អានតួអត្ថបទ
រុស្ស៊ី-អ៊ុយក្រែន

ម៉ូស្គូ​សុខចិត្ត​ពន្យារ ការបញ្ចុះ​តម្លៃ​ឧស្ម័ន​រុស្ស៊ី សម្រាប់​អ៊ុយក្រែន ៣ខែ​ទៀត

ភ្លើងខៀវនេះ បើក​ដោយ​លោក​ប្រធានាធិបតី​ពូទីន តប​នឹង​សំណើ លោកនាយក រដ្ឋមន្ត្រី​មេដវេដេវ ក្រោយពី​រដ្ឋាភិបាល​រុស្ស៊ី​បាន​ទទួល​សំណូមពរ សមស្រប​ពី ភាគី​អ៊ុយក្រែន។ ការយល់ព្រម​ពន្យារ​ពេល​ចុះ​ថ្លៃនេះ គឺ​ដើម្បី​បញ្ចៀស​កុំ​ឲ្យ​ផ្តាច់ ការបង្ហូរ​ឧស្ម័ន​រុស្ស៊ី ទៅ អ៊ុយក្រែន ដ្បិត​កិច្ចព្រមព្រៀង​ចុះ កាលពី​ខែតុលា​ឆ្នាំមុន ដើម្បី​បង្ហូរ​ឧស្ម័ន​រុស្ស៊ី​ទៅ​អ៊ុយក្រែន ក្នុង​ល័ក្ខខ័ណ្ឌ​នេះ ត្រូវ​អស់​សុពលភាព ថ្ងៃ៣១មីនា។ 

លោក​ប្រធានាធិបតី​ពូទីន យល់​ព្រម​បញ្ចុះ​តម្លៃ​ឧស្ម័ន​លក់​ទៅ​ឲ្យ​អ៊ុយក្រែន
លោក​ប្រធានាធិបតី​ពូទីន យល់​ព្រម​បញ្ចុះ​តម្លៃ​ឧស្ម័ន​លក់​ទៅ​ឲ្យ​អ៊ុយក្រែន REUTERS/Yuri Maltsev/Files
ផ្សាយពាណិជ្ជកម្ម

ជាបឋម គួរនិយាយ​ថា ក្រុមហ៊ុន​រដ្ឋ​អ៊ុយក្រែន​ខាង​ឧស្ម័ន និងប្រេង Naftogaz បានសុំ ភាគី​រុស្ស៊ី ឲ្យ​ពន្យារ​របប​បញ្ចុះតម្លៃ​ឧស្ម័ន​រុស្ស៊ី លក់​ទៅ​អ៊ុយក្រែន គឺ​រហូតដល់​ដំណាច់​ឆ្នាំនេះ តែម្តង។ ក្រោយពី ថ្នាក់ដឹកនាំ​រុស្ស៊ី​យល់ព្រម​ពន្យារ​ពេលចុះថ្លៃ​នេះ ទោះបី​តែ​មួយ​ត្រីមាស រហូត ដល់ថ្ងៃ៣០​មិថុនាក្តី ក៏​សម្រាប់​ភាគី​អ៊ុយក្រែន ធូរ​សោហ៊ុយ​មិនស្ទើរ​ឡើយ ដ្បិត ក្នុង​១.០០០មចុះ​អស់​ ១០០ដុល្លារ​ឯណោះ។ ឥឡូវ តាម​ការប្រមាណ​ឃើញ នៃ រដ្ឋមន្ត្រី​ក្រសួង​ថាមពល ទាំង រុស្ស៊ី ទាំងអ៊ុយក្រែន តម្លៃឧស្ម័ន​ដែល​រុស្ស៊ី​បន្ត​លក់​ទៅ​ឲ្យ​អ៊ុយក្រែន ក្នុង​១.០០០មគឺ​មិនលើស ពី២៥០​ដុល្លារឡើយ បើ​និយាយ​ឲ្យចំ គឺ ២៤៨ ដុល្លារ​ក្នុង ១.០០០ម

 
លោក​នាយក​រដ្ឋមន្ត្រី​មេដវេដេវ បានជម្រាប លោក ប្រធានាធិបតីពូទីន អំពី​មូលហេតុ​ដែល​គួរ តែ​បញ្ចុះ​ថ្លៃ​ឧស្ម័ន​នោះ ក្នុង​ន័យ​ថា ៖ “សេដ្ឋកិច្ច​អ៊ុយក្រែន​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​យ៉ាប់យ៉ឺន មែនទែន រួចទោះបី​ការបញ្ចុះ​ថ្លៃនេះ អាចនាំ​ឲ្យ​ប៉ះពាល់​ដល់​ខ្ទង់ចំណូល​នៃ​ថវិកា​ជាតិ​រុស្ស៊ីក្តី ក៏​ខ្ញុំយល់​ថា យើង​មាន​លទ្ធភាព​បំពេញ​តាម​សំណូមពរ របស់​ភាគីអ៊ុយក្រែន”។

ជាចម្លើយ​តប​វិញ លោក​ប្រមុខរដ្ឋ​រុស្ស៊ី ថ្លែងថា ៖ “ដូច្នេះ គួរតែ​យើង​ធ្វើ​អញ្ចឹង​ទៅ ប៉ុន្តែ ក្នុង ល័ក្ខខ័ណ្ឌ ដែល​អ៊ុយក្រែន ត្រូវបំពេញ ​កាតព្វកិច្ច​ខ្លួន​នៅពីមុខ​ក្រុមហ៊ុន​រដ្ឋរុស្ស៊ី​ខាង​ឧស្ម័ន Gazprom”។ ជា​ការកត់សម្គាល់ កាតព្វកិច្ចនេះ គឺ​អ៊ុយក្រែន​ត្រូវ​ទទួល​ស្គាល់​បំណុល​ដែល​ជំពាក់ ក្រុមហ៊ុន​យក្ស​រុស្ស៊ីនេះ ចំពោះ​ឧស្ម័ន​ដែល​រុស្ស៊ី​បាន​បង្ហូរ​ទៅ​អ៊ុយក្រែន​ពីមុនៗ ក្នុង​ទឹកប្រាក់ ៣.១០០ លានដុល្លារ និង​ចំណុច​មួយទៀត គឺថា ភាគី​អ៊ុយក្រែន​ត្រូវ​ផ្ទេរ​លុយ​មក​ឲ្យរុស្ស៊ី​ជាមុន ចំពោះ​ទំហំ​ឧស្ម័ន​ដែល​ខ្លួន​ចង់​ទទួល​ពី​រុស្ស៊ី។

នាពេល​ចុងក្រោយ អ៊ុយក្រែន​ផ្ទេរ​ម្តងៗ មក​ឲ្យ​រុស្ស៊ី​ជាមុន គឺតែ ទឹកប្រាក់ ១៥លាន​ដុល្លារ​ប៉ុណ្ណោះ សម្រាប់​ទទួល​ឧស្ម័ន រយៈពេល តែ៥-៦ថ្ងៃ។ រួច​បន្ទាប់មក ផ្ទេរ​​ទឹកប្រាក់​បែបនេះ មករុស្ស៊ី​ជាថ្មី។

ភាពរកាំរកូស កើតមាន​ឡើងជាថ្មី រវាងម៉ូស្គូ និងក្រុងគៀវ ដោយមក​ពី​រុស្ស៊ី ចាប់​ពី​ខែកុម្ភៈ​មក បាន​បង្ហូរ​ឧស្ម័ន​ទៅផ្គត់ផ្គង់​ដល់​បណ្តាជន នៃ​តំបន់​បះបោរ Donbass នៅប៉ែក​ខាងកើត​អ៊ុយក្រែន ដែល​ត្រូវ​ក្រុងគៀវ ផ្តាច់​ឧស្ម័ន​តែម្តង។ មកទល់​ឥឡូវ មាន​បង្ហូរទៅ​ជាង ៣០០លានមហើយ ប៉ុន្តែ ក្រុងគៀវ​មិនព្រម​បង់​ថ្លៃ​ឧស្ម័ន​នេះទេ។ តាម​មតិ​ម៉ូស្គូ បើក្រុងគៀវ​មិនព្រមបង់ គឺ​មានន័យ ថា អ៊ុយក្រែន​មិនចាត់ទុក តំបន់​នោះ ជាដែនដី​ខ្លួនទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ