នឹង​ត្រូវ​ទទួល​សំណង​ពី​រដ្ឋ​។ ក៏ប៉ុន្តែ បើទោះបីជា​យ៉ាងនេះ​ក៏ដោយ សហព័ន្ធ​កសិករ​បារាំង​បាន​បង្ហាញ​នូវ​ក្តីបារម្ភ​ថា សំណង​របស់​រដ្ឋ​នឹង​មិន​អាច​ប៉ះប៉ូវ​ដល់​ការខូចខាត​ជាក់ស្តែង និង​តម្រូវការហិរញ្ញវត្ថុ​​ក្នុងការ​ចាប់ផ្តើម​ដំណើរការ​កសិដ្ឋាន​ឡើងវិញ​បាន​នោះទេ។

ផលប៉ះពាល់​កាន់តែ​ធ្ងន់ធ្ងរ​ជាងនេះ​ទៅទៀត គឺ​កេរ្តិ៍ឈ្មោះ ដែល​អាច​ប៉ះពាល់​ដល់​គ្រប់​កសិដ្ឋាន​ចិញ្ចឹម​សត្វទាំងអស់​នៅ​ទូទាំង​ប្រទេស​បារាំង​ទាំងមូល។ គួរបញ្ជាក់ថា បារាំង​គឺ​ជា​ប្រទេស​ដែល​ផលិត​ « Foie gras » គឺ​ថ្លើមទារ ឬ​ថ្លើម​ក្ងាន ដ៏ធំជាងគេ​បង្អស់​នៅលើ​ពិភពលោក។ ការ​រីករាលដាល​នៃ​មេរោគ​ផ្តាសាយបក្សី​នៅពេលនេះ បាន​ធ្វើ​ឲ្យ​ប្រទេស​ដែល​ធ្លាប់​នាំចូល Foie gras ពីបារាំង​ នាំគ្នា​ខ្លាច​រអា។ ការនាំចេញ Foie gras បារាំង ដែល​បាន​ធ្លាក់​ចុះ​​រហូតដល់​ទៅ ២៥% រួចទៅហើយ កាល​ពីឆ្នាំ​២០១៦​កន្លង​ទៅនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ