rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ចិន អាមេរិក

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ស្ថាបនិក Huawei៖ ក្រុមហ៊ុន​ទូរសព្ទយក្សចិន មិន​ចុះ​ញ៉ម​ចំពោះ​សម្ពាធ​របស់​អាមេរិក​ទេ!

media
HUAWEI Toby Melville

នៅចុង​សប្តាហ៍​កន្លងទៅនេះ ស្ថាបនិក​ក្រុម​ហ៊ុន​ទូរសព្ទ​ Huawei របស់​ចិន​ បាន​បញ្ជាក់​ថា ខ្លួន​មិន​ចុះ​ញ៉ម​ឡើយ បើ​ទោះបី​អាមេរិក​ប្រឹង​ដាក់​សម្ពាធខ្លាំង​​យ៉ាងណា​ក្តី។ ម្ចាស់​ក្រុម​ទូរសព្ទ​យក្ស​ចិននេះ សង្កត់​ធ្ងន់​ថា ក្រុមហ៊ុន​របស់​ខ្លួន បាន​ត្រៀម​ខ្លួន​រួច​ហើយ​សម្រាប់​ប្រឈម​មុខ​តទល់​នឹងការ​ដាក់​គំនាប​ពីអាមេរិក។ គួរ​បញ្ជាក់ថា រដ្ឋបាល​អាមេរិក​របស់​លោកត្រាំ កាលពី​ថ្ងៃពុធ​កន្លងទៅ បាន​សម្រេច​ដាក់​វិធាន​ការថ្មី ហាម​មិន​ឲ្យ​ក្រុមហ៊ុន​អាមេរិក ផ្គត់​ផ្គង់គ្រឿង​បរិក្ខារ​ទូរសព្ទ​ទៅឲ្យ​ក្រុមហ៊ុន​ Huawei នេះឡើយ។


ក្រោយ​ពី​ត្រូវ​រង​សម្ពាធថ្មី​របស់​អាមេរិក លោក Ren Zhengfei ស្ថាបនិក​​ក្រុមហ៊ុន​ Huawei ​ចេញ​មុខ​ជាលើកដំបូង​ ដោយ​បញ្ជាក់​​ថា Huawei បាន​ត្រៀម​ខ្លួន​ស្រេច​ក្នុង​ការ​ផលិត​គ្រឿង​បរិក្ខារ​ និង​បំណែក​ផ្សេងៗ​ដោយ​ខ្លួនឯង សម្រាប់​ដំឡើង​ទូរសព្ទដៃ​ ដោយ​មិន​រំពឹងលើការ​​នាំចូល​ទាំង​ស្រុង​ពេក​នោះទេ។

 

គួរ​ឲ្យ​ដឹង​ថា Huawei ដែល​ជា​ក្រុម​ហ៊ុន​​ឈាន​មុខ​គេ​ខាង 5G ​បច្ចេកវិទ្យា​ចុង​ក្រោយ​បំផុត គឺ​នៅតែ​ពឹង​ពាក់​ការ​នាំ​ចូល​គ្រឿង​ផ្សំ​បរិក្ខារ ពី​បរទេស​នៅឡើយ។ ក្នុង​មួយឆ្នាំៗ Huawei ចាយទឹក​ប្រាក់​ប្រមាណ​ ៦៧ពាន់​លាន​ដុល្លារ សម្រាប់​ទិញ​គ្រឿង​សម្ភារៈ​ពី​ស្រុក​ក្រៅ​ ក្នុង​នោះ ១១ពាន់​លាន​ដុល្លារ គឺទិញ​គ្រឿងបំណែក​ផ្សេងៗ​ពី​អាមេរិក។ ក៏ប៉ុន្តែ ​ប្រមុខ​រដ្ឋ​អាមេរិក លោក ត្រាំ កាលពីសប្តាហ៍មុន​​​ បាន​សម្រេច​ដាក់​វិធាន​ការថ្មី ហាម​មិន​ឲ្យ​ក្រុមហ៊ុន​អាមេរិក ផ្គត់​ផ្គង់គ្រឿង​បរិក្ខារ​ទូរសព្ទ​ទៅឲ្យ​ក្រុមហ៊ុន​ទូរសព្ទចិននេះ​ តទៅទៀត​ឡើយ​។ ចំពោះ​អាមេរិក​របស់​លោក​ ត្រាំ ការ​ប្រើប្រាស់​ផលិត​ផល​របស់​ក្រុម​ហ៊ុន​ចិន​ Huawei គឺអាច​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​អាមេរិក​។

ទោះយ៉ាងណាក៏ដោយ ស្ថាបនិក​ក្រុម​ហ៊ុន​ទូរសព្ទ​ Huawei បញ្ជាក់​ប្រាប់​អ្នក​កាសែត​ជប៉ុន ថា​ក្រុម​ហ៊ុន​របស់លោក គ្មាន​បាន​ធ្វើ​អ្វី​បំពាន​ច្បាប់​ឡើយ ហើយ​ថែមទាំង​រំពឹង​ថា ក្រុមហ៊ុន​នេះ​ នឹង​​រីកចម្រើន​ ហើយ​មាន​​កំណើន​​ប្រាក់​ចំណូល​ បើ​ទោះបី​ជា​មិន​កើនច្រើន​​លើសលុប ក៏​អាច​កើនឡើង​សន្សឹម​ៗ​ដែរ។​ កាលពី​ឆ្នាំ២០១៨, Huawei ចំណេញ​បាន​ ជាង​១០០ពាន់លាន​ដុល្លារ។ ក្រុមហ៊ុន​នេះ មាន​បុគ្គលិក​ជាង​ ១៩០ ០០០ នាក់​ ដែល​ធ្វើ​ការ​នៅ​ប្រទេស​ចំនួន​១៧០ ទូទាំង​ពិភព​លោក។

ក៏ប៉ុន្តែ អ្ន​កវិភាគ​សេដ្ឋកិច្ច​មួយ​ចំនួន​យល់ឃើញថា នៅ​ក្នុង​វិស័យ​សេដ្ឋកិច្ច​ ក្រុម​ហ៊ុន​យក្ស​របស់​ចិន​នេះ ត្រូវការ​អាមេរិក​ ច្រើន​ជាង​អាមេរិក​ត្រូវការ​ក្រុម​ហ៊ុន​ Huawei ៕