rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

សហរដ្ឋអាមេរិក រុស្ស៊ី អូតង់ ប៉ូឡូញ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

កងទ័ព​អូតង់ ដឹកនាំ​ដោយ​អាមេរិក ផ្តើម​សមយុទ្ធ​យោធា​នៅក្បែរ​ព្រំដែន​រុស្ស៊ី​ភាគ​ខាងលិច

media
ទាហានអាមេរិក ក្នុងប្រតិបត្តិការ​របស់​អូតង់ ឈរជើង​នៅ​អេសតូនី​ ថ្ងៃទី​១១ ឧសភា ២០១៨។ REUTERS/Ints Kalnins

ប្រតិបត្តិការសមយុទ្ធយោធា “Saber Strike” របស់កងទ័ពអូតង់ព្រមទាំងសម្ព័ន្ធមិត្ត នឹងត្រូវចាប់ផ្តើម ​ចាប់ពីថ្ងៃទី៣ មិថុនានេះ នៅក្នុងប្រទេសប៉ូឡូញ និងប្រទេសតំបន់សមុទ្របាល់ទិក ក្បែរព្រំដែនភាគខាងលិ​ច​របស់​រុស្ស៊ី។ នេះគឺជាសមយុទ្ធយោធា ប្រចាំឆ្នាំ មានទ្រង់ទ្រាយយ៉ាងធំ ដែលមានកងទាហានចូលរួម យ៉ាងហោចណាស់ ១ម៉ឺន៨ពាន់នាក់ មកពីប្រទេសទាំងអស់១៩ប្រទេស ដែលជាសម្ព័ន្ធមិត្តរបស់អូតង់។ យ៉ាងណាក៏ដោយ សមយុទ្ធយោធានេះ ត្រូវបានរុស្ស៊ី ចាត់ទុកថាជាការគំរាម កំញើញមកលើប្រទេសរបស់ខ្លួន។


សមយុទ្ធនេះ គឺជាសមយុទ្ធទ្រង់ទ្រាយធំបំផុត សម្រាប់កងទ័ពអាមេរិក នៅលើទឹកដីអឺរ៉ុប បន្ទាប់ពីសង្រ្គាមត្រជាក់ ត្រូវបានបិទបញ្ចប់ទៅ។ កម្មវត្ថុនៃសមយុទ្ធរបស់អូតង់នេះ គឺដើម្បីធានាអះអាង ដល់ប្រទេស​​សម្ព័ន្ធមិត្ត​អូតង់ ដែល​ស្ថិតនៅជាយខាងកើតបង្អស់នៃទ្វីបអឺរ៉ុប ហើយដែលមានព្រំដែនជាប់នឹងរុស្ស៊ី ឲ្យ​មានការកក់ក្តៅក្នុងចិត្ត ថាខ្លួនមិនឯកោ ហើយមិនត្រូវភ័យខ្លាចនឹងការកំញើញរបស់រុស្ស៊ីទេ។

សមយុទ្ធ​យោធា​ប្រចាំឆ្នាំ ជាលើកទី៨នេះ ត្រូវធ្វើទៅចន្លោះពីថ្ងៃទី៣ ដល់ថ្ងៃទី១៥មិថុនា នៅក្នុងប្រទេសប៉ូឡូញ ដែល​មាន​កងទ័ពអាមេរិក ជាអ្នកដឹកនាំ និងនៅក្នុងប្រទេសលីទុយអានី លេតូនី និងអេសតូនី ដែល​មាន​កងទ័ព​អង់គ្លេស កាណាដា និងអាល្លឺម៉ង់ជាអ្នកដឹកនាំ។ សរុបទាំងអស់មានកងទ័ពចំនួនប្រមាណ១ម៉ឺន​៨ពាន់នាក់ មកពីប្រទេសចំនួន១៩ចូលរួម ដែលក្នុងនោះភាគច្រើនគឺជាសមាជិក និងជា​សម្ព័ន្ធមិត្ត​របស់​អូតង់។

គួរកត់​សម្គាល់​ថា ប៉ូឡូញ បានចូលរួមយ៉ាងសកម្មក្នុងសមយុទ្ធនេះ ដោយសង្កេតឃើញអំពីមហិច្ឆិតារបស់​រុស្ស៊ី និងជាពិសេសដោយខ្លាចក្រែងបទពិសោធន៍អ៊ុយក្រែន និងតំបន់គ្រីម៉េ ត្រូវធ្លាក់​មកលើ​ខ្លួន​​ដែរ។ យ៉ាងណាមិញ រយៈពេល​ចុងក្រោយនេះ រដ្ឋាភិបាលប៉ូឡូញ បានព្យាយាមចាក់គ្រិះ កសាងចំណងសហប្រតិបត្តិការកងទ័ព ជាមួយអូតង់ និងអាមេរិកបានយ៉ាងមាំ។

កាលពីខែឧសភា ២០១៧ ទីបញ្ជាការកងទ័ពអូតង់ថ្មីស្រឡាង ត្រូវបាន​សាងសង់​នៅ​ប៉ូឡូញ ដើម្បី​ទទួលកងទ័ព​អូតង់ ចំនួន​៦ពាន់​នាក់។ មិនត្រឹមតែប៉ុណ្ណោះ ប៉ូឡូញមានបំណងចូលរួមវិភាគទានចំនួន១ពាន់៥០០ ទៅ ២ពាន់លានដុល្លារ ក្នុងការចំណាយលើប្រតិបត្តិការ​កងរថពាសដែករបស់​អាមេរិក ដែលឈរជើង​នៅលើ​ទឹកដី​ប៉ូឡូញ។ ជាងនេះទៅទៀត កាលពីខែមីនា ប៉ូឡូញបានទិញប្រព័ន្ធខែលម៉ីស៊ីល ប្រភេទPatriot​ របស់អាមេរិក ក្នុងតំលៃ ៤ពាន់៧៥០លានដុល្លារ។

ផ្ទុយទៅវិញ សកម្មភាពរបស់ប៉ូឡូញ ក៏ដូចជាប្រទេសទាំងបីនៅតំបន់សមុទ្របាល់ទិក ដែលកំពុងតែចូលរួមយ៉ាងសកម្មជាមួយកងទ័ពអូតង់ នាពេលនេះ ត្រូវបានរុស្ស៊ី ចាត់ទុកថាជាសកម្មភាព ពន្យុះរករឿង និងកំញើញប្រើកម្លាំងមកលើរុស្ស៊ី។ រុស្ស៊ីចាត់ទុកថា ការដាក់តាំងប្រព័ន្ធខែលមីស៊ីល នៅប៉ូឡូញ និងនៅរូម៉ានី គឺជាការបំពានលើកតិកាសញ្ញា ឆ្នាំ១៩៨៧។ តែទន្ទឹមនឹងនេះ ប៉ូឡូញបានចោទរុស្ស៊ីវិញថា រុស្ស៊ី ក៏បានដាក់បញ្ឈរប្រព័ន្ធបាញ់មីស៊ីល Iskander ដែលអាចបាញ់ក្បាលគ្រាប់នុយក្លេអ៊ែរ នៅឯតំបន់Kalinningrad ក្បែរព្រំដែនប៉ូឡូញដែរ៕