អានតួអត្ថបទ
អង្គការសហប្រជាជាតិ

អសប៖ នៅក្នុង​ពិភពលោក ចំនួន​មនុស្ស​រងគ្រោះ​ដោយ​គ្រោះ​អត់ឃ្លាន ថយចុះ ប្រមាណ ១៦៧​លាន​នាក់

កាត់បន្ថយ​ករណី​អត់ឃ្លាន នៅក្នុង​ពិភពលោក ឲ្យ​មក​នៅ​ត្រឹម​សូន្យ គឺ​ជារឿង​ដែល​គេ​អាច​ធ្វើ​បាន។ នេះ​ជាការអះអាង​របស់​អគ្គនាយក​អង្គការ​ចំណីអាហារ និង​កសិកម្ម របស់​អង្គការ​សហប្រជាជាតិ ​FAO នៅក្នុង​ឱកាស​ចេញផ្សាយ​របាយការណ៍ កាលពីថ្ងៃ​ពុធ ទី ២៧ ឧសភា។ របាយការណ៍ ដែល​អង្គការ​FAO​រួម​ធ្វើ​ជាមួយ ទីភ្នាក់ងារ​ជំនាញ​ខាង​អសន្តិសុខ​ស្បៀង​នៅក្នុង​ពិភពលោក ចំនួន​មនុស្ស​រងគ្រោះ​ដោយ​ការអត់ឃ្លាន​បាន​ថយចុះ មក​នៅ​ត្រឹម ៧៩៥​លាន នាក់ នៅ​ឆ្នាំ ២០១៥ ពោល​គឺ​ថយចុះ​ប្រមាណ ១៦៧​លាន​នាក់ នៅក្នុង​រយៈពេល ១០​ឆ្នាំ​ចុងក្រោយនេះ។ 

រូប​ស្រ្តី​អាហ្រ្វិក​នៃ​ក្រប​របាយការណ៍​​របស់​អង្គការ​FAOដែល​​បង្ហាញ​ថា ចំនួន​មនុស្ស​រងគ្រោះ​ដោយ​គ្រោះអត់ឃ្លាន​ថយចុះចំនួន ១៦៧​លាន​នាក់ ក្នុង​រយៈពេល ១០​ឆ្នាំ​ចុងក្រោយនេះ
រូប​ស្រ្តី​អាហ្រ្វិក​នៃ​ក្រប​របាយការណ៍​​របស់​អង្គការ​FAOដែល​​បង្ហាញ​ថា ចំនួន​មនុស្ស​រងគ្រោះ​ដោយ​គ្រោះអត់ឃ្លាន​ថយចុះចំនួន ១៦៧​លាន​នាក់ ក្នុង​រយៈពេល ១០​ឆ្នាំ​ចុងក្រោយនេះ fao.org
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សន្និសីទ​កាសែត កាលពីថ្ងៃ​ពុធ អង្គការ​ចំណីអាហារ និង​កសិកម្ម​របស់​អង្គការ​សហប្រជាជាតិ បាន​បង្ហាញ​តួលេខ គួរ​ឲ្យ​លើក​ទឹកចិត្ត នោះ គឺ​ក្នុង​រយៈពេល តែ​២៥​ឆ្នាំ ចំនួន​មនុស្ស​ដែល​រងគ្រោះ ដោយ​ការខ្វះចំណី បាន​ថយ​ចុះ អស់​មួយ​ភាគបួន គឺ​ប្រមាណ ២១៦​លាននាក់។ សូមបញ្ជាក់ថា នៅ​ទសវត្សរ៍ ឆ្នាំ ១៩៩០ ២៣% នៃ​មនុស្ស​លើ​ភពផែនដី រងគ្រោះ​ដោយ​គ្រោះអត់ឃ្លាន។ ប៉ុន្តែ នៅឆ្នាំ ២០១៥ មនុស្ស​ខ្វះចំណី​អាហារ​គ្រប់គ្រាន់ នៅ​ក្នុង​ពិភពលោក​ថយចុះ មក​នៅ​ត្រឹម ១៣​ភាគរយ​ប៉ុណ្ណោះ។

 
តាម​របាយការណ៍​របស់​អង្គការ ដែល​មាន​ទីស្នាក់ការ​ក្នុង​ទីក្រុង​រ៉ូម ប្រទេស​អ៊ីតាលី ​ កំណើន​សេដ្ឋកិច្ច និង​ការរីកចំរើន​នៅ​អាស៊ី និង​នៅ​អាមេរិកឡាទីន​ជាហេតុផល​ចំបង​ដែល​ធ្វើ​ឲ្យ​ចំនួន​មនុស្ស​ដែល​រងគ្រោះ​ដោយ អត់ឃ្លាន ថយ​ចុះ​គួរ​ឲ្យ​កត់សំគាល់។ ប្រទេស​ថៃ វៀតណាម​ភូមា ចិន ប្រេស៊ីល ឈីលី វេណេស៊ុយអេឡា ឬ​បូលីវី ទទួល​បាន​ចំណាត់ថ្នាក់​ល្អ នាំមុខ​គេ​ខាង​កាត់បន្ថយ​ចំនួន​មនុស្ស​រងគ្រោះ​ដោយ​ការអត់ឃ្លាន។ បណ្តាប្រទេស នៅ​តំបន់​អាហ្រ្វិក​ខាងត្បូង ស្គាល់​ការរីកចំរើន​តិចតួច។ ២៣%​នៃ​ប្រជាជន​របស់​តំបន់​នេះ​នៅ​តែ​រងគ្រោះ​ដោយ​ការខ្វះ​អាហារូបត្ថម្ភ។

របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ​បង្ហាញ​ដែល​ថា ជាង​ពាក់កណ្តាល​នៃ​ប្រទេស​កំពុង​អភិវឌ្ឍន៍ (៧២ ក្នុង​ចំណោម ១២៩​ប្រទេស)​បាន​សម្រេច​ទិសដៅ​សហសវត្សរ៍ ដែល​កំណត់​ឡើង ដោយ​អង្គការ​សហប្រជាជាតិ កាលពី​ឆ្នាំ​២០០០ នៅ​ទីក្រុង​ញូវយ៉ក។ តាម​ទិសដៅ សហសវត្សរ៍ របស់​អង្គការ​សហប្រជាជាតិ ប្រទេស​ក្នុង​ពិភពលោក​ត្រូវចូលរួម ​កាត់បន្ថយ​ចំនួន​មនុស្ស​រងគ្រោះ ដោយ​ការអត់ឃ្លាន ឲ្យ​បាន​ពាក់កណ្តាល ក្នុង​រយៈពេល ១៥​ឆ្នាំ។ ចំនួន​មនុស្ស​រងគ្រោះ ដោយ​ការអត់ឃ្លាន ថយចុះ ប៉ុន្តែ គេ​ក៏​មិនត្រូវ​អរ​ភ្លេចខ្លួន​ដែរ។ តាម​អង្គការ​FAO រដ្ឋាភិបាល​របស់​ប្រទេស​នីមួយៗ​ត្រូវ​ចែក​រំលែក​ភោគផល​នៃ​កំណើន​សេដ្ឋកិច្ច​ និង​បង្កើត​ប្រព័ន្ធ​ធានា​សន្តិសុខ​ទូទៅ សម្រាប់​ប្រជាជន។ អង្គការ​សហប្រជាជាតិ​លើកទឹកចិត្ត​ផងដែរឲ្យ​រដ្ឋាភិបាល ចូលរួម​លុប​បំបាត់​គ្រោះអត់ឃ្លាន​តាមរយៈ ការវិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ នៅទី​ជនបទ។ តាម​ការវាយតម្លៃ​របស់​មូលនិធី​អន្តរជាតិ ដើម្បី​អភិវឌ្ឍន៍ កសិកម្ម គេ​ត្រូវ​ទឹកប្រាក់​ប្រមាណ ៣០០០ ពាន់​លាន​ដុល្លារ ដើម្បី កាត់បន្ថយ​ភាពក្រីក្រ​នៅទីជនបទ៕

 តាមមូលនិធិ FIDA ដដែលគ្រោះមហន្តរាយធម្មជាតិ ការប្រែប្រួលអាកាសធាតុ និង ជម្លោះ សង្រ្គាម ស៊ីវិលនៅ តែជាឧបសគ្គដែលរារាំង ដល់ការប្រយុទ្ធប្រឆាំងនឹងគ្រោះអត់ឃ្លាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ