អានតួអត្ថបទ
ជប៉ុន

ជប៉ុន​បិទ​ពិព័រណ៍សិល្បៈ​ធំមួយ ព្រោះ​តែ​រូប​គំនូរ​មួយ​ផ្ទាំង​ស្តីពីទុក្ខសោក​នារី​កូរ៉េ​ខាងត្បូង

ស្ថានការណ៍​ទំនាក់ទំនង​ ​ ជប៉ុន​និង​កូរ៉េ​ខាង​ត្បូង កាន់តែ​ដុន​ដាប។ បន្ទាប់ពី​ឈ្លោះ​គ្នា​រឿង​ពាណិជ្ជកម្ម និងការទូត​រួចមក ពេល​នេះ ចូល​ដល់​រឿង​សិល្បៈ​វប្បធម៌​វិញម្តង។ ជប៉ុន នៅ​ថ្ងៃ​អាទិត្យ​ទី​៤សីហា សម្រេច​បិទ​ការ​តាំងពិព័រណ៌សិល្បៈ​មួយ​ដ៏ធំ ដែល​ទើបតែ​បើក​ទ្វារ​សម្ពោធ​បានតែ​​បីថ្ងៃប៉ុណ្ណោះ។ ការ​បិទ​នេះ ដ្បិតអាជ្ញាធរ​ជប៉ុន​​បារម្ភ​ពី​សន្តិសុខ​សុវត្ថិភាព​របស់​អ្នក​ចូល​ទស្សនា​ពិព័រណ៍។

គំនូរមួយផ្ទាំងនេះ បង្ហាញឱ្យឃើញពីនារីកូរ៉េខាងត្បូងម្នាក់ ស្លៀកពាក់បែបប្រពៃណីកូរ៉េ ហើយអង្គុយនៅលើកៅអីមួយ។ ស្នាដៃវិចិត្រកម្មនេះ គឺជានិមិត្តរូបតំណាងឱ្យទុក្ខសោកនៃស្ត្រីកូរ៉េ។
គំនូរមួយផ្ទាំងនេះ បង្ហាញឱ្យឃើញពីនារីកូរ៉េខាងត្បូងម្នាក់ ស្លៀកពាក់បែបប្រពៃណីកូរ៉េ ហើយអង្គុយនៅលើកៅអីមួយ។ ស្នាដៃវិចិត្រកម្មនេះ គឺជានិមិត្តរូបតំណាងឱ្យទុក្ខសោកនៃស្ត្រីកូរ៉េ។ @AFP
ផ្សាយពាណិជ្ជកម្ម

បើ​តាម​គ្រោង ការ​តាំងពិព័រណ៌​ នៅ​កណ្តាល​ប្រទេសជប៉ុននេះ ត្រូវ​មាន​រយៈ​ពេល​ ពីរ​ខែ​កន្លះ ប៉ុន្តែ បើក​ទ្វារ​បាន​តែ​៣ថ្ងៃប៉ុណ្ណោះ ក៏ត្រូវ​បង្ខំ​ចិត្ត​បិទ​​ពិព័រណ៍​ទៅវិញ ពីព្រោះតែ​ភាព​ចម្រូង​ចម្រាស់​នៃ​គំនូរ​មួយ​ផ្ទាំង។ ​គំនូរមួយ​ផ្ទាំង​នេះ គឺ​បង្ហាញ​ឱ្យ​ឃើញ​ពី​នារី​កូរ៉េ​ខាង​ត្បូង​ម្នាក់​ ស្លៀក​ពាក់​បែប​ប្រពៃណីកូរ៉េ​ ហើយ​អង្គុយ​នៅលើ​កៅអី​មួយ​។ ស្នាដៃ​វិចិត្រ​កម្ម​នេះ គឺ​ជា​និមិត្ត​រូប​តំណាង​ឱ្យ​ទុក្ខសោ​ក​នៃ​ស្ត្រី​កូរ៉េ​ ដែល​រងគ្រោះ​ដោយ​សារ​បម្រើទាសភាព​​តណ្ហា​ សម្រាប់​កងទ័ព​ជប៉ុន ក្នុង​អំលុង​ពេល​សង្គ្រាម​លោក​លើក​ទី២ ដែល​ប្រទេស​កូរ៉េ​ស្ថិត​ក្រោម​នឹម​អាណានិគម​របស់​ជប៉ុន​។

តាម​ពិតទៅ គោលបំណង​នៃ​ពិព័រណ៍​នេះ គឺ​ផ្តោត​សំខាន់​លើ​សេរីភាព​នៃការ​បញ្ចេញមតិ ដោយ​អ្នក​រៀប​ចំ​ បា​នខំប្រមូល​ស្នាដៃ​សិល្បៈ​និងផ្ទាំង​គំនូរទាំងឡាយ​ណា ដែល​បានត្រូវ​ហាមឃាត មកដាក់​តាំង​បង្ហាញ​។ ក៏ប៉ុន្តែ​នេះ នាំឱ្យ​មានការ​មិន​សប្បាយចិត្តពីសំណាក់​​មនុស្ស​មួយ​ចំនួន ហើយ​អ្នក​រៀបចំ​កម្មវិធី​ទទួល​រងនូវ​​ការ​គំរាម​ជាច្រើន ក្នុង​ពេល​បីថ្ងៃមកនេះ។ ការគំរាម​ តាម​ការ​ហៅទូរសព្ទ​មក​ជេរ​ស្តី​ដោយ​ផ្ទាល់, តាម​រយៈ​លិខិត អ៊ីម៉ែល និង​ទូរសារ​ជាដើម។  សំបុត្រ​មួយ ព្រមាន​ថា «គេ​នឹង​ទៅ​កន្លែង​ពិព័រណ៌​នេះ ជាមួយ​នឹង​ដប​​សាំង​មួយ​ផង»។

អាជ្ញាធរ​ជប៉ុន ​បញ្ជាក់ថា ការ​សម្រេច​បិទទ្វារ​មហោស្រព​នេះ ព្រោះ​ខ្លាច​ក្រែង​ពុំ​អាច​ធានា​សុវត្ថិភាព​បាន​គ្រប់​ជ្រុង​ជ្រោយ។ រឿងគ្រោះថ្នាក់​នេះ នាំឱ្យ​គេ​គិត​ដល់​ អគ្គីភ័យ​ដែល​ឆាប​ឆេះ​ក្រុមហ៊ុន​ផលិត​គំនូរ​ជីវចល​មួយ​នៅ​ក្យូតូ សម្លាប់​មនុស្ស​ ៣៥នាក់ ដែល​ពី​ខែ​មុន​នេះ។

គួរ​ជ្រាប​ថា ជប៉ុន​និង​កូរ៉េខាង​ត្បូង គឺ​ជា​សម្ព័ន្ធ​ជិតស្និត​ជាមួយ​អាមេរិក​ដូចគ្នា តែប្រទេស​ទាំងពីរ​ឈ្លោះ​គ្នា​មិន​ចេះ​ស្វាង ជុំវិញ​សំណុំ​​រឿង​ទាមទារដែន​កោះ និង​រឿង​អាស្រូវ​ប្រវត្តិ​សាស្ត្រ ដែល​កង​ទ័ព​ជប៉ុន​យកនារី​កូរ៉េខាងត្បួង​ទៅ​បម្រើ​តណ្ហា។ តាម​អ្នក​ប្រវត្តិ​សាស្ត្រ នារី​ប្រមាណ​២០ម៉ឺន​នាក់ ភាគច្រើន​ជា​ស្ត្រី​កូរ៉េ​ ដែល​ត្រូ​វកង​ទ័ព​ជប៉ុនបង្ខំ​ឱ្យ​ធ្វើការ​ក្នុង​ជំរុំ​យោធានិង​បម្រើ​ផ្លូវ​ភេទក្នុង​សង្គ្រា​ម​​លោក​លើកទី២​​​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ