ទស្សនកិច្ចរយៈពេល៣ថ្ងៃនៃប្រមុខការទូតអាស៊ែរបែហ្សាង់នៅរុស្ស៊ី
ក្នុងក្របខ័ណ្ឌទស្សនកិច្ចនេះដែលបានចាប់ផ្តើមម្សិលមិញ លោករដ្ឋមន្ត្រីការបរទេសអាស៊ែរបែហ្សង់ Elmar Mammedyarov ថ្ងៃ២៥ឧសភានេះបានជួបចរចាជាមួយសមភាគីរុស្ស៊ីលោក Serguei Lavrov ដោយផ្តោតទៅលើការពង្រឹងទំនាក់ទំនងទ្វេភាគី និងដំណោះស្រាយជម្លោះរ៉ាំរ៉ៃនៅតំបន់ស្វយ័ត Karabakh លើដែនដី Azerbaidjan ដែលរស់នៅក្នុងភាគច្រើនដាច់ខាត ដោយបណ្តាជនសញ្ជាតិ Armenie ហើយដែលតាំងពីឆ្នាំ១៩៩១មក បានប្រកាសឯករាជ្យផ្តាច់ខ្លួនចេញពី Azerbaidjan។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:២៩
ជាបឋម អំពីទំនាក់ទំនងទ្វេភាគីដែលតាមការកត់សម្គាល់នៃក្រសួងការបរទេសរុស្ស៊ី គឺបន្តរីកលូតលាស់ លើវិស័យប្លែកៗ។ ឧទាហរណ៍ ក្នុងឆ្នាំ២០១៤ កន្លងទៅ ទំហំផ្តោះប្តូរពាណិជ្ជកម្មរវាងរុស្ស៊ី និងអាស៊ែរបែហ្សង់បានកើនឡើង១២% ដល់ទឹកប្រាក់ ៣.៦០០លានដុល្លារ ដោយអាស៊ែរបែហ្សង់បន្តបង្កើនការនាំចេញនៃកសិផលខ្លួនមកកាន់ប្រទេសរុស្ស៊ី ក្នុងបរិបទ ដែលក្រុងម៉ូស្គូ ហាមមិនឲ្យនាំគ្រឿងបរិភោគពីបណ្តាប្រទេសសហភាពអឺរ៉ុប ជាចម្លើយតបនឹង ទណ្ឌកម្មដែលគេដាក់ទល់នឹងរុស្ស៊ី ដោយមកពី គោលជំហររុស្ស៊ីចំពោះវិបត្តិនៅអ៊ុយក្រែន។
មិនតែប៉ុណ្ណោះ សហប្រតិបត្តិការក៏រីកលូតលាស់ទាំងក្នុងវិស័យយោធា នៅខែកញ្ញាខាងមុខ កងនាវារុស្ស៊ី និងអាស៊ែរបែហ្សង់នឹងធ្វើលំហាត់សឹករួមគ្នានៅសមុទ្រ Caspienne។ មានឆ្នេររបស់ខ្លួនជាប់នឹងសមុទ្រនេះ ក្រៅពីរដ្ឋទាំងពីរ ក៏ទាំងអ៊ីរ៉ង់ កាហ្សាក់ស្ថាន តួគ្មេនីស្ថាន។ លោករដ្ឋមន្ត្រីការបរទេសរុស្ស៊ី Serguei Lavrov ថ្លែងថា ក្រុងម៉ូស្គូមិនជំទាស់សោះឡើយនឹងការដែលក្រុងបាគូពង្រីកទំនាក់ទំនងជាមួយប្រទេសជិតខាងឯទៀត និងអង្គការអន្តរជាតិប្លែកៗប៉ុន្តែសហប្រតិបត្តិការនោះ មិនត្រូវនាំឲ្យខូចដល់ផលប្រយោជន៍ជាតិរបស់រុស្ស៊ីឡើយ។
ជាក់ស្តែងពេលថ្មីៗ សមភាគីរបស់គាត់ លោកប្រមុខការទូត អាស៊ែរបែហ្សង់ Mammedyarov បានចូលរួមក្នុងជំនួបកំពូលបក្សសម្ព័ន្ធអូតង់ នៅប្រទេសតួគី និង ក្នុងជំនួបកំពូលសហភាពអឺរ៉ុប ជាមួយ៦ប្រទេសដៃគូនៅអឺរ៉ុបខាងកើត ដែលបានប្រព្រឹត្តទៅ នៅក្រុង Riga រដ្ឋធានីឡេតូនី។ ក្រុងម៉ូស្គូចាត់ទុកជាអាទិភាពមួយនៃនយោបាយបរទេសខ្លួនគឺ រកដំណោះស្រាយឲ្យជម្លោះរ៉ាំរ៉ៃនៅតំបន់ស្វយ័ត Karabakh មានផ្ទៃក្រឡា ៤.៤០០ គ.ម២នៅលើដែនដី Azerbaidjan ដែលរស់នៅក្នុងភាគច្រើនលើសលុប ដោយបណ្តាជនសញ្ជាតិ Armenie ប្រមាណ២សែននាក់ នៅជាប់នឹងព្រំប្រទល់ Armenie ផ្ទាល់ ហើយបណ្តាជននោះ ចង់ភ្ជាប់ដែនដីនេះទៅនឹងប្រទេស Armenieតែម្តង។
តំបន់នោះ ដែលក្នុងន័យភូមិសាស្ត្រនយោបាយ គឺនៅកៀកជាប់នឹងប្រទេស រុស្ស៊ីផងដែរ បាន ឆាបឆេះជាភ្លើងសង្គ្រាមក្នុងឆ្នាំ១៩៨៨ ហើយតាំងពីឆ្នាំ១៩៩១មក បាន ប្រកាសឯករាជ្យ ផ្តាច់ខ្លួនចេញពី Azerbaidjan ប៉ុន្តែគ្មានប្រទេសណាទទួលស្គាល់ជារដ្ឋឯករាជ្យឡើយ។ ម៉ូស្គូដែលរមែងដើរតួជាអន្តរការី សង្កត់ធ្ងន់ថា ដំណោះស្រាយ ជម្លោះរ៉ាំរ៉ៃនេះ គឺអាស្រ័យ មិនមែននឹងអន្តរការីទេ តែគឺនឹងសមភាគីបដិបក្ខដែលជាប់ក្នុងជម្លោះផ្ទាល់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ