rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ស៊ីរី រុស្ស៊ី សម្ព័ន្ធអារ៉ាប់ សហរដ្ឋអាមេរិក ជីហាត អង្គការ​រដ្ឋអ៊ីស្លាម

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

អាមេរិក​ចោទ​រុស្ស៊ី​ថា បាន​ទម្លាក់​គ្រាប់បែក​ទៅលើ​ក្រុមឧទ្ទាម​ស៊ីរី ដែល​បណ្តុះបណ្តាល​ដោយ​ក្រុម​CIA

media
យន្តហោះ​ចម្បាំង​រុស្ស៊ី Sukhoi SU-30 REUTERS

រុស្ស៊ី នៅ​ថ្ងៃ​ព្រហស្បតិ៍​បាន បន្ត​ធ្វើ​ប្រតិបត្តិការ​វាយប្រហារ​តាម​ផ្លូវអាកាស ក្នុង​ប្រទេស​ស៊ីរី។ ប្រតិបត្តិការ​ទ័ពអាកាស​រុស្ស៊ី ត្រូវ​អម​ដោយ​ការប្រយុទ្ធ​ជើងគោក របស់​ទ័ពអេស្បូឡា លីបង់ និង​ទាហាន​អ៊ីរ៉ង់ ដែល​គាំទ្រ​ទាហាន​របស់​រដ្ឋាភិបាល​បាស្ហា អាល់អាសាដ​រហូតមក។ កាលពី​ថ្ងៃ​ម្សិលមិញ ក្រសួងការពារ​ជាតិ​រុស្ស៊ី ដើម្បី​ជំរះ​រាល់​មន្ទិលសង្ស័យ និង​ការចោទប្រកាន់​ពី​អាមេរិក បារាំង បាន​បញ្ជាក់​លម្អិត​ថា យន្តហោះ​ចម្បាំង​របស់ខ្លួន​មិនមែន​វាយប្រហារ​តែ​ទៅលើ​ក្រុមជីហាត នៃអង្គការ​រដ្ឋអ៊ីស្លាម​មួយ​ទេ ប៉ុន្តែ នឹង​ទម្លាក់​គ្រាប់​បែក​ផងដែរ ទៅ​លើ​អង្គការ​ភេរវជន​ផ្សេងទៀត នៅ​ស៊ីរី។

 


នៅ​ថ្ងៃ​ព្រហស្បតិ៍ នៅទន្ទឹម​នឹង​ការទម្លាក់​គ្រាប់បែក​របស់​យន្តហោះ​ចម្បាំង​រុស្ស៊ី កងទ័ព​ស៊ីរី ដែល​អម​កៀកស្មា ដោយ​ទាហាន​អ៊ីរ៉ង់ និង​កងកម្លាំង​ហេស្បូឡា បាន​បើក​ប្រតិបត្តិការ​ផងដែរ នៅ​លើ​ដី ភាគខាងជើង ស៊ីរី ក្នុង​គោលដៅ វាយដណ្តើម​យក​វិញ ទឹកដី ដែល​រដ្ឋាភិបាល​ស៊ីរី បាន​បាត់បង់ ធ្លាក់​ទៅក្នុង​ដៃ​ក្រុមអ៊ីស្លាម ដែល​មាន​លាយ​ចូល​គ្នា តាំងពី​ក្រុមឧទ្ទាម ប្រឆាំង​រដ្ឋាភិបាល និង​ក្រុមអាល់នូស្រា ដែល​ជា​បណ្តាញ​របស់​អាល់កៃដា នៅ​ស៊ីរី។

 
តាម​ប្រភព​របស់​លីបង់ ទាហាន​អ៊ីរ៉ង់​រាប់រយ​នាក់​បាន​ធ្វើ​ដំណើរ​ទៅដល់​ស៊ីរី ជាមួយ​នឹង​អាវុធ​របស់ពួកគេ កាលពី​១០​ថ្ងៃ មុន ​ដើម្បី ចូលរួម​ប្រយុទ្ធ​ក្នុង​សមរភូមិ ជួយ​ទាហាន​រដ្ឋាភិបាល​ស៊ីរី។ ទូរទស្សន៍​លីបង់ អាល់ ម៉ាយ៉ាឌីន ដែល​គាំទ្រ​រដ្ឋាភិបាល បាស្ហា អាល់អាសាដ បាន​ផ្សាយ​ថា នៅថ្ងៃ​ព្រហស្បតិ៍ យន្តហោះ​ចម្បាំង​រុស្ស៊ី បាន​ចេញ​ទៅ​ទម្លាក់​គ្រាប់បែក លើ​ទីតាំង របស់​ក្រុមភេរវជន ៨​កន្លែង នៅ​ភាគខាងជើង ស៊ីរី ដែល​ក្នុង​នោះ មាន​៤កន្លែង ជា​ទីតាំង​របស់​ក្រុមជីហាត អង្គការ​រដ្ឋអ៊ីស្លាម។ ក្រុមឧទ្ទាម លូឡា ស៊ូឃួ អាល់ ចាបាល់ ដែល​ជា​សាខា​មួយ​របស់​ទាហាន​ស៊ីរី សេរី ដែល​ជា​ក្រុមប្រឆាំង​រដ្ឋាភិបាល បាន​និយាយ​ប្រាប់​ទូរទស្សន៍​លីបង់​មួយទៀត ដែល​ស្និទ្ធ​នឹង​ក្រុមប្រឆាំង​ស៊ីរី​ថា នៅថ្ងៃ​ព្រហស្បតិ៍ យន្តហោះ​ចម្បាំង​រុស្ស៊ី​បាន​បាញ់​គ្រាប់​មីស៊ីល​ជាង ២០គ្រាប់​ទៅលើ​ជំរំហ្វឹកហាត់​របស់​ក្រុមខ្លួន នៅក្នុង​ខេត្ត​អ៊ីដលីប។ ក្រុម​ឧទ្ទាម​ស៊ីរី ឈ្មោះ ចាបាល់​ជាក្រុម​ធ្លាប់​ទទួល​ការបណ្តុះបណ្តាល នៅ​ប្រទេស​កាតា និង​អារ៉ាប៊ី សាអូឌីត ដោយ​ក្រុមភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាមេរិកាំង CIA។ ព័ត៌មាន​នេះ​ត្រូវ​បាន​បញ្ជាក់​បន្ថែម​ពីលោក​ចន ម៉ៃខេន សមាជិក​ព្រឹទ្ធសភា អាមេរិក ទៅ​ទូរទស្សន៍​អាមេរិក CNN។
 
បន្ទាប់ពី​មាន​ការសង្ស័យ​ពី​អាមេរិក និង​ក្រុមប្រឆាំង​ស៊ីរី ទៅលើ​ទីដៅ​វាយប្រហារ​របស់​រុស្ស៊ី នៅ​ស៊ីរី ក្រេមឡាំង នៅ​ល្ងាចថ្ងៃ​ព្រហស្បតិ៍ បាន​បញ្ជាក់ថា គោលដៅ​វាយប្រហារ​របស់ខ្លួន​ មាន​ច្រើន គឺ​មិនថា ក្រុមជីហាត អង្គការ​រដ្ឋអ៊ីស្លាម និង​ក្រុមភេរវនិយម ដទៃ​ទៀត ដែល​គ្រោះថ្នាក់​ដល់​រដ្ឋាភិបាល ស៊ីរី ដែល​ជា​សម្ព័ន្ធមិត្ត​របស់ខ្លួន។ នៅល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ដដែល មន្រ្តី​យោធា​អាមេរិក និង​រុស្ស៊ី ត្រូវ​និយាយ ដោះដូរ​ព័ត៌មាន​យោធា​គ្នា ដើម្បី​ជៀសវាង ឧប្បត្តិហេតុ បុកយន្តហោះ លើ​អាកាស ព្រោះថា ផ្ទៃមេឃ​របស់​ស៊ីរី ដែល​មាន​ដេដាស ដោយ​យន្តហោះ​ចម្បាំង​របស់​សម្ព័ន្ធ​អន្តរជាតិ ដែល​ដឹកនាំ​ដោយ​អាមេរិក និង​សម្ព័ន្ធអារ៉ាប់ រួចទៅហើយ នោះ ត្រូវ​ទទួល​បន្ថែមទៀត យន្តហោះ​ចម្បាំង និង​ឧទ្ធម្ភាគចក្រ​រុស្ស៊ី ចំនួន​៥០គ្រឿង នៅ​ថ្ងៃ​ព្រហស្បតិ៍៕