rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ទស្សនៈព្រឹត្តិការណ៍ពិភពលោក
rss itunes

បាតុកម្ម​ប្រឆាំង​ការដំឡើង​ថ្លៃ​អគ្គិសនី ក្នុង​រដ្ឋធានី​អាមេនី

ដោយ កែវ ឆាយា

តាំងពីថ្ងៃ ១៧មិថុនា​មក ក្រោយពី​ឮដំណឹង​ស្តីអំពី​ការដំឡើង​ថ្លៃភ្លើង​អគ្គិសនី អ្នកស្រុកនាំគ្នា ធ្វើបាតុកម្ម​ទាមទារ​ពីអាជ្ញាធរ​អាមេនី ឲ្យលុប​ទៅវិញទៅ ការសម្រេចចិត្ត​នេះ។ ទូរទស្សន៍​រុស្ស៊ី យោងទៅ​លើ​ការព្រមាន​របស់​ស្ថានទូត​អាមេរិក នៅក្រុង យេរេវ៉ាន់ ផ្សាយថា មិទ្ទិញ​តវ៉ា​នេះ ហាក់បី ធុំក្លិន “បដិវត្តន៍​មានពណ៌” ដែល​ធ្លាប់កើតមាន​ទៅហើយ នៅតាម​អតីត សាធារណរដ្ឋ​សូវៀត​ខ្លះ។ វិមាន​ក្រេមឡាំង ដែលតាមដាន​ឥត​ព្រិចភ្នែក​ឡើយ អំពី ដំណើរ វិវឌ្ឍន៍ទៅ​នៃ​ព្រឹត្តិការណ៍នេះ សង្ឃឹមថា ស្ថានការណ៍ ក្នុងក្រុង យេរេវ៉ាន់ រដ្ឋធានី​អាមេនី ប្រទេស​ដែលមាន​មូលដ្ឋាន​យោធា​រុស្ស៊ី ស្ថិតនៅ គង់​នឹង​មាន​ប្រក្រតីភាព ស្រួលបួល​វិញ ពុំខាន។

 

ជាបឋម អំពី​មូលហេតុ​នៃ​បាតុកម្ម ៖ ក្រុមហ៊ុន​អគ្គិសនី​រដ្ឋ ដែលមុន​ដំបូង  គ្រោង ដំឡើង​ថ្លៃភ្លើង​នេះ ដល់​ទៅ​៤០% សម្រេចសម្រួច​ទៅ សុខចិត្ត​ដំឡើងតែ ១៧% គិតជា ថ្លៃ ជាក់ស្តែង គឺ​ដំឡើង​តែ ០,០១៥ដុល្លារ រហូតដល់ ០,១០ដុល្លារ ក្នុង​១គីឡូវ៉ាត់។ ទោះយ៉ាង នេះក្តី ក៏បាតុករ​ខ្លះ បាន​ត្អូញ នៅពីមុខ​ពួកអ្នកកាសែត​ថា ការដំឡើង​ថ្លៃភ្លើង មុខជា​នឹង ញ៉ាំងឲ្យ រាល់សេវា រាល់​ផលិតកម្ម  ដែលប្រើ​ភ្លើង​អគ្គិសនី ឡើងថ្លៃ ទៅដែរ ដូច្នេះ វាមុខជា អូសទាញ កម្រិត​ជីវភាព​អ្នកស្រុក ដែល ភាគច្រើន​រស់នៅ មិន​ធូរ ចាយឯណា រឹតតែ យ៉ាប់ ទៅទៀត។ តាមសម្តី បាតុករម្នាក់ នៅអាមេនី ប្រាក់ខែមិន​ជាខ្ពស់ទេ ដ្បិត បើបាន៥០០ដុល្លារ ក្នុង១ខែ គឺ ចាត់ទុកថា ច្រើនមែនទែន រីឯជាទូទៅ ប្រាក់ខែគឺ ក្នុងចន្លោះពី១០០ ទៅ២០០ ដុល្លារ​ក្នុង១​ខែ។

 
មិទ្ទិញ​តវ៉ា បានចាប់ផ្តើម គឺនៅថ្ងៃ១៩ មិថុនា ដោយមាន​អ្នកស្រុក​ចូលរួម ៣ពាន់នាក់។ លុះកន្លង ផុត៤ថ្ងៃ ទើបប៉ូលិស​បានវាត​ប្រតិបត្តិការ​បោសសំអាត ដោយ​ក្នុង​ការប៉ះទង្គិច​គ្នានោះ ខាងប៉ូលិស ធ្លាក់ខ្លួន​របួស ១១នាក់ ខាងបាតុករ​របួស១៤នាក់ ប៉ុន្តែ ប៉ូលិស​បានចាប់ខ្លួន ពួកយុវជន​ដៃដល់ ដល់ទៅ២៣៧នាក់។ ល្ងាចថ្ងៃ២៣ មិថុនានោះ ពួកគេទាំង ២៣៧នាក់ ត្រូវបាន​អាជ្ញាធរ ដោះលែង ទៅវិញ។ ដោយចងកំហឹង​គុំគួន ពួកបាតុករ​ក៏បាន​កេណ្ឌគ្នីគ្នា​ខ្លួន ធ្វើមិទ្ទិញតវ៉ា​ជាថ្មី លើកនេះ កើនចំនួនដល់ ៦ពាន់នាក់​ទៅហើយ។ ដើម្បី​ការពារខ្លួន ទល់នឹង​ការបង្ក្រាប​ជាថ្មី ពីខាង​ប៉ូលិស គេបានសង់​ជា​គ្រឿងទស់ទ័ព ផ្សំឡើងពី​ធុងសម្រាម រាប់សឹប​ធុង កម្រាស់២ជាន់ ឯណោះ។

ពាក្យស្លោក​ដែលគេជ្រោង​លើកឡើង គឺ “មិនត្រូវ​មានការលួចប្លន់​អ្នកស្រុកទេ” គេថា ការតវ៉ា របស់គេ មានលក្ខណៈ​សន្តិភាព​សុទ្ធសាធ ហើយគ្មានលក្ខណៈ​នយោបាយ សោះឡើយ។ អ្វី ដែលគេ​ចង់បាន គឺឲ្យ​លោកប្រធានាធិបតី ប្រកាស ជាសាធារណៈ តាម​ទូរទស្សន៍ ចាត់ទុក​ជា មោឃៈ ទៅ  សេចក្តីសម្រេច​ដំឡើងថ្លៃ​ភ្លើង​អគ្គិសនី។

ជាការកត់​សម្គាល់ បន្ទាប់ពី​មាន​ការបង្ក្រាប ដោយប៉ូលិស ស្ថានទូតស.រ.អា. នៅក្រុង យេរេវ៉ាន់ បានចេញសេចក្តីថ្លែងការណ៍​ទិតៀន​អំពើ​ហិង្សានោះ ហើយទូន្មាន​អាជ្ញាធរ​អាមេនី ឲ្យគោរព ការសំដែង​ដោយសេរី នូវ​ឆន្ទៈប្រជាពលរដ្ឋខ្លួន។ ត្រង់ចំណុច​នេះ ប្រព័ន្ធ​ផ្សព្វផ្សាយ​រុស្ស៊ី នឹក ចងចាំ អំពី​ការលូកដៃជ្រៀតជ្រែក​ពី​ខាងក្រុងវ៉ាស៊ីនតោន ចូលកិច្ចផ្ទៃក្នុង​អ៊ុយក្រែន ដោយរំលឹក ថា ពេលដែល​ពួកជាតិនិយមជ្រុល ធ្វើបាតុកម្ម អុកឡុក អស់រាប់ខែ នៅកណ្តាល​ក្រុងគៀរ លោក អនុប្រធានាធិបតីអាមេរិក Joe Biden បានទូរស័ព្ទ​ទៅប្រធានាធិតី​អ៊ុយក្រែន ពេលនោះ គឺលោក យ៉ានូកូវិច ព្រមាន​គាត់​កុំឲ្យ​ប្រើ​កម្លាំងអី ទល់​នឹងពួកបាតុករ ដែលថា ”ស្លូតបូត”។ ប៉ុន្តែ ពេលដែល ពួកបាតុករ​អ៊ុយក្រែននោះ បានវាយប្រហារ​ស្រេចតែចិត្ត ទៅលើ​បូលិស ក្រុងវ៉ាស៊ីតោន បែរ​ទៅជា ធ្វើថ្លង់​ធ្វើខ្វាក់ ទៅវិញ។

មធ្យោបាយ​ឃោសនា​មហាជនរុស្ស៊ី មើលឃើញ នៅនឹងមិទ្ទិញតវ៉ា ដ៏រ៉ាំរ៉ៃ ក្នុងក្រុង យេរេវ៉ាន់ ថា ធុំក្លិន “បដិវត្តន៍មានពណ៌” ដែលធ្លាប់​បាន​កក្រើក​ទៅហើយ ក្នុងលំហ​អតីត​សហភាព​សូវៀត ហើយ លើកនេះ រំកិលដល់ អាមេនី ជាសម្ព័ន្ធមិត្ត​របស់រុស្ស៊ី ពីព្រោះ នៅអាមេនី មានអង្គការ ក្រៅ​រដ្ឋាភិបាល NGO ចំនួន​រាប់រយ ឧបត្ថម្ភ ដោយលុយ​អាមេរិក​ផ្ទាល់ កំពុង​ដំណើរការ ជា “រនុកក្នុ”  របស់បស្ចិម​លោក ប្រចាំ​នៅអាមេនី។​ ពួកសកម្មជន​នៃ​អង្គមិទ្ទិញ​ផ្ទាល់ ថែម​ទាំងហៅ ការតវ៉ារបស់​គេនោះថា ជា “បដិវត្តន៍​ខ្សែភ្លើង”។

អាមេនី ជាប្រទេស​តែមួយគត់ នៅ តំបន់​នាយភ្នំកូកាស ដែល​រុស្ស៊ី មាន​មូលដ្ឋាន​យោធា ប្រចាំការ តាំងពីឆ្នាំ ១៩៩៥​មក។ ឈរជើង នៅទីនោះ គឺយោធា​រុស្ស៊ី ប្រមាណ ៥.០០០នាក់។ រុស្ស៊ី ដាក់ឲ្យស្ថិត ក្នុងភាពត្រៀមប្រយុទ្ធ​នៅទីនោះ គឺប្រព័ន្ធ​មីស៊ីល ការពារ​ដែនអាកាស ធុន S-300 ប្រកបដោយ ប្រសិទ្ធិភាព​កម្រិតខ្ពស់។ សន្ធិសញ្ញា​ស្តី​អំពីការពន្យារ វត្តមាន​មូលដ្ឋាន​នេះ នៅអាមេនី រហូត ដល់ឆ្នាំ២០៤៤ ចែងថា “ ក្នុង​ករណី​មានគ្រោះថ្នាក់ណា ក៏ដោយ​ពីក្រៅ លើ​ប្រទេសអាមេនី នោះ រុស្ស៊ីចាត់ទុក​គ្រោះថ្នាក់នេះ គឺ មកលើ​ខ្លួន​ដែរ”។

មិនតែ​ប៉ុណ្ណោះ ខាងសេដ្ឋកិច្ច​វិញ ទោះបី ត្រូវសហភាពអឺរ៉ុប ខំអន្ទង ឲ្យចូល ទៅក្នុង “លំហ សេដ្ឋកិច្ចអឺរ៉ុប” តាមរយៈ កម្មវិធី នៃ៦ប្រទេសជាដៃគូ របស់សហភាពនេះ​នៅអឺរ៉ុបខាងកើត ក្តី គឺ បេឡារុស អាមេនី ម៉ុលដាវី អ៊ុយក្រែន អាស៊ែរបែហ្សន់ ហ្ស័កហ្ស៊ី ក៏តាំងពីថ្ងៃទី ២មករាឆ្នាំ ២០១៥​នេះមក អាមេនី បានក្លាយ​ទៅហើយ ជាសមាជិក នៃ “ សហភាព​សេដ្ឋកិច្ច អឺរ៉ុប-អាស៊ី “ រួម​ជាមួយ ប្រទេសរុស្ស៊ី បេឡារុស កាហ្សាក់ស្ថាន រួច ចាប់ពីខែកក្កដា​ខាងមុខទៅ បូកទាំង ជាមួយ ប្រទេស កៀហ្ស៊ីស៊ីស្ថាន ផង។

ជាការកត់សម្គាល់ ក្រៅពីចំណងយោធា និងសេដ្ឋកិច្ច អាមេនី និង​រុស្ស៊ី ក៏ កាន់​សាសនា​ដូចគ្នា គឺ គ្រិស្តសាសនា អ័រថូដុក្ស។

គិតមកទល់ ល្ងាចថ្ងៃ២៥មិថុនា ម្សិលមិញ ពេលដែល​ពីក្នុងចំណោម បាតុករ៦ពាន់នាក់ នៅសល់ តែប៉ុន្មាន រយនាក់ប៉ុណ្ណោះ ដែលនៅ ក្រាញតវ៉ា លើទីលាន កណ្តាលក្រុង យេរេវ៉ាន់  រដ្ឋាភិបាល អាមេនី បានផ្តល់ជាចម្លើយ​ជាក់លាក់ តបនឹង​ការទាមទារ​របស់ពួកគេ។ គឺថា រដ្ឋាភិបាល គ្មាន​បំណង ពិនិត្យសើរើ​ឡើងវិញឡើយ សេចក្តីសម្រេច​របស់ខ្លួន ប៉ុន្តែ រដ្ឋាភិបាលនឹង​រំលែក ប្រាក់​ប៉ះប៉ូវ ដល់បណ្តាជនណា​ដែលយ៉ាប់យ៉ឺន​មែនទែន។ សេចក្តីនេះ ប្រកាស​ដោយលោក នាយករដ្ឋមន្ត្រី ក្នុងកិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី។ គាត់ថ្លែងថា តាមការបូកគុណ​ឃើញ​របស់​សមត្ថកិច្ច ដោយមក​ពី​ការដំឡើង​ថ្លៃភ្លើង គ្រួសារនីមួយៗ នឹង​ចំណាយ​បន្ថែម គឺ ម្តុំ៣ដុល្លារ ក្នុង១ខែ ពីព្រោះ គ្រួសារនីមួយៗ ប្រើជាមធ្យម ក្នុង១ខែៗ គឺ​ភ្លើង​បរិមាណ ២០០គីឡូវ៉ាត់។ ក្រោយពីសម្រប យោបល់ ជាមួយលោកប្រធានាធិបតី មាន​ការសម្រេចចិត្ត​ថា ទំហំប្រា​ក់វិភាគ​ជាជំនួយ នឹង ទទួលបាន ដោយគ្រួសារ​ចំនួន ១០៥.០០០គ្រួសារ ឬ ពលរដ្ឋប្រមាណ ៤០០.០០០នាក់។ សម្រាប់គ្រួសារ​នីមួយៗ  ប្រាក់ជំនួយ​បែបនេះ គឺ ៥០ដុល្លារ ក្នុង១​ឆ្នាំ៕

 

តើកោះគ្រីមេ អាចរបូតពីដៃរុស្ស៊ី ទៅក្នុងដៃអ៊ុយក្រែនវិញឬទេ ?

ក្រិកបង្កើនល្បឿនផ្តល់ "ទិដ្ឋាការមាស" ដល់អ្នកវិនិយោគចិន

ហេតុអ្វីអាមេរិកព្យួរប្រព័ន្ធអនុគ្រោះពន្ធលើការនាំចូលទំនិញថៃ?

អ៊ីស្រាអែល និង ហ្សកដានី អាច​នឹង​ត្រូវ​ប្រឈម​មុខដាក់​​គ្នា​ជាថ្មី​ ?

ហេតុ​អ្វីអ្នករស់នៅទីក្រុងមានកម្រិតទាប​ក្នុងប្រទេសកម្ពុជា?

សន្និសីទពីសេរីភាពប្រព័ន្ធផ្សព្វផ្សាយ ប្រព្រឹត្តជាលើកទី១នៅម៉ូស្គូ

អាល្លឺម៉ង់​ប្រារព្វ​ខួប​៣០ឆ្នាំ​នៃ​ការរលំ​ជញ្ជាំង​ប៊ែរឡាំង ក្នុង​បរិបទ​អាប់អួរ​នយោបាយ

អាស៊ាន៖ តើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនឹងទៅជាយ៉ាងណាក្រោយការដកខ្លួនរបស់ឥណ្ឌា?

៤០ឆ្នាំក្រោយ វិបត្តិ​ចំណាប់ខ្មាំង នៅ​បន្ត​បំពុល​ទំនាក់ទំនង​អ៊ីរ៉ង់​-​សហរដ្ឋអាមេរិក

ស៊្វីស៖ តើ​ជនអន្តោប្រវេសន៍ដណ្តើមការងារ ឬ​បង្កើតការងារឱ្យ​ម្ចាស់ស្រុក?

លោក ពូទីន សម្ពោធ រូបសំណាកឧទ្ទិសដល់ វរជនដែលជា គំរូ របស់គាត់

ការប្រែប្រួលអាកាសធាតុ ៖ ជនរងគ្រោះ មាន​ច្រើនជាងការគិតពីមុន ​​ដល់ទៅបីដង

​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​និង​កិច្ច​ព្រម​ព្រៀង​ RCEP ជា​សំណុំ​​រឿង​ស្នូលនៅ​កិច្ច​ប្រជុំ​អាស៊ាន

ការសម្លាប់​​មេក្រុម​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម ជា​ជោគជ័យ​របស់​លោក​ដូណាល់ ត្រាំ?

Brexit៖ តើ​អ្វី​ជា​យុទ្ធសាស្ត្រ​បន្ទាប់​របស់​លោកបូរីស​ ចនសុន​ ក្នុង​ករណី​អង់គ្លេស​មិនអាច​ចេញពី​អឺរ៉ុប​តាម​កាលកំណត់​?

ហេតុអ្វី​វិស័យ​ទេសចរណ៍​អាស៊ីអាគ្នេយ៍​ត្រូវក្លាយជា​អ្នករងគ្រោះ​ដោយ​សង្រ្គាមពាណិជ្ជកម្ម​ចិន-អាមេរិក?

ហេតុអ្វី មានផ្ទុះបាតុកម្មខ្លាំងនៅលីបង់ ?

ណូបែលសេដ្ឋកិច្ច​២០១៩៖ តើការលុបបំបាត់ភាពក្រីក្រជារឿងសាមញ្ញ?

ហេតុអ្វីបានជាប៉ាគីស្ថានបានសុំធ្វើជាអ្នកសម្របសម្រួលឲ្យមានកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត?