អានតួអត្ថបទ
សហរដ្ឋអាមេរិក-សហភាពអឺរ៉ុប

Rex Tillerson មក​អឺរ៉ុប និយាយ​រឿង​កូរ៉េ​ខាងជើង ​និង​លួង​កុំឲ្យ​អឺរ៉ុប​ខឹង​លោក​ដូណាល់ ត្រាំ

កាលពីថ្ងៃអង្គារទី ៥ធ្នូ លោក Rex Tillerson រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក បានទៅដល់ទីក្រុងព្រុចសែល ដើម្បីជួបជាមួយ ថ្នាក់ដឹកនាំនៃប្រទេសសមាជិកសហភាពអឺរ៉ុប ព្រមទាំងតំណាង របស់អង្គការអូតង់។ កម្មវត្ថុនៃការមកដល់របស់លោក រដ្ឋមន្ត្រីអាមេរិកនេះ គឺដើម្បីនិយាយគ្នា​ អំពីវិបត្តិកូរ៉េខាងជើង ដែលកំពុងតែធ្វើឲ្យសហគមអន្តរជាតិ មានការព្រួយបារម្ភ។ បន្ថែមពីនេះ គេជឿថា លោក Rex Tillerson ក៏នឹងព្យាយាមសម្របសម្រួល កុំឲ្យអឺរ៉ុប និងអូតង់ មានការអាក់អន់ចិត្តខ្លាំងពេក ជាមួយ​ នឹងលោកដូណាល់ ត្រាំ ដែលតែងតែនិយាយរិះគន់ និងមានទស្សនវិស័យខុសពីអឺរ៉ុប។

លោក Rex Tillerson និងលោកស្រី Federica Mogherini ថ្ងៃទី​៥ ធ្នូ ២០១៧
លោក Rex Tillerson និងលោកស្រី Federica Mogherini ថ្ងៃទី​៥ ធ្នូ ២០១៧ REUTERS/Virginia Mayo/POOL
ផ្សាយពាណិជ្ជកម្ម

សំណុំរឿងកូរ៉េខាងជើង គឺជាកម្មវត្ថុចំបង នៅក្នុងជំនួបបាយថ្ងៃត្រង់​ រវាងលោក Rex Tillerson  រដ្ឋមន្ត្រីការបរទេសអាមេរិក ជាមួយនឹងរដ្ឋមន្ត្រីការបរទេស នៃប្រទេសសមាជិកសហភាពអឺរ៉ុបទាំង២៨ រួមទាំង មន្ត្រីជាន់ខ្ពស់ របស់សហភាពអឺរ៉ុប ជាច្រើននាក់។ លោក Rex Tillerson ក៏នឹងត្រូវជួបអគ្គលេខាធិការ របស់អង្គារអូតង់ ដែរនៅក្រុងព្រុចសែល ហើយដែលតាមឲ្យដឹង ក្រៅពីសំណុំរឿងកូរ៉េខាងជើង ក៏នៅមានសំណុំរឿងសន្តិសុខប្រឈមមុខជាមួយរុស្ស៊ីដែរ។

លោក Stoltenberg អគ្គលេខាធិការអូតង់ បានលើកឡើងថា ប្រទេសសមាជិកអូតង់ទាំងអស់ កំពុងតែបារម្ភ ពីគ្រោះថ្នាក់ ដែលកើតចេញពីសង្រ្គាមនៅកូរ៉េខាងជើង។ ដូច្នេះគ្រប់ភាគីទាំងអស់​ត្រូវ រិះរកវិធី ដាក់សម្ពាធទៅលើកូរ៉េខាងជើង ដើម្បីធ្វើយ៉ាងណា អូសទាញកូរ៉េខាងជើង ឲ្យចូលតុចរចា ដោះស្រាយដោយសន្តិវិធី។ ដូចគ្នាដែរ សហភាពអឺរ៉ុប បានអំពាវនាវ ឲ្យមានការដាក់ទណ្ឌកម្ម ឲ្យបានតឹងតែង និងឲ្យមានប្រសិទ្ធិភាពបំផុត។

គួរកត់សំគាល់ថា ចាប់តាំងពីលោកដូណាល់ ត្រាំ បានចូលកាន់តំណែងមក គោលនយោបាយរបស់អាមេរិក បានដើរចាកឆ្ងាយពីសហភាពអឺរ៉ុប។ ជាក់ស្តែងសំណុំរឿងនុយក្លេអ៊ែរ អ៊ីរ៉ង់ជាដើម។ សូម្បីតែអង្គការអូតង់ ដែលស្ថិតក្រោមបង្គាប់របស់អាមេរិក ក៏ត្រូវលោកដូណាល់ ត្រាំរិះគន់ដែរ។ លោកស្រី Federica Mogherini អគ្គរដ្ឋទូតសហភាពអឺរ៉ុប បានថ្លែងចំពោះមុខលោក Rex Tillerson ថា សហភាពអឺរ៉ុប ប្រឆាំងដាច់ខាត ចំពោះបំណងរបស់លោកដូណាល់ ត្រាំ ដែលចង់រុះរើបំផ្លាញ កិច្ចព្រមព្រៀងនុយក្លេអែរអ៊ីរ៉ង់។ វិបត្តិនុយក្លេអ៊ែរកូរ៉េខាងជើង ការកំញើញគ្នាទៅវិញទៅមក គឺជាមេរៀនយ៉ាងច្បាស់ទៅយើយ ដែលបញ្ជាក់ថា គេមិនត្រូវបណ្តោយ ឲ្យកើតមានវិបត្តិអ៊ីរ៉ង់ ថែមមួយទៀតទេ។

ក្រៅតែពីមានបំណង អះអាងប្រកាសជំហរ របស់សហរដ្ឋអាមេរិក ទាក់ទិននឹងសំណុំរឿងទាំងនេះ លោក Rex Tillerson កំពុងតែព្យាយាម សម្របសម្រួល លួងចិត្តប្រទេសសម្ព័ន្ធមិត្ត សមាជិកសហភាពអឺរ៉ុប​ និងសមាជិកអង្គការអូតង់ ទាំងអស់ កុំឲ្យខឹងខ្លាំង នឹងលោកដូណាល់ ត្រាំ។ តែយ៉ាងណា គំលាតគ្នានៃទស្សនវិស័យនយោបាយ​ការបរទេស រវាងលោកដូណាល់ ត្រាំ និងសហភាពអឺរ៉ុប កាន់តែឆ្ងាយទៅៗ មិនអាចលាក់ជិតបានទេ។ ដោយឡែក មុននឹងចេញដំណើរមកអឺរ៉ុប មានពាក្យចចាមអារ៉ាម ថាលោកដូណាល់ ត្រាំ ចង់ដកលោក Rex Tillerson ចេញពីតំណែងទៀតផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ