អានតួអត្ថបទ
អ៊ឺរ៉ុប

ភេរវ​កម្ម​ក្នុង​ក្រុង​ឡុង​ដ៍៖ មនុស្ស ៩ នាក់​ស្លាប់ ខណៈ ជាង ៤០ នាក់ ផ្សេង​ទៀត​រង​របួស​

មនុស្ស ៩ ​នាក់​បាន​ស្លាប់ ក្នុង​នោះ ជន​រង​គ្រោះ​៦នាក់​និង​ភេរវ​ជន​៣ នាក់ ព្រម​ទាំង​ជាង ៤០ នាក់​ផ្សេង​ទៀត រង​របួស នៅ​ក្នុង​ការ​វាយ​ប្រហារ​ស្ថិត​លើ​ស្ពាន London  និង ផ្សារ Borough នៅកណ្តាល​ទី​ក្រុង​ឡុងដ៍។ ភេរជន បាន​ធ្វើ​សកម្មភាព បើក​រថយន្ត​សំដៅ​បុក អ្នក​ថ្មើរ​ជើង នៅ​លើ​ស្ពាន London និង​បាន​ដក​កាំបិត ចាក់​សម្លាប់​មនុស្ស​ផ្សេង​ទៀត ។ ភេរវជន​ត្រូវ​បាន​បាញ់​សម្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើត​ហេតុ។ ប៉ូលិស​អង់គ្លេស​ចាត់​ទុក​ការ​វាយ​ប្រហារ​នេះ​ជា​សកម្មភាព​«ភេរវកម្ម»​។

កងកម្លាំងសន្តិសុខកំពុងស៊ើបអង្កេត នៅកន្លែងកើតហេតុ ថ្ងៃទី៣ ខែមិថុនា។
កងកម្លាំងសន្តិសុខកំពុងស៊ើបអង្កេត នៅកន្លែងកើតហេតុ ថ្ងៃទី៣ ខែមិថុនា។ DANIEL SORABJI / AFP
ផ្សាយពាណិជ្ជកម្ម

ហេតុការណ៍​ដ៏​គួរ​ឲ្យ​រន្ធត់​នេះ បាន​កើត​ឡើង​តែ​ពីរ​សប្តាហ៍​ប៉ុណ្ណោះ ក្រោយ​ពី​ហេតុការណ៍​វាយប្រហារ​បំផ្ទុះ​គ្រាប់​អត្ត​ឃាត​ នៅ​រង្គសាល​ក្នុង​ក្រុង Manchester។ អំពើ​ភេរវកម្ម​ចុង​ក្រោយ​នេះ បាន​កើត​ឡើង​នៅ​យប់​ថ្ងៃសៅរិ៍ នៅ​ម៉ោង​ប្រមាណ​ជា​២២៖០៨នាទីយប់ (ម៉ោងនៅក្នុងទីក្រុងឡុងដ៏)។

បើ​តាម​ប៉ូលិស​អង់គ្លេស មាន​សេចក្ដីរាយការណ៍​បន្ទាន់​ថា​មាន​រថយន្ដ​មួយ​គ្រឿង​បាន​បើក បុកហ្វូង​មនុស្ស នៅ​លើ​ស្ពាន London ហើយ​បន្ទាប់​មក​ទៀត ប៉ូលិស​ក៏​បាន​បាញ់​កាំភ្លើង​ជា​ច្រើនគ្រាប់ ដើម្បី​បង្រ្កាប​ទៅ​លើ​កុ្រមភេរវជន​នៅ​ក្នុង​ផ្សារ​ Borough  ខណៈ​ដែល​ពួក​គេ​ព្យាយាម​ចាក់សម្លាប់​មនុស្ស​នៅ​ផ្សារ Borough ដ៏​មមា​ញឹក ដែល​ស្ថិត​នៅ​ក្បែរ​ស្ថាន London។

យ៉ាង​ណា​ក៏​ដោយ មក​ទល់​ពេល​នេះ​ពុំ​ទាន់​មាន​ក្រុម​ណា​មួយ​ចេញ​មុខ​ទទួល​ខុស​ត្រូវ​នៅឡើយ​ទេ ខណៈក្រុម ISIS កំពុង​ស្ថិត​នៅ​ក្រោម​ការ​សង្ស័យ​។

នាយក​រដ្ឋ​មន្រ្តី​អង់​គ្លេស Theraesa May និង មេ​ដឹក​នាំ​សំខាន់​ៗ​ក្នុង​ពិភព​លោក បាន​សម្តែង​ការ​សោក​ស្តាយ​និង​ថ្កោល​ទោស​ចំពោះ​ហេតុការណ៍​ដែល​បាន​កើត​ឡើង​នេះ​។ មេ​ដឹក​នាំ​ពិភពលោក​ថែម​ទាំង​បាន​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន ក្នុង​ការ​សហការណ៍​រួម​គ្នា​ជាមួយ​នឹង​ចក្រភព​អង់គ្លេស​ដើម្បី​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម​ឲ្យ​ខាន​តែ​បាន​។

ជា​ការ​កត់​សម្គាល់ គិត​ត្រឹម​ពាក់​កណ្តាល​ឆ្នាំ​ ២០១៧ នេះ​ប៉ុណ្ណោះ ចក្រ​ភព​អង់​គ្លេស បាន​រងការ​វាយ​ប្រហារ​ដោយ​អំពើ​ភេរវកម្ម​ផ្ទួន​ៗ​ចំនួន​បី​ដង​រួច​មក​ហើយ​។ ភេរវកម្ម​លើក​ទី​មួយ​ កើតឡើង​កាល​ពី​ខែ​ មីនា បាន​ធ្វើឲ្យ​មនុស្ស ៤​នាក់​បាន​ស្លាប់ ព្រមទាំង​ ៤០​នាក់​រងរបួស​នៅ​ជិត​វិមាន​រដ្ឋសភា​កណ្តាល​ទីក្រុង​ឡុងដ៍​។ ភេរវកម្ម​លើក​ទី​ពីរ កាល​ពី​ខែ​ឧសភា ភេរវកម្ម​អត្ត​ឃាត​សម្លាប់​មនុស្ស ២២នាក់ និង​របួស​ប្រមាណ​ជា ៦០នាក់​នៅ​រង្គ​សាល​ក្នុង​ក្រុង Manchester៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ