rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

បច្ចេកវិទ្យា អ៊ីនធ័រនែត សេដ្ឋកិច្ច

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

តម្លៃ​ភាគហ៊ុន​Facebook​ ធ្លាក់ចុះ​បើ​ទោះបី​ជា​ចំណូល​បាន​កើនឡើង​

media
Logo របស់ Facebook នៅពីមុខក្រាហ្វិកតម្លៃភាគហ៊ុន ថ្ងៃទី៣១ មករា ២០១៨ REUTERS/Dado Ruvic/Illustration/File Photo

កាលពីថ្ងៃពុធ​ម្សិលមិញ Facebook បានប្រកាស​ពីប្រាក់ចំណេញ​របស់ខ្លួនក្នុងឆ្នាំ២០១៧ ដែលបានកើនឡើង​ចំនួន២០ភាគរយក្នុងរយ:ពេល​៣ខែចុងក្រោយ។ ក៏ប៉ុន្តែស្របពេល​ជាមួយគ្នានោះដែរ តម្លៃភាគហ៊ុនបែរ​ជាមានការថយចុះដល់ទៅជាង​៤ភាគរយ ដោយសារការប្រកាសរបស់លោក Mark Zuckerberg ថា Facebook​ ធ្វើការផ្លាស់ប្តូរមួយចំនួន​ដូចជាការបង្ហាញនៅលើNewsfeed។


Facebook​ បានប្រកាសកាលពីថ្ងៃពុធម្សិលមិញថា ប្រាក់ចំណូលប្រចាំត្រីមាសចុងក្រោយសម្រាប់ឆ្នាំ២០១៧របស់ខ្លួនមានការកើនឡើងរហូតដល់ទៅ៤៧ភាគរយ បើគិតទៅមានចំនួនសរុបប្រមាណជិត១៣ពាន់លានដុល្លា។​ ការកើនឡើងនេះ គឺដោយសារប្រាក់ចំណូលដែលបានមកពីការផ្សព្វផ្សាយពាណិជ្ជកម្ម និងចំនួនសមាជិកអ្នកប្រើប្រាស់សកម្មដែលមានចំនួនប្រមាណ២,១៣ពាន់លាននាក់ នេះកើនឡើងចំនួន១៤ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំមុន។

ចំណែកឯប្រាក់ចំណេញវិញ ក៏បានកើនឡើងចំនួន២០ភាគរយ​ផងដែរ ហើយនោះស្មើនឹង៤,២៦ពាន់លានដុល្លាសហរដ្ឋអាមេរិក បើទោះបីជាការចំណាយក៏បានកើនឡើងក្នុងកម្រិតដូចគ្នានេះដោយសារការបង្កើនចំនួនបុគ្គលិកធ្វើការ ។

តែផ្ទុយពីការកើនឡើងនៃប្រាក់ចំណូលនិងប្រាក់ចំណេញ តម្លៃភាគហ៊ុនរបស់Facebook​ បែរជាមានការថយចុះដល់ទៅជាង៤ភាគរយ  កាលពីថ្ងៃពុធម្សិលមិញ។ នេះគឺដោយសារFacebook​ ក៏បានបង្ហាញទិន្នន័យផ្សេងមួយទៀតថា អ្នកប្រើប្រាស់កំពុងចំណាយពេលកាន់តែតិចនៅលើបណ្តាញសង្គមមួយនេះ ហើយពេលវេលាសរុបដែលបានថយចុះមានចំនួនប្រមាណ៥០លានម៉ោងក្នុងមួយថ្ងៃ។

ស្ថាបនិកនិងនាយកគ្រប់គ្រង Facebook លោក Mark Zuckerberg បានឲ្យដឹងថា Facebook​ បានធ្វើការកែប្រែនូវមុខងារប្រើប្រាស់មួយចំនួនក្នុងគោលបំណងជួយបង្កើននូវទំនាក់ទំនងរវាងអ្នកប្រើប្រាស់អោយកាន់តែមានប្រសិទ្ធភាពជាងមុន។ លោកបានបន្ថែមទៀតថា ការជំរុញអោយមាន​ទំនាក់ទំនងនេះមានសារ:សំខាន់ជាងការជំរុញអោយអ្នកប្រើប្រាស់ចំនាយពេលអោយបានច្រើនបំផុតនៅលើបណ្តាញសង្គមនេះ។

ការកែប្រែសំខាន់ៗរួមមាន ការផ្តោតទៅលើការ Updates របស់មិត្តភក្តិនិងក្រុមគ្រួសារ និងការកាត់បន្ថយនូវការបង្ហាញវីដេអូកំសាន្ត ការផ្សព្វផ្សាយពាណិជ្ជកម្ម និងព័ត៌មានសិល្បៈ។ បន្ថែមទៅលើនេះទៀត Facebook​ មានគម្រោងស្នើសុំដល់អ្នកប្រើប្រាស់ជាង២ពាន់លាននាក់របស់ខ្លួនអោយធ្វើការចាត់ថ្នាក់នូវកម្រិតនៃការទុកចិត្តចំពោះប្រភពផ្សព្វផ្សាយព័ត៌មាន ដែលនេះជាគម្រោងការមួយដើម្បីទប់ស្កាត់នូវការចែកចាយព័ត៌មានដែលពុំត្រឹមត្រូវច្បាស់លាស់។

នាពេលបច្ចុប្បន្ន Facebook​ ក៏កំពុងព្យាយាមពង្រីកនិងពង្រឹងនូវសេវាកម្មរបស់ខ្លួនមួយចំនួនទៀតដូចជា Instagram, Messenger ហើយនិង Whatsappផងដែរ៕