អានតួអត្ថបទ
អូទ្រីស

អង្គការ Opep បារម្ភ​ពី​តម្លៃ​ប្រេង​ឆៅធ្លាក់​ថ្លៃ តែ​មិន​ព្រម​បញ្ចុះ​ការ​បូម

អង្គការ​នៃ​ក្រុម​ប្រទេស​នាំ​ប្រេង​ចេញ​ហៅ​កាត់​ថា Opep បាន​ផ្តើម​កិច្ចប្រជុំ​ក្នុង​ទីក្រុង​វីយែន ប្រទេស​អូទ្រីស​នា​ថ្ងៃ​សុក្រ ទី៤ ធ្នូ។ អ្វី​ជា​ការ​កត់សម្គាល់ កិច្ចប្រជុំ​របស់​អង្គការ Opep ពេល​នេះ​ត្រូវ​បាន​បូក​បញ្ចូល​ប្រទេស​ឥណ្ឌូណេស៊ី​ផង​ដែរ។ ប្រភព​ជា​ច្រើន​បាន​ឲ្យ​ដឹង​ថា ទោះ​បី​ជា​តម្លៃ​ប្រេង​ក្នុង​លោក​បាន​និង​កំពុង​បន្ត​ធ្លាក់​ថ្លៃ​ក៏​ដោយ ក៏​Opep បាន​សម្រេច​រក្សា​ទុក​ដដែល​នូវ​កម្រិត​បរិមាណ​ប្រេង​របស់​ខ្លួន ពោល ៣១,៥លានបារីល​ក្នុង​មួយ​ថ្ងៃ។ តែ​គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​បរិមាណ ៣១,៥លានបារីល​ក្នុង​មួយ​ថ្ងៃ​នោះ​មាន​បូក​បញ្ចូល​នឹង​ចំណែក​របស់​ឥណ្ឌូណេស៊ី​ដែល​ជា​ប្រទេស​ផលិតប្រេង​មួយ​ឬ​អត់​ទេ។

អង្គការ Opep បើក​កិច្ចប្រជុំក្នុងទីក្រុងវីយែន ប្រទេសអូទ្រីសនាថ្ងៃសុក្រ ទី៤ ធ្ ២០១៥
អង្គការ Opep បើក​កិច្ចប្រជុំក្នុងទីក្រុងវីយែន ប្រទេសអូទ្រីសនាថ្ងៃសុក្រ ទី៤ ធ្ ២០១៥ Reuters
ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពី​បាន​អវត្តមាន​អស់​រយៈពេល ៦ឆ្នាំ ឥណ្ឌូណេស៊ី​បាន​វិល​ត្រឡប់​ជា​ថ្មី​ចូល​ក្នុង​ក្លិប​នៃ​អង្គការ Opep ដែល​មាន​សមាជិក ១២ប្រទេស។ គឺ​វត្តមាន​ជា​ថ្មី​របស់​ប្រទេស​ឥណ្ឌូណេស៊ី​នេះ​ឯង​ដែល Opep ត្រូវ​ពិនិត្យ​មើល​ឡើង​វិញ​នូវ​បរិមាណ​ផលិតផល​ប្រចំា​ថ្ងៃ​​របស់​ខ្លួន ព្រោះ​ឥណ្ឌូណេស៊ី​តែ​ម្នាក់​ឯង​អាច​ផលិតប្រេងឆៅ​​បាន​ប្រមាណ​ជា ៨៥០ ០០០បារីល​ក្នុង​មួយ​ថ្ងៃ។ នៅ​ទីបំផុត Opep បាន​សម្រេច​រក្សា​ទុក​នូវ​កម្រិត​បរិមាណ​ផលិតផល​ប្រហាក់ប្រហែល​សព្វថ្ងៃ ពោល ៣១,៥លានបារីល​ក្នុង​មួយ​ថ្ងៃ។ គួរ​ជម្រាប​ជូន​ថា តាំង​ពី​មុន​កិច្ចប្រជុំ​បាន​ចាប់​ផ្តើម មាន​ប្រទេស​សមាជិក​របស់​អង្គការ Opep ខ្លះ ដូច​យ៉ាង​វ៉េណេស៊ុយអេឡា​បាន​អំពាវនាវ​ឲ្យ​មាន​ការ​កាត់​បន្ថយ​បរិមាណ​ផលិតផល​ប្រេង​ក្នុង​គោលដៅ​ទប់ស្កាត់​ការ​ធ្លាក់​ថ្លៃ​របស់​វា​ដែល​បាន​ធ្លាក់​អស់​ជាង ៦០%​តំាង​ពី​ពាក់​កណ្តាល​ឆ្នាំ ២០១៤។

មាន​រដ្ឋមន្រ្តី​ជា​ច្រើន​រូប​នៃ​អង្គការ Opep ពិសេស​លោក​រដ្ឋមន្រ្តី​ថាមពល​នៃ​ប្រទេស​អ៊ីរ៉ាក់​អាឌីល អាប់ឌុល ម៉ាឌី​បាន​ថ្លែង​ថា គ្រប់​គ្នា​បាន​សម្តែង​ក្តីបារម្ភ និង​មិន​ពេញ​ចិត្ត​ចំពោះ​តម្លៃ​ប្រេងឆៅ​នៅ​លើ​ទីផ្សារ​អន្តរជាតិ​សព្វថ្ងៃ​នេះ​ទេ។ ចំណែក​លោក​រដ្ឋមន្រ្តី​ថាមពល​នៃ​ប្រទេស​អាល់ហ្សេរី​សាឡា ខឺប្រ៊ី​ក៏​បាន​បញ្ជាក់​ពី​តម្លៃ​ប្រេងឆៅ​ទាបជ្រុល​ដែល​គេ​ត្រូវ​គិតគូរ​ជា​បន្ទាន់​នៅ​ចំពោះ​មុខ ព្រោះ​បើ​មិន​ដូច្នោះ​ទេ នឹង​អាច​បង្ក​ឲ្យ​មាន​បញ្ហា​ក្នុង​ការ​ផ្គត់ផ្គង់​នា​ពេល​ខាង​មុខ។ សម្រាប់​លោក​សាលា ខឺប្រ៊ី ស្ថានការណ៍​សព្វថ្ងៃ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ក្រុមប្រទេស​ផលិតប្រេង និង​ក្រុមហ៊ុន​ប្រេង​អន្តរជាតិ។ យ៉ាង​ណា​ក៏​ដោយ លោក​រដ្ឋមន្រ្តី​ថាមពល​នៃ​ប្រទេស​អារ៉ាប៊ីសាអូឌីត​អាលី អាល់នូអៃមី​បាន​បញ្ជាក់​ថា គ្មាន​បញ្ហា​ចម្រូងចម្រាស​ទាក់ទង​នឹង​ការ​កម្រិត​បរិមាណ​ផលិតផល​នោះ​ទេ។

មាន​ការ​លើក​ឡើង​ថា ការ​ដែល​អង្គការ Opep មិន​បញ្ចុះ​ផលិតកម្ម​របស់​ខ្លួន​នៅ​ចំពោះ​តម្លៃប្រេងឆៅ​បន្ត​​ធ្លាក់​ថ្លៃ​តំាង​ពី ៦ឆ្នាំ​កន្លះ​កន្លង​ទៅ គឺ​ជា​យុទ្ធសាស្រ្ត​មួយ​ដើម្បី​សម្លាប់​ប្រទេស​គូប្រជែង​ខ្លះ​ដែល​មិនមែន​ជា​សមាជិក Opep ដូច​អាមេរិក​ដែល​កំពុង​បញ្ចេញ​ប្រេង​ឈីស និង​ប្រទេស​រុស្ស៊ី​ដែល​បាន​ដំឡើង​ផលិកម្ម​ប្រេង​របស់​ខ្លួន​ដល់​កម្រិត​ខ្ពស់។ ក្រុមអ្នក​ជំនាញ​បាន​យល់​ឃើញ​ថា អង្គការ Opep អាច​នឹង​កាត់​បន្ថយ​ផលិតកម្ម​របស់​ខ្លួន ដារាប​ណា​ប្រទេស​ផ្សេង​យល់​ព្រម​កាត់​បន្ថយ​ដូច​គ្នា។ ក្នុង​ន័យ​នេះ លោក​រដ្ឋមន្រ្តី​ថាមពល​នៃ​ប្រទេស​អារ៉ាប៊ីសាអូឌីត​បាន​រម្លឹក​ជា​ថ្មី​ថា Opep បាន​ត្រៀម​ខ្លួន​ជានិច្ច​ដើម្បី​ចរចា​ជាមួយ​ប្រទេស​ផលិត​ប្រេង​ផ្សេង​ដើម្បី​ធ្វើ​ឲ្យ​តម្លៃ​ប្រេង​លើ​ទីផ្សារ​អន្តរជាតិ​មាន​តុល្យភាព​ឡើង​វិញ។

តែ​ភាគី​រុស្ស៊ី ក៏​ដូច​ប្រទេស​អ៊ីរ៉ង់​ហាក់​ដូច​ជា​មិន​បាន​ត្រៀម​ខ្លូន​ដើម្បី​សម្រុះសម្រួល​ទេ និង​អះអាង​ថា តម្លៃ​ប្រេងឆៅ​ឡើង​ថ្លៃ ឬ​ធ្លាក់​ថ្លៃ​បាន​កើត​ចេញ​ពី​អង្គការ Opep ខ្លួន​ឯង។ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី៣ ធ្នូ ភាគី​អ៊ីរ៉ង់​ថែម​ទាំង​បាន​ប្រកាស​ឲ្យ​ដឹង​ពី​គម្រោង​ដំឡើង​បរិមាណ​ផលិតប្រេង​របស់​ខ្លួន​នៅ​ពេល​ណា​ដែល​អន្តរជាតិ​បាន​លើក​ទ័ណ្ឌកម្ម​ចេញ​ទាំង​ស្រុង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ