rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

អូតង់ នុយក្លេអ៊ែរ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

OTAN​ ច្រានចោល​សន្ធិសញ្ញា​ ដែល​ហាមឃាត់​ទាំង​ស្រុង​នូវ​អាវុធ​នុយ​ក្លេអ៊ែរ

media
ផ្សែងអាតូម ក្រោយការទំលាក់​​គ្រាប់​នុយក្លេអ៊ែរ នៅហ៊ីរ៉ូហ្ស៊ីម៉ា ថ្ងៃទី​៦​ សីហា ​១៩៤៥ REUTERS/U.S. Army/Hiroshima Peace Memorial Museum

សមាជិក​នៃ​អង្គការ​OTAN ​បាន​រួមគ្នា​ធ្វើ​ការ​ប្រកាស​មួយ ​ដោយ​បាន​ច្រាន​ចោល ​មិន​ទទួល​យក​សន្ធិសញ្ញា​ហាមឃាត់​ទាំងស្រុង​ នូវ​អាវុធ​នុយក្លេអ៊ែរ ​ដែល​មាន​ប្រទេស​មួយ​ចំនួន​ធំ ​បាន​នាំ​គ្នា​ចុះ​ហត្ថលេខា ​នៅ​ឯ​អង្គការ​សហ​ប្រជា​ជាតិ។ សម្រាប់​អង្គការ​អូតង់​ សន្ធិ​សញ្ញា​ហាម​ឃាត់​នុយក្លេអ៊ែរ​នេះ ​មិន​បាន​ឆ្លើយតប​ទៅ​នឹង​ស្ថានភាព​ស្មុគស្មាញ​នៃ​សន្តិសុខ​ពិភព​លោក​បច្ចុប្បន្ន​ទេ ​ហើយ​សន្ធិសញ្ញា​នេះ​​ក៏​នឹង​គ្មាន​ប្រសិទ្ធិភាព​អ្វី​ ជួយ​ដល់​ការ​កាត់​បន្ថយ​អាវុធ​នុយក្លេអ៊ែរ​ដែរ។


ផ្តួចផ្តើម​ឡើង​ដោយ​ប្រេស៊ីល​ អូទ្រីស ​មិចស៊ិក ​អាហ្វ្រិក​ខាងត្បូង ​និង​នូវែលហ្សេឡង់ ​ សន្ធិ​សញ្ញា​ហាម​ឃាត់​អាវុធ​នុយក្លេអ៊ែរ​ទាំងស្រុង​មួយ​ ត្រូវ​បាន​អនុម័ត​ឡើង ​កាល​ពី​ថ្ងៃ​ទី​ ៧​កក្កដា ​ដោយ​ប្រទេស​សមាជិក​អង្គការ​សហប្រជាជាតិ​ចំនួន​១២២​ប្រទេស។ ចាប់​ពី​ថ្ងៃ​ទី​ ២០​ កញ្ញា​មក ​ប្រទេស​ទាំង​នោះ ​បាន​ចាប់​ផ្តើម​ ធ្វើ​សច្ចាប័ន ​ ហើយ​គេ​ត្រូវ​ការ​ប្រទេស​យ៉ាង​ហោច​ណាស់ ​៥០​ ផ្តល់​សច្ចាប័ន ​ទើប​សន្ធិសញ្ញា​នេះ​ អាច​ចូល​ជា​ធរមាន​បាន។ សម្រាប់​ប្រទេស​ហត្ថលេខី​ សន្ធិសញ្ញា​នេះ​ គឺ​ជា​ការ​បោះ​ជំហាន​ជា​ប្រវត្តិសាស្ត្រ ​ដែល​ឲ្យ​ពិភពលោក ​ឈាន​ទៅ​គ្មាន​អាវុធ​នុយក្លេអ៊ែរ។

តែយ៉ាងណា ​សន្ធិសញ្ញ​នេះ ​កំពុង​ទទួល​រង​នូវ​ការ​រិះគន់ ​ ពី​សំណាក់​ ប្រទេស​សមាជិក​អង្គការ​អូតង់​ ដែល​ក្នុងនោះ​មាន​មហាអំណាច​នុយក្លេអ៊ែរ ​៤​ប្រទេស។ អង្គការ​អូតង់​ បាន​ចេញ​លិខិត​ប្រកាស​ថា ​គេ​មិន​គាំទ្រ​ចំពោះ​សន្ធិសញ្ញា​នេះ​ជា​ដាច់ខាត​ ព្រោះ​ថា​សន្ធិសញ្ញា​នេះ ​មិន​បាន​ឆ្លើយតប ​ទៅនឹង​កាលៈទេសៈ​នៃ​ការ​គំរាម​កំហែង​បច្ចុប្បន្ន ​ ព្រមទាំង​ភាព​ស្មុគស្មាញ ​នៃការ​កាត់​បន្ថយ​អាវុធ​នុយក្លេអ៊ែរ​ទេ។ សម្រាប់​អូតង់​ អាវុធ​នុយក្លេ​អ៊ែរ ​គឺ​ជា​វិធី​តែមួយ​គត់​ ដើម្បី​ការពារ​ខ្លួន ​និង​បញ្ជៀស​សង្រ្គាម។

អង្គការ​អូតង់ ​លើក​ឡើង​ថា ​គេ​មិន​អាច​គ្រាន់​តែ ​ធ្វើ​សន្ធិសញ្ញា​ ហាមឃាត់​អាវុធ​នុយក្លេអ៊ែរ ​ហើយ​ពិភព​លោក ​និង​ល្អ​ផូរផង់ ​អស់​អាវុធ​ប្រល័យ​លោក​នោះ​ទេ។ អូតង់ ​យល់ថា ​ទីមួយ​ សន្ធិសញ្ញា​ដែល​មាន​ប្រទេស​ហត្ថលេខី ​សុទ្ធ​តែ​ជា​ប្រទេស​គ្មាន​នុយក្លេអ៊ែរ ​គឺវា​មិន​អាច​ទៅ​ជួយ​អ្វី​បាន​ទេ ​ដល់​ការ​កាត់​បន្ថយ​អាវុធ​នុយក្លេអ៊ែរ។ ទីពីរ ​គឺ​សន្ធិសញ្ញា​នេះ​ ​នឹង​មិន​ជួយ​អ្វី​ដល់​ការ​ការពារ​សន្តិសុខ ​សុវត្ថិភាព​របស់​ប្រទេស​នីមួយៗ​ទេ ​ ហើយ​ក៏​មិន​អាច​ជួយ​អ្វី​បាន​ដល់​ការ​ការពារ​សន្តិសុខ​អន្តរជាតិ​ដែរ។

ផ្ទុយទៅវិញ​ អូតង់​យល់​ថា ​សន្ធិសញ្ញា​នេះ ​នឹង​ធ្វើ​ឲ្យ​ល្អក់​កករ​ ដល់​សន្ធិសញ្ញា​នៃ​ការ​មិន​រីក​សាយភាព​ នូវ​អាវុធ​នុយក្លេអ៊ែរ ​ដែល​បាន​ចុះ​ហត្ថលេខា​រួចហើយ ​កាល​ពី​ឆ្នាំ​១៩៦៨។ មានន័យ​ថា​សន្ធិសញ្ញា ​ហាមឃាត់​ទាំង​ស្រុង​នេះ ​នឹង​ធ្វើ​ឲ្យ​បែកបាក់​គ្នា​ជា​ពីរ​ក្រុម ​ក្រុម​អ្នក​មាន​នុយក្លេអ៊ែរ​ និង​ក្រុម​អ្នក​គ្មាន​នុយក្លេអ៊ែរ។ ចំណុច​នេះ ​វា​ជះ​ផល​មិន​ល្អ​ទេ ​នៅក្នុង​បរិបទ​បច្ចុប្បន្ន ​ដែល​គេ​ត្រូវ​សហការ​គ្នា ​ផ្តល់​ព័ត៌មាន​ឲ្យគ្នា ​ដើម្បី​កាត់​បន្ថយ​ចំនួន​ស្តុក​នៃ​ក្បាលគ្រាប់​នុយក្លេអ៊ែរ។

សូមបញ្ជាក់​ថា ​បច្ចុប្បន្ន​នេះ ​មាន​ក្បាលគ្រាប់​នុយក្លេអ៊ែរ​សរុប​ប្រមាណ​ជា​១៥០០០​គ្រាប់ ​ទូទាំង​ពិភព​លោក។ ប្រទេស​សមាជិក​​អូតង់​ ធំៗ​ទាំង​បួន​ដែល​មាន​នុយក្លេអ៊ែរ ​ បាន​កាត់​បន្ថយ​ចំនួន​ស្តុក​របស់​គេ ​យ៉ាង​ច្រើន​ ក្នុង​រយៈពេល​ជិត​៥០​ឆ្នាំ​មកនេះ៕