rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

បារាំង បាតុកម្ម

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

​​ថ្ងៃ១ឧសភា​ ​ប៉ារីស​ប្រឈម​នឹងបញ្ហា​សន្តិសុខខ្ពស់

media
បាតុករ ថ្ងៃ​ទី​១ឧសភា​ @AFP

ក្រុង​ប៉ារីស​ប្រឈម​នឹង​បញ្ហា​សន្តិសុខខ្ពស់​។ ដូច​តាម​​ទម្លាប់ ថ្ងៃ១​ឧសភា​ ជា​ទិវា​ឈប់​សម្រាក​បុណ្យ​រម្លឹក​​ពលកម្ម​អន្តរជាតិ​ ប៉ុន្តែ ​ពលរដ្ឋ​បារាំងរាប់​ពាន់​នាក់​​​ បាន​ធ្វើ​បាតុកម្មថ្ងៃ​១​ឧសភា ហើយ​ដែល​ជាទូទៅ​ គឺ​មា​ន​លាយឡំ​ដោយ​ហិង្សា ដុត​បំផ្លាញ​ហាង​ទំនិញ​ផ្សេងៗ​។ ថ្ងៃ​១ឧសភា​នេះ គឺកាន់តែ​ធ្ងន់ធ្ងរទៅទៀត ពីព្រោះ​បាតុករ​អាច​នឹង​កាន់​តែ​ច្រើន ដោយ​ត្រូវលាយឡំជាមួយនឹងបាតុកម្មអាវលឿង និងក្រុមជ្រុលនិយមផ្សេងទៀត។  ត្រឹម​ម៉ោង​១១និង​១៤ព្រឹកនៅស្រុក​បារាំង ប៉ូលីស​ចាប់​ខ្លួន​មនុស្ស​៨៨នាក់។​


ប៉ូលី​ស​និង​ទាហាន​ ចំនួន​ជាង​៧ពាន់​៤រយនាក់ បាន​ត្រូវ​ដាក់​ពង្រាយ​នៅ​រដ្ឋធានី​ប៉ារីស ដើម្បីរក្សា​សុវត្ថិភាព​ ប្រឈម​នឹង​បាតុករ​ ដែល​ភាគច្រើន​ ទំនង​ជា​ជ្រុល​និយម​ ​និង ​អ្នក​និយម​ហិង្សាផង​។​ នេះបើ​តាម​ប្រសាន៍​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បារាំង។

តាម​ការ​ស្មាន​របស់​ក្រសួង​មហាផ្ទៃ គឺទំនង​ជាមាន​បាតុករ​ជាង​១១ម៉ឺន​៥ពាន់នាក់ ធ្វើ​បាតុកម្ម​នៅទូទាំង​ប្រទេស​បារាំង។ ហើយ​នៅ​រដ្ឋធានី​ប៉ារីស ​ប្រហែល​មាន​ជា​២ម៉ឺន​៥ពាន់ ទៅ​៣ម៉ឺន​៥ពាន់​នាក់​។ បើ​តាម​ចំនួននេះ គឺ​វា​កើតចំនួន​ច្រើន​មែនទែន​បើ​ធៀប​នឹង​ឆ្នាំមុន។​ ផ្អែក​លើទិដ្ឋន័យ​ថ្ងៃទី​១ឧសភា​កាលពី​ឆ្នាំ២០១៨ គឺ​មាន​បាតុករ​ប្រមាណ​១ពាន់​២រយ​នាក់ប៉ុណ្ណោះ​ ដែល​ធ្វើ​បាតុកម្ម​នៅ​ប៉ារីស។​ កាលណោះ ពួក​គេ​ខ្លះ​បាន​ដុត​បំផ្លាញ​ និង​វាយ​បំបែក​ហាង​ទំនិញ​ជាច្រើន ហើយ​ ឡាន​ម៉ូតូ​ជា​ច្រើន​គ្រឿង​ ក៏​ត្រូវ​ចេះ​ខ្ទេច​ខ្ទី​អស់​ដែរ​។​

ដើម្បី​ពង្រឹង​សុវត្ថិភាព ប៉ូលីស​បារាំងបាន​កោះហៅ​ជន​សង្ស័យបានមួយ​ចំនួន​ជា​បណ្តើរ​ ហើយ​ក៏បានចាប់​ផ្តើម​ចុះ​ចល័ត​ចែក​ឆែក​តាំងពី​ព្រឹក​ថ្ងៃ​អង្គារមកម្ល៉េះ។ រដ្ឋមន្ត្រី​មហាផ្ទៃ​បាន​បញ្ជាក់ថា  ក្នុង​ការ​ចុះ​ល្បាត​ចែកឆែររបស់​ប៉ូលីស សមត្ថកិច្ច​រក​ឃើញ​កាបូក​មួយ​ចំនួន មាន​ បង្កប់​​ដោយ​ដំបង​ដែក កាំបិត និង​ស្រោម​ដៃ​ក្រាស់ៗ​ជាដើម។​

CGT ក្រុម​សហជីព​មួយ រៀបចំ​បាតុកម្ម បាន​អំពាវវពាវ​ឲ្យ​មាន​ការ​ប្រមូល​ផ្តុំ​នៅ​ប៉ារីស ដើម្បី​រួម​គ្នា​ប្តូរ​គោលនយោបាយ​សង្គម។ បាតុកម្ម​ក៏​មាន​នៅ​ខេត្ត​ផ្សេងដែរ​ ដូចជា​ទូលូស៍ ណង់ ហើយ​ នៅ​ខេត្ត​ម៉ាក់សីយ៍ ភាគ​ខាង​ត្បួង​បារាំង ក៏​ជា​ចំណុច​បាតុកម្ម​ក្តៅ​គគុកដែរ ដែល​ដឹកនាំដោយ​អ្នកនយោបាយ​ប្រឆាំង ជ្រុល​និយម លោក Jean -Luc Mélenchon ៕​