អានតួអត្ថបទ
អេស្តូនី-រុស្ស៊ី

តុលាការ​រុស្ស៊ី​បាន​កាត់ទោស​ពលរដ្ឋ​អេស្តូនី​ម្នាក់ ឲ្យ​ជាប់​គុក​​១៥ឆ្នាំ​ពី​បទ​ចារកិច្ច

សាលក្រម​កាត់ទោស​លោក Eston Kohver ដែល​ជា​មន្ត្រីនៃ​ប៉ូលីស​សន្តិសុខ​អេស្តូនី​ត្រូវ​បាន​ប្រកាស ថ្ងៃ១៩សីហា ដោយ​តុលាការ​ខេត្ត​រុស្ស៊ី Pskov នៅ​ជាប់​នឹង​ព្រំដែន អេស្តូនី​ផ្ទាល់។ ពិត​ជា​នៅ​ត្រង់​ព្រំដែន​នេះ​ឯង ដែល​កាល​ពី​ថ្ងៃ ៥​កញ្ញា​ឆ្នាំ​មុន រូប​គាត់ ត្រូវ​បាន អាជ្ញាធរ​រុស្ស៊ី​ឃាត់​ខ្លួន​តាម​បទ​ចារកិច្ច ទល់​នឹង​រដ្ឋ​រុស្ស៊ី។ ប៉ុន្តែ រដ្ឋាភិបាល​អេស្តូនី​បាន​បញ្ចេញ ប្រតិកម្ម​តវ៉ា​យ៉ាង​ខ្លាំង​ក្លា​ភ្លាម​ភ្លែត។ ចំណែក សហភាពអឺរ៉ុប​ដែល​មាន​អេស្តូនី​ចូល​ជា​សមាជិក តាំង​ពី​ឆ្នាំ ២០០៤​មក បាន​ទាមទារ​ពី​ក្រុង​ម៉ូស្គូ ឲ្យ ដោះលែង​ជា​បន្ទាន់ រូប​ពលរដ្ឋ​អេស្តូនី នោះ។

លោក Eston Kohver នៅ​ក្នុង​តុលាការ​រុស្ស៊ី​ពេល​បើក​សវនាការ
លោក Eston Kohver នៅ​ក្នុង​តុលាការ​រុស្ស៊ី​ពេល​បើក​សវនាការ REUTERS/Reuters TV
ផ្សាយពាណិជ្ជកម្ម

តាម​ការ​បកស្រាយ​របស់​ស្ថាប័ន​សន្តិសុខ​រុស្ស៊ី FSB រូប​លោក Eston Kohver ដែល ជា​មន្ត្រី​នៃ​ប៉ូលីសសន្តិសុខ​អេស្តូនី​ត្រូវ​បាន​ឃាត់​ខ្លួន គឺ​នៅ​លើ​ដែនដី​រុស្ស៊ី ក្រោយ​ពី​គាត់​បាន​ឆ្លង​កាត់​ព្រំដែន​អេស្តូនី-រុស្ស៊ី មក​បំពេញ​ប្រតិបត្តិការ​ឈ្លប​យក​ការណ៍។ នៅ​ពេល​ទប់​ស្កាត់ ប្រតិបត្តិការ​នោះ អាជ្ញាធរ​រុស្ស៊ី រឹបអូស​យក​បាន ពី​ខ្លួន​គាត់ គឺ កាំភ្លើងខ្លី​មួយ​ដើម លុយ ៥.០០០ អឺរ៉ូ គ្រឿង​ប្រដាប់​ពិសេស​សម្រាប់​លួច​ថត​សម្លេង ព្រម​ទាំង​វត្ថុ​ផ្សេង​ទៀត​ក្នុង​គោលដៅ លួច យកការណ៍​ពី​រុស្ស៊ី។ ម៉្លោះ​ហើយ បាន​ជា​រូបគាត់​ត្រូវ​បាន​កាត់ទោស តាម​បទចារកិច្ច មាន​អាវុធ ខុសច្បាប់ ឆ្លង​កាត់​ព្រំដែន​រុស្ស៊ី​ខុស​ច្បាប់។

ទោស​គាត់ គិត​ជា​សរុប គឺ​ជាប់​ពន្ធនាគារ​១៥ឆ្នាំ និង​ថែម​ទាំង​តម្រូវ​ឲ្យ​គាត់​បង់​ប្រាក់ពិន័យ ១០០.០០០រូប្ល​ទៅ​ផង ដែល​គិត​តាម​អត្រា​បច្ចុប្បន្ន តែ​ម្តុំ ១.៥០០ដុល្លារ​ប៉ុណ្ណោះ។ ពេល​តុលាការ​រុស្ស៊ី ប្រកាស​សាលក្រម​នោះ គេ​សង្កត​ឃើញ​មាន​វត្តមាន​ជា​សញ្ញាប្រឆាំង គឺ ទាំង​តំណាង​ស្ថានទូត​អេស្តូនី​នៅ​ម៉ូស្គូ ទាំង​តំណាង​របស់​សហភាពអឺរ៉ុប​នៅ​រុស្ស៊ី។ ប៉ុន្តែ​តាម​ការ​បកស្រាយ​របស់​ភាគី​អេស្តូនី រូប​លោក Eston Kohver ត្រូវ​បាន​ពួក​ជន​ប្រដាប់អាវុធ ចាប់​ពង្រត់​គឺ​នៅ​លើ​ដែនដី​អេស្តូនី នៅ​ជិត​ប៉ុស្តព្រំដែន Luhamaa ពេល​គាត់​កំពុង​ចូលរួម ក្នុង​ប្រតិបត្តិការ​កំចាត់​ឧក្រិដ្ឋកម្ម នៅ​ជិត​ព្រំដែន​នោះ។

បន្ទាប់​មក ពួក​ជន​មិន​ស្គាល់​ឈ្មោះ បាន​ប្រើ​កម្លាំង​ទៅ​លើ​រូប​គាត់ ហើយ​ដោយ​កំញើញ​ប្រើ​អាវុធ ទល់​នឹង​រូប​គាត់ ក៏ បាន​ដឹក​រូប​គាត់ ទាំង​បង្ខំ ចូល​មក​ក្នុង​ដែនដី​រុស្ស៊ី​តែ​ម្តង។ រដ្ឋាភិបាល​អេស្តូនី​ក្នុង​សេចក្តី​ថ្លែងការណ៍​ខ្លួន មិន​ទទួល​ស្គាល់​សោះ​ឡើយ​សាលក្រម​នោះ ហើយ ចាត់​ទុក​ការ​ឃុំឃាំង​ពលរដ្ឋ​អេស្តូនី​ក្នុង​ពន្ធនាគារ​រុស្ស៊ី​ថា ខុសច្បាប់​ដោយ​ទាមទារ​ពី ក្រុងម៉ូស្គូ ឲ្យ​គោរព​តាម​បទដ្ឋាន​នៃ​ច្បាប់​អន្តរជាតិ និង​ទាមទារ​ឲ្យ​ដោះលែង​ជា​បន្ទាន់ រូប​លោក Eston Kohver ហើយ​ធានា​ឲ្យ​គាត់​បាន​ត្រឡប់​ទៅ​អេស្តូនី​វិញ ប្រកប​ដោយ​សុវត្ថិភាព។ ការ​ទាមទារ​យ៉ាង​ទទូច​បែប​នេះ ពី​រុស្ស៊ី ក៏​ត្រូវ​បាន​បន្លឺ​ឡើង ដោយ​ប្រមុខ​ការទូត​សហភាពអឺរ៉ុប លោកស្រី Federica Mogherini ដែល​នៅ​ថ្ងៃ​ចន្ទ​ទី២៤​សីហា​ខាង​មុខ នឹង​អញ្ជើញ​ទៅ​បំពេញ ទស្សនកិច្ច នៅ​ប្រទេស​អេស្តូនី ដូច​ដែល​មាន​គ្រោង​ទុក​យូរ​មក​ហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ