អានតួអត្ថបទ
អឺរ៉ុប

ធនាគារ​កណ្តាល​អឺរ៉ុប​បញ្ចុះ​អត្រា​ការប្រាក់​ទាប​បំផុត​មិនធ្លាប់​មាន

នៅ​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ភិបាល នៅ​ព្រឹកថ្ងៃ​ព្រហស្បតិ៍​នេះ ធនាគារ​កណ្តាល​សហភាព​អឺរ៉ុប​បាន​សម្រេច​បញ្ចុះ​អត្រា​ការប្រាក់​របស់​ខ្លួន ពី ១% មក​នៅ​ត្រឹម ០,៧៥% ដែល​ជា​អត្រា​មួយ​ទាប​បំផុត​មិន​ធ្លាប់មាន សម្រាប់​តំបន់​ចាយលុយ​អឺរ៉ូ។ ការ​បញ្ចុះ​អត្រាការប្រាក់​នេះ​ធ្វើ​ឡើង ក្នុង​គោលដៅ ជួយ​ជំរុញ​ឲ្យ​មាន​​កំណើន​សេដ្ឋកិច្ច​​ក្នុង​តំបន់​អឺរ៉ូ ដែល​កំពុង​ផុងខ្លួន​ក្នុង​វិបត្តិ​បំណុល។

REUTERS/Alex Domanski
ផ្សាយពាណិជ្ជកម្ម

នៅ​ព្រឹកថ្ងៃ​ព្រហស្បតិ៍​នេះ ទីផ្សារ​ហិរញ្ញវត្ថុ​នៅ​អឺរ៉ុប​បាន​កើនឡើង ក្រោយ​ពី​ដឹង​ថា ធនាគារ​កណ្តាល​សហភាព​អឺរ៉ុប​កាត់បន្ថយ​អត្រាការប្រាក់​មក​នៅត្រឹម ០,៧៥% (អត្រាការប្រាក់​តម្កល់​នៅ​ធនាគារ​កណ្តាល​អឺរ៉ុប​ត្រូវ​កាត់មកនៅ ០%)។ ចំណែក​លុយ​អឺរ៉ូ​វិញ​បាន​ធ្លាក់ចុះ ធៀប​នឹង​លុយ​ដុល្លារ​អាមេរិក។

តាមការពិត តម្លៃ​ភាគហ៊ុន​នៅ​អឺរ៉ុប​បាន​កើនឡើង តាំង​ពី​មុន​ពេលដែល​ការ​បញ្ចុះ​អត្រាការប្រាក់​របស់​ធនាគារ​កណ្តាល​អឺរ៉ុប​ត្រូវ​បាន​ប្រកាស​ជាផ្លូវការ​ម៉្លេះ ដោយសារ​តែ​ថ្នាក់ដឹកនាំ​ខ្លះ​របស់​ធនាគារ​កណ្តាល​អឺរ៉ុប​បាន​បង្ហើប​អំពី​វិធានការ​នេះ តាំង​ពី​ប៉ុន្មាន​ថ្ងៃ​មកហើយ។ ម្យ៉ាងទៀត អ្នក​ជំនាញ​ខាង​សេដ្ឋកិច្ច​ស្ទើរតែ​គ្រប់​គ្នា បាន​ព្យាករ​អំពី​ការ​បញ្ចុះ​​អត្រាការប្រាក់​នេះ។

កាលពីថ្ងៃ​ពុធ វិទ្យាស្ថាន​ជំនាញ​ខាង​សេដ្ឋកិច្ច​ធំៗ​មួយចំនួន​ នៅ​ក្នុង​តំបន់​ចាយលុយ​អឺរ៉ូ បានចេញផ្សាយ​​តួលេខ​មួយ​ចំនួន បង្ហាញ​ថា ស្ថានភាព​សេដ្ឋកិច្ច​ក្នុង​តំបន់​អឺរ៉ូ កំពុង​តែ​ធ្លាក់​ចុះដុនដាប​កាន់តែ​ខ្លាំង តាំង​ពី​ប៉ុន្មាន​ខែ​កន្លងមកហើយ។ សូម្បីតែ អាល្លឺម៉ង់ ដែល​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​រឹងមាំ​ជាងគេ ក្នុង​តំបន់​អឺរ៉ូ ក៏​កំពុង​តែ​ជួប​បញ្ហា​ដែរ។ គិតជា​មធ្យម នៅ​ត្រីមាស​ទី១ ឆ្នាំ​២០១២​នេះ សេដ្ឋកិច្ច​ក្នុង​តំបន់​អឺរ៉ូ​មិនមាន​កំណើន​ទាល់តែ​សោះ។ ចូលដល់​ត្រីមាស​ទី២ ផលិតផល​សរុប​ក្នុង​ស្រុក​ ក្នុង​តំបន់​អឺរ៉ូ មិនត្រឹមតែ​មិនកើនឡើង​នោះទេ តែ​ថែមទាំងថយចុះ​ ០,២% ហើយ​គេ​ព្យាករ​ថា វានឹង​បន្តថយចុះ​ ០,១% ទៀត នៅ​ក្នុង​ត្រីមាស​ទី៣។

នៅ​ក្នុង​ជំនួបកំពូល​កាល​ពី​សប្តាហ៍​មុន ប្រមុខដឹកនាំ​អឺរ៉ុប​បាន​ព្រមព្រៀង​គ្នា ចាត់វិធានការ​ធំៗ​មួយ​ចំនួន​រួចមកហើយ ដើម្បី​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច​ក្នុង​តំបន់។ ទីផ្សារ​ហិរញ្ញវត្ថុ​នៅ​អឺរ៉ុប​ក៏​ហាក់ដូចជា​​បាន​ស្ងប់​លែង​ជ្រួលច្របល់​ខ្លាំង​ដែរ។ ក៏ប៉ុន្តែ គេ​នៅតែ​ត្រូវការ​ឲ្យ​មាន​វិធានការ​បន្ថែម​ពី​ខាង​ធនាគារ​កណ្តាល​អឺរ៉ុប ដើម្បី​បង្កើន​ទំនុកចិត្ត​អ្នកវិនិយោគ​កាន់តែ​ខ្លាំង​ឡើង​ថែមទៀត។

ជាទូទៅ ធនាគារ​កណ្តាល​អឺរ៉ុប​មិនសូវ​ចង់​បញ្ចុះ​អត្រាការប្រាក់ ដោយសារ​តែ​បារម្ភ​អំពី​បញ្ហា​អតិផរណា។ ក៏ប៉ុន្តែ នៅពេលនេះ គេ​សង្កេតឃើញ​ជាទូទៅ​ថា អត្រាអតិផរណា​មិនមែន​ជា​បញ្ហា​ចោទ​នោះទេ នៅ​ក្នុង​តំបន់​ចាយលុយ​អឺរ៉ូ។ ធនាគារ​កណ្តាល​អឺរ៉ុប​ខ្លួនឯង​ក៏​បាន​ព្យាករ​ដែរ​ថា នៅ​ចុងឆ្នាំ​២០១២​នេះ អត្រាអតិផរណា​ប្រចាំឆ្នាំ នៅ​ទូទាំង​តំបន់​អឺរ៉ូ នឹង​ធ្លាក់ចុះ មក​នៅត្រឹម ១,៦% ពោលគឺ ទាបជាង ២% ដែល​ជា​គោលដៅ​របស់​អឺរ៉ុប។ ដូច្នេះធនាគារ​កណ្តាល​អឺរ៉ុប​នៅ​អាច​បញ្ចុះ​អត្រាការប្រាក់​បន្ថែម​ទៀត​បាន ដើម្បី​ជួយ​ស្តារ​កំណើន​សេដ្ឋកិច្ច ដែល​កំពុង​ចោទ​ជា​បញ្ហា​យ៉ាងពិតប្រាកដ សម្រាប់​តំបន់​អឺរ៉ូ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ