rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
នាទី​យល់ដឹង​អំពី​ច្បាប់ និង​ជំនួញ
rss itunes

ពន្យល់សង្ខេប​សំណុំរឿង​បកស្រាយ​សាលក្រម​ឆ្នាំ១៩៦២ នៅ​តុលាការ​ក្រុងឡាអេ

ដោយ សេង ឌីណា

មួយសប្តាហ៍ក្រោយ ពី​សវនាការ នៅ​តុលាការ​ក្រុងឡាអេ ត្រូវ​បិទបញ្ចប់ នៅតែ​មាន​អ្នកស្តាប់​របស់​យើ់ងជាច្រើន​បាន​ចោទជា​សំណួរ ជុំវិញ​ដំណើរក្តីនេះ។ នៅ​ក្នុង​នាទីយល់ដឹង​ពីច្បាប់ របស់​យើង នៅថ្ងៃ​នេះ សេង ឌីណា នឹង​ឆ្លើយបំភ្លឺឡើងវិញ ជុំវិញ​សំណួរ​ទាំងនេះ។

សំណួរ-តើ​​នៅ​ក្នុង​ក្តីក្តាំ នៅ​តុលាការ​ក្រុងឡាអេ នៅពេលនេះ តុលាការ​​អាច​ចេញសេចក្តីសម្រេច ដែល​នាំ​ឲ្យ​កម្ពុជា​បាត់បង់​ព្រះវិហារ​ទៅថៃ​វិញ​ដែរ​ឬទេ?

ក្នុងក្តីក្តាំ នៅពេលនេះ តុលាការ​ក្រុងឡាអេ​មិន​អាច​សើរើ កាត់ក្តី​លើ​ប្រាសាទ​ព្រះវិហារ​ឡើងវិញ​បានទេ ពីព្រោះ​វាជា​​បណ្តឹង​សុំ​បកស្រាយសាលក្រម មិនមែន​ជា​​បណ្តឹង​សុំ​ឲ្យ​ សើរើ​សំណុំរឿង​ព្រះវិហារ​ឡើងវិញទេ។ អ្វី​ដែល​តុលាការ​បាន​សម្រេច​រួចហើយ កាល​ពី​ឆ្នាំ​១៩៦២ តុលាការ​មិន​អាច​ផ្លាស់ប្តូរ​ឡើងវិញ​បាន​ទេ គឺ​អាច​ត្រឹមតែ​បកស្រាយ ពន្យល់ បំភ្លឺ ទៅលើ​អត្ថន័យ និង​វិសាលភាព នៃ​សេចក្តីសម្រេច ឆ្នាំ​១៩៦២​នេះ​ប៉ុណ្ណោះ។

សាលក្រម​កាលពីឆ្នាំ​១៩៦២ បាន​សម្រេច​ថា ប្រាសាទ​ព្រះវិហារ​ស្ថិត​នៅលើ​ទឹកដី​កម្ពុជា​រួចទៅហើយ។ នៅ​ក្នុង​សារណា​ជាលាយលក្ខណ៍អក្សរ ទាំង​ក្នុង​ពេល​ឆ្លើយបំភ្លឺ​ផ្ទាល់មាត់ ភាគី​ថៃ​ក៏​បាន​បញ្ជាក់ម្តងហើយ ម្តងទៀត​ដែរ ថា ថៃ​ទទួលស្គាល់​ច្បាស់លាស់​ថា តុលាការ​ពិត​ជា​បាន​ប្រគល់​ប្រាសាទ​ព្រះវិហារ​ទៅ​ឲ្យ​កម្ពុជា​មែន ទាំង​តួប្រាសាទ និង​ទាំងដី នៅ​ក្រោម​ប្រាសាទ។ អ្វី​ដែល​ជា​ចំណុច​ចម្រូងចម្រាស នៅ​ពេលនេះ មិនមែន​រឿង​ប្រាសាទ​ព្រះវិហារ​ទេ គឺ​រឿង​ដី ដែល​ខាង​ភាគី​ថៃ តែងតែ​ឲ្យឈ្មោះ​ថា ដី ៤,៦​គីឡូម៉ែត្រ​ក្រឡា នៅ​ជុំវិញ​ប្រាសាទ។

ដូច្នេះ មិនថា តុលាការ​សម្រេច​ថា យ៉ាងម៉េច​ទេ... បកស្រាយ​សាលក្រម ឬ​មិនបកស្រាយ ហើយ​បើ​បកស្រាយ ទោះជា​បកស្រាយ​យ៉ាងម៉េច​ក៏​ដោយ ក៏​មិន​អាច​កាត់​ប្រាសាទ​ព្រះវិហារ​ឲ្យ​ទៅ​ថៃ​វិញ​បាន​ដែរ។

កុំថាឡើយ​តួប្រាសាទ​ព្រះវិហារ សូម្បីតែ​ដីជុំវិញ​ប្រាសាទ ដែល​ថៃ ហៅថា ដី ៤,៦​គីឡូម៉ែត្រ​ក្រឡា​នេះ ក៏​តុលាការ​ក្រុងឡាអេ មិន​អាច​ធ្វើការ​បកស្រាយ​ ឲ្យ​ទៅ​ថៃ​បានដែរ ពីព្រោះ នៅ​ក្នុង​សាលក្រម ឆ្នាំ​១៩៦២ មិនមាន​ចំណុច​ណាមួយ ពាក្យណាមួយ ឃ្លាណាមួយ ដែល​និយាយ​ថា ដីជុំវិញ​ប្រាសាទ​ត្រូវ​បានទៅថៃ​នោះទេ។

ទាក់ទង​នឹង​ដី​ជុំវិញ​ប្រាសាទ​នេះ

  • ឬ​មួយតុលាការ​បកស្រាយ​ថា សាលក្រម​ឆ្នាំ​១៩៦២ បាន​សម្រេច​ច្បាស់លាស់​ថា​ជា​ដី​ខ្មែរ
  • ឬមួយ​ តុលាការ​បកស្រាយ​ថា សាលក្រម​ឆ្នាំ​១៩៦២ មិនបាន​សម្រេច​ឲ្យទៅ​ខាងណា មានន័យថា ត្រូវ​នៅ​ជា​ជា​ដីជាប់ជម្លោះ។

សំណួរ-តើ​នៅ​ក្នុង​សាលក្រម​ឆ្នាំ​១៩៦២នេះ ​កម្ពុជា​ស្នើសុំ​ឲ្យ​បកស្រាយ​ចំណុច​ណាមួយ​ពិតប្រាកដ?
 
ចំណុច ​ដែល​កម្ពុជា​ស្នើសុំ​ឲ្យ​តុលាការ​បកស្រាយ បើនិយាយ​ជាភាសាសាមញ្ញ គឺ​ទាក់ទង​នឹង​​ពាក្យថា “តំបន់ជុំវិញ​ប្រាសាទ” ដែល​មានចែង នៅ​ក្នុង​ចំណុចទី២ នៃ​សេចក្តីសន្និដ្ឋាន​ (Dispositif) ក្នុង​សាលក្រម​ឆ្នាំ​១៩៦២។

យើងដឹង​ហើយថា នៅ​ក្នុងសាលក្រម​ឆ្នាំ​១៩៦២ តុលាការ​ក្រុងឡាអេ​បាន​សម្រេច
ត្រង់ចំណុច​ទីមួយថា “ប្រាសាទព្រះវិហារ​ស្ថិត​នៅ​ក្នុង​ទឹកដី ដែល​នៅ​ក្រោម​អធិបតេយ្យភាព​របស់​កម្ពុជា”។ ដូច្នេះ ត្រង់ចំណុចទី២ តុលាការ​តម្រូវ​ឲ្យ​ថៃ ដកកងកម្លាំង​ប្រដាប់អាវុធ​ទាំងអស់ ទាំង​ទាហាន ទាំង​នគរបាល ទាំងឆ្មាំព្រំដែន ដែលថៃ​ដាក់​ឲ្យ​ឈរជើង នៅ​ក្នុង​ប្រាសាទព្រះវិហារ “ឬនៅ​ក្នុង​តំបន់​ជុំវិញ​ប្រាសាទ ដែលស្ថិត​នៅ​ក្នុង​ទឹកដី​កម្ពុជា”។ គឺ​ពាក្យថា “នៅក្នុង​តំបន់​ជុំវិញប្រាសាទ ដែលស្ថិត​នៅ​ក្នុង​ទឹកដី​កម្ពុជា” នេះ​ហើយ ដែល​កម្ពុជា​ សុំ​ឲ្យ​តុលាការ​ក្រុងឡាអេ​បកស្រាយ​ ដើម្បី​បញ្ជាក់​ឲ្យ​បាន​ច្បាស់លាស់​ថា “តំបន់​ជុំវិញប្រាសាទ ដែល​ស្ថិត​នៅ​ក្នុង​ទឹកដី​កម្ពុជា”​នេះ មានន័យថា ពី​ណា ទៅដល់​ណា? ហើយ​កម្ពុជា​បាន​ស្នើ​សុំ​ឲ្យ​តុលាការ​ធ្វើការ​​បកស្រាយត្រង់ចំណុចនេះ ដោយ​យោងទៅលើ​​​ខ្សែបន្ទាត់​ព្រំដែន នៃ​ផែនទី​ឧបសម្ព័ន្ធទីមួយ ដែល​តុលាការ​សម្រេច​យក​មក​ធ្វើ​ជា​​សំអាង ហើយ​ដែល​នៅ​ក្នុង​សេចក្តីសំអាង (Motif) នេះ តុលាការ​បាន​បញ្ជាក់​ច្បាស់ថា ផែនទី​ឧបសម្ព័ន្ធទី១​នេះ គឺ​ជា​ផែនទី ដែល​ភាគីទាំង២ គឺ​កម្ពុជា និង​ថៃ បាន​ទទួល​ស្គាល់​​រួចហើយ ដូច្នេះ វាជា​ផែនទី ដែល​​មាន​សុពលភាព​ខាង​ផ្លូវច្បាប់ អាច​ឲ្យ​តុលាការ​យក​មក​ធ្វើ​ជា​សំអាង ក្នុងការ​កាត់ក្តី​រឿងព្រះវិហារ​នេះបាន។

កម្ពុជា​បាន​ប្រាប់​ទៅ​តុលាការ​ថា សម្រាប់​ភាគីកម្ពុជា ការ​ដែល​តុលាការ​សម្រេច​ថា ប្រាសាទ​ព្រះវិហារ​ស្ថិត​នៅ​ក្នុង​ទឹកដី​កម្ពុជា ហើយ​តម្រូវ​ឲ្យ​ដក​កងកម្លាំង​ប្រដាប់អាវុធ​ចេញ​ទាំង​ពី​ក្នុង​បរិវេណ​ប្រាសាទ និង​ទាំងពី​ក្នុង​តំបន់​ជុំវិញ​ប្រាសាទ គឺ​មានន័យ​ថា តុលាការ​សម្រេច​ឲ្យ​មក​កម្ពុជា​ទាំង​តួប្រាសាទ និង​ទាំង​តំបន់​ជុំវិញ​ប្រាសាទ រហូតទៅដល់​ខ្សែបន្ទាត់​ព្រំដែន ដែល​មាន​នៅលើ​ផែនទី​ឧបសម្ព័ន្ធ​ទី១។

គួរបញ្ជាក់ថា ផែនទី​ “ដងរែក” ដែល​ត្រូវ​បាន​គេ​ហៅ​តរហូតមក​​ថា​ជា ផែនទី “ឧបសម្ព័ន្ធទី១” នេះ មិនមែន​ជា​ឧបសម្ព័ន្ធដែល​ភ្ជាប់​នឹង​សាលក្រម​ឆ្នាំ​១៩៦២​ទេ ប៉ុន្តែ ជា​ឧបសម្ព័ន្ធ​ដែល​ភ្ជាប់​ទៅនឹង​សារណា​របស់​កម្ពុជា។

សំណួរ-នៅ​ក្នុង​ការ​តទល់គ្នា​នៅ​តុលាការ​ក្រុងឡាអេ​នេះ គេ​សង្កេតឃើញ​ថា ភាគី​ថៃ​ហាក់ដូចជា​បាន​បង្ហាញ​នូវ​ទឡ្ហីករណ៍ និង​ភស្តុតាង​ច្រើន​ជាង​កម្ពុជា ទាំង​នៅ​ក្នុង​សារណា​លាយលក្ខណ៍​អក្សរ និង​ទាំង​នៅ​ក្នុង​ ការឡើងឆ្លើយបំភ្លឺ​ផ្ទាល់មាត់ នៅ​ក្នុង​សវនាការ កាល​ពី​សប្តាហ៍មុន។ ជាពិសេស ក្រុមមេធាវី​របស់​ថៃ​បាន​លើកបង្ហាញ​នូវ​ផែនទី​ជាច្រើន​ផ្ទាំង ចំណែក​កម្ពុជា​វិញ សំអាង​តែទៅលើ​ផែនទីឧបសម្ព័ន្ធទី១។ តើ​នេះ​អាច​ធ្វើ​ឲ្យ​កម្ពុជា​ចាញ់​ប្រៀបថៃ​ដែរឬទេ?
 
យើងឃើញ​ថា ភាគីថៃ ពិតជា​បាន​លើក​ព្យាយាម​លើក​បង្ហាញ​ផែនទី រូបថត និង​ទឡ្ហីករណ៍​ច្រើន​វែង​អន្លាយ​មែន ទាំង​នៅ​ក្នុង​សារណា​ជាលាយលក្ខណ៍​អក្សរ និង​ក្នុង​ពេល​ឡើងឆ្លើយបំភ្លឺ​ផ្ទាល់មាត់ ក្នុង​សវនាការ។ សារណាជាលាយលក្ខណ៍អក្សរ​ទាំង ២​របស់​ថៃ បើ​រាប់ទៅ​មាន​ប្រហែល​ជា ៦០០​ទំព័រ ហើយ​បើ​បូក​ជាមួយ​ឧបសម្ព័ន្ធទៀត សរុបទៅ រាប់ពាន់​ទំព័រ។

នៅ​ក្នុង​សវនាការ​ផ្ទាល់មាត់​ ក៏​អ៊ីចឹង​ដែរ មេធាវី​ថៃ ជាពិសេស គឺ​មេធាវី​ស្រី ជនជាតិ​រូម៉ានី ឈ្មោះ Alina Miron ដែល​ឥឡូវ​កំពុង​តែ​ក្លាយ​ជា​តារាល្បី នៅថៃ ក៏​បាន​លើកបង្ហាញ​នូវ​ផែនទី​ជាច្រើន​ផ្ទាំងដែរ។

ក៏ប៉ុន្តែ ការលើកបង្ហាញ​នូវ​ផែនទី​យ៉ាងច្រើន​នេះ ប្រហែល​ជា​អាច​ធ្វើ​ឲ្យ​​ប្រជាជន​ថៃ​សប្បាយចិត្ត ប៉ុន្តែ ចំពោះ​មុខ​ចៅក្រម​ វា​មិន​ប្រាកដ​ថា​ អាច​ជួយ​ឲ្យ​ថៃ​មាន​ប្រៀប​ជាង​ខ្មែរ​ទេ។ ភស្តុតាង ផែនទី​ច្រើន​មែន ប៉ុន្តែ ត្រូវ​សួរ​ថា តើ​ផែនទី​ទាំងអស់​នេះ វា​ត្រូវ​នឹង​សំណុំរឿង​ដែរ​ឬ​អត់? ដូចជា​ខ្ញុំ​បាន​រំឭក បញ្ជាក់ ឡើង​ខាងលើរួច​ហើយ​ថា សំណុំរឿងនៅ​តុលាការ​ក្រុងឡាអេ​ពេលនេះ គឺ​ជា​បណ្តឹង​សុំ​បកស្រាយ​សាលក្រម មិនមែន​ជា​បណ្តឹង​សុំ​សើរើ​សំណុំរឿង​ព្រះវិហារ ដើម្បី​ធ្វើការ​ជំនុំជម្រះ​ឡើងវិញ​ទេ។

បើយើងពិនិត្យ​មើល​ទៅលើ​ផែនទី ដែល​ថៃ​បាន​លើកឡើង​យក​មក​បង្ហាញ​ចៅក្រម យើងអាច​ចែក​ជាពីរ​ក្រុមធំៗ៖

ទីមួយ គឺ​ផែនទី​ជាច្រើន​ផ្ទាំង ដែល​មាន​ភ្ជាប់​នឹង​សំណុំរឿង​ព្រះវិហារ តាំង​ពី​ឆ្នាំ​១៩៦២ ដែល​ថៃ​ចង់​បង្ហាញ​ថា ផែនទីទាំងអស់​នេះ មាន​ខ្សែបន្ទាត់​ព្រំដែន​ខុសគ្នា ហើយ​បន្ទាត់​ព្រំដែន​ទាំងអស់នេះ ក៏​មិន​បាន​គូស​ត្រូវ​ទៅតាម​ក្បួនខ្នាត​អ្វី​ត្រឹមត្រូវ​ដែរ ប៉ុន្តែ វា​សុទ្ធតែ​បង្ហាញ​ថា ប្រាសាទ​ព្រះវិហារ​ស្ថិត​នៅលើ​ទឹកដី​កម្ពុជា។

ថៃលើក​បង្ហាញ​បែបនេះ ពីព្រោះ ខាងកម្ពុជា​បាន​សុំ​ឲ្យ​តុលាការ​បកស្រាយ​សាលក្រម ដោយ​យោងទៅលើ​ផែនទីឧបសម្ព័ន្ធទី១ ដោយ​កម្ពុជា​លើក​ហេតុផល​ថា ផែនទីឧបសម្ព័ន្ធទី១​នេះ គឺ​ជា​សេចក្តីសំអាង (Motif) សំខាន់ និង​ចាំបាច់ ដែល​មិន​អាច​កាត់ផ្តាច់​បាន​ពី​សេចក្តីសន្និដ្ឋាន (Dispositif) នៃ​សាលក្រម​ឆ្នាំ​១៩៦២។

ថៃវិញ ​ចង់​បញ្ជាក់​ថា ការដែល​តុលាការ​ក្រុងឡាអេ​​ សម្រេច​ថា ប្រាសាទ​ព្រះវិហារ ស្ថិត​នៅ​ក្នុង​ទឹកដី​កម្ពុជា កាល​ពី​ឆ្នាំ​១៩៦២ មិនមែន​សំអាង​តែ​ទៅលើ​ផែនទី​ឧបសម្ព័ន្ធទី១ នេះ​មួយទេ គឺ​មាន​ផែនទី និង​មាន​ភស្តុតាង​ជាច្រើន​ផ្សេងទៀត។ ដូច្នេះ ការ​សំអាង​ទៅលើ​ផែនទី​ឧបសម្ព័ន្ធទី១ គ្រាន់តែ​ជា​ការ​សំអាងមួយ ក្នុង​ចំណោម​ភស្តុតាង​ជាច្រើន​ផ្សេងទៀត មិនមែន​ជា​ការសំអាង​ចាំបាច់ ដែល​មិន​អាច​កាត់ផ្តាច់បាន ពី​សេចក្តីសន្និដ្ឋាន​ (Dispositif) ដូចការ​លើកឡើង​របស់​កម្ពុជា​នោះទេ។

បើស្តាប់​មួយភ្លែតទៅ អ្វី​ដែល​ថៃ​លើកឡើង​នេះ ហាក់ដូចជា​សមហេតុសមផល​ម្យ៉ាងដែរ។ គ្រាន់តែ​ថា បើ​គេពិនិត្យ​ឲ្យ​ម៉ត់ចត់ទៅ យុទ្ធសាស្រ្ត​នេះ​​វា​ចោទ​ជា​បញ្ហា​ធំមួយ គឺ​នៅត្រង់​ថា ផែនទី ដែល​ថៃ​លើក​បង្ហាញ​ទាំងអស់នេះ គ្រាន់តែ​ជា​​​ផែនទី ដែល​ថៃ​ខ្លួនឯង​បាន​ដាក់​ជូន​ទៅ​​តុលាការក្រុងឡាអេ កាល​ពី​​ឆ្នាំ​១៩៦២។ ប៉ុន្តែ នៅ​ក្នុង​សាលក្រម​ឆ្នាំ​១៩៦២ តុលាការ​មិនបាន​​យក​ផែនទី​ទាំងអស់នេះ​មក​ធ្វើ​ជា​សំអាង​ទេ គឺ​សំអាង​ទៅលើ​ផែនទីឧបសម្ព័ន្ធ​ទី១។ ដូច្នេះ សរុបមកវិញ ផែនទី ដែល​គូភាគី​ដាក់​ជូនទៅតុលាការ​មាន​ច្រើន​មែន ក៏ប៉ុន្តែ តុលាការ​សម្រេច​យក​តែ​ផែនទីមួយ គឺ​ផែនទីឧបសម្ព័ន្ធទី១ មក​ធ្វើ​ជា​សំអាង (Motif) ដូច្នេះ ផែនទីឧបសម្ព័ន្ធទី១​នេះ នៅតែអាច​ចាត់ទុក​ថា​​ជា​ Motif សំខាន់ និង​ចាំបាច់ ដែល​មិន​អាច​កាត់ផ្តាច់​បាន​​ពី Dispositif ។ ចំណុច​នេះ យើងឃើញ​ថា ក្រុមមេធាវី​ខាង​កម្ពុជា ក៏​បាន​ឆ្លើយ​បក​ទៅថៃ​វិញ​​ដែរ នៅ​ក្នុង​សវនាការ​​ជុំទី២។

ផែនទី​មួយ​ចំនួន​ផ្សេងទៀត ដែល​ថៃ​បាន​ដាក់ជូន​ទៅ​តុលាការ​ក្រុងឡាអេ​ ក្នុង​បណ្តឹង​សុំ​បកស្រាយ​សាលក្រម​នេះ​ដែរ គឺ​ផែនទី ដែល​ថៃ​ចង់​បង្ហាញ​ថា ខ្សែបន្ទាត់ព្រំដែន ដែល​ត្រឹមត្រូវ រវាង​កម្ពុជា និង​ថៃ គឺ​ខ្សែបន្ទាត់​ព្រំដែន ដែល​ត្រូវ​គូស​តាម​ “បន្ទាត់​បែងចែក​ខ្សែទឹក” មិនមែន​បន្ទាត់ព្រំដែន នៅលើ​ផែនទី​ឧបសម្ព័ន្ធទី១​នោះទេ។ និយាយ​ឲ្យ​ចំ គឺ​ជា​ហេតុផល​ដដែល ដូចដែល​ថៃ​ធ្លាប់បាន​លើកឡើង នៅ​មុខ​តុលាការ​ក្រុងឡាអេ កាល​ពី​៥០ឆ្នាំ​មុន។

ថៃ​បាន​ទាំង​លើកបង្ហាញ ពី​ផែនទី ដែល​ថៃ​អះអាង​ថា ខ្លួន​ទើប​នឹង​បាន​រើកកាយ​រកឃើញ​​ ដែល​អាច​បញ្ជាក់ថា ខ្សែបន្ទាត់​ព្រំដែន នៅលើ​ផែនទី​ឧបសម្ព័ន្ធទី១ គឺ​គូស​មិនត្រឹមត្រូវ ដោយ​ត្រូវ​គូស​បន្ទាត់ព្រំដែន​តាម​បន្ទាត់​បែងចែក​ខ្សែទឹកវិញ។

តាមពិត​ភស្តុតាង​ ដែល​ថៃ​អះអាង​ថា​ទើប​នឹង​រកឃើញ​ថ្មី, ផែនទី​បង្ហាញ​ពី​រឿង​គូសព្រំដែន​តាម​ “បន្ទាត់​បែងចែកខ្សែទឹក”... ភស្តុតាង​អស់ទាំងនេះ​ មិន​អាច​​យក​មក​ប្រើ​ក្នុង​សំណុំរឿង​បកស្រាយ​សាលក្រម​​នៅពេលនេះបានទេ ពីព្រោះថា ក្នុងបណ្តឹង​សុំ​បកស្រាយ​សាលក្រម តុលាការ​អាច​ត្រឹមតែ​បកស្រាយ​ទៅលើ​អត្ថន័យ ឬ​វិសាលភាព​នៃ​សាលក្រម​ ដែល​បាន​ចេញ​រួចហើយ​តែ​ប៉ុណ្ណោះ មិនអាច​សើររើ ជំនុំជម្រះ កែប្រែ​សាលក្រម​នេះ​ឡើងវិញ​បានទេ។ ហើយ​​កាល​ពី​ឆ្នាំ​១៩៦២ តុលាការ​ក្រុងឡាអេ​បាន​សម្រេច​រួចទៅហើយ​ថា ខ្សែបន្ទាត់​ព្រំដែន ដែល​តុលាការ​ត្រូវ​លើក​យក​មក​ធ្វើ​ជា​សំអាង គឺ​បន្ទាត់ព្រំដែន ដែល​មាន​នៅលើ​ផែនទី​ឧបសម្ព័ន្ធទី១ ដោយ​មិនចាំបាច់​ធ្វើ​ការ​ផ្ទៀងផ្ទាត់​ថា តើ​ខ្សែព្រំដែន​នៅលើ​ផែនទី​ឧបសម្ព័ន្ធទី១​នេះ វា​ត្រូវ​នឹង​ “បន្ទាត់​បែងចែក​ខ្សែទឹក” ដែរ​ឬក៏អត់នោះទេ។ ដូច្នេះ ក្នុង​បណ្តឹង​បកស្រាយ​សាលក្រម​នៅពេលនេះ តុលាការ​ក្រុងឡាអេ​មិន​អាច​ត្រឡប់​មក​សើរើ​រឿង​ “បន្ទាត់​បែងចែក​ខ្សែទឹក” នេះ​ឡើងវិញ​បានទេ ទោះបី​ជាថៃ​ខិតខំ​ទៅរក​បាន​ភស្តុតាង​ថ្មី ផែនទីថ្មី​ទៀត​ក៏ដោយ។

នៅ​ក្នុង​សវនាការ​ផ្ទាល់មាត់ យើងឃើញ​ថា មេធាវី​ខាង​កម្ពុជា​ក៏​បាន​វាយបក​ទៅថៃ​វិញដែរ​ថា ការ​ដែលថៃ​ព្យាយាម​​លើកឡើង​ពី​​រឿង “បន្ទាត់​បែងចែក​ខ្សែទឹក", លើកបង្ហាញ​​ពី​ភស្តុតាង ឬ​ផែនទី​ ដែល​ថៃ​អះអាង​ថា ជា​ភស្តុតាង​ថ្មីៗ ហើយ​ថែមទាំង​បាន​លើកឡើង​ថា ការសម្រេច​សេចក្តី កាល​ពី​ឆ្នាំ​១៩៦២ គឺ​ធ្វើឡើង​ដោយ​ភាន់ច្រលំ ដែល​តុលាការ​មិនគួរ​បន្ត​កំហុស​តទៅទៀត... ទាំងអស់​នេះ តាមពិត​ គឺ​ជា​សំណើ​សុំ​សើរើ​សាលក្រម​ឡើងវិញ ដែល​មិន​អាច​ទទួល​យក​បានទេ នៅ​ក្នុង​សំណុំរឿង​សុំបកស្រាយ​សាលក្រម។
 
សំណួរ-កម្ពុជា​នឹង​ត្រូវ​បញ្ជូន​​ឯកសារផែនទី​បន្ថែម​ទៅ​តុលាការ​ក្រុងឡាអេ ទៅតាម​ការ​ទាមទារ​ចង់បាន​របស់​ចៅក្រម។ តើ​ចៅក្រម​តុលាការ​ក្រុងឡាអេ ចង់​បាន​ឯកសារ​បន្ថែម បញ្ជាក់​អំពី​រឿងអ្វី​ពិតប្រាកដ?
 
អ្វី​ដែល​ចៅក្រម​តុលាការ​ក្រុងឡាអេ​ចង់​ឲ្យ​ភាគី​ទាំងពីរ គឺ​ទាំង​កម្ពុជា និង​ទាំង​ភាគី​ថៃ បញ្ជាក់​ឲ្យ​បាន​ច្បាស់លាស់ គឺ​បញ្ជាក់​ត្រង់ចំណុចថា តើ​ភាគី​នីមួយៗ មាន​ការ​យល់ឃើញ​យ៉ាងណា ចំពោះពាក្យ​ថា “​តំបន់ជុំវិញប្រាសាទ​ព្រះវិហារ” (Vicinity of the Temple/Les environs du Temple) ដែល​មាន​ចែង​នៅ​ក្នុង​សាលក្រម​ឆ្នាំ​១៩៦២? តើ​ពីត្រឹមណា​ទៅដល់​ត្រឹមណា ដែល​កម្ពុជា​យល់ថាជា “តំបន់​ជុំវិញ​ប្រាសាទ” ហើយ​ថៃ​វិញ​កំណត់​ថា ពី​ត្រឹមណា ទៅដល់​ត្រឹមណា ដោយ​ត្រូវ​​គូស​បញ្ជាក់​ឲ្យ​បាន​ច្បាស់លាស់ នៅលើ​ផែនទី ដោយ​មាន​ទាំង​កូអរដោនេ​ច្បាស់លាស់​ផង។

តាមពិត ចៅក្រម​បាន​ចោទ​សំណួរ​នេះ​ឡើង កាល​ពី​ពេល​បិទបញ្ចប់​សវនាការ​ផ្ទាល់មាត់​ជុំទី១ ហើយ​សម្រេច​ទុកពេល​ឲ្យ​កម្ពុជា និង​ថៃ ត្រឹមថ្ងៃទី ២៦ មេសា មានន័យ​ថា ថ្ងៃ​សុក្រ​ស្អែក​នេះ ដើម្បី​ឆ្លើយ​ជា​លាយលក្ខណ៍អក្សរ ដោយ​មាន​ផែនទី មាន​ឯកសារ​សំអាង​ច្បាស់លាស់។

ក៏ប៉ុន្តែ កាល​ពី​ក្នុង​សវនាការ​ផ្ទាល់មាត់ ជុំទី២ ក្រុមមេធាវី​របស់​កម្ពុជា និង​ថៃ ក៏​បាន​ឆ្លើយ​ផ្ទាល់មាត់​ខ្លះៗ​ហើយ​ ចំពោះ​សំណួរ​នេះ។

កម្ពុជា​ឆ្លើយ​ថា សម្រាប់កម្ពុជា “តំបន់​ជុំវិញ​ប្រាសាទព្រះវិហារ” គឺ​លាតសន្ធឹង​រហូតដល់​ខ្សែបន្ទាត់​ព្រំដែន ដែល​មាន​គូស​នៅលើ​ផែនទី​ឧបសម្ព័ន្ធទី១ ដែល​តុលាការ​​ក្រុងឡាអេ​យក​មក​ធ្វើ​សំអាង នៅ​ក្នុង​សាលក្រម​ឆ្នាំ​១៩៦២។
 
ចំណែក​ខាង​ថៃ ឆ្លើយថា សម្រាប់ថៃ “តំបន់ជុំវិញ​ប្រាសាទព្រះវិហារ” គឺ​តំបន់​ដែល​ជាប់នឹង​ប្រាសាទ​ដោយ​ផ្ទាល់ ទៅតាម​ខ្សែបន្ទាត់ ដែល​គណៈរដ្ឋមន្រ្តីថៃ​បាន​គូស កាល​ពី​ឆ្នាំ​១៩៦២។ និយាយ​ឲ្យ​ចំទៅ បើ​មើល​ទៅលើ​ខ្សែបន្ទាត់​គូស​ដោយ​គណៈរដ្ឋមន្រ្តី​ថៃ​នេះ “តំបន់​ជុំវិញ​ប្រាសាទព្រះវិហារ” គឺ​មានត្រឹមតែ​បរិវេណ​ប្រាសាទ​តែប៉ុណ្ណោះ។

ដូច្នេះ បើ​មើលទៅ គ្រាន់តែ​ពាក្យថា “តំបន់ជុំវិញប្រាសាទ” នេះ ភាគី​កម្ពុជា និង​ភាគី​ថៃ មាន​ការ​យល់ឃើញ​ខុសគ្នា​ទៅហើយ ខុសពី​ការអះអាង​​របស់​ថៃ ដែល​ថា ភាគី​ទាំងពីរ​មិនមាន​វិវាទ​ណាមួយ​ ​ទៅលើ​អត្ថន័យ និង​វិសាលភាព នៃ​សាលក្រម​ឆ្នាំ​១៩៦២ ហើយ​ទាមទារ​ឲ្យ​តុលាការ​ច្រានចោល​បណ្តឹង​របស់​កម្ពុជា។

ការ​ដែល​ចៅក្រម​ចោទសួរ ឲ្យ​ភាគី​កំណត់​អំពី "តំបន់​ជុំវិញ​ប្រាសាទ" បែបនេះ គឺ​បញ្ជាក់ថា សម្រាប់​ចៅក្រម​ ការយល់ឃើញ​របស់​គូភាគី ចំពោះ​ពាក្យនេះ គឺ​មាន​សារៈសំខាន់ ដើម្បី​សម្រេច​ថា តើ​ត្រូវ​ធ្វើការ​បកស្រាយ ឬ​មិន​បកស្រាយ? ប្រសិនបើ​​តុលាការ​ទទួលបាន​ឯកសារ ផែនទី និង​កូអរដោណេ​របស់​កម្ពុជា និង​ថៃ ដែល​កំណត់​ខុសគ្នា អំពី “តំបន់​ជុំវិញប្រាសាទ” តុលាការ​អាច​នឹង​យក​​ចំណុច​នេះមក​ធ្វើ​​ជា​មូលដ្ឋាន ដើម្បី​​សម្រេច​ធ្វើការ​បកស្រាយ​សាលក្រម ទៅតាម​បណ្តឹង​របស់​កម្ពុជា។

ប៉ុន្តែ ចុងក្រោយ​ទៅ ដើម្បី​ដឹង​ឲ្យ​ប្រាកដថា តើ​តុលាការ​បកស្រាយ ឬ​មិនបកស្រាយ ហើយ​បើតុលាការ​ព្រមបកស្រាយ តើ​បកស្រាយ​យ៉ាងម៉េច គឺមានតែ​ចាំមើល​ពេល​តុលាការ​ចេញ​សាលក្រម ប៉ុន្មាន​ខែ​ទៀតនេះ៕

ការទិញ/លក់​អចលនវត្ថុ៖ តើត្រូវ​ធ្វើ​យ៉ាងណា ដើម្បី​ជៀសវាង​វិវាទ

Facebook៖ អ្វី​ដែល​អ្នក​ប្រើប្រាស់​គួរ​ដឹង​និង​ប្រយ័ត្នប្រយែង

ស្វែងយល់​អំពី​កិច្ចសន្យា​ទិញលក់​ក្នុង​ក្រម​រដ្ឋប្បវេណី​ខ្មែរ

ក្នុងករណី​ឪពុកម្តាយ​លែងលះគ្នា តើ​កូន​ត្រូវ​បាន​ទៅ​ខាងណា​ជា​អ្នក​គ្រប់គ្រង?

សំណុំរឿង​ព្រះវិហារ​នៅ​តុលាការ​ក្រុង​ឡាអេ កាល​ពី​៥០​ឆ្នាំ​មុន

ការទទួលខុសត្រូវ​ចំពោះ​ខ្លឹមសារ​ដែល​ចុះផ្សាយ​លើ​ប្រព័ន្ធ​អ៊ីនធ័រនែត

តើ​សញ្ជាតិ​ខ្មែរ​ត្រូវ​ផ្តល់ឲ្យ​ក្នុង​លក្ខខណ្ឌ​ណាខ្លះ?

ចំណាត់ថ្នាក់​បទល្មើស, អាជ្ញាយុកាល និង​អាជ្ញាអស់ជំនុំ នៅក្នុង​ច្បាប់​ព្រហ្មទណ្ឌខ្មែរ

តើម្ចាស់ដី​អាច​បិទផ្លូវ​ឯកជន​ដែល​ខ្លួនធ្វើ​កាត់តាម​ដី​របស់​ខ្លួន​​មិនឲ្យ​អ្នកជិតខាង​ឆ្លងកាត់​បាន​​ដែរ​​ឬ​ទេ?

ករណី​លក់​អចលនវត្ថុ​ដែល​ជាប់​សិទ្ធិ​ហ៊ីប៉ូតែក​មិនទាន់​ជម្រះ

ដើម្បី​ទទួលបាន​នូវ​ការ​រក្សាសិទ្ធិ តើ​ចាំបាច់​ត្រូវ​ដាក់​និមិត្តសញ្ញា "©រក្សាសិទ្ធិ" ឬទេ?

ក្រមរដ្ឋប្បវេណី៖ ការ​ដាក់​ទ្រព្យ​ធានា​កាតព្វកិច្ច​លើ​បំណុល

វិសាលភាព​នៃ​ដែន​អនុវត្ត​ក្រមព្រហ្មទណ្ឌ​​ខ្មែរ

នីតិ​ព្រហ្មទណ្ឌ៖ តើអ្វីទៅ​ជា​ការ​ព្យួរទោស? អ្វីទៅ​ជា​របប​ពាក់កណ្តាល​សេរីភាព?

ការ​គ្រប់គ្រង ចាត់ចែង និង​បែងចែក​ទ្រព្យសម្បត្តិ​ប្តីប្រពន្ធ

លក្ខណៈ​ខុសគ្នា​រវាង​បទ​ឃាតកម្ម ឃាតកម្ម​គិតទុក​ជា​មុន និង​មនុស្សឃាត​ដោយ​អចេតនា

អំពី​សិទ្ធិ និង​នីតិវិធី​នៃ​ការ​ធ្វើ​កូដកម្ម​របស់​កម្មករ​និយោជិត

គុណសម្បត្តិ និង​គុណវិបត្តិ​នៃ​ប្រភេទ​ក្រុមហ៊ុន​ពាណិជ្ជកម្ម​ក្នុង​ច្បាប់​ខ្មែរ

តើ​ច្បាប់ខ្មែរ​ចែង​ពី​លក្ខខណ្ឌ​អ្វីខ្លះស្តីពី​ការ​សុំកូន​ទៅ​ចិញ្ចឹម​នៅ​បរទេស?