អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

​​បារាំង​និង​ចិន ចុះកិច្ចព្រមព្រៀង​ពាណិជ្ជកម្មទ្វេភាគី ទឹកប្រាក់ជាង១៥ពាន់​លាន​អឺរ៉ូ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ដំណើរ​ទស្សនកិច្ចផ្លូរ​រដ្ឋ​របស់​ប្រធានាធិបតីបារាំងនៅស្រុកចិន បាន​ចប់​ហើយ​នៅថ្ងៃទី​៦វិច្ឆិកា និង​បានផ្តល់ផលផ្លែផ្កាច្រើនសម្បើម​មិនធ្លាប់មាននៅ​ក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងរបស់ប្រទេសទាំងពីរ​។ តាមរយៈ​អន្តរាគមន៍​របស់​ប្រធានាធិបតី​​ អេម៉ាណុអេល ម៉ាក្រុង, ប្រទេស​បារាំង​និង​ចិន បាន​បោះ​ដៃ​រក​គ្នា​យ៉ាង​ខ្លាំង​អស្ចារ្យ ដើម្បី​រក​ទីផ្សារ​បន្ថែមទៀត​ឱ្យ​សហភាព​អឺរ៉ុប​និង​ប្រទេស​បារាំង​របស់​ខ្លួនឯង​​។ បារាំង​សម្រេច​ចុះ​​កិច្ច​សន្យាជាង​៤០ និង​បាន​សន្យាចុះ​កុងត្រារកស៊ី​ជាមួយ​ចិន លើវិស័យ​ជាច្រើន​ប្រភេទ ដែល​មាន​តម្លៃ​ទឹក​ប្រាក់​រាប់​សិប​លាន​អឺរ៉ូ។ តាម​ការ​បញ្ជាក់ពី​ភាគី​ចិន គឺ​កិច្ច​សន្យាទ្វេភាគី មាន​ចំនួន​ជា១៥ពាន់​លាន ដែល​ចុះ​កុងត្រាហើយ ប៉ុន្តែ នៅ​ច្រើន​ពាន់​លាន​ទៀត ដែលកំពុង​ចរចា​ចុះកុងត្រា​បន្ត (អាច​ដល់​៥០ពាន់​លាន​អឺរូ)។ចិន​វិញ ត្រូវការ​បារាំង​និង​អឺរ៉ុប ដើម្បី​ពង្រីក​ទីផ្សារ​របស់​ខ្លួន ខណៈ​ដែល​មាន​ភាព​រអាក់​រអួល​ខ្លះក្នុងការ​នាំ​ផលិតផល​ចេញ នៅពេល​ដែល​មាន​ជម្លោះ​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក។ នៅ​ពេល​នេះ​ ចិន​ទុកចិត្ត​​បារាំងខ្លាំង ​ដោយក្រុង​ប៉េកាំង​ បាន​សម្រេច​ប្រកាស​ដាក់​លក់«​មូលបត្រ​បំណុល»​ជា​ប្រាក់​អឺរ៉ូ​ ជា​លើកទី១ នៅ​រដ្ឋធានី​បារីស៍ ប្រទេស​បារាំង​តែម្តង​។

ប្រមុខ​រដ្ឋ​ Emmanuel Macron  និង​ប្រធានាធិបតីចិន Xi Jinping នៅប៉េកាំង​
ប្រមុខ​រដ្ឋ​ Emmanuel Macron និង​ប្រធានាធិបតីចិន Xi Jinping នៅប៉េកាំង​ REUTERS/Jason Lee
ផ្សាយពាណិជ្ជកម្ម

​លទ្ធផល​ច្រើន​ណាស់ ផ្នែក​​ពាណិជ្ជកម្ម

ប្រធានាធិបតី​បារាំង អេម៉ាណុអេល ម៉ាក្រុងបាន​​នាំ​ប្រធាន​ក្រុមហ៊ុន​សហគ្រា​ស​ធំៗ តាំងពី​ផ្នែក​ទឹកអប ស្រា យន្តហោះ និង​ថាមពល ព្រមទាំង​មន្ត្រី​របស់​សហភាព​អឺរ៉ុប​ផង​ ទៅ​ជាមួយ​លោក​។ ជាលទ្ធផល ភាគី​ក្រុមហ៊ុននៃ​​ប្រទេស​ទាំង​ពីរ បាន​សម្រេច​ចុះ​កុងត្រា​រក​ស៊ី​ ៤០​កិច្ចសន្យា ដែល​មាន​ទឹក​ប្រាក់​វាល​លាន​អឺរ៉ូ។ បើ​តាម​កាសែត​ផ្លូវការ​ចិន កុងត្រា​រកស៊ី​ទាំងឡាយ​នេះ អាច​មាន​រង្វង់ទឹក​ប្រាក់​ ជាង​៥១ពាន់​លានអឺរ៉ូ។​

ប្រធានាធិបតី​បារាំងទៅ​ស្រុក​ចិន​លើកទី​២នេះ លោក ម៉ាក្រុង​សប្បាយ​ចិត្ត​ខ្លាំងណាស់ ព្រោះ​គាត់​បាន​បញ្ចុះ​បញ្ចូល​ថ្នាក់ដឹកនាំចិន​និងក្រុម​ហ៊ុន​ចិន​​ជាច្រើន។ ​កុងត្រា​លក់​ទំនិញ​កសិកម្ម​បារាំង​ជាច្រើន​ណាស់ ត្រូវ​បាន​ចុះ​កិច្ចព្រមព្រៀង​ក្នុង​ឱកាស​នេះ គឺ​រាប់​តាំងពី​ស្រាក្រហម​បារាំង មាន​ច្រើន​ប្រភេទ​និង​ច្រើន​ប្រភព, ហ្វូម៉ាសបារាំង​ ឬឈីស, ពិសេស​សាច់​ជ្រូកបារាំង​ ដែល​មានការផលិត​ច្រើនបែប​​ច្រើន​យ៉ាង​ណាស់។ មិនតែប៉ុណ្ណោះ និង​ហាក់​ដូច​ជា​ជំនួស​មុខ​ឱ្យ​សហភាព​អឺរ៉ុប​អ៊ីចឹង ដែល​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​រដ្ឋ​បារាំង, សហភាព​អឺរ៉ុប​និង​ចិន ក៏​បាន​សម្រេច​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​គ្នា ដើម្បី​បញ្ជាក់ពី​​ផលិត​ទំនិញ​សម្គាល់​ភូមិសាស្ត្រ (សូចនាករភូមិសាស្ត្រការពារIGP) គឺជាបញ្ជាក់ពី​​ទំនិញ​អឺរ៉ុប​នៅ​ស្រុក​ចិន ដល់​ទៅ​ជាង​១០០មុខ ហើយ​ប៉ុន្មានឆ្នាំ​​ក្រោយ​ និង​នឹងត្រូវ​បញ្ចូល​រាប់​រយ​មុខ​ទំនិញ​បន្ថែម​ទៀត​។

​មូល​បត្រ​បំណុលចិន​ លក់នៅ​ប៉ារីស ចំនួន​៤ពាន់​លាន​អឺរ៉ូ

ចិន​បាន​ទុក​ចិត្ត​បារាំងខ្លាំងមែនទែន​!  មហាយក្សចិន​បាន​ប្រកាស​យកក្រុង​ប៉ារីស ជាទីតាំង​សម្រាប់​ប្រកាស​លក់​មូល​បត្រ​បំណុល ជា​សាច់​ប្រាក់​អឺរ៉ូ។ នេះជាលើក​ទី១​នៅក្នុង​ប្រវត្តិសាស្ត្រ។ មូល​បត្រ​បំណុលចិន នេះ មាន​រង្វង់​ទឹក​ប្រាក់​៤ពាន់​លាន​អឺរ៉ូ។​

​ចិន​​ប្រកាស​គាំទ្រពេញ​ទំហឹង​ចំពោះ​កិច្ចព្រមព្រៀង​ស្តីពី​អាកាសធាតុ​ក្រុង​ប៉ារីស

សំណុំ​រឿង​នេះ​ ក្តៅ​ខ្លាំង! ខណៈ​ដែល​អាមេរិក​របស់​លោក​ ដូណាល់ ត្រាំ សម្រេច​ផ្តើម​នីតី​វិធី​ដកខ្លួន​ជាផ្លូវ​ការ​ចេញពី​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុង​ប៉ារីស នៅក្នុង​សប្តាហ៍នេះ, ប្រទេស​ចិន​វិញ និង​ជាថ្មី​ម្តងទៀត​ ចិន​ប្រកាស​ជំហរ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​កិច្ចព្រមព្រៀង​អាកាសធាតុ ដែល​ប្រទេស​បារាំង​ដើរ​តួសំខាន់​ ​បញ្ចុះ​បញ្ចូល​ប្រទេស​លើ​លោក​ ឱ្យ​ចូលរួម​គិតគូរ​ពី​ផែន​ដី​។

ជុំវិញ​រឿង​បរិស្ថាននេះ​​ដែរ តែ​វា​អាច​ចូល​រឿង​រកស៊ី​ផងដែរ! ប្រទេស​បារាំង​និង​ចិន​ បាន​យល់​ព្រម​គ្នា ចរចា​សម្រេច​​សាងសង​រោង​ចក្រ​សម្អាត​កាកសំណល់​វិទ្យុសកម្ម នៅស្រុក​ចិន​។ សំណុំ​រឿង​នេះ បារាំង​ចិន​ជជែក​ចរចាគ្នា អស់​ជាង​១០ឆ្នាំមកហើយ។ ក៏ប៉ុន្តែពេល​នេះ ភាគី​ទាំងពីរ​សម្រេច​ថា​ ត្រូវ​បញ្ចប់​ការ​ចរចា ត្រឹម​ខែ​មករា​២០២០ ហើយ​ចាប់ផ្តើម​សាងសង់​រោច​ចក្រ​តែម្តង។​ រោង​ចក្រ​សម្អាត​កាកសំណល់​វិទ្យុសកម្ម នៅស្រុក​ចិន នឹង​ត្រូវ​សាង​សង់​ដោយ​ក្រុម​ហ៊ុន​បារាំង។ ​កិច្ចសន្យា​នេះ មា​នទឹកប្រាក់​២០ពាន់​លាន​អឺរ៉ូ។

ប្រទេស​ចិន ជាប្រទេសនាំមុខ​ទី១លើលោក ខាង​​បញ្ជាទិញ​គ្រឿងគ្រៅ​​សម្រាប់​ដំណើរការ​ផលិត​ថាមពលនុយក្លេអ៊ែរ​ស៊ីវិល។ ចិន​​ មាន​ក្បាល​ម៉ាស៊ីន​រ៉េអាក់ទ័រ​នុយក្លេអ៊ែរ​ ចំនួន​៤៨ និង​១០ផ្សេងទៀត ​កំពុង​តែ​សាងសង់​បន្ថែម។

ផ្នែក​​វប្បធម៌​ តើ​រដ្ឋ​ទាំងពីរនឹង​សហការ​យ៉ាងណាខ្លះ​?​

តាំងពី​ថ្ងៃទី​១នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក ម៉ាក្រុង​នៅស្រុក​ចិន សោភ័ណ​ក៏​ជ្រាប​ស្រាបដែរថា បារាំង​បើក​សម្ពោធ​មជ្ឈមណ្ឌល​​វប្បធម៌​បារាំង​ George Pompidou នៅ​ក្រុង​សៀងហៃ​។ នេះជាលើកទី១មួយ ដែល​ចិន​អនុញ្ញាត​ឱ្យ​មាន​មជ្ឈមណ្ឌល​វប្បធម៌​អឺរ៉ុប​យ៉ាង​ដូច្នេះ នៅលើ​ទឹក​ដីចិន។ បារាំង​រីករាយ​សប្បាយ​ចិត្ត​ ដ្បិត​ថា​នេះ​ក៏​ជា​លើកទីមួយដែរ ដែល​មជ្ឈមណ្ឌល​​វប្បធម៌​បារាំង​ George Pompidou បាន​ពង្រីកសាខា​នៅ​អាស៊ី ក្នុង​ទឹក​ដី​ចិន​នេះតែម្តង។ បារាំងថែមទាំង​​សន្យា​ឱ្យ​ចិន​ខ្ចី​ផ្ទាំង​គំនូរនិង​​ស្នាដៃ​សិល្បៈ​ ដែល​តម្លៃ​រាប់​លាន​អឺរ៉ូ យកទៅ​តាំងពិព័រណ៍ទៀត​ផង។ រូប​គំនូរ​ខ្លះ ក៏​នឹង​មាន​ស្នាដៃ​របស់​វិចិត្រករ​​លំដាប់​ពិភពលោក ដូច​ជា​គំនូររបស់​ Picaso ជាដើម។

លើសពីនេះទៀត ក្នុង​ផ្នែកវប្បធម៌​​សិល្បៈ​ទី​៧​របស់​បារាំង, សមិទ្ធករភាពយន្ត​​ឆ្នើមៗ ផលិតករកុន​​បារាំងល្បីៗ​ ក៏​បាន​ប្រកាស​បោះ​គោលដៅ ​ទៅ​ថត​កុន​នៅស្រុក​ចិន​រឹងរឹត​តែច្រើន​ថែមទៀត​ផង​ដែរ​ នៅ​ឆ្នាំ​២០២០​។ វិមានប្រធានាធិបតី​បារាំង​អេលីហ្សេ ក៏​បញ្ជាក់ដែរ​ថា ចិន​គឺ​នឹង​ត្រូវ​ដាក់ជាគោល​ដៅអភិវឌ្ឍន៍​ទេសចរណ៍​វប្បធម៌ របស់​បារាំង នៅ​ឆ្នាំ២០២១​។

បារាំង​សម្តែង​ក្តីបារម្ភ​ចំពោះ​សំណុំ​រឿង​ហុងកុង

នៅលើក្រដាស និងព័ត៌មាន​ផ្លូវការ នៅ​មុន​ពេល​ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​រដ្ឋ​បារាំង​ គឺ​វិមាន​ប្រធានាធិបតី​ បង្ហើបថា លោក​អេម៉ាណុយ​ អែល​ម៉ាក្រុង​ ​នឹង​លើក​យក​សំណុំរឿង​បាតុកម្ម​នៅហុងកុង ព្រមទាំង​រឿង​រំលោភ​បំពាន​សិទ្ធិ​ជន​ជាតិ​ភាគ​តិច​អ៊ុយហ្គួរ ទៅ​និយាយ​ដោយ​ស្មោះស្មើ​ចំពោះមុខ​​ថ្នាក់ដឹកនាំ​ចិន។ នៅ​មុន​ពេល​ដំណើរ​ទស្សនកិច្ច លោក​ ​ម៉ាក្រុង ខ្លួន​ឯង​​ ក៏​បញ្ចាក់​ប្រាប់អ្នក​កាសែត​​បារាំង​ដែរថា នឹង​រឿង​ទាំង​នេះ ដោយ​ត្រង់​ទៅត្រង់​មក ជាមួយ​ប្រមុខ​រដ្ឋ​ចិន។

ទីបំផុត លោក​ ម៉ាក្រុង បា​នប្រកាស​ដល់​អ្ន​កកាសែត​តែម្តង​ ក្នុង​សន្នីសីទ​សារព័ត៌មាន ជុំ​វិញ​ការ​បូក​សរុប​លទ្ធផល​ទស្សនកិច្ច​របស់​លោកទៅស្រុកចិន។ ប្រធានាធិបតី​បារាំង ថា​លោកពិត​ជា​បាន​លើកយក​រឿង​ហុងកុង ទៅ​និយាយ​ជាមួយ​លោក ស៊ី ជីនពីង​ ពិត​មែន ដោយ​ប្រមុខ​រដ្ឋ​បារាំង ស្នើ​សុំ​ឱ្យ​ភាគី​ចិន​និង​ហុងកុង ចរចាគ្នា​។ តាម​សម្តី​លោកម៉ាក្រុង, គឺ​លោកបាន​សម្តែង​ក្តី​បារម្ភ​ផ្ទាល់​ខ្លួន ​ក្នុង​នាម​ប្រទេស​បារាំង និង​ក្នុង​នាម​សហភាពអឺរ៉ុប ចំពោះស្ថានការណ៍​នៅហុងកុង។ ​លោក ម៉ាក្រុង ក៏​​បាន​ទទូច​និង​ជំរុ​ញ​ឱ្យ​លោក ស៊ី ជីនពីង បើក​ការ​សន្ទនា​ជាមួយ​បាតុករ​ហុងកុង ហើយចំពោះប្រមុខ​រដ្ឋ​បារាំង, ​ការ​ជជែក​សន្ទនា​គ្នា​នេះ គឺ​ជារឿង​ចាំបាច់​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ