អានតួអត្ថបទ
សហភាព​អឺរ៉ុប

តើ​អឺរ៉ុប​ចង់​យក​ស៊ែរប៊ី​មកធ្វើ​ជា​សមាជិក​ដើម្បី​ជួយ​ទប់ស្កាត់លំហូរ​ជនអន្តោប្រវេសន៍?

សហភាព​អឺរ៉ុប​គួរ​ប្រញាប់​រួសរាន់ បើក​ការចរចា ដើម្បី​ដាក់​បញ្ចូល​ប្រទេស​ស៊ែរប៊ី ចូល​ជា​សមាជិក​របស់ខ្លួន។ នេះ​ជា​ការប្រកាស​របស់​ស្នងការ​ទទួល​បន្ទុក​ការពង្រីក​វិសាលភាព សហភាព​អឺរ៉ុប នៅក្នុង​ជំនួប​កំពូល​ប្រទេស​បាល់កង់ កាលពី​ថ្ងៃ​ព្រហស្បតិ៍ នៅទីក្រុង​វីយ៉ែន ប្រទេស​អូទ្រីស។ មិនមែន​ជា​សមាជិក​សហភាព​អឺរ៉ុប ស៊ែរប៊ី បាន​បណ្តោយ បើក​ដៃ ឲ្យ​ជនអន្តោប្រវេសន៍ ធ្វើដំណើរ​ចេញ​ពី​ក្រិក តួកគី និង​ម៉ាសេដ្វាន ធ្វើ​ដំណើរ​ឆ្លងកាត់​ទឹកដី​របស់ខ្លួន ចូល​ទៅក្នុង​ប្រទេស​ជិតខាង ហុងគ្រី ដែល​ជា​សមាជិក​របស់​អឺរ៉ុប។ 

រដ្ឋមន្រ្តី​ការបរទេស​ស៊ែរបី (ឆ្វេង) និង​សមភាគី​​ម៉ាសេដ្វាន ជនភៀសខ្លួន​ស៊ីរី ឆ្លង​ទម្លុះ​បន្លាលួស​ដែល​អាជ្ញាធរ​ហុងគ្រី​ដាក់​នៅ​ព្រំដែន​ជាមួយ​ស៊ែប៊ី
រដ្ឋមន្រ្តី​ការបរទេស​ស៊ែរបី (ឆ្វេង) និង​សមភាគី​​ម៉ាសេដ្វាន ជនភៀសខ្លួន​ស៊ីរី ឆ្លង​ទម្លុះ​បន្លាលួស​ដែល​អាជ្ញាធរ​ហុងគ្រី​ដាក់​នៅ​ព្រំដែន​ជាមួយ​ស៊ែប៊ី ©REUTERS/Heinz-Peter Bader
ផ្សាយពាណិជ្ជកម្ម

សម្រាប់​ស្នងការ​ទទួល​បន្ទុក​ការពង្រីក​វិសាលភាព​អឺរ៉ុប សហភាព​គួរ​បើក​ការចរចា​ឲ្យ​បាន​ឆាប់ ដើម្បី​ទទួល​ស៊ែរប៊ី​មក​ធ្វើ​ជា​សមាជិក។ នៅក្រោម​ការសម្របសម្រួល​របស់​អឺរ៉ុប ស៊ែរប៊ី​ទើប​បានចុះ​កិច្ចព្រមព្រៀង កាលពី​ថ្ងៃ​អង្គារ ជាមួយ​កូសូវ៉ូ ដើម្បី​សហប្រតិបត្តិការ លើ​វិស័យ​ថាមពល និង​ទូរគមនាគមន៍។ ការបន្ទន់​ឥរិយាបថ របស់​រដ្ឋាភិបាល​ស៊ែរប៊ី​ដើម្បី ធ្វើការ ជាមួយ​កូសូវ៉ូ ដែល​ទើប​ក្លាយ​ជា​រដ្ឋឯករាជ្យ ផ្តាច់ខ្លួន​ចេញពី​ស៊ែប៊ី គឺ​ជា​ហេតុផល​សំខាន់​ដែល​ស្នងការ​អឺរ៉ុប​លើក​យក​មក​បញ្ចុះ​បញ្ចូល ដើម្បី ឲ្យ​គេ​បញ្ចូល​ស៊ែរប៊ី ជា​សមាជិក​របស់​សហភាព​អឺរ៉ុប។

 
ប៉ុន្តែ រដ្ឋមន្រ្តីការបរទេស​ស៊ែរប៊ី​ អ៊ីវីកា ដាស៊ីក វិញ​បាន​និយាយ​ត្រង់ៗ ដោយ​មិន​​លាក់លៀម​ថា​ ការបើក​ផ្លូវ​ឲ្យ​មាន​ការចរចា យក​ស៊ែរប៊ី ចូល​ជា​សមាជិក​របស់​អឺរ៉ុប នឹង​ជួយ​សម្រួល ផ្តល់​កម្លាំង​ឲ្យ​រដ្ឋាភិបាល​ស៊ែរប៊ី​អាច​គ្រប់គ្រង ទប់ស្កាត់​ជនអន្តោប្រវេសន៍ ដែល​មក​ពី អាស៊ី អាហ្រ្វិក ឬ​តំបន់​សង្រ្គាម នៅ​ដើម​បូព៌ា កុំ​ឲ្យ​ចូល​ទៅ​ក្នុង​ទឹកដី​អឺរ៉ុប។
 

ជនភៀសខ្លួន​ស៊ីរី ឆ្លង​ទម្លុះ​បន្លាលួស​ដែល​អាជ្ញាធរ​ហុងគ្រី​ដាក់​នៅ​ព្រំដែន​ជាមួយ​ស៊ែប៊ី
ជនភៀសខ្លួន​ស៊ីរី ឆ្លង​ទម្លុះ​បន្លាលួស​ដែល​អាជ្ញាធរ​ហុងគ្រី​ដាក់​នៅ​ព្រំដែន​ជាមួយ​ស៊ែប៊ី REUTERS/Bernadett Szabo

យោង​តាម​តួលេខ​ផ្តល់​ដោយ​រដ្ឋមន្រ្តី​ការបរទេស​ស៊ែរប៊ី ជនអន្តោប្រវេសន៍ ជាង ៩​ម៉ឺននាក់ ដែល​មាន​ប្រភព​មក​ពី​ប្រទេស​ស៊ីរី និង​អាហ្វហ្កានីស្ថាន ត្រូវ​បាន​ចុះឈ្មោះ ចុះ​បញ្ជី​ក្នុង​ប្រទេស​ស៊ែរប៊ី បន្ទាប់​ពី​ឆ្លងកាត់​ប្រទេស​ក្រិក ប៊ុលហ្ការី និង​រ៉ូម៉ានី។ ថ្មីៗ​នេះ ជនអន្តោប្រវេសន៍ ដែល​ភាគច្រើន​រត់ភៀសខ្លួន​ចេញ​ពី​សង្រ្គាម​នៅ​ស៊ីរី និង​អ៊ីរ៉ាក់ និង​ចង់​ទៅ​តាំងទី នៅ​អឺរ៉ុប​ខាងលិច បានប្រើប្រាស់​ប្រទេស​បាល់កង់ ដូចជា​ស៊ែប៊ី និង​ម៉ាសេដ្វាន ដើម្បី​ឆ្លងកាត់​ចូល​ទៅក្នុង​ទឹកដី​អឺរ៉ុប។

កាលពី​ថ្ងៃ​ព្រហស្បតិ៍ អាជ្ញាធរ​អូទ្រីស បាន​រកឃើញ សាកសព​ជនអន្តោប្រវេសន៍ ពី ២០ ទៅ ៥០​នាក់ នៅក្នុង​រថយន្ត​ដឹកទំនិញ​មួយ នៅ​លើ​ផ្លូវជាតិ ក្បែរ​ព្រំដែន​ជាមួយ​ប្រទេស​ហុងគ្រី។ ហុងគ្រី ដែលកំពុង​ក្លាយ​ជា​ច្រកចូល​ថ្មី​តាម​ផ្លូវគោក​របស់​ជនអន្តោប្រវេសន៍ សំដៅ​អឺរ៉ុប​ខាងលិច។

សោកនាដកម្ម​នៅ​អូទ្រីស កើតមាន​នៅក្រោយ​គេរកឃើញ សាកសព​ជនអន្តោប្រវេសន៍ ៥៥​នាក់ នៅក្នុង​កប៉ាល់ឈើ​មួយ ដែល​នាវាល្បាត​ស៊ុយអ៊ែត​ជួយ​សង្រ្គោះ សណ្តោង​បាន​នៅ​​ក្បែរ​ឆ្នេរ​លីប៊ី កាលពី​ថ្ងៃ​ពុធ។ គិតចាប់តាំង​ពី​ដើម​ឆ្នាំ​២០១៥ មាន​ជនអន្តោប្រវេសន៍ ជាង ២៣០០​នាក់ បាន​ស្លាប់ បាត់បង់​ជីវិត នៅក្នុង ដំណើរ​ផ្សងព្រេង ស្វែងរក​អនាគត​ក្នុង​ទឹកដី​អឺរ៉ុប៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ