អានតួអត្ថបទ
ស៊ុយអែត-ដាណឺម៉ាក-រុស្ស៊ី

ស៊ុយអែត​និង​ដាណឺម៉ាក​កោះហៅ​ទូតរុស្ស៊ី​តវ៉ា​រឿង​យន្តហោះ​ហៀប​ទង្គិចគ្នា

រដ្ឋាភិបាល​ស៊ុយអែត និង​ដាណឺម៉ាក​បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ នៅថ្ងៃ​ចន្ទ ដើម្បី​ធ្វើការ​តវ៉ា​ជាផ្លូវការ ចំពោះ​ហេតុការណ៍ ដែល​យន្តហោះ​យោធា​រុស្ស៊ី​ហោះក្បែរ​យន្តហោះ​ដឹកអ្នក​ដំណើរ​ ខុស​ពី​បទដ្ឋាន​អាកាសចរណ៍​អន្តរជាតិ។ ការចោទប្រកាន់​ ដែល​រុស្ស៊ី​បាន​ច្រានចោល។

យន្តហោះ​ដឹកអ្នក​ដំណើរ​របស់​ក្រុមហ៊ុន Scandinavian Airlines (SAS)
យន្តហោះ​ដឹកអ្នក​ដំណើរ​របស់​ក្រុមហ៊ុន Scandinavian Airlines (SAS) DR
ផ្សាយពាណិជ្ជកម្ម

យោងតាម​ការ​អះអាង​របស់​ស៊ុយអែត ហេតុការណ៍​បាន​កើតឡើង កាល​ពីថ្ងៃ​សុក្រ។ យន្តហោះ​ដឹកអ្នក​ដំណើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Scandinavian Airlines (SAS) ដែល​ជា​ក្រុមហ៊ុន​រួមគ្នា​របស់​ស៊ុយអែត ដាណឺម៉ាក និង​ន័រវែស បាន​ហោះចេញ​ពី​ប្រទេស​ដាណឺម៉ាក សំដៅ​ទៅកាន់​ប្រទេស​ប៉ូឡូញ។ នៅ​ពេលហោះ​ទៅដល់​ខាងត្បូង​ប្រទេស​ស៊ុយអែត ក្នុងដែន​អាកាស​ពីលើ​សមុទ្រ​បាល់ទិក ដែល​ជា​ដែន​អាកាស​អន្តរជាតិ យន្តហោះ​ស៊ើបការណ៍​របស់​រុស្ស៊ី​បាន​ហោះ​មក​ក្បែរ ចម្ងាយ​ប្រមាណ​​ត្រឹមតែ ៩គីឡូម៉ែត្រ​ប៉ុណ្ណោះ ពី​យន្តហោះ​ដឹកអ្នក​ដំណើរ​នេះ។

រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ដាណឺម៉ាក​បាន​ហៅ​ទង្វើ​របស់​យន្តហោះ​យោធា​រុស្ស៊ី​នេះ​ថា ជា​ទង្វើ​ដែល​គ្មាន​ហេតុផល ដែល​ធ្វើ​ឲ្យ​អាយុ​ជីវិត​អ្នក​ដំណើរ​ស៊ីវិល​ត្រូវ​ប្រឈមមុខ​នឹង​គ្រោះថ្នាក់។ ចំណែក​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ស៊ុយអែត​វិញ​បាន​លើកឡើង​ថា ស៊ុយអែត និង​ដាណឺម៉ាក​​ប្រកាន់​ជំហរ​រួមគ្នា​តែមួយ ដើម្បី​តវ៉ា​ជំទាស់​ចំពោះ​សកម្មភាព​របស់​រុស្ស៊ី។ ការតវ៉ា​ជំទាស់​ជាផ្លូវការ ដែល​ត្រូវ​ធ្វើ​តាមរយៈ​ការ​កោះហៅ​ឯកអគ្គរដ្ឋ​ទូត​រុស្ស៊ី នៅ​ថ្ងៃ​ចន្ទ។

ពី​ខាង​រុស្ស៊ី​វិញ អ្នក​នាំពាក្យ​កងទ័ព​រុស្ស៊ី​ធ្លាប់​បាន​ធ្វើការ​បដិសេធ​រួចទៅហើយ កាល​ពីថ្ងៃ​អាទិត្យ​ថា មិនមាន​ហេតុការណ៍ ដូច​ការ​ចោទប្រកាន់​របស់​ស៊ុយអែត និង​ដាណឺម៉ាក​នោះទេ។ អ្នក​នាំពាក្យ​រូបនេះ​បាន​អះអាង​ថា យន្តហោះ​ស៊ើបការណ៍​របស់​រុស្ស៊ី​ហោះ​នៅ​ចម្ងាយ​រហូតដល់​ទៅ ៧០​គីឡូម៉ែត្រ​ឯណោះ ពី​យន្តហោះ​ដឹកអ្នក​ដំណើរ ហើយ​ថា យន្តហោះ​ស៊ើបការណ៍​របស់​អង្គការ​អូតង់​​ក៏​ស្ថិត​នៅ​ក្នុង​តំបន់​នោះដែរ នៅ​ពេលនោះ។

គួរបញ្ជាក់ថា ចាប់តាំង​ពី​ផ្ទុះវិបត្តិ​អ៊ុយក្រែន​មក ការប្រឈមមុខដាក់គ្នា រវាង​យន្តហោះ​យោធា​រុស្ស៊ី និង​ប្រទេស​សមាជិក​អូតង់ ជាពិសេស ប្រទេស​នៅ​ជុំវិញ​សមុទ្រ​បាល់ទិក តែងតែ​បាន​កើតមាន​ឡើង​ជា​ញឹកញាប់ ដែល​ជា​ការ​រំឭក​ទៅដល់​​ការ​ប្រឈមមុខដាក់គ្នា កាល​ពី​សម័យ​សង្រ្គាម​ត្រជាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ