អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ទំព័រសករាជថ្មី​កំពុង​លេច​រូបរាង​បណ្តើរៗ​នៅ​អ៊ុយក្រែន តែ​ស្ថានការណ៍​បន្ត​ផុយស្រួយ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន ជាង ៣ខែ ក្រោយ​ពី​មាន​ព្រឹត្តិការណ៍​ងើប​បះបោរ​ប្រឆំាង​លោក​ប្រធានាធិបតី​វិកទ័រ អ៊ីយ៉ានូកូវិច​មក ស្រាប់​តែ​ស្ថានការណ៍​បាន​ប្រែប្រួល​លឿង​ដូច​ផ្លេកបន្ទោរ​តែ​ក្នុង​រយៈពេល ២៤ម៉ោង​ចុង​ក្រោយ​នេះ​ប៉ុណ្ណោះ។ មាន​ដំណឹង​ចុងក្រោយ​បី​ដែល​ត្រូវ​បាន​គេ​កត់សម្គាល់​ឃើញ ទី១ គឺ​សភា​អ៊ុយក្រែន​បាន​បោះឆ្នោត​ទម្លាក់​លោក​វិកទ័រ អ៊ីយ៉ានូកូវិច ទី២ ការ​កំណត់​ថ្ងៃ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​នៅ​ថ្ងៃទី២៥ ឧសភា​ខាងមុខ និង​ទី៣ គឺ​ការ​ដោះលែង​លោកស្រី​អតីត​នាយករដ្ឋមន្រ្តី​អ៊ុយក្រែន​យូលីយា ទីម៉ូឆេនកូ​ឲ្យ​មាន​សេរីភាព​ឡើង​វិញ បន្ទាប់​ពី​លោកស្រី​ត្រូវ​បាន​លោក​អ៊ីយ៉ានូកូវិច​ចាប់​ដាក់​គុក​តំាង​ពី​ឆ្នំា ២០១១ មក។

លោកស្រី យូលីយា ទីម៉ូឆេនកូ នៅលើ​ទីលានឯករាជ្យ ថ្ងៃទី២២ កុម្ភៈ ឆ្នំា ២០១៤
លោកស្រី យូលីយា ទីម៉ូឆេនកូ នៅលើ​ទីលានឯករាជ្យ ថ្ងៃទី២២ កុម្ភៈ ឆ្នំា ២០១៤ REUTERS/Yannis Behrakis
ផ្សាយពាណិជ្ជកម្ម

ព្រឹត្តិការណ៍​ក្រឡាប់ចាក់​តែ ២៤ម៉ោង​នៅ​អ៊ុយក្រែន គឺ​ជា​ព្រឹត្តិការណ៍​មួយ​គួរ​ឲ្យ​ភ្ញាក់ផ្អើល និង​ដែល​គ្រប់​គ្នា​បាន​រង់ចំា ព្រោះ​ថា បាតុកម្ម​ដែល​បាន​ផ្ទុះ​តំាង​ពី​ជាង ៣ខែ​មក​នោះ បាន​បន្ត​រីករាលដាល​កាន់​តែ​ខ្លំាង និង​ប្រកប​ដោយ​ហិង្សាខ្លំាង។ អំពើហិង្សា​ដែល​នៅ ២ថ្ងៃ​មុន​នេះ បាន​ប្រែក្លាយ​ទីក្រុង​គៀវ​ទំាង​មូល​ទៅ​ជា​សមរភូមិ​ប្រយុទ្ធ​គ្នា​យ៉ាង​សាហាវ​មិន​ធ្លាប់​មាន រហូត​ដល់​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ជិត ៨០នាក់។ គឺ​ផ្តើម​ចេញ​ពី​ចំណុច​នេះ​ហើយ​ដែល​អ្វីៗ​បាន​ផ្លាស់ប្តូរ​យ៉ាង​ឆាប់​រហ័ស​ក្នុង​ថ្ងៃ​សៅរ៍ ទី២២ កុម្ភៈ​ម្សិលមិញ។

លោក​ប្រធាន​រដ្ឋសភា អូឡិចសង់ តួកឈីណូវ បាន​លា​ចុះ​ពី​មុខតំណែង លោក​ប្រធានាធិបតី​វិកទ័រ អ៊ីយ៉ានូកូវិច​បាន​ចាកចេញ​ពី​វិមាន​ប្រធានាធិបតី សភា​បាន​បោះឆ្នោត​ទម្លាក់​លោក​ដោយ​លើក​យក​ហេតុផល​ថា មិន​បាន​បំពេញ​ការងារ​ត្រឹមត្រូវ សភា​បាន​កំណត់​ថ្ងៃ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​នៅ​ថ្ងៃទី២៥ ឧសភា​ខាង​មុខ និង​ដំណឹង​ថ្មី​ចុង​ក្រោយ គឺ​សភា​បាន​បោះឆ្នោត​ដោះលែង​លោកស្រី​អតីត​នាយករដ្ឋមន្រ្តី​អ៊ុយក្រែន​យូលីយា ទីម៉ូឆេនកូ​ឲ្យ​មាន​សេរីភាព​ឡើង​វិញ បន្ទាប់​ពី​លោកស្រី​បាន​ជាប់​ក្នុង​គុក​ជិត ៣ឆ្នំា​កន្លង​មក។

 
ទំព័រសករាជ​ថ្មី​នៅ​អ៊ុយក្រែន​បាន​ចាប់​ផ្តើម តែ​ស្ថានការណ៍​នៅ​បន្ត​ផុយស្រួយ

បើ​គេ​ពិនិត្យ​មើល​មួយ​ភ្លែត​ទៅ អ្វីៗ​ហាក់​ដូច​ជា​បាន​ឈាន​ចូល​ដល់​ទីបញ្ចប់​ហើយ។ តែ​បើ​គេ​ពិនិត្យ​ឲ្យ​បាន​ស៊ីជម្រៅ​បន្តិច​ទៅ​ឃើញ​ថា ស្ថានការណ៍​នៅ​កំពុង​បន្ត​ស្រពិចស្រពិល ច្របូកច្របល់ និង​ផុយស្រួយ​ខ្លំាង​ណាស់។ នៅ​ពេល​នេះ ព្រឹត្តិការណ៍​មួយ​ដែល​គេ​អាច​ចាត់​ទុក​ថា វិជ្ជមាន​ពិតប្រាកដ និង​ដែល​ត្រូវ​បាន​សហគមន៍​អន្តរជាតិ​ទូទៅ​អបអរសាទរ ពិសេស​សហភាព​អឺរ៉ុប គឺ​ការ​ដែល​លោកស្រី​អតីត​នាយករដ្ឋមន្រ្តី​អ៊ុយក្រែន​យូលីយា ទីម៉ូឆេនកូ​បាន​ទទួល​សេរីភាព​ឡើង​វិញ។ គួរ​រម្លឹក​ជូន​ថា លោកស្រី​យូលីយា ទីម៉ូឆេនកូ គឺ​ជា​សត្រូវ​ស៊ីសាច់​ហុច​ឈាម​គ្នា​ជាមួយ​លោក​វិកទ័រ អ៊ីយ៉ានូកូវិច។

ជា​ការ​ពិត គ្រប់​គ្នា​មិន​អាច​លាក់កំបំាង​ពី​សេចក្តី​ត្រេកត្រអាល​របស់​ខ្លួន​បាន​ទេ​ចំពោះ​ព្រឹត្តិការណ៍​វិវត្តន៍​ចុង​ក្រោយ​នៅ​អ៊ុយក្រែន ពិសេស​សហភាពអឺរ៉ុប និង​សហរដ្ឋអាមេរិក។ តែ​ទន្ទឹម​គ្នា​នេះ ពួក​គេ​ក៏​មិន​អាច​លាក់កំបំាង​ពី​ក្តីបារម្ភ​របស់​ខ្លួន​បាន​ដែរ បារម្ភ​ខ្លាច​តែ​វិបត្តិ​នឹង​បន្ត​ពុះ​ចែក​អ៊ុយក្រែន​ជា​ពីរ នៅ​ប៉ែក​ខាងកើត ជា​តំបន់​ដែល​សំបូរ​ដោយ​ប្រជាជន​អ៊ុយក្រែន​និយាយ​ភាសា​រុស្ស៊ី ស្រឡាញ់​រុស្ស៊ី និង​ប្រជាជន​អ៊ុយក្រែន ដើមកំណើត​រស្ស៊ី​រស់នៅ ចំណែក​នៅ​ខាង​លិច ជា​តំបន់​ដែល​សំបូរ​ដោយ​ប្រជាជន​អ៊ុយក្រែន​ដែល​ជា​អ្នកជាតិនិយម ចង់​បាន​រដ្ឋមួយ​ឯករាជ្យ​ដូច​រដ្ឋ​អឺរ៉ុប​ផ្សេង​ទៀត ដោយ​មិន​ចង់​បន្ត​ល្អូកល្អឺន​ជាមួយ​រុស្ស៊ី​ដូច​នៅ​ក្នុង​អតីតកាល​សម័យ​សហភាព​សូវៀត​ទេ។

ដូច្នេះ​ឃើញ​ថា ការ​ទាមទារ​របស់​ក្រុមបាតុករ​អ៊ុយក្រែន​នៅ​ក្នុង​ទីក្រុង​គៀវ និង​នៅ​តំបន់​ប៉ែកខាងលិច​ឲ្យ​លោក​វិកទ័រ អ៊ីយ៉ានូកូវិច​លុប​កិច្ចព្រមព្រៀង​ជាមួយ​រុស្ស៊ី​ពេល​នេះ ពិត​ជា​មិនមែន​ជា​ការ​ចង់​បាន​របស់​ប្រជាជន​អ៊ុយក្រែន​រស់​នៅ​ប៉ែកខាងកើត​ទេ។ អ៊ីចឹង​ហើយ​បាន​ជា​សហគមន៍​អន្តរជាតិ​បាន​អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនំា​នយោបាយ​អ៊ុយក្រែន​ផ្តើម​ចាត់​វិធានការ​រក្សា​បូរណភាព​ដែនដី និង​ឯកភាពជាតិ។ រដ្ឋាភិបាល​ស្តីទី​មួយ​នឹង​ត្រូវ​បង្កើត​ឡើង​ឆាប់ៗ​ដើម្បី​បន្ត​គ្រប់គ្រង​ប្រទេស​រហូត​ដល់​ថ្ងៃ​បោះឆ្នោត។

លោក​ប្រធានាធិបតី​ពូទីន​កំពុង​ឈឺ​ក្បាល​ខ្លំាង​ចំពោះ​វិបត្តិអ៊ុយក្រែន

តំាង​តែ​ពី​ដើម​មក លោក​ប្រធានាធិបតី​ពូទីន​បាន​ធ្វើ​អ្វីៗ​គ្រប់​បែប​យ៉ាង​ទំាង​អស់​ដើម្បី​ទាញ​អ៊ុយក្រែន​ឲ្យ​មក​នៅ​ខាង​ខ្លួន។ គេ​នៅ​ចំា​បាន​មិន​ភ្លេច​ថា លោក​ពូទីន​បាន​សន្យា​ផ្តល់​ជំនួយ​ឲ្យ​អ៊ុយក្រែន​រហូត​ដល់​ទៅ ១៥ ០០០លានអឺរ៉ូ​​ដើម្បី​ទប់​លោក​ប្រធានាធិបតី​អ៊ុយក្រែន​វិកទ័រ អ៊ីយ៉ានូកូវិច​កុំ​ឲ្យ​ចុះ​ហត្ថលេខា​ភ្ជាប់ដៃគូ​ជាមួយ​សហភាព​អឺរ៉ុប។ ដូច្នេះ ព្រឹត្តិការណ៍​វិវត្តន៍​ថ្មីៗ​ចុង​ក្រោយ​នៅ​អ៊ុយក្រែន​ពេល​នេះ គឺ​ជា​ព្រឹត្តិការណ៍​មួយ​ដែល​រុស្ស៊ី​មិន​បាន​រង់ចំា​ទាល់​តែ​សោះ។ មក​ដល់​ម៉ោង​នេះ ទីក្រុង​ម៉ូស្គូ​នៅ​បន្ត​ចោទ​ក្រុមប្រឆំាង​អ៊ុយក្រែន​ថា មិន​បាន​គោរព​តាម​កិច្ចព្រមព្រៀង​ដែល​ពួក​គេ​បាន​ចុះ​ហត្ថលេខា​ជាមួយ​លោក​វិកទ័រ អ៊ីយ៉ានូកូវិច​ កាល​ពី​ថ្ងៃ​សុក្រ ទី២១ កុម្ភៈ និង​បាន​បរិហារ​ពី​ទង្វើ​របស់​ក្រុមនិយមជ្រុល​ដែល​កំពុង​បន្ត​គំរាមកំហែង​អធិបតេយ្យ​របស់​អ៊ុយក្រែន។

ក្រោម​ភ្នែកច្រមុះ​របស់​លោក​ពូទីន ការ​ធ្លាក់​ចេញ​ពី​អំណាច​របស់​លោក​វិកទ័រ អ៊ីយ៉ានូកូវិច គឺ​ជា​សេណារីយ៉ូ​មហន្តរាយ​មួយ​ដែល​លោក​នឹកស្មាន​មិន​ដល់​សោះឡើយ។ ធ្ងន់ធ្ងរ​ជាង​នេះ​ទៅ​ទៀត គឺ​ការ​វិល​មក​កាន់​អំណាច​ជា​ថ្មី​ជា​យថាហេតុ​របស់​លោកស្រី​អតីត​នាយករដ្ឋមន្រ្តី​អ៊ុយក្រែន​​យូលីយា ទីម៉ូឆេនកូ​ដែល​លោក​ពូទីន​ធ្លាប់​មាន​ទំនាក់ទំនង​តឹងតែង​ជាមួយ។ ចូរ​កុំ​ភ្លេច​ថា លោកស្រី​ទីម៉ូឆេនកូ​គឺ​ជា​តួអង្គ​នៃ​ការ​ធ្វើ​បដិវត្តន៍​ពណ៌លឿងទុំ ឬ​បដិវត្តន៍​ទឹកក្រូច​ក្នុង​ឆ្នំា ២០០៤។ បដិវត្តន៍​ពណ៌លឿងទុំ ឬ​បដិវត្តន៍​ទឹកក្រូច​ដែល​លោក​ពូទីន​មិន​ចង់​ឃើញ​ជា​ថ្មី​នៅ​ក្បែរ​រុស្ស៊ី​ទៀត​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ