អានតួអត្ថបទ
រុស្ស៊ី-អាមេរិក

ម៉ូស្គូ និង​វ៉ាស៊ីនតោន​ចោទគ្នា​ទៅវិញ ទៅមក​ក្នុង​រឿង​ផ្លុំបញ្ឆេះ​សង្គ្រាមត្រជាក់

រដ្ឋបាល​ប្រធានាធិបតី​អាមេរិក​ចោទ​លោក​ប្រធានាធិបតី​រុស្ស៊ី​វ៉្លាឌីមៀរ ពូទីន ថា ប៉ុនប៉ង​ផ្លុំបញ្ឆេះ​ផ្នត់គំនិត​សង្គ្រាមត្រជាក់។ សេចក្តី​នេះ ថ្លែង​ថ្ងៃ​៧​មិថុនា ដោយ​អ្នកនាំពាក្យ សេតវិមាន​ក្រុង​វ៉ាស៊ីនតោន លោក Josh Earnest ដែល​អមដំណើរ​លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា ចូលរួម​ក្នុង​ជំនួបកំពូល G-7 ដែល​ប្រព្រឹត្ត​ទៅ​នៅ​ប្រទេស​អាល្លឺម៉ង់។ គាត់​ថ្លែង​នេះ ជា ចម្លើយ តបនឹង អ្នកនាំពាក្យ​វិមា​ន​ក្រេមឡាំង ដែល​សំដែង​ការ​សោកស្តាយ ចំពោះ​សំដី​បន្លឺ​ឡើង ក្នុង​បរិវេណ G-7 នោះ​ដែល​ធុំ​ក្លិន​សង្គ្រាមត្រជាក់។

ប្រធានាធិបតី​រុស្ស៊ី លោកពូទីន
ប្រធានាធិបតី​រុស្ស៊ី លោកពូទីន Reuters/Maxim Shemetov
ផ្សាយពាណិជ្ជកម្ម

លោក Josh Earnest ដោយ​ធ្វើ​សេចក្តី​ថ្លែងការណ៍​បដិសេធ​នោះ លើក​ឡើង​ជា​អាទិ៍​ថា អាមេរិក និង​ក្រុម​៧​មហាប្រទេស​មាន​ឧស្សាហកម្ម​លូតលាស់​ជាង​គេ​ក្នុង​លោក​ ហៅថា G-7 គ្មាន​ចេតនា វិល​ត្រឡប់​ទៅ​កាន់​ស្មារតី​នៃ សង្គ្រាមត្រជាក់ វិញ​ឡើយ។ តាមខ្ញុំស្មាន មានអ្នកខ្លះ បែប​យ៉ាង លោក​ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន កំពុង​តែ​សាកល្បង​បង្វែរ​មក​វិញ ផ្នត់​គំនិត នៃ​សង្គ្រាម​ត្រជាក់។ ប៉ុន្តែ​អ្វី​ដែល​ច្បាស់ គឺ​ថា ផ្នត់​គំនិត​បែប​នេះ គ្មាន​សោះ​ឡើយ ក្នុង​ផែនការ របស់ ស.រ.អា. និង​ក្រុមប្រទេស G-7។

អ្នកនាំពាក្យ​របស់​សេតវិមាន​បន្ត​ថា G-7 ជា​ក្រុម​នៃ​ប្រជាជាតិប្រជាធិបតេយ្យ ដែល​ភក្តី​ចំពោះ តម្លៃ​រួម​របស់​ខ្លួន។ ហើយ​យើង​ប្តេជ្ញា សាយភាយ​តម្លៃ​នេះ ទៅ​ពេញ​លើ​ពិភពលោក។ ហើយ កាលណា​យើង​ជួបជុំ​គ្នា យើង​រមែង​បញ្ជូន​ទៅ​នូវ​សញ្ញា​នេះ ដែល​យើង​យល់​ថា សំខាន់​ណាស់។ ចំណែក​ក្រុង​ម៉ូស្គូ យល់​ឃើញ​ផ្ទុយ​ពី​នេះ​សោះ ដោយ​សង្ស័យ​បស្ចិមលោក​ថា ចេះ​តែ​ប៉ុនប៉ង វិល​ត្រឡប់​ទៅ​យុគសង្គ្រាមត្រជាក់​វិញ។

តាម​ដែល​អ្នកនាំពាក្យ​របស់​ប្រធានាធិបតី​រុស្ស៊ី លោក ឌ្មីទ្រី ពេស្កូវ ថ្លែង​ម្សិលមិញ​ថា វិមាន​ក្រេមឡាំង អាច​សំដែង​តែ​ការ​សោកស្តាយ​ប៉ុណ្ណោះ ចំពោះ វោហា​ឥត​សម្រុះសម្រួល​បន្លឺ​ឡើង​ក្នុង​បរិវេណ G-7 ក្នុង​ផ្នត់​គំនិត​សង្គ្រាមត្រជាក់​ជំនាន់ ទសវត្សរ៍​ទី៧០​នៃ​សតវត្សរ៍​មុន ហើយ​បន្លឺ​ឡើង​នេះ ដូច​ជា​ឆាប់ពេក ដោយ​តាំង​ពី​ពេល​នោះ​មក កន្លង​ផុត​ទៅ មិន​ជា​យូរ​ឯណា។

លោក Josh Earnest ក្នុង​បទអន្តរាគមន៍​ខ្លួន ក៏​គូស​បញ្ជាក់​ដែរ​ថា ស.រ.អា.អាច​សហការ​ជាមួយ នឹង រុស្ស៊ី ក្នុង​បញ្ហា​មួយ​ចំនួន​ដែល​សំខាន់​ដូច​គ្នា សម្រាប់​សន្តិសុខ​ប្រទេស​ទាំង​ពីរ ទោះ​បី មាន​ការ​ខ្វែង​គំនិត​គ្នា បណ្តាល​ឲ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ ធ្លាក់​ក្នុង​ភាព​ស្មុគស្មាញ​ក្តី មក​ពី​រុស្ស៊ី​ក្នុង​សកម្មភាព​ខ្លួន បន្ត​ពាំនាំ​អស្ថិរភាព​ដល់ ស្ថានការណ៍​នៅ​អ៊ុយក្រែន។

អ្នកនាំពាក្យ​សេតវិមាន​ទទួល​ស្គាល់​ថា ផ្លែផ្កា​នៃ​សហប្រតិបត្តិការ​បែប​នេះ ធ្លាប់​បង្ហាញ​ឲ្យ​ឃើញ ដោយ​ឥទ្ធិពល​រុស្ស៊ី ដែល​ចេះ​បញ្ចុះបញ្ចូល​ប្រទេស​ស៊ីរី ឲ្យ​បោះបង់​អាវុធ​គិមី​ទៅ និង ឲ្យ​អ៊ីរ៉ង់ សុខចិត្ត​ដើរ​នៅ​លើ​ផ្លូវចរចា ឆ្ពោះ​ទៅ​មិន​ផលិត​ទេ ជា​អាវុធបរមាណូ ដែល​ជា​សក្ខីកម្ម នៃ វិភាគទាន​ស្ថាបនា ពី​ខាង​រុស្ស៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ