អានតួអត្ថបទ
អ៊ីតាលី

ពិព័រណ៍​សកល​បើកយុទ្ធនាការ​ប្រឆាំង​នឹង​ភាពខ្ជះខ្ជាយ​ចំណីអាហារ

ទន្ទឹម​នឹង​ការ​ផ្តោត​ចំណាប់​ខ្លាំង​ទៅ​លើ​ការ​រក្សា​សន្តិសុខ​ចំណី​អាហារ​ ពិព័រណ៍​សកល​មីឡង់ ក៏​ជា​ឱកាសមួយ​នៃ​ការ​ទាញ​ចំណាប់​មនុស្សលោក​ទូទៅ​ឱ្យ​បាន​យល់​អំពី​ភាព​ខ្ជះខ្ជាយ​។ ក្រៅ​អំពី​ការ​ផ្តើម​គំនិត​ដោយ​ប្រទេស​ម្ចាស់​ផ្ទះ​អ៊ីតាលី បារាំង​និងស្វីស ផ្ទះ​ពិព័រណ៍​តូច​មួយ​​នៅ​ក្នុង​ចំណោម​ផ្ទះ​ជា​ច្រើន ដែល​ប្រទេស​ឬ​អង្គការ​នីមួយៗ​បាន​សម្អិត​សម្អាង​ ស្រប​តាម​ប្រធានបទ​ធំ​របស់​ពិព័រណ៍ មាន​សរសេរ​អក្សរ​លម្អ​ធំៗ អំពី​ចំនួន​តួលេខ​នៃ​ការ​ខ្ជះខ្ជាយ​អាហារ​នៅលើ​ពិភពលោក។ 

ការខ្ជះខ្ជាយ ចោល​ចំណី​អាហារ
ការខ្ជះខ្ជាយ ចោល​ចំណី​អាហារ DR
ផ្សាយពាណិជ្ជកម្ម

២៨%​នៃ​ផ្ទៃដី​កសិកម្ម​ នៅ​លើ​ពិភពលោក ជា​ការ​ដាំដុះ​ផលិត​ចំណីអាហារ​សម្រាប់​ចាក់​ចោល ឬ​បាត់បង់​ដោយ​ភាព​ខ្ជះខ្ជាយ ! នេះ​ជា​អ្វី​ដែល​គេ​អាច​អាន​នៅ​លើ​ជញ្ជាំង​ខាង​មុខ​នៃ​ផ្ទះពិព័រណ៍។ ហើយ​នៅ​ខាង​ក្នុង​ មាន​តាំង​វត្ថុ និង​ផលិតផល​ដែលគេ​គ្រវាត់​ចោល។

 
វា​ពិតជា​គួរ​ឱ្យ​សោក​ស្តាយ​ខ្លាំងណាស់ នៅ​ពេល​បាន​ឃើញ​តួលេខ​បញ្ជាក់​អំពី​ភាព​ខ្ជះខ្ជាយ​ចំណី​អាហារ និង​ចំនួន​ប្រជាជន​ជាពិសេស​កុមារ​បន្ត​ជួប​គ្រោះ​ទុរភិក្ខ ក្នុង​សតវត្សរ៍​ទី​២១​នេះ។

ម្យ៉ាង​វិញ​ទៀត​ ការ​បាត់​បង់​ខ្ជះខ្ជាយ​នេះ បាន​បំផ្លាញបរិស្ថាន​យ៉ាង​ខ្លាំង ដោយ​បាន​បញ្ចេញ​ឧស្ម័ន​កាបូនិក​ពុល​ទំហំ​ប្រមាណ​ជា ៣.៣​ពាន់​លាន​តោន​ ពោល​គឺ​បើ​គិត​ជា​ប្រទេស​វិញ សំណល់​ចំណីអាហារ​ខ្ជះខ្ចាយ​នេះ​ ជា​អ្នក​បញ្ចេញ​ឧស្ម័ន​បំពុល​បរិយាកាស​ខ្លាំង​ទីបី​បន្ទាប់​ពី​ចិន និង​សហរដ្ឋ​អាមេរិក។ ភាព​ខ្ជះខ្ជាយ​អាហារ​និង​កសិកម្ម​នេះ មាន​កាន់​តែ​ខ្លាំង​និង​ច្រើន ជាង​គេ​នៅ​សហរដ្ឋ​អាមេរិក ប្រទេស​ដែល​មាន​ប្រភព​កសិកម្ម​ខ្លាំង​ជាង​គេមួយ​នៅ​លើ​ពិភពលោក។

សហការ​ជាមួយ​អង្គការ​ស្បៀង​អាហារ​ពិភពលោក ​មហាវិទ្យាល័យ​មីឡង់​របស់​អ៊ីតាលី ជា​ម្ចាស់​ផ្ទះ​ព្រម​ទាំង​បារាំង និង​ស្វីសជា​ដើម​។ល។ បាន​ប្រើ​វេទិកា​ពិព័រណ៍​សកល​មីឡង់ សម្រាប់​បំផុស​មតិ​សាធារណៈ​ឱ្យ​បាន​យល់​ដឹង​ និង​រិះរក​មធ្យោបាយ​ប្រយុទ្ធ​ប្រឆាំង​នឹង​​ភាព​ខ្ជះខ្ជាយ​ដែល​អាច​គំរាម​កំហែង​យ៉ាង​ខ្លាំង​ដល់​សន្តិសុខ​ចំណីអាហារ ទៅ​ថ្ងៃ​អនាគត ព្រមទាំង​បាន​ស្នើ​ផ្តល់​ជា​គំនិត បែប​សាមញ្ញ​ ជា​ក្បួន​ធ្វើ​ម្ហូប​បន្លែ​បន្លុក​សេសសល់ ដល់​ការ​រិះគន់​ប្រសិទ្ធិភាព​នៃប្រព័ន្ធ​ឧស្សាហកម្ម​ចំណីអាហារ ពី​ការផលិត​ដល់​ការ​ចែកចាយ។

សូម​បញ្ជាក់​ថា ការ​ខ្ជះខ្ចាយ​ចំណីអាហារ​ ត្រូ​វបាន​ពិភពលោក​ទទួល​ស្គាល់​ថា ជា​​ចំណែក​នាំ​ឱ្យ​មាន​ការ​ប្រែប្រួល​អាកាសធាតុ។ អង្គការ​សហប្រជាជាតិ ដែល​គ្មានទម្លាប់​អញ្ជើញ​ភ្ញៀវ​មក​ពី​ក្រៅ​ទទួល​ទាន​អាហារ​សោះ នា​ឱកាស​ធ្វើ​មហាសន្និបាត​បាន​រៀបចំ​អាហារ​ថ្ងៃ​ត្រង់​​ទទួល​ថ្នាក់​ដឹកនាំ​ប្រទេស​ពិភពលោក​ នាំ​មុខ​ដោយ​ប្រធានាធិបតី​បារាំង ​នូវ​មុខ​ម្ហូប​ធ្វើ​សំណល់ បន្លែផ្លែឈើដែល​ធម្មតា​ចុងភៅ​បោះចោល៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ